ជំពូក ១៧
ភារកិច្ចរបស់មនុស្សចំពោះព្រះជាម្ចាស់
1 ព្រះអម្ចាស់បានបង្កើតមនុស្សពីដីមក ព្រះអង្គក៏ធ្វើឲ្យមនុស្សត្រទ្បប់ទៅជាដីវិញដែរ។
2 ព្រះអង្គបានកំណត់ចំនួនថ្ងៃនៃជីវិតមនុស្សតាមកម្រិតជាក់លាក់ ព្រះអង្គក៏ប្រគល់ឲ្យមនុស្ស មានអំណាចលើអ្វីៗនៅលើផែនដីដែរ។
3 ព្រះអម្ចាស់បង្កើតមនុស្ស ឲ្យមានលក្ខណៈដូចព្រះអង្គ គឺព្រះអង្គប្រទានឲ្យមនុស្សមានអំណាច ដូចព្រះអង្គ។
4 ព្រះអង្គធ្វើឲ្យសត្វទាំងប៉ុន្មានខ្លាចមនុស្ស ហើយឲ្យមនុស្សគ្រប់គ្រងលើសត្វតិរច្ឆាន និងលើបក្សាបក្សីផង។
6 ព្រះអម្ចាស់ប្រោសប្រទានឲ្យមនុស្សមានសុភនិច្ឆ័យ ចេះនិយាយ មើលឃើញ ស្តាប់ឮ និងមានស្មារតីសម្រាប់រិះគិតពិចារណា។
7 ព្រះអង្គប្រោសប្រទានឲ្យមនុស្សបានពោរពេញចំណេះ និងប្រាជ្ញា ព្រះអង្គក៏បង្ហាញឲ្យគេស្គាល់ការល្អ និងការអាក្រក់ដែរ។
8 ព្រះអង្គដាក់ពន្លឺរបស់ព្រះអង្គ ក្នុងចិត្តមនុស្ស ដើម្បីបង្ហាញភាពថ្កុំថ្កើងនៃស្នាព្រះហស្ត របស់ព្រះអង្គឲ្យគេស្គាល់។
10 ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយរៀបរាប់ពីលក្ខណៈ ដ៏ប្រសើរអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអង្គផង។
11 ព្រះអម្ចាស់មិនគ្រាន់តែប្រទានឲ្យគេមានចំណេះដឹងប៉ុណ្ណោះទេ គឺព្រះអង្គប្រោសប្រទានវិន័យ ថែមទៀតផង ដើម្បីឲ្យគេមានជីវិត។
12 ព្រះអង្គចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយពួកគេ ហើយសម្ដែងការវិនិច្ឆ័យ របស់ព្រះអង្គឲ្យគេស្គាល់ផង។
13 មនុស្សបានឃើញភាពឧត្តុង្គឧត្តមរបស់ព្រះអង្គផ្ទាល់នឹងភ្នែក ហើយក៏បានឮព្រះសូរសៀង ប្រកបដោយសិរីរុងរឿងផ្ទាល់នឹងត្រចៀកដែរ។
14 ព្រះអង្គមានព្រះបន្ទូលមកកាន់មនុស្សលោកថា «ចូរចៀសឲ្យផុតពីអំពើទុច្ចរិតគ្រប់យ៉ាង» ព្រះអង្គក៏ប្រទានវិន័យដល់ម្នាក់ៗ ដើម្បីឲ្យគេចេះរស់នៅជាមួយគ្នា។
ព្រះអម្ចាស់ទតឃើញអ្វីៗទាំងអស់
15 ព្រះអម្ចាស់ឈ្វេងយល់កិរិយាមារយាទរបស់មនុស្សលោកគ្រប់ពេលវេលា ពួកគេពុំអាចលាក់ខ្លួនពីព្រះអង្គទ្បើយ។
17 ព្រះអង្គបានតែងតាំងមេដឹកនាំម្នាក់ សម្រាប់ប្រជាជាតិនីមួយៗ ក៏ប៉ុន្តែ ប្រជារាស្រ្តអ៊ីស្រាអែលជាចំណែករបស់ព្រះអម្ចាស់ផ្ទាល់។
19 ព្រះអម្ចាស់ទតឃើញអ្វីៗដែលមនុស្សលោកប្រព្រឹត្តយ៉ាងច្បាស់ដូចនៅពេលថ្ងៃត្រង់ ព្រះអង្គឈ្វេងយល់កិរិយារបស់ពួកគេជានិច្ច។ 20 គេពុំអាចលាក់អំពើទុច្ចរិត ចំពោះព្រះអង្គបានឡើយ ព្រះអង្គទតឃើញអំពើបាបទាំងអស់ របស់ពួកគេ។
22 នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអង្គ ទានរបស់មនុស្សប្រៀបដូចជាត្រាសម្គាល់ខ្លួនរបស់គេ អំពើសប្បុរសរបស់គេ មានតម្លៃចំពោះព្រះអង្គ ដូចប្រស្រីភ្នែកដែរ។
23 នៅទីបញ្ចប់ ព្រះអង្គនឹងតើនទ្បើង ហើយប្រព្រឹត្តចំពោះពួកគេ ស្របតាមអំពើដែលគេបានប្រព្រឹត្ត។ 24 ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកដែលប្រែចិត្តគំនិត អាចវិលត្រទ្បប់មករកព្រះអង្គវិញ ព្រះអង្គក៏លើកទឹកចិត្តអ្នកដែលអស់សង្ឃឹមដែរ។
ចូរកែប្រែចិត្តគំនិត!
25 ចូរត្រទ្បប់មករកព្រះអម្ចាស់វិញ ហើយលះបង់អំពើបាបចោលទៅ! ចូរទូលអង្វរព្រះអង្គ នោះអំពើអាក្រក់របស់កូននឹងបានធូរស្រាល។
26 ចូរត្រទ្បប់មករកព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយងាកចេញពីអំពើទុច្ចរិត។ ចូរចៀសឲ្យឆ្ងាយពី អំពើដែលគួរឲ្យស្អប់ខ្ពើម។
27 នៅស្ថានមច្ចុរាជ តើនរណានឹងសរសើរតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុតបាន? មានតែមនុស្សដែលនៅរស់ទេ ទើបអាចលើកតម្កើងព្រះអង្គ!។
28 ពេលមនុស្សស្លាប់ គឺពេលដែលគេបាត់បង់ជីវិត គេមិនអាចអរព្រះគុណព្រះអង្គទៀតទ្បើយ។ មានតែពេលមនុស្សនៅរស់ និងមានសុខភាពល្អទេ ដែលអាចសរសើរតម្កើងព្រះអម្ចាស់បាន។
29 ព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គលើកលែងទោសឲ្យអ្នកដែលប្រែចិត្តមករកព្រះអង្គវិញ!
30 មនុស្សលោកគ្មានសមត្ថភាពនឹងធ្វើអ្វីទាំងអស់បានទេ ព្រោះគេពុំមានជីវិតអមតៈ។
31 តើមានអ្វីភ្លឺជាងព្រះអាទិត្យ? ប៉ុន្តែ ព្រះអាទិត្យធ្លាប់បាត់រស្មីដោយសូរ្យគ្រាស។ មនុស្ស លោកីយ៍រមែងប៉ុនប៉ងធ្វើអំពើអាក្រក់។
32 ព្រះជាម្ចាស់ឃ្លាំមើលហ្វូងតារាទាំងទ្បាយនៅលើមេឃ ប៉ុន្តែមនុស្សម្នាសុទ្ធតែកើតពីដី និងពីផេះទាំងអស់។