ជំពូក ៥១

សេចក្តី​បន្ថែម

ពាក្យ​អធិដ្ឋាន​របស់​លោក​យេស៊ូ ជា​កូន​របស់​លោក​បេនស៊ីរ៉ាក់

1 បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ! ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ​សង្រ្គោះ​របស់​ខ្ញុំ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌នាម​ព្រះ‌អង្គ។ 2 ដ្បិត​ព្រះ‌អង្គ​បាន​ការ‌ពារ និង​ជួយ​សង្រ្គោះ​ខ្ញុំ ព្រះ‌អង្គ​បាន​រំដោះ​រូប​កាយ​ខ្ញុំ ឲ្យ​រួច​ពី​ការ​វិនាស​អន្ត‌រាយ រួច​ពី​អន្ទាក់​នៃ​អណ្តាត​របស់​មនុស្ស​និយាយ​មួល​បង្កាច់ រួច​ពី​មាត់​របស់​អ្នក​ដែល​តែង​តែ​ភូត​ភរ​ផង។ ព្រះ‌អង្គ​បាន​ជួយ និង​រំដោះ​ខ្ញុំ​នៅ​ចំពោះ​បច្ចា​មិត្ត​ខ្ញុំ។ 3 ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ ដោយ​ព្រះ‌ហប្ញ​ទ័យ​អាណិត​មេត្តា​ដ៏​លើស​លប់​របស់​ព្រះ‌អង្គ និង​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អ្នក​ដែល​ប៉ង​ប្រាថ្នា​ចង់​ត្របាក់​ខ្ញុំ និង​រួច​ពី​កណ្តាប់​ដៃ​របស់​មនុស្ស​ដែល​រក​សម្លាប់​ខ្ញុំ។ ព្រះ‌អង្គ​បាន​សង្រ្គោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ដ៏​ច្រើន​ឥត​គណនា​ផង! 4 គឺ​ពី​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​នៅ​ជុំ​វិញ​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម! ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ចេញ​ពី​ក្នុង​អណ្តាត​ភ្លើង ដែល​ខ្ញុំ​មិន​បាន​បង្កាត់។ 5 ព្រះ‌អង្គ​ប្រោស​ខ្ញុំ​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់ ពី​ពាក្យ​សម្ដី​អាក្រក់ និង​ពាក្យ​ភូត​ភរ​កុហក 6 ពី​ចុង​អណ្តាត​របស់​មនុស្ស​អាក្រក់។ ខ្ញុំ​ជិត​ស្លាប់​ហើយ ជិត​ចុះ​ទៅ​ជួប​មច្ចុរាជ​ហើយ។ 7 គេ​ឡោម​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ ហើយ​គ្មាន​នរណា​សង្រ្គោះ​ខ្ញុំ​ទេ។ ខ្ញុំ​សម្លឹង​រក​មើល​មនុស្ស​ជួយ តែ​គ្មាន​ឃើញ​នរណា​សោះ។ 8 បពិត្រ​ព្រះ‌អម្ចាស់! ពេល​នោះ ខ្ញុំ​នឹក​ឃើញ​ពី​ព្រះ‌ហប្ញ​ទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អង្គ ហើយ​ពី​ព្រះ‌ហប្ញ​ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដែល​មាន​តាំង​ពី​ដើម​រៀង​មក។ ព្រះ‌អង្គ​តែង​តែ​រំដោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ ហើយ​តែង​តែ​សង្រ្គោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ 9 ខ្ញុំ​ទូល​អង្វរ​ព្រះ‌អង្គ​ពី​ផែន​ដី​ទៅ សូម​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់។ 10 ខ្ញុំ​អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា សូម​កុំ​បោះ​បង់​ខ្ញុំ​ចោល​នៅ​គ្រា​ដែល​ខ្ញុំ​មាន​អាសន្ន ក្នុង​គ្រា​ដែល​មាន​សុទ្ធ​តែ​មនុស្ស​អួត​បំប៉ោង ខ្ញុំ​គ្មាន​ទី​ពឹង​ឡើយ។ 11 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ឥត​ឈប់​ឈរ ខ្ញុំ​ក៏​ច្រៀង​បទ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។ 12 ដ្បិត​ព្រះ‌អង្គ​បាន​សង្រ្គោះ​ខ្ញុំ ឲ្យ​រួច​ពី​ក្តី​វិនាស​អន្ត‌រាយ គឺ​ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អាសន្ន​នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ សូម​ច្រៀង​បទ​សរសើរ​តម្កើង​ព្រះ‌អង្គ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

ការ​ស្វែង​រក​ព្រះ‌ប្រាជ្ញាញាណ

13 កាល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ គឺ​មុន​ពេល​ខ្ញុំ​ដើរ​ផ្សង​ព្រេង​ក្នុង​ពិភព‌លោក ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ដោយ​ទូល​អង្វរ​សុំ​ព្រះ‌អម្ចាស់​ឥត​លាក់​លៀម​ឡើយ។ 14 នៅ​ខាង​មុខ​ព្រះ‌វិហារ​ខ្ញុំ​អង្វរ​សុំ​ឲ្យ​បាន​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​ក៏​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ រហូត​ដល់​អវសាន​នៃ​ជីវិត។ 15 ពេល​ព្រះ‌ប្រាជ្ញា​ញាណ​ចម្រើន​ឡើង ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ផ្លែ​ទំពាំង​បាយ​ជូរ​កំពុង​ទុំ ហើយ​ជា​សេចក្តី​សប្បាយ​រីក​រាយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ គឺ​តាំង​ពី​ក្មេង​មក ខ្ញុំ​ដើរ​តាម​ដាន​ព្រះ‌ប្រាជ្ញា​ញាណ។ 16 ខ្ញុំ​ប្រុង​ត្រចៀក​ស្តាប់​បន្តិច ទើប​ខ្ញុំ​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ ព្រម​ទាំង​ទទួល​ពាក្យ​អប់រំ​ជា​ច្រើន។ 17 ខ្ញុំ​ចម្រើន​ឡើង​ក៏​ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​ខ្ញុំ។ 18 ខ្ញុំ​សម្រេច​ចិត្ត​ប្រព្រឹត្ត​តាម​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ខំ​ប្រព្រឹត្ត​អំពើ​ល្អ ខ្ញុំ​មិន​ខក​ចិត្ត​ឡើយ។ 19 ខ្ញុំ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​រួម​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​ក៏​ខំ​ប្រតិ‌បត្តិ​តាម​ធម្ម‌វិន័យ​យ៉ាង​ម៉ត់​ចត់​ដែរ។ ខ្ញុំ​បាន​លើក​ដៃ​អង្វរ​ព្រះ‌ជាម្ចាស់​ទាំង​នឹក​ស្តាយ ដោយ​មិន​បាន​ធ្វើ​តាម​ព្រះ‌ប្រាជ្ញា​ញាណ​ជា‌និច្ច។ 20 ខ្ញុំ​បាន​តម្រង់​ចិត្ត​ខ្ញុំ​ឆ្ពោះ​ទៅ​រក​ព្រះ‌ប្រាជ្ញា​ញាណ។ ខ្ញុំ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ ហើយ​ខ្ញុំ​ក៏​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​ចេះ​រិះ​គិត​ពិចារណា ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ តាំង​ពី​ដើម​រៀង​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ប្រាជ្ញា​ញាណ​មិន​បោះ​បង់​ចោល​ខ្ញុំ​ឡើយ។ 21 ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​ស្វែង​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​ប្រសើរ​បំផុត។ 22 ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ​ទុក​ជា​រង្វាន់ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​អាច​ច្រៀង​កោត​សរសើរ​ព្រះ‌អង្គ។ 23 អស់​អ្នក​ដែល​គ្មាន​ការ​អប់រំ​អើយ! សូម​អញ្ជើញ​មក​រក​ខ្ញុំ! ចូរ​មក​រៀន​ពី​ខ្ញុំ​ចុះ! 24 នៅ​ពេល​អ្នក​រាល់​គ្នា​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ចង់​បាន​ព្រះ‌ប្រាជ្ញា​ញាណ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វះ​ការ​អប់រំ​ត​ទៅ​ទៀត​ដូច្នេះ? 25 ខ្ញុំ​សូម​ប្រកាស​ថា ចូរ​មក​ទិញ​ព្រះ‌ប្រាជ្ញា​ញាណ​សម្រាប់​ខ្លួន​ឯង ដោយ​មិន​បាច់​ចេញ​ថ្លៃ!។ 26 ចូរ​ឱន​ក្បាល​យក​នឹម​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​មក​ដាក់​លើ ក និង​ទទួល​ការ​អប់រំ​របស់​ព្រះ‌អង្គ​ចុះ! អ្នក​រាល់​គ្នា​អាច​ស្វែង​រក​ឃើញ​ការ​អប់រំ​នេះ​នៅ​ក្បែរៗ​អ្នក។ 27 ចូរ​សង្កេត​មើល​ផ្ទាល់​ភ្នែក​ចុះ! ខ្ញុំ​នឿយ​ហត់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ មុន​នឹង​ខ្ញុំ​មាន​សេចក្តី​សុខ​សាន្ត​យ៉ាង​កក់​ក្តៅ។ 28 ចូរ​ទទួល​ការ​អប់រំ​ដោយ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ការ​អប់រំ នេះ​អ្នក​រាល់​គ្នា​ក៏​ទទួល​បាន​មាស​យ៉ាង​ច្រើន​ដែរ។ 29 សូម​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​សប្បាយ ដោយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហប្ញ​ទ័យ​មេត្តា​ករុណា កុំ​អៀន​ខ្មាស​នឹង​សរសើរ​លើក​តម្កើង​ព្រះ‌អង្គ។ 30 ចូរ​បំពេញ​ការ​ងារ​របស់​ខ្លួន​ឲ្យ​ទាន់​ពេល​កំណត់ នោះ​ព្រះ‌អង្គ​មុខ​ជា​ប្រទាន​រង្វាន់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន!។