ជំពូក ៣៨

អំពី​គ្រូ​ពេទ្យ និង​ជំងឺ

1 ចូរ​គោរព​គ្រូ​ពេទ្យ​ដែល​ព្យាបាល​កូន ព្រោះ​ព្រះ‌អម្ចាស់​បាន​បង្កើត​គាត់​ដែរ។
2 គាត់​អាច​មើល​អ្នក​ជំងឺ​ជា​បាន ដោយ​សារ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ គាត់​ក៏​ទទួល​អំណោយ​ពី​ព្រះ‌រាជា​ដែរ។
3 ចំណេះ​របស់​គ្រូ​ពេទ្យ ធ្វើ​ឲ្យ​គាត់​ខ្ពស់​មុខ មនុស្ស​ម្នា​ក៏​ស្ងើច​សរសើរ​គាត់ ដូច​សរសើរ​លោក​ធំ​ដែរ។
4 ព្រះ‌អម្ចាស់​បាន​បង្កើត​ថ្នាំ ដែល​គេ​យក​ពី​ធម្ម​ជាតិ។ អ្នក​មាន​សុភ‌និច្ឆ័យ មិន​មើល​ងាយ​ថ្នាំ​ទាំង​នោះ​ទេ។
5 យើង​ដឹង​ច្បាស់​ថា លោក​ម៉ូសេ​ធ្វើ​ទឹក​ភ្លាវ​ឲ្យ​ទៅ​ជា​សាប ដោយ​សារ​ឈើ​មួយ​កំណាត់ ដើម្បី​បង្ហាញ​ពី​គុណ​ភាព​របស់​ឈើ។
6 ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ចំណេះ​ដឹង​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី​រុង‌រឿង​របស់​ព្រះ‌អង្គ ពី​ស្នា​ព្រះ‌ហស្ត​ដ៏​អស្ចារ្យ​នេះ។
7 គ្រូ​ពេទ្យ​តែង​តែ​យក​ធាតុ​ផ្សេងៗ ពី​ស្នា​ព្រះ‌ហស្ត​ទាំង​នោះ​មក​ផ្សំ​ជា​ឳសថ ដើម្បី​ព្យាបាល និង​បំបាត់​ការ​ឈឺ​ចាប់។
8 អ្នក​ផ្សំ​ថ្នាំ​លាយ​ជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក មាន​ជីវិត​គង់​វង្ស​ត​ទៅ​មុខ ហើយ​មនុស្ស​ទាំង​អស់​មាន​សុខ​ភាព​ល្អ​នៅ​លើ​ផែន​ដី​ទាំង​មូល ដោយ​សារ​ព្រះ‌អង្គ​ដែរ។
9 កូន​អើយ! ប្រសិន​បើ​កូន​ធ្លាក់​ខ្លួន​ឈឺ ចូរ​កុំ​ធ្វេស​ប្រហែស​ទ្បើយ ប៉ុន្តែ ចូរ​ទូល​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មុខ​ជា​ប្រោស​កូន​ឲ្យ​ជា​សះ​ស្បើយ​ពុំ​ខាន។
10 ចូរ​លះ​បង់​អំពើ​អាក្រក់​របស់​កូន​ចោល ចូរ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បរិសុទ្ធ វៀរ​ចាក​ពី​អំពើ​បាប។
11 ចូរ​កូន​ថ្វាយ​គ្រឿង​ក្រអូប ដែល​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌ជាម្ចាស់ និង​តង្វាយ​ម្សៅ ចូរ​ច្រួច​ប្រេង​នៅ​លើ​តង្វាយ​តាម​ធន​ធាន​របស់​កូន។
12 បន្ទាប់​មក ចូរ​ទុក​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ក៏​បាន​បង្កើត​គាត់​ដែរ។ កុំ​ឲ្យ​គ្រូ​ពេទ្យ​នៅ​ឆ្ងាយ​ពី​កូន​ទ្បើយ ព្រោះ​កូន​ត្រូវ​ការ​គាត់។
13 ក្នុង​ករណី​ខ្លះ គ្រូ​ពេទ្យ​ដែល​មាន​សមត្ថភាព​មុខ​ជា​មើល​កូន​ជា។
14 ដោយ​សារ​គ្រូ​ពេទ្យ​ក៏​ទូល​អង្វរ​ព្រះ‌អម្ចាស់​ដែរ សូម​ព្រះ‌អង្គ​ប្រោស ឲ្យ​គេ​អាច​សម្រាល​ការ​ឈឺ​ចាប់​របស់​អ្នក​ជំងឺ​បាន និង​រក​វិធី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ​ផង។
15 អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញទ័យ​របស់​ព្រះ ដែល​បង្កើត​ខ្លួន​មក សូម​ឲ្យ​អ្នក​នោះ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំងឺ​ចុះ!។

អំពី​មរណ​ទុក្ខ

16 កូន​អើយ! ចូរ​យំ​ស្រណោះ​អ្នក​ដែល​ស្លាប់​នោះ​ចុះ។ ចូរ​រៀប​រាប់​ពី​បុគ្តល​នោះ​ដោយ​ក្តី​ខ្លោច​ផ្សា និង​សោក​ស្តាយ​ជា​ខ្លាំង។ ចូរ​កូន​យក​ចិត្ត​ទុក​ដាក់​នឹង​សាក​សព ហើយ​កុំ​ធ្វេស​ប្រហែស​នឹង​ធ្វើ​ផ្នូរ​ឲ្យ​សាក​សព​នោះ​ផង។
17 ចូរ​សោក​សង្រេង និង​ទ្រហោ​យំ​គក់​ទ្រូង​ឲ្យ​ខ្លាំងៗ។ ចូរ​កាន់​ទុក្ខ​ឲ្យ​បាន​សមរម្យ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ដើម្យី​ចៀស​វាង​ពាក្យ​រិះគន់ រួច​ចូរ​ខិត​ខំ​រំសាយ​ទុក្ខ​នោះ​ឲ្យ​បាន​ធូរ​ស្រាល​ទ្បើង​វិញ។
18 សេចក្តី​ទុក្ខ​សោក​សង្រេង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ព្រួយ​ចិត្ត​ហួស​ពេក​រមែង​តែង​តែ​ធ្វើ​ឲ្យ​កម្លាំង​ចុះ​អន់​ថយ។
19 ភាព​អាសន្ន​បណ្តាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​យ៉ាង​យូរ ហើយ​ធ្វើ​ឲ្យ​នឹក​ស្មាន​ថា មាន​ជីវិត​រស់​ជា​ជន​ក្រ‌ខ្សត់ ព្រោះ​ទទួល​បណ្តាសា។
20 ចូរ​កុំ​បណ្តោយ​ខ្លួន​ទៅ​តាម​ទុក្ខ​ព្រួយ​ទ្បើយ ចូរ​រំសាយ​ទុក្ខ​នោះ ហើយ​នឹក​គិត​ដល់​អនាគត។
21 ចូរ​កុំ​ភ្លេច​ថា មនុស្ស​ស្លាប់​មិន​ត្រឡប់​មក​វិញ​ទេ ទុក្ខ​ព្រួយ​របស់​កូន គ្មាន​ប្រយោជន៍​ដល់​អ្នក​ស្លាប់​ទ្បើយ ហើយ​ធ្វើ​ឲ្យ​កូន​ឈឺ​ចាប់​ផង។
22 ចូរ​កូន​នឹក​គិត​ថា ចុង​បញ្ចប់​របស់​កូន​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​បុគ្គល​នោះ​ដែរ ថ្ងៃ​មុន​ដល់​វេន​គេ ថ្ងៃ​នេះ​ដល់​វេន​របស់​កូន។
23 កាល​ណា​មនុស្ស​ស្លាប់ គឺ​គេ​សម្រាក​ហើយ ចូរ​ឈប់​នឹក​គិត​ដល់​គាត់​ទៅ។ ពេល​ណា​គាត់​ផុត​ដង្ហើម ចូរ​ខំ​កាត់​ចិត្ត កុំ​គិត​ពី​គាត់​ទៀត​ទ្បើយ។

ផល​អាក្រក់​នៃ​មុខ​របរ​ផ្សេងៗ

24 អ្នក​ដែល​ចង់​ទៅ​ជា​ធម្មា​ចារ្យ​ប្រកប​ដោយ​ប្រាជ្ញា ត្រូវ​មាន​ពេល​ទំនេរ​ច្រើន។ អ្នក​មិន​សូវ​មាន​កិច្ច‌ការ​ធ្វើ​ច្រើន អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​បាន។
25 អ្នក​កាន់​នង្គ័ល​អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​ដូច​ម្តេច​កើត? គេ​អួត​អាង​តែ​ពី​ការ​កាន់​ជ្រលួញ​បញ្ជា​គោ​ប៉ុណ្ណោះ។ គេ​តែង​តែ​ធ្វើ​ការ​នៅ​ឯ​ស្រែ​គ្រប់​ពេល​វេលា ហើយ​និយាយ​តែ​អំពី​កូន​គោ។
26 គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ភ្ជួរ​រាស់ ហើយ​នៅ​ពេល​យប់ គេ​រវល់​តែ​នឹង​ការ​រក​ស្មៅ​ឲ្យ​គោ​ស៊ី។
27 ជាង ឬ​មេ​ជាង​ក៏​ដូច្នេះ​ដែរ គេ​តែង​តែ​រវល់​ទាំង​ថ្ងៃ ទាំង​យប់។ ជាង​ឆ្លាក់​ត្រា​យក​ចិត្ត​ទុក​ដាក់​ឆ្លាក់​រូប​ប្លែកៗ​ពី​គ្នា គេ​ខិត​ខំ​ធ្វើ​ឲ្យ​ដូច​គំរូ​ដើម ហើយ​នៅ​ពេល​យប់ គេ​បង្ហើយ​កិច្ច‌ការ​របស់​គេ។
28 ជាង​ដំ​ដែក​អង្គុយ​ក្បែរ​ឡ​គេ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​វត្ថុ​ដែល​ផលិត​ពី​ដែក។ ចំហាយ​ភ្លើង​ធ្វើ​ឲ្យ​គាត់​បែក​ញើស ហើយ​គាត់​ទប់​ទល់​នឹង​កម្ដៅ​ឡ​យ៉ាង​យូរ។ ស្នូរ​ញញួរ​លាន់​រំពង​រហូត ហើយ​គាត់​សម្លឹង​មើល​លើ​គំរូ​នៃ​វត្ថុ​ដែល​គាត់​ត្រូវ​ធ្វើ​នោះ។ គាត់​យក​ចិត្ត​ទុក​ដាក់​បង្ហើយ​កិច្ច‌ការ​របស់​ខ្លួន ហើយ​នៅ​ពេល​យប់ គាត់​កែ​ច្នៃ​ស្នា​ដៃ​របស់​គាត់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។
29 ជាង​ស្មូន​អង្គុយ​ធ្វើ​ការ យក​ជើង​មក​បង្វិល​កង់ ហើយ​រវល់​តែ​ពី​ការ​ងារ​របស់​ខ្លួន​ជា‌និច្ច ដើម្បី​បង្គ្រប់​តាម​ចំនួន​ដែល​គេ​ត្រូវ​ការ។
30 គាត់​យក​ដៃ​ច្របាច់​ដី​ឥដ្ឋ រួច​យក​ជើង​ជាន់​ដី​ឥដ្ឋ​ឲ្យ​ជ្រាយ។ គាត់​យក​ថ្នាំ​មក​លាប​ដោយ​ផ្ចិត​ផ្ចង់ ហើយ​នៅ​ពេល​យប់ គាត់​សំអាត​ឡ។
31 ជាង​ទាំង​នោះ​ពឹង​ផ្អែក​លើ​ដៃ​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្ទាត់​ជំនាញ​តាម​មុខ​របរ​រៀងៗ​ខ្លួន​ដែរ។
32 ប្រសិន​បើ​គ្មាន​ជាង​ទាំង​នោះ​ទេ គឺ​មិន​អាច​សង់​ក្រុង​ទ្បើយ គ្មាន​មនុស្ស​រស់​នៅ​ក្នុង​ទីក្រុង ហើយ​ក៏​គ្មាន​នរណា​អាច​ធ្វើ​ដំណើរ​ក្នុង​ក្រុង​ទៀត​ផង។ ប៉ុន្តែ នៅ​សភា​ប្រជាជន គ្មាន​នរណា​សួរ​យោបល់​ពី​អ្នក​ទាំង​នោះ​ទេ។
33 ក្នុង​អង្គ​ប្រជុំ ពួក​គេ​គ្មាន​កន្លែង​កិត្តិយស នៅ​កន្លែង​ចៅ​ក្រម ក៏​ពួក​គេ​គ្មាន​កន្លែង​ដែរ ពួក​គេ​មិន​យល់​អំពី​ច្បាប់ និង​ក្រឹត​ក្រម ពួក​គេ​មិន​ពូកែ​ខាង​ច្បាប់​ទេ។ គេ​មិន​ធ្លាប់​អើ​ពើ​នឹង​សុភា‌សិត​ទ្បើយ។
34 ប៉ុន្តែ គេ​ជាប់​ចិត្ត​នឹង​ធម្ម​ជាតិ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ហើយ​គេ​ទូល​អង្វរ​ព្រះ‌អង្គ ដើម្បី​ដំណើរ​ការ​ការ​ងារ​របស់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។