ជំពូក ៣៥
1 អ្នកដែលគោរពប្រតិបត្តិតាមវិន័យ ក៏ដូចជាបានថ្វាយតង្វាយជាច្រើនអនេកដល់ព្រះអម្ចាស់។
2 អ្នកដែលជាប់ជំពាក់ចិត្តនឹងវិន័យ ក៏ដូចជាបានថ្វាយយញ្ញបូជាមេត្រីភាពដែរ។
3 អ្នកដឹងគុណក៏ដូចជាបានថ្វាយតង្វាយម្សៅសុទ្ធ។
4 អ្នកចែកទានឲ្យគេ ក៏ដូចជាបានថ្វាយសក្ការបូជា ដើម្បីសរសើរតម្កើង។
5 អ្នកណាងាកចេញពីអំពើអាក្រក់ អ្នកនោះនឹងបានគាប់ព្រះហប្ញទ័យព្រះអម្ចាស់ រីឯអ្នកដែលឃ្លាតឆ្ងាយពីអំពើទុច្ចរិត ក៏ដូចជាបានថ្វាយយញ្ញបូជា ដើម្បីឲ្យរួចពីបាបដែរ។
6 ប៉ុន្តែ សូមកុំមកថ្វាយបង្គំព្រះជាម្ចាស់ដោយដៃទទេទ្បើយ 7 ដ្បិតព្រះអង្គបានបញ្ជា ឲ្យថ្វាយសក្ការបូជាទាំងនោះផងដែរ។
8 តង្វាយរបស់មនុស្សសុចរិតពិតជាតង្វាយពេញលក្ខណៈ មានក្លិនឈ្ងុយឈ្ងប់ ដែលហុយទ្បើងទៅដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
9 សក្ការបូជារបស់មនុស្សសុចរិតរមែងគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមិនបំភ្លេចតង្វាយដែលគេដុតលើអាសនៈទ្បើយ។
10 ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយចិត្តទូលាយ កុំមានចិត្តចង្អៀតចង្អល់នៅពេលថ្វាយផលផ្លែដំបូងនៃកិច្ចការរបស់ខ្លួន។
11 ពេលអ្នកថ្វាយតង្វាយ ចូរសម្ដែងទឹកមុខរីករាយ ចូរថ្វាយតង្វាយមួយភាគដប់ដោយអំណរ។
12 ចូរថ្វាយតង្វាយចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុតតាមព្រះអំណោយទានរបស់ព្រះអង្គ ចូរមានចិត្តទូលាយតាមកម្លាំងធនធានរបស់អ្នក 13 ដ្បិតព្រះអម្ចាស់តែងតែសងវិញមួយជាប្រាំពីរពុំខាន។
14 កុំប្រើតង្វាយ ដើម្បីទិញយកការអនុគ្រោះពីព្រះអង្គទ្បើយ ដ្បិតព្រះអង្គមិនព្រមទទួលសំណូកពីនរណាទេ។
15 កុំពឹងលើសក្ការបូជាដ៏ទុច្ចរិត ដ្បិតព្រះអម្ចាស់ជាចៅក្រម ព្រះអង្គវិនិច្ឆ័យ ដោយមិនរើសមុខ។
16 ព្រះអង្គមិនធ្វើឲ្យខូច ប្រយោជន៍របស់អ្នកក្រខ្សត់ ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់អ្នកដែលត្រូវគេសង្កត់សង្កិន។
17 ព្រះអង្គមិនដែលព្រងើយកន្តើយ នឹងក្មេងកំព្រា ព្រមទាំងពាក្យត្អូញត្អែររបស់ស្រ្តីមេម៉ាយទេ។ 18 ទឹកភ្នែកហូរនៅលើថ្ពាល់ 19 និងសម្រែករបស់នាង រមែងចោទប្រកាន់ជនដែលធ្វើឲ្យនាងយំស្រែកដូច្នេះ។
20 អ្នកគោរពបម្រើព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត ពិតជាគាប់ព្រះហប្ញទ័យព្រះអង្គ ហើយពាក្យសុំរបស់គេនឹងទ្បើងទៅដល់ព្រះអង្គ។
21 ពាក្យអង្វររបស់មនុស្សទន់ទាប ពិតជារសាត់ទៅដល់ស្ថានបរមសុខ។ បើព្រះអម្ចាស់មិនឆ្លើយតបទេ គេមិនព្រមឈប់ព្រួយទ្បើយ គេនៅតែទទូចអង្វរឥតឈប់ឈរ ទាល់តែព្រះដ៏ខ្ពង់ខ្ពស់បំផុតអាណិតគេ។ 22 ព្រះអង្គវិនិច្ឆ័យ និងរកយុត្តិធម៌ឲ្យគេ។ ព្រះអម្ចាស់មិនបង្អែបង្អង់ទេ ព្រះអង្គគ្មានព្រះហប្ញទ័យអត់ធ្មត់ ចំពោះជនដែលធ្វើបាបមនុស្សសុចរិតទ្បើយ ព្រះអង្គបំបាក់ខ្នងរបស់ជនទាំងនោះឥតត្រាប្រណី។
23 ព្រះអង្គនឹងសងសឹកដាក់ទោសប្រជាជាតិនានា ព្រះអង្គដកមហាជនព្រហើនចេញ ហើយកម្ទេចអំណាចរបស់ជនទុច្ចរិតទាំងនោះ។
24 ព្រះអង្គនឹងប្រទានរង្វាន់ឲ្យមនុស្សស្របតាមអំពើដែលគេប្រព្រឹត្ត ព្រះអង្គក៏វិនិច្ឆ័យកិច្ចការរបស់មនុស្ស តាមចិត្តគំនិតរបស់គេដែរ។
25 នៅទីបំផុត ព្រះអង្គនឹងរកយុត្តិធម៌ឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គប្រោសប្រទានឲ្យគេបានអំណរសប្បាយ ដោយព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ។
26 នៅពេលមានអាសន្ន មនុស្សម្នារង់ចាំព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ ដូចគេរង់ចាំទឹកភ្លៀង នៅពេលរាំងស្ងួតដែរ។