ជំពូក ៥
ការអួតបំប៉ោងរបស់អ្នកមាន
1 កូនអើយ! កុំពឹងផ្អែកលើទ្រព្យសម្បត្ដិរបស់ខ្លួនឲ្យសោះ! កុំនិយាយអួតអាងថា «ខ្ញុំមិនត្រូវការនរណាទេ!»។
2 កុំបណ្តោយតាមសន្ទុះចិត្តលោភលន់ និងតណ្ហារបស់កូនឡើយ។
3 កុំនិយាយអួតអាងថា «តើនរណាមានអំណាចគ្រប់គ្រងលើខ្ញុំ!» ដ្បិតព្រះអម្ចាស់នឹងផ្តន្ទាទោសកូនជាពុំខាន។
4 កុំនិយាយអួតអាងថា «ខ្ញុំបានប្រព្រឹត្តអំពើបាប តែគ្មានហេតុអាក្រក់កើតមានដល់ខ្ញុំទេ!»។ កុំភ្លេចថាព្រះអម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់!
5 កុំប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា ដោយអះអាងថា ព្រះអម្ចាស់មុខជាលើកលែងទោសឲ្យកូន។
6 កុំនិយាយអួតអាងថា «ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរយ៉ាងខ្លាំង ព្រះអង្គមុខជាលើកលែងទោសខ្ញុំពុំខាន ទោះបីខ្ញុំមានទោសច្រើនយ៉ាងណាក្ដី»។ ទោះបីព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាក្ដី ក៏ព្រះអង្គព្រះអង្គព្រះពិរោធដែរ ព្រះអង្គមុខជាដាក់ទោសមនុស្សបាបពុំខាន។
7 ចូរវិលត្រទ្បប់ទៅរកព្រះអម្ចាស់វិញ កុំបង្អង់ឡើយ កុំរង់ចាំមួយថ្ងៃហើយ មួយថ្ងៃទៀត ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះពិរោធ នៅពេលកូនមិនដឹងជាមុន ហើយកូនត្រូវវិនាសនៅពេលព្រះអង្គវិនិច្ឆ័យទោស។ 8 កុំពឹងផ្អែកលើទ្រព្យសម្បត្ដិ ដែលកូនរកបានដោយអយុតិ្តធម៌ នៅគ្រាដែលកូនមានអាសន្ន ទ្រព្យសម្បត្ដិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់កូនទ្បើយ។
ពាក្យសម្ដីរបស់អ្នកប្រាជ្ញ
9 កុំរេតាមខ្យល់ កុំដើរតាមផ្លូវបត់បែន ដូចមនុស្សបាប ដែលនិយាយពាក្យមិនទៀងនោះឡើយ។
10 ចូរប្រកាន់ជំហរឲ្យរឹងប៉ឹង កុំប្រែប្រួលឲ្យសោះ។
11 ចូរប្រុងស្តាប់ជានិច្ច កុំប្រញាប់ឆ្លើយទៅគេពេក។
12 ប្រសិនបើកូនមានយោបល់ ចូរឆ្លើយតបនឹងសំនួររបស់គេ ប្រសិនបើកូនគ្មានយោបល់ទេ ចូរនៅស្ងៀមចុះ។
13 មានកិត្តិយស និងអាប់កិត្តិយស ស្ថិតនៅលើពាក្យសម្ដី ពាក្យសម្ដីអាចបណ្តាលឲ្យខ្លួនវិនាស។
14 កុំឲ្យមានឈ្មោះថា ជាមនុស្សប្រសប់និយាយដើមគេ មិនត្រូវឲ្យពាក្យសម្ដីរបស់អ្នកបង្កប់ នូវល្បិចកិច្ចកលឲ្យសោះ! ដ្បិតចោររមែងតែងតែត្រូវអាម៉ាស់ រីឯមនុស្សនិយាយមិនទៀងក៏រមែងតែងតែមានទោសយ៉ាងធ្ងន់ដែរ។
15 ចូរចៀសវាងកំហុសទាំងតូចទាំងធំ។