ជំពូក ៤១

សេចក្តី​ស្លាប់

1 មជ្ចុរាជ​អើយ! មនុស្ស​ណា​រស់​នៅ​យ៉ាង​សុខសាន្ត ដោយ​ប្រើ​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន គឺ​មនុស្ស​ដែល​គ្មាន​កង្វល់ និង​ចេះ​តែ​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ប្រការ ហើយ​នៅ​តែ​មាន​កម្លាំង ដើម្បី​ត្រេក​ត្រអាល​នៅ​ឡើយ អ្នក​នោះ​រមែង​តែង​តែ​នឹក​គិត​ដល់​មច្ចុរាជ​ឯង​ដោយ​ចិត្ត​ជូរ​ចត់។ 2 ឱមច្ចុរាជ​អើយ! មនុស្ស​ដែល​បាក់​កម្លាំង ហើយ​ចាស់​ជរា កំពុង​មាន​ទុក្ខ​កង្វល់​គ្រប់​យ៉ាង អ្នក​បះបោរ​មិន​អាច​ទ្រាំ​ទ្រ​ទៀត​បាន មនុស្ស​នោះ​ចូល​ចិត្ត​ទទួល​ការ​សម្រេច​របស់​មច្ចុរាជ​ឯង!។ 3 កូន​អើយ! កុំ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​ឡើយ នៅ​ពេល​ណា​មច្ចុរាជ​សម្រេច​ថា​នឹង​ទទួល​កូន! ចូរ​នឹក​គិត​ដល់​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​មុន​កូន ព្រម​ទាំង​ដល់​អស់​អ្នក ដែល​នឹង​ត្រូវ​បាត់​បង់​ជីវិត​នៅ​ពេល​ក្រោយៗ​ទៀត។ 4 ព្រះ‌អម្ចាស់​សម្រេច​ព្រះ‌ហប្ញទ័យ​ថា សត្វ​លោក​ត្រូវ​តែ​ស្លាប់​គ្រប់ៗ​គ្នា។ ហេតុ​អ្វី​បាន​ជា​ប្រកែក​គ្នា​អំពី​ព្រះ‌ហប្ញទ័យ​សប្បុរស​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត? ទោះ​បី​កូន​រស់​នៅ​ដប់​ឆ្នាំ​ក្តី មួយ‌រយ​ឆ្នាំ​ក្តី ឬ​មួយ​ពាន់​ឆ្នាំ​ក្តី ក៍​ស្ថាន​មច្ចុរាជ​គ្មាន​អ្វី​ខុស​គ្នា​ត្រង់​ណា​ឡើយ។

ទោស​របស់​ជន‌ពាល

5 កូន​របស់​អ្នក​បាប រមែង​ទៅ​ជា​កូន​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​ជន‌ពាល។ 6 កេរ​មត៌ក​នៃ​កូន​របស់​អ្នក​បាប​ទាំង​នោះ ត្រូវ​តែ​វិនាស​អន្ត‌រាយ ហើយ​ពូជ​ពង្ស​របស់​ពួក​គេ ក៏​ត្រូវ​តែ​អាម៉ាស់​រហូត​ដែរ។ 7 ឪពុក​ដែល​ជា​ជន‌ពាល​តែង​តែ​ត្រូវ​កូន​ស្តី​បន្ទោស ដ្បិត​កូន​ទាំង​នោះ​ត្រូវ​អាម៉ាស់ ដោយ​សារ​ឪពុក។ 8 ម្នាល​ជន‌ពាល​អើយ! អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ធម្ម‌វិន័យ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត អ្នក​រាល់​គ្នា​មុខ​ជា​វេទនា​មិន​ខាន!។ 9 អ្នក​រាល់​គ្នា​កើត​មក សម្រាប់​តែ​ទទួល​បណ្តាសា! អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​ហើយ ក៏​ត្រូវ​ទទួល​បណ្តាសា​ដែរ។ 10 អ្វីៗ​ដែល​កើត​មក​ពី​ដី មុខ​ជា​ត្រឡប់​ទៅ​ជា​ដី​វិញ។ ដូច្នេះ ជន‌ពាល​ដែល​ត្រូវ​បណ្តាសា មុខ​ជា​អន្ត‌រាយ​មិន​ខាន។

កេរ្តិ៍​ឈ្មោះ​ល្អ

11 រូប​កាយ​របស់​មនុស្ស​ឥត​ខ្លឹម​សារ ប៉ុន្តែ កេរ្តិ៍​ឈ្មោះ​របស់​មនុស្ស​សុចរិត មិន​សាប​សូន្យ​ឡើយ។ 12 ចូរ​គិត​គូរ​អំពី​កេរ្តិ៍​ឈ្មោះ​របស់​កូន ដ្បិត​កេរ្តិ៍​ឈ្មោះ​នឹង​ស្ថិត​នៅ​យូរ ក្រោយ​ពេល​កូន​ស្លាប់​ទៅ ជាង​គំនរ​មាស​រាប់​ពាន់​គំនរ​ទៅ​ទៀត។ 13 មនុស្ស​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយ តែ​មួយ‌រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ រីឯ​កេរ្តិ៍​ឈ្មោះ​ល្បី ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច។

ការ​អៀន​ខ្មាស

14 ម្នាល​កូន​ចៅ​អើយ! ចូរ​រក្សា​ការ​ប្រៀន​ប្រដៅ​ឲ្យ​បាន​ល្អ! ប្រសិន​បើ​គេ​លាក់​ប្រាជ្ញា ឬ​កំណប់ តើ​មាន​ប្រយោជន៍​អ្វី? 15 មនុស្ស​ដែល​លាក់​ភាព​លេលា​របស់​ខ្លួន ប្រសើរ​ជាង​មនុស្ស​ដែល​លាក់​ប្រាជ្ញា​របស់​ខ្លួន។ 16 ខ្ញុំ​សូម​រៀប​រាប់​អំពី​សេចក្តី​ណា​ដែល​ត្រូវ​អៀន​ខ្មាស​ពិត​ប្រាកដ ដ្បិត​មិន​គួរ​រក្សា​ទុក​ការ​អៀន​ខ្មាស​គ្រប់​យ៉ាង​ទេ! មនុស្ស​មិន​ត្រូវ​វាយ​តម្លៃ​លើ​អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​គ្នា​ដែរ។ 17 ចូរ​អៀន​ខ្មាស​ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ។ ចូរ​អៀន​ខ្មាស​ដោយ​និយាយ​កុហក នៅ​ចំពោះ​មុខ​អ្នក​ដឹក​នាំ និង​អ្នក​មាន​អំណាច។ 18 ចូរ​អៀន​ខ្មាស​ដោយ​ធ្វើ​ខុស​នៅ​ចំពោះ​មុខ​ចៅ​ក្រម និង​អ្នក​គ្រប់​គ្រង ចូរ​អៀន​ខ្មាស ដោយ​ប្រព្រឹត្ត​បំពាន​លើ​ធម្ម‌វិន័យ​នៅ​ចំពោះ​មុខ​សហគមន៍ និង​ប្រជាជន ចូរ​អៀន​ខ្មាស​ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នៅ​ចំពោះ​មុខ​មិត្ត​សម្លាញ់ និង​គូកន 19 ចូរ​អៀន​ខ្មាស ដោយ​លួច​ប្លន់​អ្វី​មួយ នៅ​ចំពោះ​មុខ​អ្នក​ជិត​ខាង​កន្លែង​ដែល​កូន​ធ្លាប់​រស់​នៅ។ ចូរ​អៀន​ខ្មាស​ដោយ​ក្បត់​ពាក្យ​សន្យា ឬ​កិច្ច​ព្រម​ព្រៀង ចូរ​អៀន​ខ្មាស​ដោយ​លើក​ដៃ​សុំ​ទាន​អាហារ ចូរ​អៀន​ខ្មាស​ដោយ​ចែក​ទាន ឬ​ទទួល​អ្វី​ពី​គេ​ទាំង​មើល​ងាយ​គេ។ 20 ចូរ​អៀន​ខ្មាស​ដោយ​នៅ​ស្ងៀម ចំពោះ​មុខ​អ្នក​ដែល​សំពះ​កូន ចូរ​អៀន​ខ្មាស​ដោយ​សម្លឹង​មើល​ស្រ្តី​ពេស្យា។ 21 ចូរ​អៀន​ខ្មាស​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ជន​រួម​ជាតិ ដោយ​យក​អ្វី​មួយ​ដែល​ជា​ចំណែក​របស់​អ្នក​ដទៃ ឬ​អ្វី​ដែល​គេ​ឲ្យ​អ្នក​នោះ ចូរ​អៀន​ខ្មាស​ដោយ​គន់​មើល​ភរិយា​របស់​បុរស​ដទៃ។ 22 កុំ​និយាយ​លេង​សើច​ជា​មួយ​ស្រ្តី​បម្រើ​របស់​កូន ហើយ​កុំ​ទៅ​ជិត​គ្រែ​របស់​នាង។ ចូរ​អៀន​ខ្មាស​ដោយ​ប្រមាថ ឬ​ស្តី​បន្ទោស​មិត្ត​សម្លាញ់ ក្រោយ​ពេល​ដែល​កូន​បាន​ឲ្យ​អ្វី​មួយ​ទៅ​គេ។