ជំពូក ៣០

ការ​អប់រំ​កូន

1 អ្នក​ស្រឡាញ់​កូន​ប្រុស​របស់​ខ្លួន​ខ្លាំង តែង​តែ​វាយ​វា​នឹង​រំពាត់​ជា​ញឹក​ញាប់។ ដល់​ពេល​ចាស់ អ្នក​នោះ​នឹង​បាន​សប្បាយ​ដោយ​សារ​កូន​ពុំ​ខាន។
2 អ្នក​អប់រំ​កូន​ប្រុស​របស់​ខ្លួន​បាន​ល្អ រមែង​ស្កប់​ចិត្ត​ដោយ​សារ​កូន​នោះ។ គេ​មុខ​ជា​ខ្ពស់​មុខ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ខ្លួន​ស្គាល់ ព្រោះ​តែ​កូន​នោះ​ទៀត។
3 អ្នក​ដែល​ផ្តល់​ចំណេះ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​រមែង​ធ្វើ​ឲ្យ​សត្រូវ​ច្រណែន​ឈ្នានីស ហើយ​បាន​សប្បាយ​រីក​រាយ​ក្រៃ​លៃង នៅ​ចំពោះ​មុខ​មិត្ត​ភក្ដិ​របស់​ខ្លួន។ 4 កាល​ណា​អ្នក​នោះ​ផុត​ជីវិត គាត់​ដូច​ជា​មិន​ស្លាប់​ទេ ព្រោះ​មាន​កូន​ម្នាក់​ដូច​គាត់​បន្ត​ពូជ​ពង្ស​របស់​គាត់។ 5 ក្នុង​ពេល​គាត់​នៅ​មាន​ជីវិត គាត់​អរ​សប្បាយ​នឹង​ឃើញ​កូន​ប្រុស​របស់​គាត់ ពេល​គាត់​ស្លាប់ គាត់​បិទ​ភ្នែក​ជិត ដោយ​មិន​ស្តាយ​ស្រណោះ​អ្វី​ទេ។ 6 គាត់​ទុក​កូន​ម្នាក់​ដែល​នឹង​ចេះ​សង​សឹក​សត្រូវ​ឲ្យ​គាត់ ហើយ​ដឹង​គុណ​មិត្ត​ភក្ដិ​របស់​គាត់។
7 អ្នក​ដែល​ថ្នាក់​ថ្នម​កូន​ប្រុស​ខ្លាំង​ពេក ត្រូវ​តែ​ព្យាបាល​របួស​របស់​កូន​នោះ។ ពេល​កូន​ស្រែក​តែ​បន្តិច គាត់​ភ័យ​ស្លោ​ភ្លាម។ 8 សេះ​ដែល​គេ​បង្ហាត់​មិន​ដល់ ពិបាក​ជិះ រីឯ​កូន​ប្រុស​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​តាម​ចិត្ត តែង​តែ​ធ្វើ​បាប​ឪពុក​ម្តាយ។
9 ប្រសិន​បើ​អ្នក​ថ្នាក់​ថ្នម​កូន​ពេក កូន​មុខ​ជា​ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ ប្រសិន​បើ​អ្នក​លេង​ជា​មួយ​វា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ពុំ​ខាន។
10 ចូរ​កុំ​លេង​សើច​ជា​មួយ​កូន​ជ្រុល​ពេក ក្រែង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​រួម​ជា​មួយ​វា នៅ​ទី​បញ្ចប់ អ្នក​នឹង​នឹក​ស្តាយ​ពុំ​ខាន។
11 ពេល​កូន​នៅ​ក្មេង ចូរ​កុំ​បណ្តោយ​ឲ្យ​វា​មាន​សេរី​ភាព​ជ្រុល​ពេក។
12 ចូរ​វាយ​ប្រដៅ​កូន ពេល​វា​នៅ​ក្មេង ក្រែង​ដល់​ពេល​វា​ធំ វា​មិន​ស្តាប់​បង្គាប់។
13 ចូរ​យក​ចិត្ត​ទុក​ដាក់​អប់រំ​កូន​ប្រុស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​អ្នក​ជួប​ការ​អាម៉ាស់ ដោយ​សារ​កិរិយា​អាក្រក់​របស់​វា។

សុខ​ភាព

14 ជន​ក្រីក្រ​ដែល​មាន​សុខ​ភាព​ល្អ និង​កម្លាំង​មាំ​មួន​ប្រសើរ​ជាង​អ្នក​មាន​ស្តុក​ស្តម្ភ តែ​មាន​សុខ​ភាព​ទន់​ខ្សោយ!។
15 មាន​សុខ​ភាព​ល្អ​មាំ​មួន​ប្រសើរ​ជាង​មាន​មាស​ទាំង​អស់​នៃ​ពិភព‌លោក មាន​កាយ​សម្បទា​មាំ​មួន​ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ។
16 ពុំ​មាន​សម្បត្តិ​ណា ប្រសើរ​ដូច​ខ្លួន​ប្រាណ​មាន​សុខ​ភាព​ល្អ​ទ្បើយ គ្មាន​សុភមង្គល​ណា​ប្រសើរ​ជាង​មាន​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ទេ។
17 ស៊ូ​ស្លាប់ ជា​ជាង​រស់​នៅ​ដោយ​អភ័ព្វ ស៊ូ​បាត់​បង់​ជីវិត ជា​ជាង​រស់​នៅ តែ​មាន​ជំងឺ​រ៉ាំរ៉ៃ។
18 ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា ដាក់​នៅ​មុខ​អ្នក​ជំងឺ ដែល​មិន​ឃ្លាន ប្រៀប​ដូច​ជា​ម្ហូប​អាហារ​ដែល​គេ​សែន​នៅ​លើ​ផ្នូរ​ខ្មោច។
19 តើ​សំណែន​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​ប្រយោជន៍​អ្វី​ដល់​ព្រះ​នោះ បើ​ព្រះ​នោះ​មិន​ដឹង​រស​ជាតិ មិន​ដឹង​ក្លិន! រីឯ​មនុស្ស​មាន​ជំងឺ ក៏​ដូច្នោះ​ដែរ។ 20 គាត់​តែង​តែ​មើល​ម្ហូប​អាហារ​ដែល​គេ​យក​មក​ឲ្យ​គាត់ ហើយ​ដក​ដង្ហើម​ធំ​ហាក់​ដូច​ជា​មនុស្ស​កម្រៀវ​ឱប​ស្រី​ក្រមុំ ហើយ​ដក​ដង្ហើម​ធំ​ដែរ។

ការ​សប្បាយ​រីករាយ

21 ចូរ​កុំ​បណ្តោយ​ខ្លួន​តាម​ទុក្ខ​ព្រួយ​ទ្បើយ! ចូរ​កុំ​យក​ទុក្ខ​កង្វល់​មក​ដាក់​ក្នុង​ខ្លួន​ឯង។
22 ចិត្ត​រីករាយ​រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ ការ​ត្រេកអរ តែង​តែ​ធ្វើ​ឲ្យ​គេ​មាន​អាយុ​យឺន​យូរ។
23 ចូរ​ឆ្លៀត​ពេល​សប្បាយ​ខ្លះ ចូរ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ទ្បើង ចូរ​បណ្តេញ​ទុក្ខ​ព្រួយ​ឲ្យ​ឆ្ងាយ​ពី​អ្នក ដ្បិត​ទុក្ខ​ព្រួយ​បំផ្លាញ​មនុស្ស​អស់​ជា​ច្រើន ហើយ​ទុក្ខ​ព្រួយ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។
24 ចិត្ត​ច្រណែន​ឈ្នានីស និង​កំហឹង តែង​តែ​ធ្វើ​ឲ្យ​អាយុ​ខ្លី រីឯ​កង្វល់​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ។
25 ការ​សប្បាយ​ចិត្ត រមែង​ធ្វើ​ឲ្យ​គេ​បរិភោគ​ឆ្ងាញ់ ហើយ​ចាប់​អារម្មណ៍​នឹង​ម្ហូប​អាហារ ដែល​ខ្លួន​បរិ‌ភោគ។