ជំពូក ១១

1 ប្រាជ្ញា​របស់​មនុស្ស​ទន់​ទាប រមែង​ធ្វើ​ឲ្យ​គេ​បាន​ខ្ពស់​មុខ ហើយ​ទទួល​តំណែង​ក្នុង​ចំណោម​អស់​អ្នក ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់។

កុំ​វាយ​តម្លៃ​មនុស្ស​តាម​សំបក​ក្រៅ

2 កុំ​សរសើរ​នរណា​ម្នាក់ ដោយ​មើល​ទៅ​លើ​រូប​សម្បត្តិ​របស់​គេ​ទ្បើយ ហើយ​ក៏​កុំ​ស្អប់​នរណា​ម្នាក់ ដោយ​គ្រាន់​តែ​ឃើញ​រូប​រាង​ខាង​ក្រៅ​របស់​គេ​ដែរ។
3 ក្នុង​ចំណោម​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ឃ្មុំ​មាន​មាឌ​តូច តែ​ទឹក​ឃ្មុំ​មាន​រស​ជាតិ​ផ្អែម​ជាង​អ្វីៗ​ទាំង​អស់ ក្នុង​លោក​នេះ។
4 កុំ​មើល​ងាយ​មនុស្ស​ដែល​មាន​សម្លៀក​បំពាក់​មិន​សមរម្យ ហើយ​ក៏​កុំ​ចំអក​ឲ្យ​អ្នក​ដែល​កើត​ទុក្ខ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​តែង​តែ​ធ្វើ​ការ​ផ្សេងៗ​គួរ​ឲ្យ​ស្ញើច​សរសើរ ប៉ុន្តែ មនុស្ស​មិន​ស្គាល់​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ​ទេ។
5 មាន​ស្ដេច​ជា​ច្រើន​បាត់​បង់​អំណាច រីឯ​អ្នក​ដែល​គ្មាន​នរណា​នឹក​ដល់ បាន​ទ្បើង​សោយ​រាជ្យ។
6 មាន​អ្នក​ដឹក​នាំ​ជា​ច្រើន បាន​បាត់​បង់​បុណ្យ​ស័កិ្ត ហើយ​ជន​ដែល​មាន​កិត្តិ‌យស​ខ្ពង់​ខ្ពស់ បាន​ក្លាយ​ទៅ​ជា​ទាសករ។
7 ចូរ​សាក​សួរ​ឲ្យ​ដឹង​ហេតុ​ផល​សិន សឹម​រិះគន់​តាម​ក្រោយ ចូរ​ពិចារ‌ណា​ជា​មុន​សិន ទើប​ស្តី​បន្ទោស​គេ​ជា​ក្រោយ។
8 បើ​ស្តាប់​មិន​ទាន់​ជាក់ កុំ​អាល​ឆ្លើយ បើ​គេ​កំពុង​និយាយ កុំ​កាត់​ពាក្យ​សម្ដី​របស់​គេ​ឡើយ។
9 កុំ​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​អ្វី​ដល់​កូន​ឡើយ។ ពេល​មនុស្ស​ពាល​ឈ្លោះ​ប្រកែក​គ្នា កុំ​ជ្រៀត​ជ្រែក​ចូល​ក្នុង​រឿង​របស់​គេ​ឲ្យ​សោះ។

មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​អាច​ជួយ​បាន

10 កូន​អើយ! កុំ​ធ្វើ​កិច្ច‌ការ​ច្រើន នៅ​ពេល​ជា​មួយ​គ្នា ប្រសិន​បើ​កូន​ធ្វើ​កិច្ច‌ការ​ច្រើន​ហួស នោះ​កូន​ពុំ​អាច​សម្រេច​ឡើយ។ ប្រសិន​បើ​កូន​រត់​ទៅ​រត់​មក​គ្រប់​ទិស​ទី កូន​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ បើ​កូន​ចេះ​តែ​រត់​បែប​នេះ កូន​មុខ​ជា​បរា‌ជ័យ​ពុំ​ខាន។
11 អ្នក​ខ្លះ​ខិត​ខំ​ធ្វើ​ការ​កាន់​តែ​នឿយ​ហត់ និង​រហ័ស​រហួន​យ៉ាង​ណា ក៏​គេ​នៅ​តែ​ខ្វះ​ខាត​យ៉ាង​នោះ​ដែរ។
12 មាន​អ្នក​ខ្លះ​មិន​សូវ​រហ័ស​រហួន​ទេ ហើយ​ត្រូវ​ការ​អ្នក​ដទៃ​ជួយ​ជា‌និច្ច គេ​គ្មាន​កម្លាំង និង​ខ្វះ​ខាត​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ទត​មើល​គេ​ដោយ​អនុគ្រោះ ព្រះ‌អង្គ​លើក​ស្ទួយ​គេ​ឲ្យ​រួច​ពី ភាព​ទន់​ទាប​របស់​ខ្លួន។
13 ព្រះ‌អង្គ​ប្រោស​ឲ្យ​គេ​បាន​ខ្ពស់​មុខ ហើយ​មនុស្ស​ម្នា​ស្ញើច​សរសើរ​យ៉ាង​ខ្លាំង។
14 អ្វី​ដែល​ល្អ និង​អ្វី​ដែល​អាក្រក់ ជីវិត និង​សេចក្តី​ស្លាប់ ភាព​ក្រ‌ខ្សត់ និង​ធន​ធាន​ជា​ច្រើន សុទ្ធ​តែ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ទាំង​អស់។ 17 ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ជា​មួយ​អស់​អ្នក ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ រហូត​ត​ទៅ ព្រះ‌ហប្ញទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ នឹង​ណែ​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ល្អ​ត្រឹម​ត្រូវ​ជា‌និច្ច។ 18 អ្នក​ខ្លះ​ក្លាយ​ទៅ​ជា​អ្នក​មាន មក​ពី​គេ​ចេះ​ប្រុង​ប្រយ័ត្ន និង​ខិត​ខំ​សន្សំ​សំចៃ។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ផល​ដូច​ត​ទៅ : 19 នៅ​ពេល​ដែល​គេ​ពោល​ថា «ឥឡូវ​នេះ ខ្ញុំ​អាច​សម្រាក​បាន​ហើយ ខ្ញុំ​អាច​សប្បាយ​នឹង​យក​សម្បត្តិ​របស់​ខ្ញុំ​ចាយ​វាយ»។ ប៉ុន្តែ គេ​មិន​ដឹង​ថា ពេល​ណា​គេ​ត្រូវ​ស្លាប់ ដោយ​ទុក​ចោល​អ្វីៗ​ទាំង​អស់​ឲ្យ​អ្នក​ដទៃ​ឡើយ។

អំពី​សេចក្តី​ស្លាប់

20 ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្វិត​ស្វាញ នឹង​ការ​ងារ​របស់​ខ្លួន ចូរ​ធ្វើ​ការ​នេះ​រហូត​ដល់​មាន​វ័យ​ចាស់​ជរា។
21 កុំ​នឹក​ឆ្ងល់ ដោយ​ឃើញ​មនុស្ស​បាប​ទទួល​ជោគ‌ជ័យ។ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ហើយ​ព្យាយាម​ក្នុង​កិច្ច‌ការ​របស់​ខ្លួន ព្រោះ​ព្រះ‌អម្ចាស់​អាច​ធ្វើ​ឲ្យ​អ្នក​ក្រ‌ខ្សត់ ក្លាយ​ទៅ​ជា​អ្នក​មាន​មួយ​រំពេច បាន​ដោយ​ងាយ។
22 ព្រះ‌អម្ចាស់​តែង​តែ​ប្រទាន‌ពរ​ដល់​អ្នក ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ទុក​ជា​រង្វាន់។ ព្រះ‌អង្គ​ប្រទាន‌ពរ​ជា​ច្រើន​ឲ្យ​គេ​ក្នុង‌រយៈ​ពេល​ដ៏​ខ្លី។
23 កុំ​ពោល​ថា «ខ្ញុំ​មិន​ត្រូវ​ការ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ខ្វះ​ទ្រព្យ‌សម្បត្តិ​អ្វី​ដែរ»។ 24 កុំ​ពោល​ថា «ខ្ញុំ​មាន​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ ឥឡូវ​នេះ ខ្ញុំ​មិន​ខ្លាច​គ្រោះ​កាច​អ្វី​មក​យាយី​ខ្ញុំ​ឡើយ!»។
25 ក្នុង​គ្រា​ដែល​មាន​សេចក្តី​សុខ គេ​តែង​តែ​ភ្លេច​ពី​ទុក្ខ​លំបាក ហើយ​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក គេ​ក៏​តែង​តែ​ភ្លេច​ពី​សេចក្តី​សុខ​ដែរ។
26 នៅ​ថ្ងៃ​ដែល​មនុស្ស​បាត់​បង់​ជីវិត ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​គេ ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ 27 នៅ​ពេល​មាន​ទុក្ខ​វេទនា មនុស្ស​តែង​តែ​ភ្លេច​សេចក្តី​សប្បាយ​ដែល​គេ​ធ្លាប់​មាន។ ថ្ងៃ​អវសាន​នៃ​ជីវិត​របស់​មនុស្ស​តែង​តែ​បង្ហាញ​ពី​តម្លៃ​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត។
28 កុំ​ប្រកាស​ថា​នរណា​ម្នាក់​មាន​សុភមង្គល មុន​ពេល​គេ​ស្លាប់​ឡើយ ដ្បិត​យើង​ស្គាល់​មនុស្ស​ម្នាក់​យ៉ាង​ច្បាស់ ក្រោយ​ពេល​ដែល​គេ​បាត់​បង់​ជីវិត​ប៉ុណ្ណោះ។

កុំ​សេព​គប់​ជា​មួយ​មនុស្ស​អាក្រក់

29 កុំ​ចេះ​តែ​នាំ​មនុស្ស ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ ដ្បិត​ជន​ខិល​ខូច​ពូកែ​បោក​ប្រាស​ណាស់។
30 មនុស្ស​អួត​បំប៉ោង ប្រៀប​ដូច​ជា​សត្វ​ទទា​ដែល​នៅ​ក្នុង​ទ្រុង សម្រាប់​ទាក់​ទទា​ឯ‌ទៀតៗ គេ​តែង​តែ​រង់​ចាំ​ឱកាស ដើម្បី​ចាប់​អ្នក។ 31 គេ​ដាក់​អន្ទាក់ ដោយ​ផ្លាស់​ប្តូរ​ការ​ល្អ​ទៅ​ជា​អាក្រក់ ហើយ​រិះគន់​អំពើ​បរិសុទ្ធ​បំផុត​ថា​ជា​អំពើ​មិន​ល្អ។
32 ផ្កា​ភ្លើង​ឆាប​ឆេះ​គំនរ​អុស​យ៉ាង​ណា អន្ទាក់​របស់​អ្នក​បាប ក៏​បង្ហូរ​ឈាម​យ៉ាង​នោះ​ដែរ។
33 កុំ​ទុក​ចិត្ត​មនុស្ស​អាក្រក់ ដ្បិត​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​អាច​បំផ្លាញ​កិត្តិយស​របស់​កូន​ឲ្យ​បាត់​បង់​រហូត​ទៅ​បាន។
34 ប្រសិន​បើ កូន​ទទួល​ជន​បរទេស ឲ្យ​ស្នាក់​អាស្រ័យ គេ​មុខ​ជា​បណ្តាល​ឲ្យ​កូន​មាន​កង្វល់ ហើយ​ជំរុញ​ក្រុម​គ្រួសារ​របស់​កូន ឲ្យ​ប្រឆាំង​នឹង​កូន​ពុំ​បាន។