ជំពូក ៣៤
អំពីការយល់សប្តិ
1 សេចក្តីសង្ឃឹមឥតខ្លឹមសារ រមែងបោកបញ្ឆោតមនុស្សល្ងីល្ងើ រីឯការយល់សប្តិក៏រមែងធ្វើឲ្យមនុស្ស ដែលគ្មានសុភនិច្ឆ័យស្មានថាខ្លួនអាចធ្វើអ្វីបានតាមអំពើចិត្តដែរ។
2 អ្នកយកចិត្តទុកដាក់នឹងការយល់សប្តិ ហាក់ដូចជាចង់ចាប់ស្រមោល ឬដេញតាមខ្យល់។
3 ពេលយល់សប្តិ មនុស្សយើងបានឃើញតែស្រមោលប៉ុណ្ណោះ គឺដូចជាឃើញមុខនៅក្នុងកញ្ចក់។
4 តើអ្វីដ៏បរិសុទ្ធ អាចចេញពីអ្វីដែលមិនបរិសុទ្ធដូចម្តេចបាន? តើសេចក្តីពិត អាចចេញពីការភូតកុហកដូចម្តេចកើត?
5 ការទស្សន៍ទាយ ប្រផ្នូល ការយល់សប្តិ សុទ្ធតែឥតខ្លឹមសារទាំងអស់ ដូចគំនិតរវើរវាយរបស់ស្រ្តីដែលឈឺចាប់ក្នុងពេលកំពុងសម្រាលកូន។
6 កុំយកចិត្តទុកដាក់នឹងសុបិន លើកលែងតែសុបិននោះមកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត។
7 សុបិនបណ្តាលឲ្យមនុស្សជាច្រើនវង្វេង អស់អ្នកដែលជឿលើសុបិនទាំងនោះ តែងតែខកចិត្តជាខ្លាំង។
8 វិន័យដ៏ពេញលក្ខណៈមិនជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោតទាំងនេះទេ រីឯព្រះប្រាជ្ញាញាណដែលអ្នកជឿថ្លែង បានពេញលក្ខណ: ដោយមិនជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោតទាំងនេះដែរ។
អំពីការធ្វើដំណើរ
9 អ្នកធ្វើដំណើរច្រើនក៏រៀនបានច្រើន។ អ្នកដែលមានការពិសោធជាច្រើន ក៏មានយោបល់ដ៏ឈ្លាសវៃដែរ។
10 អ្នកគ្មានបទពិសោធ យល់ដឹងតែបន្តិចបន្តួចប៉ុណ្ណោះ។
11 រីឯអ្នកដែលតែងតែធ្វើដំណើរច្រើន រមែងបង្កើតការប៉ិនប្រសប់។
12 ពេលធ្វើដំណើរ ខ្ញុំបានឃើញអ្វីៗជាច្រើន ខ្ញុំក៏យល់សេចក្តីច្រើន ជាងសេចក្តីដែលខ្ញុំអាចនិយាយបានទៅទៀត។
13 ខ្ញុំជួបប្រទះនឹងគ្រោះថ្នាក់ដល់ជីវិតជាញឹកញយ ប៉ុន្តែ ខ្ញុំដោះខ្លួនរួចដោយសារការពិសោធរបស់ខ្ញុំ។
ការគោរពកោតខ្លាចព្រះជាម្ចាស់
14 អ្នកគោរពកោតខ្លាចព្រះអម្ចាស់នឹងមានអាយុយឺនយូរ។ 15 ព្រោះគេផ្ញើជីវិតលើព្រះសង្គ្រោះរបស់ខ្លួន។ 16 អ្នកគោរពកោតខ្លាចព្រះអម្ចាស់មិនខ្លាចអ្វីទ្បើយ គេមិនភ័យពីអ្វីសោះ ព្រោះគេសង្ឃឹមលើព្រះអង្គ។
17 អ្នកគោរពកោតខ្លាចព្រះអម្ចាស់ពិតជាមានសុភមង្គលហើយ! 18 តើអ្នកនោះពឹងផ្អែកលើនរណា? តើនរណាជាអ្នកគាំទ្រគេ?។
19 ព្រះអម្ចាស់តែងតែទតមើលអស់អ្នកដែលស្រឡាញ់ព្រះអង្គ ព្រះអង្គធ្វើជាខែលដ៏មានមហិទិ្ធប្ញទិ្ធ ជាបង្អែកដ៏រឹងមាំ ជាជម្រកការពារខ្យល់ក្តៅ ជាម្លប់ដ៏ត្រជាក់ ក្រោមកម្ដៅថ្ងៃត្រង់ ព្រះអង្គរក្សាការពារគេក្នុងគ្រប់ឧបសគ្គ ហើយជួយគេមិនឲ្យរលំដួលទ្បើយ។
20 ព្រះអង្គលើកទឹកចិត្តគេ និងធ្វើឲ្យភ្នែកគេភ្លឺ ព្រះអង្គប្រោសឲ្យគេបានជាសះស្បើយ ព្រមទាំងប្រទានជិវិត និងព្រះពរ។
អំពីការគោរពប្រណិប័តន៍ ព្រះជាម្ចាស់ដ៏ស្មោះត្រង់
21 ប្រសិនបើអ្នកយកសត្វ ដែលខ្លួនរកបានដោយអយុត្តិធម៌មកធ្វើជាយញ្ញបូជា ក៏ដូចជាមើលងាយព្រះជាម្ចាស់ដែរ។
22 ព្រះអង្គមិនសព្វព្រះហប្ញទ័យទទួលតង្វាយរបស់មនុស្ស ដែលបំពានវិន័យឡើយ។
23 ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនគាប់ព្រះហប្ញទ័យនឹងតង្វាយរបស់ជនពាលទេ ព្រះអង្គក៏មិនលើកលែងទោសពួកគេឲ្យរួចពីបាប តាមចំនួនយញ្ញបូជានោះដែរ។
24 អ្នកដែលកេងប្រវ័ញ្ចទ្រព្យរបស់ជនក្រខ្សត់យកមកថ្វាយជាយញ្ញបូជា ហាក់ដូចជាអារកកូននៅមុខឪពុក។
25 អាហារជាអាយុជីវិតរបស់ជនក្រខ្សត់ អ្នកដកហូតអាហារពីគេ គឺជាឃាតក។
26 អ្នកដែលរឹបអូសយកឧបករណ៍ចិញ្ចឹមជីវិតរបស់អ្នកដទៃ ក៏ដូចសម្លាប់គេដែរ។
27 អ្នកដែលមិនឲ្យប្រាក់ឈ្នួលដល់កូនឈ្នួល ក៏ដូចជាបង្ហូរឈាមគេដែរ។
28 បើម្នាក់អ្នកសង់ ហើយម្នាក់ទៀតជាអ្នកបំផ្លាញ បានសេចក្តីថា អ្នកទាំងពីរគ្មានចំណេញអ្វីក្រៅពីការនឿយហត់ទ្បើយ។
29 បើម្នាក់ទូលអង្វរព្រះអម្ចាស់ ហើយម្នាក់ទៀតប្រទេចផ្តាសា ក្នុងចំណោមអ្នកទាំងពីរ តើព្រះអង្គព្រះអង្គព្រះសណ្តាប់នរណាមួយ?។
30 អ្នកជម្រះខ្លួនឲ្យបរិសុទ្ធ ក្រោយពីបានប៉ះសាកសពរួច បើគេប៉ះសាកសពម្តងទៀត តើពិធីជ្រមុជទឹកដើម្បីជម្រះកាយបានប្រយោជន៍អ្វី?។
31 អ្នកតមអាហារ ដើម្បីសុំព្រះជាម្ចាស់លើកលែងទោសរំដោះបាប រួចបែរទៅប្រព្រឹត្តអំពើបាបដដែល តើនរណានឹងស្តាប់ពាក្យអង្វររបស់គាត់? តើគាត់តមអាហារធ្វើអ្វី?