ជំពូក ១៦
មនុស្សទមិទ្ប នឹងមានទោស
1 ស៊ូគ្មានកូន ប្រសើរជាងមានកូនច្រើនឥតបានការ។ ចូរកុំអរសប្បាយដោយមានកូន បើកូនទាំងនោះមិនគោរពប្រណិប័តន៍ព្រះអម្ចាស់។ 2 ប្រសិនបើកូនៗមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ទោះបីមានកូនច្រើនយ៉ាងណាក្តី ក៏កុំត្រេកអរដែរ! 3 កុំសង្ឃឹមថា កូនទាំងនោះនឹងមានអាយុយឺនយូរ ហើយកុំពឹងលើចំនួនកូនច្រើន! បើមានកូនតែម្នាក់គោរពកោតខ្លាចព្រះអម្ចាស់ នោះប្រសើរជាងមានកូនរាប់ពាន់នាក់ ដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ ស៊ូស្លាប់ដោយឥតមានកូន ប្រសើរជាងមានកូនច្រើនដែលមើលងាយព្រះជាម្ចាស់។ 4 អ្នកប្រាជ្ញតែម្នាក់នៅក្នុងក្រុងមួយ រមែងធ្វើឲ្យប្រជាជនកើនចំនួនច្រើនទ្បើង តែជនពាលមួយហ្វូងរមែងធ្វើឲ្យក្រុងវិនាសអន្តរាយ។
5 ខ្ញុំបានឃើញហេតុការណ៍ជាច្រើនបែបនេះផ្ទាល់នឹងភ្នែក ខ្ញុំក៏បានឮរឿងហេតុដែលគួរឲ្យចាប់អារម្មណ៍ច្រើនជាងនេះ ផ្ទាល់នឹងត្រចៀក។ 6 ភ្លើងរបស់ព្រះអម្ចាស់ឆាបឆេះអង្គប្រជុំ របស់មនុស្សបាប ព្រះអង្គព្រះអង្គព្រះពិរោធចំពោះពួកបះបោរប្រឆាំងនឹងព្រះអង្គ។ 7 ព្រះអង្គពុំបានលើកលែងទោស ឲ្យពួកដែលមានមាឌធំ នៅសម័យដើមទេ ពួកគេបានបះបោរដោយអាងលើកម្លាំងរបស់ខ្លួន។ 8 ព្រះអង្គពុំបានត្រាប្រណីដល់ក្រុងរបស់លោកទ្បុតទេ ព្រោះព្រះអង្គស្អប់ខ្ពើមចិត្តអួតបំប៉ោងរបស់អ្នកក្រុងនោះ។ 9 ព្រះអង្គពុំអាណិតជនជាតិកាណានដែលត្រូវវិនាសនោះទេ ពួកគេផុតពូជ ព្រោះតែអំពើបាបរបស់ខ្លួន។ 10 ព្រះអង្គក៏ពុំបានអាណិតជនជាតិអ៊ីស្រាអែលប្រាំមួយសែននាក់ ដែលបាត់បង់ជីវិត ព្រោះតែចិត្តរឹងចចេសរបស់ខ្លួនដែរ។ 11 ទោះបីមានមនុស្សរឹងចចេសតែម្នាក់ក្ដី ក៏គេមុខជាទទួលទោសពុំខាន! ព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាផង ព្រះអង្គព្រះពិរោធផង។ ព្រះអង្គមានប្ញទ្ធានុភាពអាចប្រោសប្រណី និងផ្តន្ទាទោស។
12 ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាលើសលុបយ៉ាងណា ព្រះអង្គក៏តឹងតែងយ៉ាងនោះដែរ។ ព្រះអង្គវិនិច្ឆ័យមនុស្ស តាមអំពើដែលគេប្រព្រឹត្ត។ 13 មនុស្សបាបមិនអាចរត់រួច ដោយនាំយកអ្វីៗដែលខ្លួនបានប្រមូលទៅជាមួយនោះផងទេ រីឯមនុស្សសុចរិត ដែលចេះស៊ូទ្រាំ ក៏មិនខកចិត្តដែរ។ 14 ព្រះអម្ចាស់នឹងទទួលស្គាល់ទានទាំងប៉ុន្មានដែលមនុស្សធ្វើ ម្នាក់ៗតែងតែបានផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
មនុស្សមិនអាចគេចផុតពីព្រះអម្ចាស់
17 កុំនិយាយថា «ខ្ញុំនឹងលាក់ខ្លួនពួនអាត្មា មិនឲ្យព្រះជាម្ចាស់ទតឃើញ! តើនៅស្ថានលើនរណានឹកឃើញខ្ញុំ? ក្នុងចំណោមបណ្តាជនដ៏ច្រើនយ៉ាងនេះ គ្មាននរណាស្គាល់ខ្ញុំទេ! ក្នុងពិភពលោកដ៏ធំធេង ដែលព្រះជាម្ចាស់បានបង្កើតមក តើខ្ញុំជានរណា? 18 នៅពេលព្រះជាម្ចាស់យាងមក ផ្ទៃមេឃ លំហអាកាសដ៏ល្ហល្ហេវ ទីជម្រៅនៃសមុទ្រ និងផែនដី ត្រូវកក្រើករញ្ជួយ។ 19 នៅពេលព្រះអង្គ ទតមើលមក ភ្នំទាំងទ្បាយ និងគ្រឹះនៃផែនដីក៏ញាប់ញ័រដែរ។ 20 ប៉ុន្តែ មនុស្សមិននឹកគិតដល់ហេតុការណ៍ទាំងនោះទេ តើនរណាយកចិត្តទុកដាក់នឹងមាគ៌ា របស់ព្រះអង្គ? 21 ស្នាព្រះហស្តរបស់ព្រះអង្គស្ទើរតែទាំងអស់ នៅលាក់កំបាំងនៅឡើយ ដូចខ្យល់កំបុតត្បូងមកដល់ ដោយមនុស្សមិនដឹងជាមុន។ 22 តើនរណានឹងនាំដំណឹងអំពីស្នាព្រះហស្ត ដែលព្រះអង្គបានធ្វើដោយព្រះហប្ញទ័យសុចរិត? តើនរណារង់ចាំស្នាព្រះហស្តទាំងនោះ? សម្ពន្ធមេត្រីពិតជានៅឆ្ងាយណាស់!»។ 23 មនុស្សគ្មានសុភនិច្ឆ័យ រមែងគិតពិចារណាដូច្នេះ គឺអ្នកលេលាដែលវង្វេង នៅតែនឹកគិតអំពី សេចក្តីល្ងីល្ងើនេះ។
ភាគទីពីរ
ព្រះអម្ចាស់សម្ដែងព្រះប្រាជ្ញាញាណក្នុងពិភពលោក
24 កូនអើយ! ចូរស្តាប់ឪពុក ចូរខិតខំស្វែងរកចំណេះដឹង ចូរយកចិត្តទុកដាក់នឹងពាក្យពេចន៍ ដែលឪពុកថ្លែងប្រាប់។ 25 ឪពុកនឹងបកស្រាយដំបូន្មានយ៉ាងសមរម្យ ហើយបង្រៀនចំណេះឲ្យកូន ដោយផ្ចិតផ្ចង់។
26 កាលពីដើមដំបូងបង្អស់ ពេលដែលព្រះជាម្ចាស់បង្កើតស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គដាក់អ្វីៗ ដែលព្រះអង្គបង្កើតនៅ តាមកន្លែងរៀងៗខ្លួន។ 27 ព្រះអង្គធ្វើឲ្យហ្វូងតារាមានរបៀបរៀបរយជារៀងរហូតតទៅ គឺតាំងពីកំណើតរហូតដល់អនាគតដ៏យូរលង់។ តារាទាំងនោះពុំដែលស្រេកឃ្លាន ឬនឿយហត់ឡើយ ហើយក៏ពុំបោះបង់ចោលភារកិច្ចរបស់ខ្លួនដែរ។ 28 គ្មានផ្កាយណាមួយ ប៉ះទង្គិចនឹងផ្កាយដែលនៅជិតខ្លួនទេ ហើយក៏ពុំដែលមានផ្កាយណាមួយមិនប្រព្រឹត្តតាម បញ្ជារបស់ព្រះអង្គដែរ។ 29 បន្ទាប់មកព្រះអម្ចាស់ទតមើលផែនដី ហើយប្រទានពរយ៉ាងបរិបូណ៌ឲ្យផែនដីផង។ 30 ព្រះអង្គធ្វើឲ្យមានសត្វគ្រប់ប្រភេទរស់នៅពាសពេញផែនដីទាំងមូល ហើយសត្វ ទាំងនោះក៏នឹងត្រទ្បប់ទៅជាដីវិញដែរ។