ជំពូក ៦

1 កុំ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​មិត្ត​សម្លាញ់​របស់​កូន​ឡើយ ដ្បិត​កេរ្ដិ៍​ឈ្មោះ​អាក្រក់​នឹង​នាំ​ឲ្យ​កូន​អាប់​យស និង​អាម៉ាស់​មុខ។ នេះ​ជា​វាសនា​របស់​មនុស្ស​បាប ដែល​និយាយ​មិន​ទៀង។2 កុំ​បណ្តោយ​ខ្លួន​តាម​តណ្ហា​ឡើយ ក្រែង​នាំ​ឲ្យ​កូន​បាក់​កម្លាំង។ 3 កូន​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ងាប់ គ្មាន​ស្លឹក គ្មាន​ផ្លែ។ 4 តណ្ហា​រមែង​តែង​តែ​នាំ ឲ្យ​មនុស្ស​វិនាស​អន្ត‌រាយ និង​ធ្វើ​ឲ្យ​សត្រូវ​សប្បាយ​រីក​រាយ​ក្រៃ​លែង។

អំពី​មិត្ត‌ភាព

5 សម្ដី​ផ្អែម​ល្ហែម នាំ​ឲ្យ​មាន​មិត្ត​សម្លាញ់​ច្រើន ពាក្យ​សម្ដី​រួស​រាយ​បង្កើន​ទំនាក់​ទំនង​ល្អ។
6 សូម​ឲ្យ​មាន​មនុស្ស​ជា​ច្រើន គោរព​រាប់​អាន​កូន ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​មួយ​ពាន់​នាក់ ចូរ​ជ្រើស​រើស​យក​តែ​ម្នាក់ ធ្វើ​ជា​ទី​ប្រឹក្សា!
7 បើ​កូន​ចង់​យក​នរណា​ម្នាក់ ធ្វើ​ជា​មិត្ត​សម្លាញ់ ចូរ​សង្កេត​មើល​ចិត្ត​គេ​ជា​មុន​សិន កុំ​អាល​ទុក​ចិត្ត​លើ​គេ​ពេក 8 ព្រោះ​អ្នក​ខ្លះ​ធ្វើ​ជា​មិត្ត​សម្លាញ់ នៅ​ពេល​ណា​ចង់​បាន​ផល​ពី​កូន តែ​ក្នុង​គ្រា​មាន​អាសន្ន គេ​រត់​ចោល​កូន។
9 មាន​មិត្ត​សម្លាញ់​ខ្លះ ប្រែ​ក្លាយ​ទៅ​ជា​សត្រូវ ដោយ​និយាយ​បរិហារ​កេរ្ដិ៍​កូន បណ្តាល​ឲ្យ​កូន​អាប់​កិត្តិ‌យស។
10 មាន​មិត្ត​សម្លាញ់​ខ្លះ បរិភោគ​បាយ​របស់​កូន ប៉ុន្តែ នៅ​គ្រា​កូន​មាន​អាសន្ន គេ​រត់​ចោល​កូន។ 11 ក្នុង​ពេល​កូន​សម្បូណ៌​សប្បាយ គេ​សុខ​ចិត្ត​ស្លាប់​រស់​ជា​មួយ​កូន ទាំង​ហ៊ាន​ត្រួត​ត្រា​លើ​អ្នក​បម្រើ​របស់​កូន​ទៀត​ផង! 12 លុះ​ពេល​កូន​ធ្លាក់​ខ្លួន​លំបាក គេ​ប្រឆាំង​នឹង​កូន ហើយ​គេ​គេច​មុខ​ចេញ​ពី​កូន។
13 ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្មាំង​សត្រូវ ចូរ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់។
14 មិត្ត​សម្លាញ់​ស្មោះ​ត្រង់​បៀប​ដូច​ជា​ជម្រក​ដ៏​រឹង​មាំ អ្នក​ដែល​រក​បាន​មិត្ត​សម្លាញ់​ដ៏​ស្មោះ​ត្រង់ ក៏​ដូច​ជា​រក​បាន​កំណប់​មាស​ដែរ។
15 មិត្ត​សម្លាញ់​ស្មោះ​ត្រង់ មាន​តម្លៃ​រក​អ្វី​មក​ប្រៀប​ស្មើ​ពុំ​បាន។
16 មិត្ត​សម្លាញ់​ស្មោះ​ត្រង់ ប្រៀប​បាន​នឹង​ឱសថ​ដ៏​ស័ក្កិ​សិទ្ធិ ដែល​ជួយ​ឲ្យ​រស់​បាន​យូរ។ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ មុខ​ជា​រក​មិត្ត​សម្លាញ់​នោះ​បាន។
17 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ចេះ​ជ្រើស​រើស​មិត្ត​សម្លាញ់​របស់​ខ្លួន ដ្បិត​គេ​មាន​ចិត្ត​យ៉ាង​ណា មិត្ត​សម្លាញ់​របស់​គេ​ក៏​មាន​ចិត្ត​យ៉ាង​នោះ​ដែរ។

ត្រូវ​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ

18 កូន​អើយ! ចូរ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​តាំង​ពី​ក្មេង​ទៅ ដូច្នេះ កូន​នឹង​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ​រហូត​ដល់​កូន​ចាស់​សក់​ស្កូវ។ 19 ចូរ​ស្វះ​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​រង់​ចាំ​ទទួល​ផល​ដ៏​ប្រសើរ​ពី​ព្រះ‌អង្គ ដូច​អ្នក​ភ្ជួរ និង​អ្នក​សាប​ព្រោះ​រង់​ចាំ​ទទួល​ផល​ពី​ស្រែ​ដែរ។ ត្រូវ​នឿយ​ហត់​បន្តិច ដើម្បី​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ បន្ទាប់​មក កូន​នឹង​ទទួល​ភោគ​ផល​នៅ​ពេល​ឆាប់ៗ​ពុំ​ខាន។
20 អស់​អ្នក​ដែល​មិន​បាន​ទទួល​ការ​អប់រំ ពី​ព្រះ‌ប្រាជ្ញា​ញាណ​យល់​ថា ព្រះ‌អង្គ​តឹង​រ៉ឹង​ណាស់ រីឯ​មនុស្ស​ឥត​គំនិត មិន​ព្យាយាម​តស៊ូ​រក​ព្រះ‌ប្រាជ្ញា​ញាណ​ឡើយ។ 21 ព្រះ‌ប្រាជ្ញា​ញាណ​ប្រៀប​បាន​នឹង​ថ្ម​មួយ​ដុំ ដ៏​ធ្ងន់​ដែល​អ្នក​នោះ​ត្រូវ​លើក ដើម្បី​សាក​ល្បង​មើល​កម្លាំង។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អ្នក​នោះ​នឹង​បោះ​បង់​ចោល​ព្រះ‌ប្រាជ្ញា​ញាណ​ជា​ពុំ​ខាន។ 22 ដ្បិត​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ។
23 កូន​អើយ! ចូរ​ស្តាប់ ហើយ​ចង​ចាំ ពាក្យ​របស់​ឪពុក កុំ​បោះ​បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។
24 ចូរ​យក​ច្រវាក់​នៃ​ព្រះ‌ប្រាជ្ញា​ញាណ មក​ដាក់​ជើង ចូរ​យក​នឹម​របស់​ព្រះ‌អង្គ​មក​ដាក់​លើ ក។ 25 ចូរ​ទទួល​យក​អម្រែក​នៃ​ព្រះ‌ប្រាជ្ញា​ញាណ កុំ​ធុញ​ទ្រាន់ ព្រោះ​តែ​ជាប់​ចំណង​របស់​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​សោះ។
26 ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌ប្រាជ្ញា​ញាណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​ដើរ​តាម​គន្លង​នៃ​ព្រះ‌ប្រាជ្ញា​ញាណ ឲ្យ​អស់​ពី​កម្លាំង​កាយ។ 27 ចូរ​ខិត​ខំ​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ចូរ​ខិត​ខំ​តាម​ដាន​ព្រះ‌អង្គ នោះ​ព្រះ‌ប្រាជ្ញា​ញាណ​មុខ​ជា​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ពុំ​ខាន! ពេល​កូន​ចាប់​ព្រះ‌ប្រាជ្ញា​ញាណ​បាន កុំ​លែង​ឲ្យ​សោះ។ 28 នៅ​ចុង​បញ្ចប់ កូន​នឹង​សម្រាក​រួម​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ការ​លំបាក​របស់​កូន​នឹង​ប្រែ​ក្លាយ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ 29 ពេល​នោះ ច្រវាក់​របស់​ព្រះ‌ប្រាជ្ញា​ញាណ នឹង​ការ‌ពារ​កូន​យ៉ាង​មាំ ហើយ​នឹម​របស់​ព្រះ‌អង្គ​នឹង​ក្លាយ​ទៅ​ជា​អលង្ការ​ដ៏​រុង​រឿង។ 30 នឹម​របស់​ព្រះ‌ប្រាជ្ញា​ញាណ​នឹង​ក្លាយ​ទៅ​ជា​ខ្សែ​ក​មាស ហើយ​ច្រវាក់​របស់​ព្រះ‌អង្គ​នឹង​ក្លាយ​ទៅ​ជា​បូ​ដ៏​មាន​តម្លៃ។
31 កូន​នឹង​ពាក់​គ្រឿង​ទាំង​នោះ ទុក​ដូច​ជា​សម្លៀក​បំពាក់​ដ៏​រុង​រឿង និង​ដូច​ជា​មកុដដែល​ផ្តល់​អំណរ​សប្បាយ។
32 កូន​អើយ! ប្រសិន​បើ​កូន​យល់​ព្រម កូន​នឹង​ទទួល​ការ​ប្រៀន​ប្រដៅ ប្រសិន​បើ​កូន​យក​ចិត្ត​ទុក​ដាក់ កូន​នឹង​ទៅ​ជា​អ្នក​ប៉ិន​ប្រសប់។
33 ប្រសិន​បើ​កូន​ចូល​ចិត្ត​ស្តាប់ កូន​មុខ​ជា​ចេះ​ដឹង ប្រសិន​បើ​កូន​ប្រុង​ត្រចៀក​ស្តាប់ កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
34 ចូរ​ទៅ​រួម​ក្នុង​អង្គ​ប្រជុំ របស់​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​ផោ្តត​ចិត្ត​នឹង​ប្រាជ្ញា​របស់​អស់​លោក។
35 ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌ជាម្ចាស់ កុំ​បណ្ដោយ​ឲ្យ​សុភា‌សិត​ដែល​មាន​ខ្លឹម​សារ​ណា​មួយ​បាត់​បង់​ឡើយ។
36 ប្រសិន​បើ​កូន​ឃើញ​មនុស្ស​ម្នាក់​មាន​ប្រាជ្ញា ចូរ​រត់​ទៅ​រក​អ្នក​នោះ​តាំង​ពី​ព្រឹក ហើយ​ទៅ​ឲ្យ​បាន​ញឹក​ញាប់ រហូត​ដល់​សឹក​កាំ​ជណ្តើរ​ផ្ទះ​របស់​គាត់។
37 ចូរ​ជញ្ជឹង​គិត​ពី​បទ​បញ្ជា​របស់​ព្រះ‌អម្ចាស់ ចូរ​ខិត​ខំ​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច។ ព្រះ‌ជាម្ចាស់​មុខ​ជា​ពង្រឹង​ចិត្ត​របស់​កូន​ឲ្យ​រឹង​មាំ និង​ប្រទាន​ព្រះ‌ប្រាជ្ញា​ញាណ ដែល​កូន​ប្រាថ្នា​ចង់​បាន​នោះ​ពុំ​ខាន។