ជំពូក ២៧

1 មនុស្ស​ជា​ច្រើន តែង​តែ​ប្រព្រឹត្ត​អំពើ​បាប ដើម្បី​ឲ្យ​បាន​កម្រៃ។ អ្នក​គិត​តែ​ពី​ស្វែង​រក​ប្រមូល​ទ្រព្យ‌សម្បត្តិ មិន​រវី​រវល់​នឹង​អ្វី​ផ្សេង​ទៀត​ទ្បើយ។
2 អំពើ​បាប​ជ្រៀត​ចូល​រវាង​អ្នក​លក់ និង​អ្នក​ទិញ ដូច​ជា​ចម្រឹង​ដែល​ជ្រៀត​ចូល​ក្នុង​ចន្លោះ​ថ្ម​ពីរ​ដុំ​ដែរ។
3 អ្នក​ដែល​មិន​ជំពាក់​ចិត្ត នឹង​ការ​គោរព​កោត​ព្រះ‌អម្ចាស់​យ៉ាង​ស្មោះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​រលំ​បាក់​បែក​នៅ​ពេល​ឆាប់ៗ​ពុំ​ខាន។

មនុស្ស​គេ​យក​សម្ដី

4 កាល​ណា​គេ​រែង​អង្ករ សំរាម​លេច​ចេញ​មក ពេល​មនុស្ស​និយាយ​ស្តី គុណ​វិបត្តិ​របស់​គេ​ក៏​លេច​ចេញ​មក​ដែរ។
5 ជាង​ស្មូន​ដឹង​ថា ភាជន៍​ល្អ ឬ​មិន​ល្អ​ក្នុង​ពេល​ដុត​ចម្អិន​វា​នៅ​ក្នុង​ឡ យើង​ដឹង​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ពេល​គេ​និយាយ​ស្តី។
6 ផ្លែ​ឈើ​បង្ហាញ​ពី​របៀប​ដែល​គេ​ថែ​ទាំ​ដើម​វា​យ៉ាង​ណា ពាក្យ​សម្ដី​ក៏​បង្ហាញ​ពី​ចិត្ត​ថ្លើម​របស់​មនុស្ស​យ៉ាង​នោះ​ដែរ។
7 កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សម្ដី​របស់​គេ ដ្បិត​ពាក្យ​សម្ដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។

អំពី​សេចក្តី​សុចរិត

8 ប្រសិន បើ​កូន​ខិត​ខំ​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត កូន​មុខ​ជា​បាន​សេចក្ដី​សុចរិត​ពុំ​ខាន កូន​នឹង​យក​សេចក្តី​សុចរិត​នោះ​មក​តុប​តែង​ខ្លួន ដូច​ពាក់​អាវ​ដ៏​រុង​រឿង​ដែរ។
9 បក្សា​បក្សី​ប្រភេទ​ដូច​គ្នា តែង​តែ​ប្រមូល​គ្នា​មក​រស់​នៅ​ក្នុង​សំបុក​តែ​មួយ យ៉ាង​ណា​មិញ​អ្នក​ខិត​ខំ​ប្រតិ‌បត្តិ​តាម​សេចក្តី​ពិត រមែង​តែង​តែ​ទទួល​ផល​នៃ​សេចក្តី​ពិត​ដូច្នោះ​ដែរ។
10 អំពើ​បាប​តែង​តែ​ឃ្លាំ​មើល​អ្នក​ដែល ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត ដូច​សិង្ហ​ឃ្លាំ​ចាំ​ចាប់​សត្វ​មក​ធ្វើ​ជា​អាហារ​ដែរ។
11 ពាក្យ​សម្ដី​របស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​ប្រកប​ដោយ​ប្រាជ្ញា​ញាណ​ជា‌និច្ច រីឯ​អ្នក​ដែល​ខ្វះ​សុភ‌និច្ឆ័យ តែង​តែ​ប្រែ​ប្រួល​ដូច​ព្រះ‌ច័ន្ទ។
12 ក្នុង​ចំណោម​មនុស្ស​ឆោត​ល្ងង់ ចូរ​កូន​កុំ​នៅ​ជា​មួយ​គេ​យូរ​ពេក ផ្ទុយ​ទៅ​វិញ បើ​នៅ​ក្នុង​ចំណោម​អ្នក​ចេះ​រិះ​គិត​ពិចារណា ចូរ​កូន​នៅ​ជា​មួយ​គេ​ឲ្យ​បាន​យូរ។
13 ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី​ល្ងើ រមែង​តែង​តែ​នាំ​ឲ្យ​ក្តៅ​ចិត្ត សំណើច​របស់​ពួក​គេ​តែង​តែ​នាំ​ឲ្យ​ភ្លើត​ភ្លើន​ប្រព្រឹត្ត​អំពើ​បាប។
14 ពាក្យ​របស់​អ្នក​ចូល​ចិត្ត​ស្បថ​រមែង​ធ្វើ​ឲ្យ​ព្រឺ​សាច់ ជម្លោះ​របស់​គេ​បណ្តាល​ឲ្យ​អ្នក​ទាំង‌ឡាយ​យក​ដៃ​ចុក​ត្រចៀក។
15 ជម្លោះ​របស់​មនុស្ស​អួត​បំប៉ោង តែង​តែ​បណ្តាល​ឲ្យ​មាន​ការ​បង្ហូរ​ឈាម ពាក្យ​ជេរ​ប្រទេច​របស់​ពួក​គេ តែង​តែ​ធ្វើ​ឲ្យ​សង្កៀរ​ត្រចៀក។

អំពី​ការ​សម្ងាត់

16 អ្នក​ទម្លាយ​រឿង​អាថ៌​កំបាំង រមែង​ធ្វើ​ឲ្យ​គេ​លែង​ទុក​ចិត្ត ហើយ​មិន​អាច​រក​មិត្ត​ភក្ដិ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ទៀត​ទេ។
17 ចូរ​ស្រឡាញ់​មិត្ត​ភក្ដិ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ប៉ុន្តែ ប្រសិន​បើ​កូន​ទម្លាយ​អាថ៌​កំបាំង​របស់​គេ កុំ​ទៅ​រក​គេ​ទៀត​ទ្បើយ។ 18 ដ្បិត​កូន​បាត់​បង់​មិត្ត‌ភាព ដូច​មនុស្ស​បាត់​បង់​បង‌ប្អូន​ដែល​ស្លាប់​ដែរ។ 19 កូន​បណ្តោយ​ឲ្យ​មិត្ត​ភក្តិ​ចាក​ចេញ​ទៅ គេ​មិន​អាច​វិល​មក​វិញ​ទេ គឺ​ដូច​ជា​បក្សា​ដែល​កូន​បណ្តោយ​ឲ្យ​ហើរ​ចេញ​ពី​ក្នុង​ដៃ​របស់​កូន​ទៅ​បាត់។ 20 កុំ​ខំ​តាម​គេ ដ្បិត​គេ​ទៅ​ឆ្ងាយ​ហើយ គេ​រត់​ដូច​ឈ្លូស​ដែល​រួច​ពី​អន្ទាក់។
21 ពេល​មាន​របួស យើង​អាច​ព្យាបាល​បាន ពេល​ជេរ​គ្នា​ហើយ យើង​អាច​សម្រុះ​សម្រួល​ឲ្យ​ជា​នា​នឹង​គ្នា​បាន ប៉ុន្តែ អ្នក​ដែល​ទម្លាយ​អាថ៌​កំបាំង គ្មាន​សង្ឃឹម​នឹង​ផ្សះ​ផ្សា​គ្នា​វិញ​ទ្បើយ។

អ្នក​មាន​ពុត​ត្បុត

22 មនុស្ស​ចោល​កន្ទុយ​ភ្នែក​តែង​តែ​មាន​គម្រោង‌ការ​អាក្រក់។ អ្នក​ដែល​ចេះ​សម្គាល់​មើល​មនុស្ស​ប្រភេទ​នេះ តែង​តែ​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​គេ។ 23 នៅ​មុខ​កូន គេ​តែង​ពោល​ពាក្យ​ផ្អែម​ពី​រោះ គេ​សរសើរ​ពាក្យ​សម្ដី​របស់​កូន ប៉ុន្តែ នៅ​ក្រោយ​ខ្នង​វិញ​គេ​ផ្លាស់​ប្តូរ​របៀប​និយាយ បែរ​ទៅ​យក​ពាក្យ​សម្ដី​របស់​កូន មក​ប្រើ ដើម្បី​ធ្វើ​បាប​កូន​ទៅ​វិញ។
24 ខ្ញុំ​ស្អប់​សេចក្តី​អាក្រក់​ជា​ច្រើន ប៉ុន្តែ មនុស្ស​ប្រភេទ​នេះ ខ្ញុំ​ស្អប់​ជាង​អ្វីៗ​ទាំង​អស់ ព្រះ‌ជាម្ចាស់​ក៏​ស្អប់​គេ​ដែរ។
25 អ្នក​ណា​បោះ​ដុំ​ថ្ម​ទៅ​លើ អ្នក​នោះ​មុខ​ជា​ត្រូវ​ដុំ​ថ្ម​ធ្លាក់ មក​លើ​ក្បាល​ខ្លួន​ឯង​វិញ​មិន​ខាន។ អ្នក​ណា​វាយ​គេ​ឲ្យ​របួស ដោយ​ប្រើ​កល‌ល្បិច អ្នក​នោះ​មុខ​ជា​ត្រូវ​គេ​វាយ ឲ្យ​របួស​វិញ ដោយ​ប្រើ​កល‌ល្បិច​មិន​ខាន។
26 អ្នក​ជីក​រណ្តៅ មុខ​ជា​ធ្លាក់​ក្នុង​រណ្តៅ​នោះ អ្នក​ដាក់​អន្ទាក់​ចាប់​គេ មុខ​ជា​ជាប់​អន្ទាក់​នោះ​ពុំ​ខាន​ដែរ។
27 អំពើ​អាក្រក់​ដែល​មនុស្ស​ប្រព្រឹត្ត តែង​តែ​ធ្លាក់​មក​លើ​ខ្លួន​គេ​វិញ ដោយ​គេ​ពុំ​ដឹង​ខ្លួន​ថា ការ​អាក្រក់​នេះ​កើត​មក​ពី​ណា​ផង
28 មនុស្ស​អួត​បំប៉ោង​តែង​តែ​ចំអក និង​ជេរ​គេ ប៉ុន្តែ អ្នក​នោះ​ត្រូវ​គេ​រង់​ចាំ​សង​សឹក ដូច​សិង្ហ​ពួន​ចាំ​ស្កាត់​ចាប់​សត្វ​ស៊ី​ដែរ។
29 អ្នក​ណា​ដែល​សប្បាយ​ចិត្ត ដោយ​ឃើញ​មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ‌ជាម្ចាស់​ជំពប់​ដួល អ្នក​នោះ មុខ​ជា​ត្រូវ​ជាប់​អន្ទាក់ ហើយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​មុន​ពេល​ស្លាប់។

ការ​លើក​លែង​ទោស

30 គំនុំ និង​កំហឹង សុទ្ធ​តែ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម មនុស្ស​បាប​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​នេះ​ណាស់។