ជំពូក ៤៧
ព្យាការីណាថាន និងព្រះបាទដាវីឌ
1 បន្ទាប់ពីលោកសាម៉ូអែល ព្យាការីណាថានងើបឡើង ដើម្បីថ្លែងព្រះបន្ទូលក្នុងរជ្ជកាលព្រះបាទដាវីឌ។ 2 ពេលថ្វាយយញ្ញបូជាមេត្រីភាព បូជាចារ្យតែងតែញែកចំណែកដ៏ល្អបំផុតដាក់ដោយឡែកយ៉ាងណា ព្រះជាម្ចាស់ក៏ញែកព្រះបាទដាវីឌ ដាក់ដោយឡែកពីចំណោម ជនជាតិអ៊ីស្រាអែលយ៉ាងនោះដែរ។ 3 លោកបង្រ្កាបសិង្ហ ដូចបង្រ្កាបកូនពពែ ហើយចាប់ខ្លាឃ្មុំ ដូចចាប់កូនចៀម។ 4 កាលនៅវ័យក្មេងនៅឡើយ លោកប្រហារជីវិតមនុស្សមានមាឌធំសម្បើម ហើយដកការអាម៉ាស់ចេញពីប្រជាជនអ៊ីស្រាអែល គឺលោកយកដង្ហក់បាញ់ក្រួស និងប្រហារជីវិតគូលីយ៉ាតជាជនព្រហើន។ 5 លោកទូលអង្វរព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រទានកម្លាំងឲ្យលោក ដើម្បីប្រហារជីវិតទាហានដ៏ស្ទាត់ជំនាញ ព្រមទាំងផ្តល់កម្លាំងឲ្យប្រជាជនព្រះអង្គឡើងវិញ។ 6 ហេតុនេះហើយ អ្នកស្រុកលើកតម្កើងសិរីរុងរឿងរបស់លោក ហាក់ដូចជាបានប្រហារជីវិតខ្មាំងមួយម៉ឺននាក់។ គេក៏នាំគ្នាច្រៀងសរសើរលោក ទាំងលើកតម្កើងព្រះអម្ចាស់ដែរ ហើយគេជូនមកុដដ៏រុងរឿងឲ្យលោកផង។ 7 ព្រះបាទដាវីឌកម្ទេចខ្មាំងសត្រូវនៅគ្រប់ទិសទី បំផ្លាញជនជាតិភីលីស្ទីន ជាបច្ចាមិត្ត ហើយកម្ទេចកម្លាំងរបស់គេរហូតមកដល់សព្វថ្ងៃ។ 8 ក្នុងគ្រប់កិច្ចការដែលស្តេចប្រព្រឹត្ត ព្រះអង្គតែងតែសរសើរព្រះដ៏វិសុទ្ធខ្ពង់ខ្ពស់បំផុត ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ ស្តេចតែងតែស្មូត្រទំនុកតម្កើងដោយស្មោះអស់ពីចិត្ត ហើយស្រឡាញ់ព្រះជាម្ចាស់ ដែលបង្កើតលោកមក។ 9 ស្តេចបង្កើតក្រុមចម្រៀងឲ្យច្រៀងយ៉ាងពីរោះនៅមុខអាសនៈ។ 10 ធ្វើឲ្យពិធីបុណ្យនានាបានថ្កុំថ្កើងឡើង និងធ្វើឲ្យពិធីបុណ្យកាន់តែអធិកអធម ដើម្បីឲ្យប្រជាជនច្រៀងសរសើរតម្កើងព្រះនាម ដ៏វិសុទ្ធរបស់ព្រះអម្ចាស់ លាន់ឮរំពងក្នុងទីសក្ការៈ តាំងពីព្រលឹម។ 11 ព្រះអម្ចាស់លើកលែងទោសឲ្យព្រះបាទដាវីឌ ហើយពង្រឹងអំណាចរបស់ព្រះរាជា ជារៀងរហូត។ ព្រះអង្គចងសម្ពន្ធមេត្រីជាមួយព្រះបាទដាវីឌ ក្នុងឋានៈជាព្រះមហាក្សត្រ ហើយប្រទានរាជបល្ល័ង្ក ប្រកបដោយសិរីរុងរឿងនៅស្រុកអ៊ីស្រាអែលដែរ។
ព្រះបាទសាឡូម៉ូន
12 បន្ទាប់ពីព្រះបាទដាវីឌ មានរាជបុត្រមួយអង្គទៀត ប្រកបដោយចំណេះវិជ្ជាជ្រៅជ្រះ ងើបឡើង។ ព្រះជាម្ចាស់យល់ដល់ព្រះបាទដាវីឌ ព្រះអង្គប្រោសប្រទានឲ្យបុត្រនោះ រស់នៅយ៉ាងសុខសាន្ត។ 13 ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ស្រុកអ៊ីស្រាអែលប្រកបដោយសុខសន្តិភាព។ ព្រះជាម្ចាស់ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី ដើម្បីឲ្យព្រះរាជាសង់ព្រះដំណាក់សម្រាប់ព្រះអង្គគង់នៅ និងរៀបចំទីសក្ការៈដែលស្ថិតស្ថេរអស់កល្បជានិច្ច។ 14 បពិត្រព្រះករុណា! ពេលព្រះករុណានៅជាយុវជន ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ ពោរពេញដោយសុភនិច្ឆ័យ ដូចទន្លេពេញប្រៀបដោយទឹក។ 15 ចំណេះវិជ្ជារបស់ព្រះករុណាលាតសន្ធឹងលើផែនដីទាំងមូល ព្រះករុណាក៏តែងពាក្យប្រស្នា និងសុភាសិត ពីគ្រប់វិស័យ។ 16 កិត្តិនាមរបស់ព្រះករុណាលាន់ឮដល់កោះនៅទីដាច់ស្រយាល ហើយគេស្រឡាញ់ព្រះករុណា ព្រោះតែសន្តិភាព ដែលព្រះករុណាប្រទានឲ្យគេ។ 17 មនុស្សទាំងអស់ ក្នុងពិភពលោកទាំងមូល នាំគ្នាស្ងើចសរសើរចម្រៀងសុភាសិតប្រស្នា និងការបកស្រាយរបស់ព្រះករុណា។ 18 ព្រះករុណាទទួលនាមដ៏រុងរឿងពីព្រះជាម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ព្រះករុណាប្រមូលមាស ដូចគេប្រមូលស្ពាន់ហើយប្រមូលប្រាក់ដូចគេប្រមូលសំណ។ 19 ប៉ុន្តែ ព្រះរាជាបានប្រគល់ព្រះកាយឲ្យស្រ្តីៗ ហើយស្រ្តីទាំងនោះធ្វើជាម្ចាស់ លើព្រះកាយរបស់ព្រះករុណា។ 20 ដូច្នេះ ព្រះករុណាបណ្តាលឲ្យសិរីរុងរឿងរបស់ព្រះករុណាជាប់សៅហ្មង ព្រះករុណាបានបន្ទាបបន្ថោកជាតិ រហូតដល់ធ្វើឲ្យព្រះជាម្ចាស់ព្រះអង្គព្រះពិរោធនឹងរាជវង្សានុវង្ស។ រាជវង្សានុវង្ស នឹកស្តាយអំពើលេលារបស់ព្រះករុណាជាខ្លាំង។ 21 អាណាចក្ររបស់ព្រះរាជានឹងចែកជាពីរ ហើយមានអាណាចក្ររបស់អ្នកបះបោរ កើតចេញពីកុលសម្ព័ន្ធអេប្រាអ៊ីម។ 22 ប៉ុន្តែព្រះអម្ចាស់មិនបោះបង់ព្រះហប្ញទ័យ មេត្តាករុណារបស់ព្រះអង្គទេ ព្រះបន្ទូលសន្យារបស់ព្រះអង្គ នៅតែមានប្រសិទ្ធភាពជានិច្ច។ ព្រះអង្គមិនបណ្តោយឲ្យពូជពង្សរបស់ស្តេចដែលព្រះអង្គបានជ្រើសរើសនោះ វិនាសសាបសូន្យឡើយ។ ព្រះអង្គក៏មិនលុបបំបាត់ជាតិសាសន៍របស់អ្នក ដែលព្រះអង្គស្រឡាញ់ដែរ។ ព្រះអង្គប្រទានឲ្យប្រជាជនរបស់លោកយ៉ាកុប នៅមានសេសសល់ ហើយព្រះបាទដាវីឌ មានអ្នកស្នងរាជ្យចេញពីពូជពង្សរបស់ស្តេចដែរ។
ព្រះបាទរ៉ូបោម
23 បន្ទាប់មក ព្រះបាទសាឡូម៉ូនយាងចូលទៅសម្រាកជាមួយអយ្យកោរបស់ព្រះអង្គ។ ព្រះរាជាទុករាជវង្សមួយអង្គដែលលេលាជាងគេ ក្នុងចំណោមប្រជាជន និងគ្មានប្រាជ្ញា ឲ្យសោយរាជ្យ គឺព្រះបាទរ៉ូបោម ព្រះអង្គធ្វើឲ្យប្រជាជនមានការបះបោរ តាមការសម្រេចរបស់ខ្លួន។
ព្រះបាទយេរ៉ូបោម
ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យ ប្រព្រឹត្តអំពើបាប និងនាំកុលសម្ព័ន្ធអេប្រាអ៊ីម ឲ្យដើរក្នុងផ្លូវអាក្រក់។ 24 ពួកគេប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើងៗ បានជាព្រះជាម្ចាស់បណ្តាលឲ្យខ្មាំងកៀរពួកគេចេញពីទឹកដីរបស់ខ្លួន។ 25 ពួកគេបណ្តោយខ្លួនឲ្យធ្វើអំពើអាក្រក់គ្រប់យ៉ាង រហូតដល់ធ្វើឲ្យព្រះជាម្ចាស់ ដាក់ទណ្ឌកម្មដល់ពួកគេ។