ជំពូក ៣

ភារ‌កិច្ច​របស់​កូន​ចំពោះ​ឪពុក‌ម្តាយ

1 ម្នាល​កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក! ប្រសិន​បើ​កូន​ធ្វើ​តាម​ដំបូន្មាន​ទាំង​នេះ កូន​មុខ​ជា​គេច​ផុត​ពី​សេចក្តី​អន្ត‌រាយ​ពុំ​ខាន!
2 ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ឪពុក​មាន​អំណាច​លើ​កូន ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ម្តាយ​មាន​សិទ្ធិ​លើ​កូន​ប្រុស​ដែរ។
3 កូន​ណា​គោរព​ឪពុក កូន​នោះ​លោះ​បាប​របស់​ខ្លួន។
4 កូន​ដែល​លើក​តម្កើង​កិត្តិយស​របស់​ម្តាយ ក៏​ដូច​ជា​សន្សំ​ទ្រព្យ‌សម្បត្ដិ​ទុក​ដែរ។
5 កូន​ដែល​គោរព​ឪពុក​នឹង​បាន​អំណរ​សប្បាយ​ពី​កូន​របស់​ខ្លួន​វិញ​ពុំ​ខាន។ នៅ​ថ្ងៃ​ដែល​គេ​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​គេ។
6 កូន​ណា​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក កូន​នោះ​នឹង​មាន​អាយុ​យឺត​យូរ។ កូន​ដែល​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ម្តាយ​ស្ងប់​ចិត្ត។ 7 កូន​នោះ​ក៏​បម្រើ​ឪពុក​ម្តាយ​របស់​ខ្លួន ដូច​បម្រើ​ចៅ​ហ្វាយ​នាយ​ដែរ។
8 ក្នុង​គ្រប់​ពាក្យ​សម្ដី​ដែល​កូន​ពោល ក្នុង​គ្រប់​អំពើ​ដែល​កូន​ប្រព្រឹត្ត ចូរ​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក ដើម្បី​ឲ្យ​កូន​ទទួល​ពរ។
9 ពរ​របស់​ឪពុក ពិត​ជា​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​កូន​បាន​រឹង​ប៉ឹង ផ្ទុយ​ទៅ​វិញ បណ្តាសា​របស់​ម្តាយ រមែង​នាំ​ឲ្យ​ក្រុម​គ្រួសារ​វិនាស​អន្ត‌រាយ។
10 ចូរ​កុំ​តម្កើង​ខ្លួន ដោយ​ឃើញ​ឪពុក​អាប់​កិតិ្តយស ព្រោះ​ការ​អាប់​កិតិ្តយស​របស់​ឪពុក​មិន​ធ្វើ​ឲ្យ​កូន​បាន​ខ្ពស់​មុខ​ទ្បើយ។ 11 ដ្បិត​មនុស្ស​បាន​ខ្ពស់​មុខ ព្រោះ​តែ​កិតិ្តយស​របស់​ឪពុក។ រីឯ​ម្តាយ​ដែល​អាប់​កិត្តិយស ក៏​ធ្វើ​ឲ្យ​កូន​អាម៉ាស់​មុខ​ដែរ។
12 កូន​អើយ ចូរ​ផ្គត់​ផ្គង់​ឲ្យ​ឪពុក​ក្នុង​ពេល​ដែល​គាត់​ចាស់​ជរា កុំ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ​នៅ​ពេល​គាត់ នៅ​មាន​ជីវិត​ដែរ។ 13 ទោះ​បី​គាត់​វង្វេង​ស្មារតី​ក្កី ចូរ​អាណិត​មេត្តា​ដល់​គាត់​ផង។ ក្នុង​ពេល​កូន​ពេញ​កម្លាំង កុំ​មើល​ងាយ​គាត់​ឲ្យ​សោះ។ 14 ដ្បិត​ព្រះ‌អម្ចាស់​មិន​បំភ្លេច​ការ​ដឹង​គុណ ដែល​កូន​បាន​បំពេញ​ចំពោះ​ឪពុក​ឡើយ ការ​ដឹង​គុណ​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​កូន​បាន​រួច​ពី​បាប​ជា​ច្រើន។ 15 នៅ​គ្រា​កូន​មាន​អាសន្ន ព្រះ‌ជាម្ចាស់​មិន​បំភ្លេច​កូន​ទេ អំពើ​បាប​របស់​កូន​នឹង​រលាយ​បាត់​អស់ ដូច​ទឹក‌កក​ត្រូវ​កម្ដៅ​ថ្ងៃ។
16 អ្នក​ណា​បោះ​បង់​ចោល​ឪពុក​របស់​ខ្លួន អ្នក​នោះ​ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​អ្នក​ណា​ធ្វើ​ឲ្យ​ម្តាយ​ពិបាក​ចិត្ត ព្រះ‌អម្ចាស់​នឹង​ដាក់​បណ្តាសា​អ្នក​នោះ។

អំពី​ចិត្ត​សុភាព​រាបសា

17 កូន​អើយ! ចូរ​មាន​ចិត្ត​ស្លូត​បូត ក្នុង​គ្រប់​កិច្ច‌ការ​ដែល​កូន​ធ្វើ មនុស្ស​ម្នា​នឹង​ស្រឡាញ់​កូន​ជាង​អ្នក​មាន​ចិត្ត​ទូលាយ​ទៅ​ទៀត។ 18 ពេល​កូន​មាន​បុណ្យ​ស័ក្តិ​កាន់​តែ​ខ្ពស់​យ៉ាង​ណា ត្រូវ​តែ​ដាក់​ខ្លួន​ឲ្យ​កាន់​តែ​ទាប​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រណី​ដល់​កូន។ 19 ទោះបី​ព្រះ‌អម្ចាស់​មាន​ប្ញទ្ធា‌នុភាព​យ៉ាង​ណា​ក្ដី ក៏​ព្រះ‌អង្គ​សម្ដែង​សិរី​រុង‌រឿង​របស់​ព្រះ‌អង្គ តាម‌រយៈ​អ្នក​ទន់​ទាប​វិញ។
20 កុំ​ស្វែង​រក​អ្វី​ដែល​ពិបាក​ពេក កុំ​ចង់​យល់​ដឹង​អ្វី​ដែល​ហួស​ពី​ប្រាជ្ញា​របស់​ខ្លួន។
21 ចូរ​ខិត​ខំ​រិះ‌គិត​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បញ្ជា​ឲ្យ​កូន​ធ្វើ កុំ​ចង់​ដឹង​ពី​អ្វី​ដែល​លាក់​កំបាំង​ឡើយ។
22 កុំ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ ដែល​ហួស​ពី​សមត្ថ‌ភាព​របស់​កូន ដ្បិត​អ្វីៗ​ដែល​កូន​ឃើញ​ក្នុង​លោក​នេះ សុទ្ធ​តែ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​មនុស្ស​អាច​យល់​បាន។
23 មនុស្ស​ជា​ច្រើន​បាន​វង្វេង ដោយ​សារ​តែ​ការ​រិះ‌គិត​ផ្តេស​ផ្តាស​របស់​ខ្លួន។ គំនិត​ស្រមើ​ស្រមៃ​ដ៏​អាក្រក់​របស់​គេ ក៏​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​ខ្លួន​វៀច​វេរ​ដែរ។
24 មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រូស រមែង​ផុត​ជីវិត​យ៉ាង​វេទនា អ្នក​ដែល​ចូល​ចិត្ត​ប្រថុយ​ជីវិត មុខ​ជា​បាត់​បង់​ជីវិត​ពុំ​ខាន។
25 មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រូស​រមែង​រង​ទុក្ខ​លំបាក​ជា​ច្រើន មនុស្ស​ពាល​រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ 26 ជំងឺ​ក្រអឺត​ក្រទម គ្មាន​ឱសថ​ព្យាបាល​ឡើយ ព្រោះ​គំនិត​អាក្រក់​បាន​ចាក់​ប្ញស​យ៉ាង​ជ្រៅ ក្នុង​ចិត្ត​របស់​គេ។
27 មនុស្ស​ឈ្លាស​វៃ តែង​តែ​យក​សុភា‌សិត​មក​សញ្ជឹង​គិត អ្នក​មាន​ប្រាជ្ញា​ក៏​យក​ចិត្ត​ទុក​ដាក់​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​ដែរ។

អំពី​ការ​ចែក​ទាន

28 ទឹក​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។
29 អ្នក​ណា​ជួយ​យក​អាសារ​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​មាន​សេចក្ដី‌សុខ​សម្រាប់​អនាគត ពេល​មាន​អាសន្ន គាត់​នឹង​រក​ទី​ពឹង​បាន។