ជំពូក ២៨

1 អ្នក​ណា​សង​សឹក​គេ ព្រះ‌ជាម្ចាស់​នឹង​សង​សឹក​អ្នក​នោះ​វិញ ព្រះ‌អង្គ​នឹង​កត់​អំពើ​បាប​របស់​គេ​ក្នុង​បញ្ជី គ្មាន​ភេ្លច​បាប​មួយ​ណា​ទ្បើយ។ 2 ចូរ​អត់​ឱន​ឲ្យ​ជន ដែល​ប្រព្រឹត្ត​ខុស​នឹង​កូន ដូច្នេះ ពេល​កូន​អង្វរ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​លើក​លែង​ទោស​ឲ្យ​កូន​ជា​មិន​ខាន។ 3 បើ​មនុស្ស​ម្នាក់​ចេះ​តែ​ចង​កំហឹង ចំពោះ​មនុស្ស​ដូច​គ្នា តើ​អ្នក​ខឹង​នោះ​អាច​សុំ​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​ជា​សះ​ស្បើយ​ម្តេច​កើត?។ 4 បើ​មនុស្ស​គ្មាន​ចិត្ត​អាណិត​មេត្តា​ដល់​មនុស្ស​ដូច​គ្នា​ទេ​នោះ តើ​គេ​អាច​អង្វរ​សូម​ព្រះ‌អង្គ​លើក​លែង​ឲ្យ​ខ្លួន​ដូច​ម្តេច​កើត?។ 5 បើ​គេ​ជា​មនុស្ស​លោកីយ៍​នៅ​តែ​គុំ​កួន​ដូច្នេះ តើ​គេ​អាច​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​លើក​លែង​ទោស​ឲ្យ​ខ្លួន​គេ​ផ្ទាល់​ដូច​ម្តេច​កើត? 6 ចូរ​នឹក​ដល់​គ្រា​អវសាន​នៃ​ជីវិត ហើយ​លះ​បង់​ការ​ស្អប់​នេះ​ចោល​ទៅ! ចូរ​គិត​ថា​កូន​ត្រូវ​ស្លាប់ ហើយ​រូប​កាយ​ក៏​ត្រូវ​រលួយ​ដែរ ដូច្នេះ ចូរ​កាន់​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់​ទៅ! 7 ចូរ​នឹក​ដល់​វិន័យ​ទាំង‌ឡាយ កុំ​គុំ​កួន​នឹង​មនុស្ស​ដូច​គ្នា ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​បំភ្លេច​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​មក​លើ​កូន​នោះ​ចោល​ទៅ។

ជម្លោះ​ទាស់​ទែង​គ្នា

8 ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជម្លោះ ធ្វើ​ដូច្នេះ​កូន​នឹង​គ្មាន​ឱកាស​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ជន​កំរោល​តែង​តែ​បង្ក​ជម្លោះ​ឲ្យ​ឆាប​ឆេះ​ទ្បើង។
9 អ្នក​បាប​តែង​តែ​បង្ក​ឲ្យ​មាន​ទំនាស់ ក្នុង​ចំណោម​មិត្ត​ភក្ដិ ហើយ​បណ្តាល​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ជុំ​គ្នា​ដោយ​សុខ​សាន្ត បែរ​ជា​ប្រេះ​ឆា​នឹង​គ្នា​ទៅ​វិញ។
10 ដរាប​ណា​គេ​ថែម​អុស ភ្លើង​នៅ​តែ​ឆេះ ដរាប​ណា​គេ​រឹង​ចចេស ជម្លោះ​ក៏​នៅ​តែ​បន្ត​ខ្លាំង​ទ្បើងៗ​ដែរ។ មនុស្ស​មាន​កម្លាំង​យ៉ាង​ណា ចិត្ត​ឃោរ​ឃៅ​របស់​គេ​ក៏​ខ្លាំង​យ៉ាង​នោះ​ដែរ រីឯ​អ្នក​មាន​ស្តុក​ស្តម្ភ​យ៉ាង​ណា កំហឹង​របស់​គេ​ក៏​កាន់​តែ​សាហាវ​យ៉ាង​នោះ​ដែរ។
11 ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ឆាប់​រហ័ស រមែង​បញ្ឆេះ​ភ្លើង​កំហឹង​ឲ្យ​ឆេះ​សន្ធោរ​សន្ធៅ​ទ្បើង។ ជម្លោះ​ដែល​ក​កើត​ទ្បើង​យ៉ាង​ឆាប់​រហ័ស ក៏​រមែង​ធ្វើ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ដែរ។
12 ពេល​ផ្លុំ​រងើក​ភ្លើង អណ្តាត​ភ្លើង​នឹង​លេច​ចេញ​មក ពេល​ស្តោះ​ទឹក​មាត់​លើ​រងើក​ភ្លើង ភ្លើង​នោះ​នឹង​រលត់។ ការ​ទាំង​ពីរ​នេះ​កើត​ទ្បើង​ដោយ​សារ​មាត់​តែ​មួយ។

ពាក្យ​សម្ដី​អាក្រក់

13 អ្នក​ខ្សឹប​ខ្សៀវ​និយាយ​អាក្រក់​ពី​គេ និង​អ្នក​ដែល​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ មុខ​ជា​ត្រូវ​បណ្តា​សា​ពុំ​ខាន!។ គេ​បណ្តោយ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត ត្រូវ​វិនាស​អន្ត‌រាយ។
14 ពាក្យ​មួល​បង្កាច់ រមែង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​កិត្តិយស ហើយ​ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​រត់​គេច​ខ្លួន​ចេញ​ពី​ស្រុក។ ពាក្យ​មួល​បង្កាច់​នេះ ធ្វើ​ឲ្យ​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ត្រូវ​រលំ និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អភិ​ជន​វិនាស​អន្ត‌រាយ។
15 ពាក្យ​មួល​បង្កាច់ បណ្តាល​ឲ្យ​ស្វាមី​ដេញ​ភរិយា​ស្មោះ‌ត្រង់ ទាំង​ធ្វើ​ឲ្យ​នាង​បាត់​បង់​អ្វីៗ​ទាំង​អស់ ដែល​គេ​រក​បាន​ដោយ​នឿយ​ហត់​ទៀត​ផង។
16 អ្នក​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​មួល​បង្កាច់ លែង​បាន​សេចក្តី​សុខ​ទៀត​ហើយ គេ​ក៏​លែង​រស់​នៅ​យ៉ាង​ស្ងប់​ស្ងៀម​ទៀត​ដែរ។
17 ការ​វាយ​ដោយ​រំពាត់ តែង​តែ​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ រីឯ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី តែង​តែ​បណ្តាល​ឲ្យ​បាក់​ទឹក​ចិត្ត។
18 មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ពាក្យ​សម្ដី មាន​ច្រើន​ជាង​មនុស្ស ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។
19 អ្នក​ណា​គេច​ផុត​ពី​ពាក្យ​មួល​បង្កាច់​របស់​អ្នក​ដទៃ ហើយ​មិន​បាន​រង​គ្រោះ ព្រោះ​តែ​កំហឹង​របស់​អ្នក​មួល​បង្កាច់ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ រីឯ​អ្នក​ដែល​មិន​ស្ថិត​នៅ ក្នុង​នឹម​របស់​អ្នក​មួល​បង្កាច់ ហើយ​មិន​ជាប់​ចំណង​របស់​គេ​ទេ​នោះ ពិត​ជា​មាន​សុភមង្គល។ 20 ដ្បិត​នឹម​របស់​គេ​នោះ​ជា​នឹម​ដែក រីឯ​ចំណង​របស់​គេ​នោះ​ជា​ច្រវាក់​លង្ហិន។
21 ពាក្យ​មួល​បង្កាច់ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​ឃោរ​ឃៅ​បំផុត ស៊ូ​ស្លាប់​ប្រសើរ​ជាង​រស់​នៅ​ក្រោម​អំណាច​របស់​ជន​មួល​បង្កាច់។
22 ប៉ុន្តែ ពាក្យ​មួល​បង្កាច់​ពុំ​អាច​ធ្វើ​ចំពោះ​អ្នក​ដែល គោរព​ប្រណិប័តន៍​ព្រះ‌អម្ចាស់​បាន​ទ្បើយ។ អណ្តាត​ភ្លើង​នៃ​ការ​មួល​បង្កាច់ ពុំ​អាច​ឆាប​ឆេះ​អ្នក​នោះ​បាន​ទេ។
23 អ្នក​ដែល​បោះ​បង់​ព្រះ‌អម្ចាស់​ចោល មុខ​ជា​ត្រូវ​ស្លាប់​ដោយ​សារ​ពួក​មួល​បង្កាច់ ព្រោះ​អ្នក​ទាំង​នោះ បង្ក​មូល​ហេតុ បង្កាត់​ភ្លើង​ដែល​មិន​ចេះ​រលត់។ ជន​និយាយ​មួល​បង្កាច់​សង្រ្គប់​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ដូច​សិង្ហ​សង្រ្គប់​ចាប់​រំពា ឬ​ដូច​ខ្លា​រខិន​ហែក​រំពា​ស៊ី​ដែរ។ 24-25 កូន​ធ្លាប់​ធ្វើ​របង​បន្លា​ព័ទ្ធ​ជុំ​វិញ​ចម្ការ​របស់​កូន​យ៉ាង​ណា កូន​ក៏​ត្រូវ​ថ្លឹង​ពាក្យ​សម្ដី​របស់​កូន​យ៉ាង​នោះ​ដែរ។ កូន​ធ្លាប់​ទុក​ប្រាក់ និង​មាស​ដោយ​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា ចូរ​ទប់​មាត់ ហើយ​ដាក់​គន្លឹះ​យ៉ាង​នោះ​ដែរ!។
26 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ដួល ព្រោះ​ពាក្យ​សម្ដី​ទ្បើយ បើ​មិន​ដូច្នោះ​ទេ កូន​មុខ​ជា​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ជន​ដែល​ចាំ​ឃ្លាំ​មើល​កូន។