ជំពូក ២០
ពេលដែលត្រូវនិយាយ ឬត្រូវនៅស្ងៀម
1 មានពាក្យស្ដីបន្ទោសខ្លះមិនទំនងតាមពេលវេលា។ ការនៅស្ងៀមបង្ហាញថា ខ្លួនមានសុភនិច្ឆ័យ។
2 ស្តីបន្ទោសគេ ប្រសើរជាងបៀមកំហឹងទុក។
3 អ្នកស្គាល់កំហុស រមែងតែងតែរួចខ្លួន។
4 អ្នករកយុត្តិធម៌ដោយប្រើកម្លាំងបាយ ប្រៀបដូចជាមនុស្សកម្រៀវ ដែលប្រាថ្នាចង់រំលោភស្រីក្រមុំ។
5 អ្នកខ្លះបង្ហាញថាខ្លួនមានប្រាជ្ញា ដោយនៅស្ងៀម ហើយអ្នកខ្លះទៀតចេះតែព្រោកប្រាជ្ញ នាំឲ្យគេស្អប់។ 6 អ្នកខ្លះនៅស្ងៀម ព្រោះគេគ្មានអ្វីនឹងនិយាយ អ្នកខ្លះនៅស្ងៀម ព្រោះគេស្គាល់ពេលដែលត្រូវនិយាយ។
7 អ្នកមានប្រាជ្ញាតែងតែនៅស្ងៀម រង់ចាំឱកាសល្អ រីឯអ្នកអួតក្អេងក្អាង និងមនុស្សមិនចេះគិត តែងតែបណ្តាលឲ្យឱកាសល្អនោះកន្លងផុតទៅ។
8 អ្នកនិយាយព្រោកប្រាជ្ញច្រើនរមែងធ្វើឲ្យគេស្អប់ រីឯអ្នកនិយាយតិចពេក ក៏គេមិនចូលចិត្តដែរ។
ការផ្ទុយគ្នា
9 ជួនកាល ទុក្ខវេទនាអាចនាំមកនូវផលល្អ តែភ័ព្វសំណាងនាំមកនូវការបង់ខាតទៅវិញ។
10 ពេលកូនឲ្យអ្វីទៅគេ ជួនកាលមិនបានផលអ្វីទេ ជួនកាលបានផលមួយទ្វេជាពីរ។
11 កិត្តិយសអាចនាំឲ្យធ្លាក់ខ្លួនទាប រីឯអ្នកដែលធ្លាក់ទន់ទាប នឹងបានខ្ពស់មុខវិញ។
12 អ្នកខ្លះទិញអីវ៉ាន់បានច្រើន ស្មានថាខ្លួនចាយប្រាក់តិច ប៉ុន្តែ តាមពិត គេចំណាយលើសតម្លៃ ធម្មតាប្រាំពីរដង។
13 អ្នកមានប្រាជ្ញាពោលពាក្យតែបន្តិចបន្តួចអាចធ្វើឲ្យគេស្រឡាញ់ រីឯអ្នកល្ងីល្ងើខំប្រឹងពោលពាក្យផ្អែមល្ហែមជាច្រើន តែឥតបានការ។
14 អំណោយរបស់មនុស្សគ្មានសុភនិច្ឆ័យ មិនផ្តល់ប្រយោជន៍អ្វីដល់កូនសោះ ព្រោះគេរង់ចាំ ឲ្យកូនសង ច្រើនជាងពេលដែលគេឲ្យកូន។ 15 គេឲ្យតិចតួច ប៉ុន្តែ គេធ្វើឲ្យកូនអាម៉ាស់ជាច្រើន គឺគេស្រែកដូចអ្នកពពាយនាយលក់អីវ៉ាន់។ ថ្ងៃនេះ គេឲ្យកូនខ្ចី ដល់ស្អែកគេទាមទារយកវិញ។ មនុស្សប្រភេទនេះគួរឲ្យស្អប់ណាស់!
16 មនុស្សល្ងីល្ងើតែងតែប្រកាសថា ខ្លួនគ្មានមិត្តភក្តិទេ គ្មាននរណាម្នាក់ដឹងគុណគេទ្បើយ អស់អ្នកដែលស៊ីបាយគេ សុទ្ធតែជាមនុស្សរមិលគុណ។ 17 មនុស្សជាច្រើន រមែងសើចចំអកដាក់អ្នកបែបនោះ។
ត្រូវប្រយ័ត្នពាក្យសម្ដី
18 រអិលជើងដួលលើថ្ម ប្រសើរជាងរអិលមាត់។ មនុស្សអាក្រក់តែងតែភ្លាត់ដួលភ្លាមៗ។
19 មនុស្សខ្វះសុជីវធម៌ ប្រៀបដូចជារឿងដ៏អាស្រូវ ដែលមនុស្សខ្វះការអប់រំតែងនិយាយ។
20 គ្មាននរណាចូលចិត្តសុភាសិត ដែលចេញពីមាត់របស់មនុស្សល្ងីល្ងើឡើយ ដ្បិតមនុស្សល្ងីល្ងើតែងលើកសុភាសិតមកនិយាយមិនស្របតាមពេលវេលា។
21 អ្នកខ្លះក្រតោកយ៉ាកពេក មិនអាចប្រព្រឹត្តអំពើបាបបានទ្បើយ គេសម្រាន្ដយ៉ាងស្រួល ដោយគ្មានវិប្បដិសារី។
22 អ្នកខ្លះត្រូវវិនាស ដោយអៀនខ្មាស មិនហ៊ាននិយាយនៅមុខមនុស្សដែលគ្មានសុភនិច្ឆ័យ។
23 អ្នកខ្លះនិយាយសន្យាជាមួយមិត្តភក្ដិ ព្រោះមិនហ៊ានបដិសេធ បណ្តាលឲ្យមិត្តភក្ដិនោះ ក្លាយទៅជាសត្រូវ ដោយគ្មានហេតុផល។
24 ពាក្យភូតកុហក ជាការសៅហ្មងគួរឲ្យស្អប់ខ្ពើម មនុស្សខ្វះសុជីវធម៌រមែងភូតភរកុហក ជាញឹកញយ។
25 អ្នកធ្វើចោរប្រសើរជាងមនុស្សដែលចេះតែភូតកុហក ប៉ុន្តែ អ្នកទាំងពីរត្រូវវិនាសដូចគ្នា។ 26 ទម្លាប់ភូតកុហកបណ្តាលឲ្យអាប់យស គេត្រូវអាម៉ាស់មុខរហូតតទ
សុភាសិតផ្សេងៗ
27 អ្នកមានប្រាជ្ញា ត្រូវការពោលពាក្យតិចតួច ដើម្បីឲ្យគេលើកតម្កើង អ្នកប្រកបដោយ សុភនិច្ឆ័យតែងតែគាប់ចិត្តអ្នកកាន់អំណាច។
28 អ្នកស្រែដែលខិតខំធ្វើការ រមែងទទួលផលជាច្រើន មនុស្សដែលគាប់ចិត្តអ្នកកាន់អំណាច នឹងអាចរកយុត្តិធម៌ឲ្យខ្លួនបាន។
29 ជំនូន និងអំណាច តែងតែធ្វើឲ្យពួកអ្នកប្រាជ្ញទៅជាខ្វាក់ ឬដូចប្រដាប់ឃ្លុំមាត់ មិនឲ្យពោលពាក្យបន្ទោសបាន។
30 ប្រាជ្ញាលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុក មានប្រយោជន៍អ្វី? 31 អ្នកដែលលាក់ភាពលេលារបស់ខ្លួន ប្រសើរជាងអ្នកដែលលាក់ប្រាជ្ញារបស់ខ្លួន!។