ជំពូក ១៨
ភាពថ្កុំថ្កើងរបស់ព្រះជាម្ចាស់
1 ព្រះអម្ចាស់មានព្រះជន្ម អស់កល្បជានិច្ច ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើ។ 2 មានតែព្រះអម្ចាស់មួយអង្គទេដែលសុចរិត! 4 ព្រះអង្គមិនបានប្រាប់នរណាម្នាក់ឲ្យប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គទេ។ តើនរណាអាចស្គាល់ស្នាព្រះហស្ត ដ៏អស្ចារ្យរបស់ព្រះអង្គ? 5 តើនរណាអាចវាស់មហិទិ្ធប្ញទិ្ធដ៏អស្ចារ្យរបស់ព្រះអង្គ? តើនរណាអាចរៀបរាប់អំពីការ ដែលព្រះអង្គប្រព្រឹត្ត ដោយព្រះហប្ញទ័យប្រណីសន្តោស? 6 ពុំមាននរណាអាចដកហូត ឬបន្ថែមអ្វីលើស្នាព្រះហស្តរបស់ព្រះអង្គឡើយ ហើយក៏ពុំអាចស្គាល់ការអាថ៌កំបាំងដ៏អស្ចារ្យ របស់ព្រះអម្ចាស់ដែរ! 7 ពេលមនុស្សស្មានថា ខ្លួនយល់ដឹងសព្វគ្រប់នោះ គេគ្រាន់តែចាប់ផ្តើមប៉ុណ្ណោះ។ កាលណាគេឈប់ស្វែងរកនោះ គេនៅស្ទាក់ស្ទើរនៅឡើយ។
តើមនុស្សយើងជាអ្វី?
8 តើមនុស្សជាអ្វី? តើមនុស្សមានប្រយោជន៍អ្វី? អំពើល្អឬអំពើអាក្រក់ដែលមនុស្សប្រព្រឹត្ត តើមានតម្លៃអ្វី? 9 ប្រសិនបើមនុស្សរស់បានត្រឹមតែមួយរយឆ្នាំ បានសេចក្តីថា គេមានអាយុវែង ណាស់ទៅហើយ! 10 ប៉ុន្តែ បើប្រៀបធៀបទៅនឹងជីវិតអស់កល្បជានិច្ច ចំនួនមួយរយឆ្នាំនោះ តិចតួចទេ គឺដូចជាទឹកមួយតំណក់នៅក្នុងសមុទ្រ ឬដូចខ្សាច់មួយគ្រាប់នៅវាលខ្សាច់។ 11 ហេតុនេះ បានជាព្រះអម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់ចំពោះមនុស្សលោក ហើយព្រះអង្គចាក់បង្ហូរព្រះហប្ញទ័យមេត្តាករុណា មកលើពួកគេ។ 12 ព្រះអង្គឈ្វេងយល់ និងជ្រាបយ៉ាងច្បាស់ថា ចុងបញ្ចប់ របស់ពួកគេនឹងវេទនាយ៉ាងណា ហេតុនេះហើយបានជាព្រះអង្គមានព្រះហប្ញទ័យ ទូលំទូលាយ លើកលែងទោសឲ្យគេ។ 13 មនុស្សតែងតែអាណិតមេត្តាដល់អ្នកដែលខ្លួនស្គាល់ រីឯព្រះអម្ចាស់វិញ ព្រះអង្គមានព្រះហប្ញទ័យអាណិតមេត្តា ដល់មនុស្សលោក ដែលព្រះអង្គបានបង្កើតមក។ ព្រះអង្គស្តីបនោ្ទស អប់រំ និងទូន្មានមនុស្ស ព្រះអង្គណែនាំគេឲ្យវិលមករកព្រះអង្គវិញ ដូចគង្វាល ណែនាំចៀមរបស់ខ្លួនឲ្យវិលត្រទ្បប់មកវិញដែរ។ 14 ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតមេត្តា ចំពោះអស់អ្នកដែលសុខចិត្តទទួលការអប់រំពីព្រះអង្គ គឺអស់អ្នកដែលយកចិត្តទុកដាក់ស្វែងយល់អំពីសេចក្តីសម្រេចរបស់ព្រះអង្គ។
អំពីរបៀបចែកទាន
15 កូនអើយ ពេលណាកូនធ្វើទានឲ្យនរណាម្នាក់ កុំស្តីបន្ទោសគេ ហើយពេលណាកូនជូនអំណោយទៅគេ កុំពោលពាក្យដែលនាំឲ្យគេអាក់អន់ស្រពន់ចិត្តឡើយ!។
16 ជួនកាលពាក្យមួយម៉ាត់ ប្រសើរជាងអំណោយ គឺប្រៀបដូចជាទឹកភ្លៀងធ្វើឲ្យត្រជាក់ នៅពេលកំពុងតែក្តៅ។
17 ពាក្យសម្ដីផ្អែមល្ហែម ប្រសើរជាងអំណោយដ៏មានតម្លៃទៅទៀត! ជនសប្បុរសតែងតែជូន អំណោយ ដោយពោលពាក្យផ្អែមល្ហែមជាមួយផង។
18 មនុស្សល្ងីល្ងើតែងតែស្តីបនោ្ទស ដែលនាំគេឲ្យអាក់អន់ចិត្តអំណោយរបស់ជន ដែលច្រណែននិន្ទា តែងតែធ្វើឲ្យគេទាស់ចិត្តយំសោក។
ត្រូវប្រុងប្រយ័ត្ន
19 ត្រូវរៀនឲ្យចេះដឹងជាមុនសិន សឹមនិយាយ។ ចូរថែទាំខ្លួនជាមុនសិន កុំចាំដល់ពេលធ្លាក់ខ្លួនឈឺ។
20 ចូរត្រួតពិនិត្យមើលខ្លួនឯងសិន កុំចាំដល់ពេលព្រះជាម្ចាស់យាងមកវិនិច្ឆ័យកូន! ធ្វើដូច្នេះ នៅពេលព្រះអង្គគិតបញ្ជី ព្រះអង្គនឹងលើកទោសឲ្យ។
21 ចូរសារភាពកំហុស មុនពេលធ្លាក់ខ្លួនឈឺ។ ពេលកូនធ្វើខុស ចូរសម្ដែងថា កូនសោកស្តាយដោយបានប្រព្រឹត្តខុស។
22 ប្រសិនបើកូនបានបន់ ចូរលាបំណន់តាមពេលកំណត់ កុំចាំដល់ជិតស្លាប់ ទើបលាបំណន់!
23 មុននឹងបន់ស្រន់ ចូរគិតពិចារណាឲ្យបានដិតដល់ កុំធ្វើដូចអ្នកដែលចង់ល្បងព្រះអម្ចាស់ឡើយ។
24 កុំភេ្លចថា ព្រះអម្ចាស់នឹងសម្ដែងព្រះពិរោធចំពោះកូន នៅចុងបញ្ចប់នៃជីវិតរបស់កូន គឺព្រះអង្គនឹងដាក់ទណ្ឌកម្មកូន ដោយមិនទទួលស្គាល់កូនឡើយ។
25 ពេលកូនមានអាហារបរិភោគបរិបូណ៌ ចូរកុំភ្លេចដល់ពេលកូនអត់ឃ្លាន។ ពេលកូនមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ចូរនឹកដល់ពេលដែលកូនក្រីក្រ និងខ្វះខាត!។
26 តាំងពីព្រលឹមទល់ព្រលប់ អ្វីៗទាំងអស់អាចប្រែប្រួលបាន ព្រះអម្ចាស់អាចធ្វើឲ្យអ្វីៗប្រែប្រួល យ៉ាងឆាប់រហ័ស។
27 អ្នកមានប្រាជ្ញា តែងតែប្រុងប្រយ័ត្នក្នុងគ្រប់កិច្ចការដែលខ្លួនធ្វើ។ នៅពេលបាបក្រទ្បឹងជុំវិញគាត់ គាត់ការពារខ្លួនឥតធ្វេសប្រហែសឡើយ។ 28 មនុស្សឈ្លាសវៃ តែងតែទទួលស្គាល់ប្រាជ្ញា ហើយសរសើរអ្នកដែលរកឃើញប្រាជ្ញា។
29 អស់អ្នក ដែលយល់ពាក្យសម្ដីរបស់អ្នកប្រាជ្ញ រមែងទៅជាអ្នកប្រាជ្ញដូចគេ ហើយផ្សព្វផ្សាយសុភាសិត ដូចទឹកភ្លៀងបង្អុរចុះមក។
ត្រូវចេះប្រមាណខ្លួន
30 កុំបណ្តោយខ្លួនតាមតណ្ហា ហើយកុំធ្វើតាមចិត្តប៉ងប្រាថ្នារបស់កូនទ្បើយ។ 31 ប្រសិនបើកូនទោរទន់ទៅតាមតណ្ហា នោះសត្រូវនឹងចំអកឲ្យកូនជាពុំខាន។
32 កុំរស់នៅដោយហ៊ឺហាឡើយ ក្រែងលោកូនត្រូវបង់ទ្រព្យ។ 33 ប្រសិនបើកូនគ្មានប្រាក់ក្នុងហោប៉ៅទេ កុំខ្ចីប្រាក់គេយកទៅជប់លៀងឲ្យសោះ ក្រែងលោកូនធ្លាក់ខ្លួនក្រ។