ជំពូក ៥០

លោក​ស៊ីម៉ូន​ជា​មហា​បូជា‌ចារ្យ

1 លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ ជា​កូន​របស់​លោក​អូនីយ៉ា លោក​បាន​ជួស​ជុល​ព្រះ​ដំណាក់ ឬ​ពេល​ដែល​លោក​បំពេញ​មុខ​ងារ​របស់​ខ្លួន។ លោក​ក៏​ពង្រឹង​ទី​សក្ការៈ​ឲ្យ​មាំ​ដែរ។ 2 លោក​ចាក់​គ្រឹះ​កំពែង​ដែល​មាន​កំពស់​មួយ​ទ្វេ​ជា​ពីរ និង​គ្រឹះ​បរិវេណ​នៃ​ព្រះ‌វិហារ។ 3 ក្រោម​ការ​គ្រប់​គ្រង​របស់​លោក គេ​ជីក​ស្រះ និង​ធ្វើ​អាង​ទឹក​ដែល​មាន​ទទឹង និង​បណ្តោយ​ស្មើ​នឹង​សមុទ្រ​លង្ហិន​នៅ​ក្នុង​ព្រះ​ដំណាក់​ពី​ដើម។ 4 លោក​តែង​តែ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ប្រជាជន​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​វិនាស​អន្ត‌រាយ ហេតុ​នេះ​ទើប​លោក​សង់​កំពែង​ក្រុង​ដ៏​រឹង​មាំ ដើម្បី​បង្ការ​ការ​ឡោម​ព័ទ្ធ​របស់​ខ្មាំង។ 5 លោក​ប្រកប​ដោយ​សិរី​រុង‌រឿង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ពេល​លោក​ដើរ​ជុំ​វិញ​ទី​សក្ការៈ ក៏​ដូច​នៅ​ពេល​លោក​ចេញ​ពី​ក្រោយ​វាំង​នន នៃ​ទី​សក្ការៈ​ដែរ។ 6 លោក​ភ្លឺ​ដូច​ផ្កាយ​ព្រឹក​លេច​ចេញ​ពី​ពពក ដូច​ព្រះ​ចន្ទ​នៅ​ពេល​ពេញ​បូរមី 7 ដូច ព្រះ​អាទិត្យ​រះ​នៅ​លើ​ទី​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់ ដូច​ឥន្ទធនូ​ដែល​ភ្លឺ​ត្រចះ​ត្រចង់ លេច​ចេញ​ពី​ពពក។ 8 ដូច​ផ្កា​កូឡាប​នៅ​ដើម​រដូវ​ផ្កា​រីក ដូច​ផ្កា​ម្លិះ​ដែល​ដុះ​នៅ​ក្បែរ​ប្រភព​ទឹក ដូច​ព្រៃ​ព្រឹក្សា​នៅ​លើ​ភ្នំ​លីបង់​នា​រដូវ​ក្តៅ។ 9 ដូច​គ្រឿង​ក្រអូប​ដែល​គេ​ដុត​ក្បែរ​អាសនៈ ដូច​ភាជន៍​ធ្វើ​ពី​មាស​សុទ្ធ ដែល​មាន​ដាំ​ត្បូង​ពេជ្រ​គ្រប់​ប្រភេទ​ថែម​ទៀត​ផង 10 ដូច​ដើម​អូលីវ​ដែល​មាន​ផ្លែ​ពេញ​ដើម ដូច​ដើម​ស្រល់​ដែល​មាន​កម្ពស់​ទល់​មេឃ។ 11 ពេល​លោក​ពាក់​អាវ​ផាយ​របស់​មហា​បូជា‌ចារ្យ និង​ពាក់​គ្រឿង​អលង្ការ​ដ៏​រុង​រឿង​អស្ចារ្យ ពេល​លោក​ឡើង​ទៅ​លើ​អាសនៈ​ដ៏‌វិសុទ្ធ លោក​ធ្វើ​ឲ្យ​បរិវេណ​នៃ​ទី​សក្ការៈ​ពោរ​ពេញ​ដោយ​សិរី​រុង‌រឿង។ 12 លោក​តែង​តែ​ឈរ​ក្បែរ​ចង្រ្កាន​នៃ​អាសនៈ ហើយ​ទទួល​ចំណែក​នៃ​យញ្ញ‌បូជា ពី​អស់​លោក​បូជា‌ចារ្យ។ អស់​លោក​បូជា‌ចារ្យ​ជា​បង‌ប្អូន​នៅ​ជុំ​វិញ​លោក ដូច​មកុដ​មួយ ដូច​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ អស់​លោក​នៅ​ជុំ​វិញ​លោក​ស៊ីម៉ូន ដូច​ដើម​លមើ។ 13 អស់​លោក​បូជា‌ចារ្យ​ជា​ពូជ​ពង្ស​របស់​លោក​អារ៉ុន ឈរ​ទាំង​ពាក់​អាវ​ដ៏​រុង​រឿង​របស់​បូជា‌ចារ្យ ពួក​គេ​កាន់​តង្វាយ​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ 14 លោក​ស៊ីម៉ូន​គោរព​បម្រើ​ព្រះ‌អម្ចាស់​នៅ​លើ​អាសនៈ ហើយ​រៀប​ចំ​តង្វាយ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ព្រះ​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ។ 15 លោក​លូក​ដៃ​ទៅ​កាន់​ពែង ហើយ​ច្រួច​ស្រា​ទំពាំង​បាយ​ជូរ គឺ​លោក​ចាក់​នៅ​លើ​អាសនៈ ជះ​ក្លិន​ក្រអូប ដែល​គាប់​ព្រះ‌ហប្ញ​ទ័យ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជា​ព្រះ‌មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល។ 16 ពេល​នោះ អស់​លោក​បូជា‌ចារ្យ​ជា​កូន​ចៅ​លោក​អរ៉ុន​នាំ​គ្នា​ផ្លុំ​ត្រែ​ធ្វើ​ពី​ដែក ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដើម្បី​រំឭក​ប្រជាជន​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ 17 រំពេច​នោះ ប្រជាជន​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ទាំង​អស់​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់​របស់​ពួក​គេ គឺ​ព្រះ​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ 18 មាន​ក្រុម​អ្នក​ចម្រៀង​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អង្គ ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ពីរោះ​លាន់​ឮ​ពេញ​ព្រះ‌វិហារ។ 19 ប្រជាជន​នាំ​គ្នា​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គេ​អធិដ្ឋាន​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ‌ជាម្ចាស់ ដែល​ប្រកប​ដោយ​ព្រះ‌ហប្ញ​ទ័យ​មេត្តា​ករុណា រហូត​ដល់​ចប់​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់។ 20 លុះ​ចប់​សព្វ​គ្រប់​ហើយ លោក​ស៊ីម៉ូន​ចុះ​ពី​អាសនៈ ហើយ​លើក​ដៃ​ដាក់​លើ​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ជូន​ពរ​ក្នុង​នាម​ព្រះ‌អម្ចាស់ លោក​មាន​កិត្តិយស​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ។ 21 ប្រជាជន​ទាំង​មូល​ក្រាប​ម្តង​ទៀត ដើម្បី​ទទួល​ព្រះ​ពរ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

ពាក្យ​ដាស់​តឿន

22 ឥឡូវ​នេះ ចូរ​សរសើរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​កិច្ច‌ការ​ដ៏​ឧត្តុង្គ​ឧត្តម​នៅ​គ្រប់​ទិសទី។ ព្រះ‌អង្គ​បាន​លើក​តម្កើង​ជីវិត​យើង​ឲ្យ​ចម្រើន​ឡើង តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ហើយ​ប្រព្រឹត្ត​ចំពោះ​យើង ដោយ​ព្រះ‌ហប្ញ​ទ័យ​មេត្តា​ករុណា​ជា‌និច្ច។ 23 សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អំណរ​សប្បាយ! សូម​ឲ្យ​យើង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត ក្នុង​ស្រុក​អ៊ីស្រា‌អែល ជា​យូរ​អង្វែង​តរៀង​ទៅ។ 24 សូម​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​យើង​ជា​ដរាប! សូម​ព្រះ‌អង្គ​រំដោះ​យើង​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​ផង។

ប្រជា‌ជាតិ​គួរ​ឲ្យ​ស្អប់​ខ្ពើម

25 មាន​ប្រជា‌ជាតិ​ពីរ​ដែល​ខ្ញុំ​ស្អប់ ហើយ​ក៏​មាន​ប្រជា‌ជាតិ​ទី​បី ដែល​មិន‌មែន​ជា​ប្រជា‌ជាតិ​ទេ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ដែរ។ 26 គឺ​ពួក​អ្នក​ស្រុក​ដែល​តាំង​ទី​លំ​នៅ​តាម​ភ្នំ​សេអ៊ីរ ប្រជាជន​ភីលីស្ទីន និង​ប្រជាជន​ដ៏​លេលា​ដែល​រស់​នៅ​ភូមិ​ស៊ីគែម។

ពាក្យ​បញ្ចប់

27 លោក​យេស៊ូ ជា​កូន​របស់​លោក​ស៊ីរ៉ាក់ ជា​ចៅ​លោក​អេឡាសារ ជា​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​កត់​ត្រា​ទុក​សេចក្តី​ប្រៀន​ប្រដៅ ក្នុង​សៀវភៅ​នេះ​ប្រកប​ដោយ​ការ​ត្រិះ​រិះ​ពិចារណា និង​ចំណេះ​ដឹង។ លោក​ចាក់​បង្ហូរ​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​លោក​មក​ដូច​ទឹក​ភ្លៀង។ 28 មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​តែង​តែ​ត្រិះ​រិះ​ពិចារណា​ពី​សេចក្តី​ប្រៀន​ប្រដៅ​នេះ អ្នក​ដែល​ចង​ចាំ​ទុក​សេចក្តី​ទាំង​នេះ​ក្នុង​ចិត្ត មុខ​ជា​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ​មិន​ខាន។ 29 ប្រសិន​បើ​អ្នក​នោះ​ប្រតិ‌បត្តិ​តាម​សេចក្តី​ទាំង​នោះ គេ​មាន​កម្លាំង​អាច​ពុះ​ពារ​គ្រប់​ឧប‌សគ្គ ដ្បិត​គេ​ដើរ​តាម​មាគ៌ា​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។