ជំពូក ២៩
អំពីការខ្ចីប្រាក់
1 អ្នកដែលមានចិត្ត មេត្តាករុណា រមែងសុខចិត្តឲ្យជនរួមជាតិខ្ចីប្រាក់។ អ្នកដែលចេះជួយគេ ប្រាកដជាកាន់តាមវិន័យ។
2 ចូរសុខចិត្តឲ្យជនរួមជាតិខ្ចីប្រាក់នៅពេលគេត្រូវការ។ ចូរសងប្រាក់គេ ឲ្យទាន់ពេលកំណត់។
3 ចូរកាន់ពាក្យសច្ចៈ ដើម្បីឲ្យគេទុកចិត្តលើកូន។ ធ្វើដូច្នេះ កូននឹងទទួលអ្វីដែលកូនត្រូវការ គ្រប់ពេលវេលា។ 4 មនុស្សជាច្រើនចាត់ទុក ប្រាក់ដែលខ្លួនខ្ចីថាជាប្រាក់ដែលខ្លួនបានរើសបាន គឺមិនចង់សងម្ចាស់ដើមវិញទេ។ ធ្វើដូច្នេះ បណ្តាលឲ្យអ្នកដែលយកអាសាខ្លួន ជួបការលំបាក។ 5 មុននឹងទទួលប្រាក់គេ ចូរឱនកាយថើបដៃម្ចាស់ប្រាក់ ដោយពោលពាក្យសុភាពរាបសា អំពីទ្រព្យរបស់ម្ចាស់ប្រាក់នោះ។ លុះដល់ពេលត្រូវសង គេចេះបង្អង់ឲ្យយឺតយ៉ាវ សងតែពាក្យសម្ដីនឹកស្តាយ ហើយចោទទៅលើកាលៈទេសៈ។ 6 ប្រសិនបើ កូនបំណុលអាចសងប្រាក់មកវិញតែពាក់កណ្តាលនោះ ម្ចាស់បំណុលចាត់ទុកខ្លួនឯងថាមានសំណាងហើយ។ បើពុំនោះទេ ម្ចាស់បំណុលនឹងបាត់បង់ទ្រព្យរបស់ខ្លួន ហើយមានសត្រូវម្នាក់ដោយឥតអំពើ។ កូនបំណុលនឹងយកពាក្យប្រមាថប្រទេចផ្តាសា មកសងជំនួសប្រាក់វិញ គេបែរជាមើលងាយគាត់ ជំនួសការគោរព។
7 ហេតុនេះហើយ បានជាមនុស្សជាច្រើនមិនព្រមឲ្យគេខ្ចីប្រាក់ មិនមែនមកពីគេចិត្តអាក្រក់ទេ គឺមកពីគេខ្លាចបាត់បង់ទ្រព្យដោយឥតអំពើ។
ការចែកទាន
8 ប៉ុន្តែ ចូរមានចិត្តអត់ធ្មត់នឹងជនក្រីក្រ កុំបណ្តោយឲ្យគេរង់ចាំទានយូរពេក។
9 ចូរយកអាសាជនកំសត់ទុរគត ដោយចង់ប្រតិបត្តិតាមវិន័យ កុំឲ្យគេត្រឡប់ទៅវិញដៃទទេ នៅពេលដែលគេត្រូវការទ្បើយ។
10 ស៊ូខាតបង់ប្រាក់ សម្រាប់បងប្អូន ឬសម្រាប់មិត្តភក្តិ ជាជាងលាក់ប្រាក់នោះទុកនៅក្រោមដុំថ្មឲ្យច្រែះស៊ី។
11 ចូរប្រើប្រាស់ទ្រព្យរបស់កូន ស្របតាមវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដូច្នេះ ទ្រព្យទាំងនោះមានប្រយោជន៍សម្រាប់កូន ជាងមាសទៅទៀត។
12 ចូរធ្វើទានសម្រាប់ជនក្រីក្រ ដោយបម្រុងទុកទ្រព្យទាំងនោះក្នុងឃ្លាំងរបស់កូន ទានទាំងនោះនឹងរំដោះកូនពីគ្រោះកាចទាំងឡាយ។
13 ទានទាំងនោះ នឹងការពារកូននៅចំពោះមុខសត្រូវ ហើយតយុទ្ធសម្រាប់កូន ប្រសើរជាងខែលដ៏មាំ ឬលំពែងដ៏ធ្ងន់ទៅទៀត។
អំពីអ្នកជួយធានា
14 អ្នកមានចិត្តល្អរមែងជួយធានារ៉ាប់រងឲ្យជនរួមជាតិ ផ្ទុយទៅវិញ អ្នកដែលលះបង់ចោលគេ តែងតែបាត់បង់កិត្តិយស។
15 ប្រសិនបើមាននរណាម្នាក់ជួយធានារ៉ាប់រងឲ្យកូន ចូរកុំបំភ្លេចគុណគេទ្បើយ ព្រោះគេហ៊ានប្រថុយជីវិតគេផ្ទាល់ ដើម្បីធានាកូន។
16 មនុស្សបាបតែងតែខ្ជះខ្ជាយទ្រព្យសម្បត្ដិរបស់អ្នកដែលជួយធានាខ្លួន 17 ហើយជនរមិលគុណ ក៏តែងតែបោះបង់ចោលអ្នកដែលបានជួយរំដោះគេឲ្យរួចខ្លួនដែរ។
18 អ្នកមានជាច្រើនត្រូវហិនហោច ព្រោះតែបានជួយធានាគេ អ្នកទាំងនោះត្រូវជ្រួលច្របល់ញាប់ញ័រដូចរលកសមុទ្រ។ មានអ្នកធំខ្លះក៏ត្រូវចាកចេញពីមាតុភូមិរបស់ខ្លួន ហើយត្រាច់ចរឥតគោលដៅតាមប្រជាជាតិនានា ព្រោះតែបានជួយធានាអ្នកដទៃ។
19 មនុស្សបាប តែងតែរត់ប្រញាប់ប្រញាល់ជួយធានាអ្នកដទៃព្រោះសង្ឃឹមថាខ្លួនបានចំណេញពីការធានានោះ តែគាត់មុខជាត្រូវជាប់ចោទនៅតុលាការពុំខាន។
20 ចូរជួយយកអាសាជនរួមជាតិ តាមលទ្ធភាពរបស់កូន ប៉ុន្តែចូរប្រយ័ត្នកុំឲ្យចាញ់ឧបាយកលរបស់គេ។
អ្នកមានប្រាជ្ញារស់នៅដោយខ្លួនឯង
21 មនុស្សត្រូវការទឹក អាហារ និងសម្លៀកបំពាក់ ជាចាំបាច់ ហើយក៏ត្រូវការផ្ទះសំបែងជាចាំបាច់ ដើម្បីលាក់ខ្លួនពួនអាត្មាដែរ។
22 ការរស់នៅយ៉ាងក្រីក្រ ក្រោមដំបូលខ្ទមស្លឹករបស់ខ្លួន ប្រសើរជាងជប់លៀងយ៉ាងអធឹកអធមក្នុងផ្ទះរបស់អ្នកដទៃ។
23 ទោះបីកូនមានតិច ឬច្រើនក្តី ចូរស្កប់ចិត្តជានិច្ច ដូច្នេះ គ្មាននរណាចោទកូនថា ស៊ីបាយរបស់គេទ្បើយ។
24 ជនដែលចេញពីផ្ទះមួយទៅផ្ទះមួយទៀតពិតជារស់នៅយ៉ាងថោកទាប ព្រោះនៅទីណាក៏ដោយ គេគ្មានសិទ្ធិហើបមាត់និយាយទេ។ 25 កូននឹងបម្រើបាយទឹកឲ្យគេ តែគ្មាននរណាដឹងគុណកូនទេ ហើយគេពោលពាក្យទ្រគោះបោះបោកលើកូនទៀតផង៖ 26 «នែ៎ អាចោលស្រុក! មកណេះ រៀបចំបាយទឹក អ្វីៗដែលឯងកាន់នោះ ចូរយកមកឲ្យអញហូប! 27 នែ៎ អាចោលស្រុក! ចេញទៅ! មានភ្ញៀវកិត្តិយសមកដល់ហើយ! មានបងប្អូនមកស្នាក់នៅផ្ទះអញ អញត្រូវការផ្ទះ»។ 28 ចំពោះអ្នកដែលចេះគិត ពេលឮគេជេរខ្លួនថា «អាបំបង់បាយ» ឬក៏ឮពាក្យជេរប្រមាថរបស់ម្ចាស់បំណុល នោះពិតជាបណ្តាលឲ្យឈឺចិត្តខ្លាំងណាស់!។