ជំពូក ៥១
សេចក្តីបន្ថែម
ពាក្យអធិដ្ឋានរបស់លោកយេស៊ូ ជាកូនរបស់លោកបេនស៊ីរ៉ាក់
1 បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ខ្ញុំសូមអរព្រះគុណព្រះអង្គ សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់ខ្ញុំ។ ខ្ញុំសូមអរព្រះគុណព្រះនាមព្រះអង្គ។ 2 ដ្បិតព្រះអង្គបានការពារ និងជួយសង្រ្គោះខ្ញុំ ព្រះអង្គបានរំដោះរូបកាយខ្ញុំ ឲ្យរួចពីការវិនាសអន្តរាយ រួចពីអន្ទាក់នៃអណ្តាតរបស់មនុស្សនិយាយមួលបង្កាច់ រួចពីមាត់របស់អ្នកដែលតែងតែភូតភរផង។ ព្រះអង្គបានជួយ និងរំដោះខ្ញុំនៅចំពោះបច្ចាមិត្តខ្ញុំ។ 3 ព្រះអង្គបានរំដោះខ្ញុំ ដោយព្រះហប្ញទ័យអាណិតមេត្តាដ៏លើសលប់របស់ព្រះអង្គ និងដោយព្រះនាមព្រះអង្គ គឺព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីអ្នកដែលប៉ងប្រាថ្នាចង់ត្របាក់ខ្ញុំ និងរួចពីកណ្តាប់ដៃរបស់មនុស្សដែលរកសម្លាប់ខ្ញុំ។ ព្រះអង្គបានសង្រ្គោះខ្ញុំឲ្យរួចផុតពីទុក្ខវេទនាដ៏ច្រើនឥតគណនាផង! 4 គឺពីភ្លើងដែលឆេះសន្ធោសន្ធៅនៅជុំវិញខ្លួន ធ្វើឲ្យខ្ញុំថប់ដង្ហើម! ព្រះអង្គបានរំដោះខ្ញុំចេញពីក្នុងអណ្តាតភ្លើង ដែលខ្ញុំមិនបានបង្កាត់។ 5 ព្រះអង្គប្រោសខ្ញុំឲ្យរួចពីសេចក្តីស្លាប់ ពីពាក្យសម្ដីអាក្រក់ និងពាក្យភូតភរកុហក 6 ពីចុងអណ្តាតរបស់មនុស្សអាក្រក់។ ខ្ញុំជិតស្លាប់ហើយ ជិតចុះទៅជួបមច្ចុរាជហើយ។ 7 គេឡោមព័ទ្ធខ្ញុំជុំវិញ ហើយគ្មាននរណាសង្រ្គោះខ្ញុំទេ។ ខ្ញុំសម្លឹងរកមើលមនុស្សជួយ តែគ្មានឃើញនរណាសោះ។ 8 បពិត្រព្រះអម្ចាស់! ពេលនោះ ខ្ញុំនឹកឃើញពីព្រះហប្ញទ័យអាណិតមេត្តារបស់ព្រះអង្គ ហើយពីព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ ដែលមានតាំងពីដើមរៀងមក។ ព្រះអង្គតែងតែរំដោះអ្នកដែលពឹងផ្អែកលើព្រះអង្គ ហើយតែងតែសង្រ្គោះគេ ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ 9 ខ្ញុំទូលអង្វរព្រះអង្គពីផែនដីទៅ សូមឲ្យរួចពីសេចក្តីស្លាប់។ 10 ខ្ញុំអង្វរព្រះអម្ចាស់ជាព្រះបិតា សូមកុំបោះបង់ខ្ញុំចោលនៅគ្រាដែលខ្ញុំមានអាសន្ន ក្នុងគ្រាដែលមានសុទ្ធតែមនុស្សអួតបំប៉ោង ខ្ញុំគ្មានទីពឹងឡើយ។ 11 ខ្ញុំនឹងសរសើរតម្កើងព្រះនាមព្រះអង្គឥតឈប់ឈរ ខ្ញុំក៏ច្រៀងបទអរព្រះគុណព្រះអង្គផង។ ព្រះអម្ចាស់ព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ខ្ញុំ។ 12 ដ្បិតព្រះអង្គបានសង្រ្គោះខ្ញុំ ឲ្យរួចពីក្តីវិនាសអន្តរាយ គឺព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីអាសន្ននេះ។ ហេតុនេះហើយបានជាខ្ញុំសូមអរព្រះគុណព្រះអង្គ សូមច្រៀងបទសរសើរតម្កើងព្រះអង្គ ខ្ញុំសូមលើកតម្កើងព្រះនាមព្រះអម្ចាស់។
ការស្វែងរកព្រះប្រាជ្ញាញាណ
13 កាលខ្ញុំនៅក្មេងនៅឡើយ គឺមុនពេលខ្ញុំដើរផ្សងព្រេងក្នុងពិភពលោក ខ្ញុំបានស្វែងរកព្រះប្រាជ្ញាញាណ ដោយទូលអង្វរសុំព្រះអម្ចាស់ឥតលាក់លៀមឡើយ។ 14 នៅខាងមុខព្រះវិហារខ្ញុំអង្វរសុំឲ្យបានទទួលព្រះប្រាជ្ញាញាណ ខ្ញុំក៏ស្វែងរកព្រះប្រាជ្ញាញាណ រហូតដល់អវសាននៃជីវិត។ 15 ពេលព្រះប្រាជ្ញាញាណចម្រើនឡើង ព្រះអង្គប្រៀបដូចជាផ្លែទំពាំងបាយជូរកំពុងទុំ ហើយជាសេចក្តីសប្បាយរីករាយនៅក្នុងចិត្តខ្ញុំ។ ខ្ញុំដើរតាមមាគ៌ាដ៏ទៀងត្រង់ គឺតាំងពីក្មេងមក ខ្ញុំដើរតាមដានព្រះប្រាជ្ញាញាណ។ 16 ខ្ញុំប្រុងត្រចៀកស្តាប់បន្តិច ទើបខ្ញុំទទួលព្រះប្រាជ្ញាញាណ ព្រមទាំងទទួលពាក្យអប់រំជាច្រើន។ 17 ខ្ញុំចម្រើនឡើងក៏ដោយសារព្រះប្រាជ្ញាញាណដែរ។ ខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានព្រះប្រាជ្ញាញាណឲ្យខ្ញុំ។ 18 ខ្ញុំសម្រេចចិត្តប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ហើយខំប្រព្រឹត្តអំពើល្អ ខ្ញុំមិនខកចិត្តឡើយ។ 19 ខ្ញុំប្រយុទ្ធយ៉ាងខ្លាំងរួមជាមួយព្រះប្រាជ្ញាញាណ ខ្ញុំក៏ខំប្រតិបត្តិតាមធម្មវិន័យយ៉ាងម៉ត់ចត់ដែរ។ ខ្ញុំបានលើកដៃអង្វរព្រះជាម្ចាស់ទាំងនឹកស្តាយ ដោយមិនបានធ្វើតាមព្រះប្រាជ្ញាញាណជានិច្ច។ 20 ខ្ញុំបានតម្រង់ចិត្តខ្ញុំឆ្ពោះទៅរកព្រះប្រាជ្ញាញាណ។ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ ហើយខ្ញុំក៏រកឃើញព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់ប្រទានឲ្យខ្ញុំចេះរិះគិតពិចារណា ដោយសារព្រះប្រាជ្ញាញាណ តាំងពីដើមរៀងមកដែរ។ ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណមិនបោះបង់ចោលខ្ញុំឡើយ។ 21 ខ្ញុំរំភើបចិត្តជាខ្លាំងដោយស្វែងរកឃើញព្រះប្រាជ្ញាញាណ ដោយសារព្រះប្រាជ្ញាញាណ ខ្ញុំមានទ្រព្យសម្បត្តិដ៏ប្រសើរបំផុត។ 22 ព្រះអម្ចាស់ប្រទានឲ្យខ្ញុំមានវោហារទុកជារង្វាន់ ហេតុនេះហើយ បានជាខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ។ 23 អស់អ្នកដែលគ្មានការអប់រំអើយ! សូមអញ្ជើញមករកខ្ញុំ! ចូរមករៀនពីខ្ញុំចុះ! 24 នៅពេលអ្នករាល់គ្នាស្រេកឃ្លានយ៉ាងខ្លាំង ចង់បានព្រះប្រាជ្ញាញាណ ហេតុអ្វីបានជាអ្នករាល់គ្នាខ្វះការអប់រំតទៅទៀតដូច្នេះ? 25 ខ្ញុំសូមប្រកាសថា ចូរមកទិញព្រះប្រាជ្ញាញាណសម្រាប់ខ្លួនឯង ដោយមិនបាច់ចេញថ្លៃ!។ 26 ចូរឱនក្បាលយកនឹមនៃព្រះប្រាជ្ញាញាណមកដាក់លើ ក និងទទួលការអប់រំរបស់ព្រះអង្គចុះ! អ្នករាល់គ្នាអាចស្វែងរកឃើញការអប់រំនេះនៅក្បែរៗអ្នក។ 27 ចូរសង្កេតមើលផ្ទាល់ភ្នែកចុះ! ខ្ញុំនឿយហត់តែបន្តិចបន្តួចប៉ុណ្ណោះ មុននឹងខ្ញុំមានសេចក្តីសុខសាន្តយ៉ាងកក់ក្តៅ។ 28 ចូរទទួលការអប់រំដោយចំណាយប្រាក់យ៉ាងច្រើន ហើយដោយសារការអប់រំ នេះអ្នករាល់គ្នាក៏ទទួលបានមាសយ៉ាងច្រើនដែរ។ 29 សូមឲ្យអ្នករាល់គ្នាត្រេកអរសប្បាយ ដោយព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាករុណា កុំអៀនខ្មាសនឹងសរសើរលើកតម្កើងព្រះអង្គ។ 30 ចូរបំពេញការងាររបស់ខ្លួនឲ្យទាន់ពេលកំណត់ នោះព្រះអង្គមុខជាប្រទានរង្វាន់ឲ្យអ្នករាល់គ្នាមិនខាន!។