ជំពូក ១៤
សុភមង្គលរបស់មនុស្សសុចរិត
1 អ្នកចេះប្រយ័ត្នពាក្យសម្ដី ពិតជាមានសុភមង្គល! គេមិនកើតទុក្ខ ព្រោះតែអំពើបាបរបស់ខ្លួនឡើយ!។
2 អ្នកណាដឹងខ្លួនថាគ្មានកំហុស ហើយមិនដែលខកចិត្ត អ្នកនោះពិតជាមានសុភមង្គល!
ចិត្តលោភលន់ និងកំណាញ់
3 មានទ្រព្យសម្បត្តិ តែកំណាញ់ ហើយមានប្រាក់ តែមិនហ៊ានចាយ តើបានប្រយោជន៍អ្វី?
4 អ្នកដែលប្រមូលទ្រព្យសម្បត្តិ តែបង្អត់ខ្លួនឯង ប្រមូលទុកសម្រាប់អ្នកដទៃ គឺអ្នកដទៃចាយវាយទ្រព្យនោះ ដើម្បីរស់នៅយ៉ាងសប្បាយ។
5 អ្នកដែលកំណាញ់ចំពោះខ្លួនឯង តើចង់សម្ដែងចិត្តសប្បុរសចំពោះនរណា? គេមិនបានសប្បាយ ដោយសារធនធានរបស់ខ្លួនទេ។
6 គ្មាននរណាកាចជាង អ្នកធ្វើបាបខ្លួនឯងឡើយ គេតែងតែរងទុក្ខទោស ព្រោះតែចិត្តអាក្រក់របស់ខ្លួន។
7 ប្រសិនបើជនកំណាញ់ធ្វើទាន គេធ្វើដោយមិនដឹងខ្លួន នៅទីបញ្ចប់ គេមុខជាបង្ហាញចិត្តអាក្រក់របស់ខ្លួនមិនខាន!
8 អ្នកមានចិត្តលោភលន់ជាមនុស្សអាក្រក់ គេមើលងាយអ្នកដទៃ ដោយធ្វើមិនឃើញ។ 9 អ្នកមានចិត្តលោភលន់ មិនដែលពេញចិត្តនឹងចំណែកទ្រព្យរបស់ខ្លួនទេ ការកំណាញ់ធ្វើឲ្យគេក្លាយទៅជាមនុស្សអត់ចិត្ត។
10 ជនកំណាញ់មិនងាយចែកអាហារឲ្យគេទេ សូម្បីតែនៅលើតុរបស់ខ្លួនឯងផ្ទាល់ក៏គ្មានបាយផង!
ចូរប្រើប្រាស់ទ្រព្យសម្បត្តិតាមសមរម្យ
11 កូនអើយ! ប្រសិនបើកូនមានគ្រប់គ្រាន់ ចូរថែទាំខ្លួនឲ្យបានស្រួល ហើយថ្វាយតង្វាយទៅព្រះអម្ចាស់តាមវិន័យ។ 12 កុំភេ្លចថា សេចក្តីស្លាប់នឹងមកដល់ឆាប់ៗ កូនពុំដឹងថ្ងៃកំណត់ដែលកូនត្រូវស្លាប់ទេ។ 13 មុននឹងស្លាប់ ចូរធ្វើទានដល់មិត្តសម្លាញ់ ចូរមានចិត្តទូលាយចំពោះគេ តាមធនធានរបស់កូន។
14 ត្រូវចេះសប្បាយរីករាយ ទោះបីការសប្បាយរីករាយនេះ មានរយៈពេលខ្លីក៏ដោយ។ កុំទុកឲ្យឱកាសដែលកូនអាចបំពេញបំណងប្រាថ្នាដ៏ត្រឹមត្រូវ កន្លងបាត់ទៅឡើយ។
15 ត្រូវដឹងថា កូននឹងទុកផលនៃផលនឿយហត់របស់កូន ឲ្យអ្នកដទៃ គឺគេនឹងយកផលនៃកិច្ចការដ៏សែនលំបាករបស់កូនទៅចែកគ្នា ដោយចាប់ឆ្នោត។
16 ទោះបីកូនឲ្យអ្វីទៅគេ ឬទទួលអ្វីពីគេ ចូរធ្វើឲ្យខ្លួនបានសប្បាយ! ត្បិតមនុស្សស្លាប់មិនស្វែងរកការសប្បាយរីករាយទៀតទេ។
17 សត្វលោកទាំងទ្បាយ រមែងតែងតែចាស់ទៅៗ ហើយកាន់តែរេចរិល ដូចសម្លៀកបំពាក់ ដែលត្រូវតែសឹក។ មានច្បាប់ធម្មជាតិតែមួយសម្រាប់សត្វលោកទូទៅ គឺគ្រប់គ្នាត្រូវតែស្លាប់។
18 មនុស្សលោកចេះតែកើតតៗគ្នា គឺមនុស្សមួយជំនាន់ស្លាប់បាត់ទៅ ហើយមានជំនាន់មួយទៀតកើតទើ្បងជំនួស ដូចដើមឈើស៊ុបទ្រុបដែលមានស្លឹកជ្រុះ រួចមានស្លឹកថ្មីដុះលូតលាស់ទើ្បងជំនួស។
19 ស្នាដៃអ្វីៗដែលមនុស្សធ្វើ តែងតែរលាយបាត់ ហើយម្ចាស់ស្នាដៃនោះ ក៏ត្រូវរលាយសូន្យទៅជាមួយដែរ។
ត្រូវស្វែងរកព្រះប្រាជ្ញាញាណ
20 អ្នកដែលយកចិត្តទុកដាក់ ស្វែងរកព្រះប្រាជ្ញាញាណ ហើយខិតខំត្រិះរិះពិចារណា ពិតជាមានសុភមង្គលពុំខាន។ 21 អ្នកនោះសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះប្រាជ្ញាញាណ ហើយរិះគិតអំពីអាថ៌កំបាំងរបស់ព្រះអង្គដែរ។ 22 គាត់ស្វែងរកព្រះប្រាជ្ញាញាណ ដូចព្រានតាមដានសត្វ ហើយឃ្លាំមើលកន្លែងដែលព្រះប្រាជ្ញាញាណត្រូវយាងកាត់។ 23 គាត់លបមើលតាមបង្អួចនៃដំណាក់របស់ព្រះប្រាជ្ញាញាណ ហើយលួចស្តាប់នៅមាត់ទ្វារ។ 24 គាត់តាំងទីលំនៅក្បែរដំណាក់របស់ព្រះប្រាជ្ញាញាណ ហើយបោះចម្រឹងនៃជំរំរបស់ខ្លួនជាប់នឹងជញ្ជាំងដំណាក់របស់ព្រះអង្គ។ 25 គាត់បោះជំរំក្បែរព្រះប្រាជ្ញាញាណ ហើយរស់នៅក្នុងកន្លែងដែលមានសុភមង្គល។ 26 គាត់ធ្វើសំបុកដាក់កូននៅ តាមមែកសាខារបស់ព្រះប្រាជ្ញាញាណ ហើយស្ថិតនៅក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ។ 27 ព្រះប្រាជ្ញាញាណការពារគាត់ មិនឲ្យត្រូវកម្ដៅថ្ងៃ ហើយឲ្យគាត់តាំងទីលំនៅ ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។