ជំពូក ៤៣
ព្រះអាទិត្យ
1 លំហអាកាសវេហាស៍ដ៏ភ្លឺថ្លាល្អប្រសើរអើយ! គួរស្ងើចសរសើរផ្ទៃមេឃដែលប្រកបដោយពន្លឺរស្មីដ៏រុងរឿង ជាទីគយគន់! 2 ពេលព្រលឹម ព្រះអាទិត្យរះឡើងប្រកាសអំពីស្នាព្រះហស្តនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺអ្វីគ្រប់យ៉ាងគួរឲ្យស្ងើចសរសើរ។ 3 នៅវេលាថ្ងៃត្រង់ ព្រះអាទិត្យធ្វើឲ្យដីស្ងួតហែង តើនរណាអាចទ្រាំនឹងកម្ដៅព្រះអាទិត្យបាន? 4 គេតែងតែដុតភ្លើងក្នុងឡឲ្យក្តៅ ដើម្បីដំដែក ប៉ុន្តែ ព្រះអាទិត្យក្តៅជាងឡនោះបីដងទៅទៀត ហើយឆាបឆេះភ្នំ។ ព្រះអាទិត្យជះចំហាយក្តៅធ្វើឲ្យរលាក និងបញ្ចេញរស្មីធ្វើឲ្យស្រវាំងភ្នែក។ 5 ព្រះអម្ចាស់ប្រសើរឧត្តុង្គឧត្តម គឺព្រះអង្គបង្កើតព្រះអាទិត្យ ហើយបញ្ជាព្រះអាទិត្យឲ្យធ្វើដំណើរយ៉ាងលឿន។
ព្រះចន្ទ
6 ព្រះចន្ទក៏រះឡើងតាមពេលម៉ោង ហើយកំណត់រដូវកាល និងជាសញ្ញាសម្គាល់នៃពេលវេលា។ 7 ព្រះចន្ទដែលចេះតែតូចទៅ រហូតដល់រលុបនៅពេលរនោច ផ្តល់សញ្ញាសម្គាល់ ឲ្យយើងប្រារព្ធធ្វើពិធីបុណ្យ។ 8 ដូច្នេះ គេហៅខែនីមួយៗតាមព្រះចន្ទ។ ពេលខែថ្មី ព្រះចន្ទចម្រើនឡើងយ៉ាងអស្ចារ្យ ជាពន្លឺភ្លឺចិញ្ចែងចិញ្ចាចលើលំហអាកាស កណ្តាលហ្វូងតារាទាំងឡាយ។
ផ្កាយ
9 ពន្លឺដ៏រុងរឿងនៃតារាទាំងឡាយ ជាគ្រឿងលំអផ្ទៃមេឃ ជាគ្រឿងបំភ្លឺយ៉ាងត្រចះត្រចង់នៅឯស្ថានដ៏ខ្ពង់ខ្ពស់របស់ព្រះអម្ចាស់ 10 ផ្កាយទាំងឡាយនៅតាមកន្លែងរបស់ខ្លួន តាមព្រះបញ្ជារបស់ព្រះដ៏វិសុទ្ធ ហើយមិនបោះបង់ចោលការងាររបស់ខ្លួនឡើយ។
ឥន្ទធនូ
11 សូមមើលឥន្ទធនូ ហើយចូរលើកតម្កើងព្រះជាម្ចាស់ដែលបង្កើតឥន្ទធនូមក ឥន្ទធនូនេះមានពន្លឺប្រសើរណាស់។ 12 ឥន្ទធនូបញ្ចេញរស្មីដ៏ត្រចះត្រចង់នៅលើមេឃ គឺព្រះហស្តរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត យិតខ្សែឥន្ទធនូនេះ!។
អភូតហេតុនៃធម្មជាតិ
13 ព្រះជាម្ចាស់បញ្ជា ទើបព្រឹលធ្លាក់មក។ ព្រះអង្គចាត់ផ្លេកបន្ទោរ ឲ្យនាំសេចក្តីសម្រេចនៃការវិនិច្ឆ័យរបស់ព្រះអង្គ។ 14 ព្រះអង្គបើកឃ្លាំង ទើបពពករសាត់ចេញ ដូចសត្វហើរ។ 15 ប្ញទ្ធានុភាពរបស់ព្រះអង្គធ្វើឲ្យពពករឹង ហើយធ្លាក់ជាគ្រាប់ព្រឹលធំៗ។ 17ក ផ្គរលាន់បណ្តាលឲ្យផែនដីកក្រើក 16 ពេលឃើញព្រះអង្គ ភ្នំនាំគ្នារញ្ជួយ។ ពេលព្រះអង្គសព្វព្រះហប្ញទ័យ ខ្យល់បក់មកពីត្បូង។ 17ខ ព្យុះកំបុតត្បូង បក់មកពីជើង ហើយមានខ្យល់កួចផង។ ព្រះអង្គធ្វើឲ្យព្រឹលធ្លាក់មក ដូចសត្វស្លាបហើរមកទំលើផែនដី ព្រឹលធ្លាក់មកដូចកណ្តូបសេះហើរ ហើយធ្លាក់មកដី។ 18 សម្បុរពណ៌សរបស់ព្រឹលល្អគួរឲ្យគយគន់ ហើយមនុស្សម្នាសប្បាយចិត្ត នៅពេលព្រឹលធ្លាក់មក។ 19 ព្រះអង្គចាក់សន្សើមមកលើផែនដី ហាក់ដូចជាបាចអំបិល ពេលសន្សើមនេះកក មានរាងដូចជាបន្លា។ 20 ខ្យល់រងាបក់មកពីជើងធ្វើឲ្យផ្ទៃទឹកនៅក្នុងបឹងកក ហើយគ្របលើផ្ទៃទឹកទាំងមូល ដូចគេពាក់អាវក្រោះ។ 21 ខ្យល់ក្តៅដុតកម្ទេចភ្នំ ហើយដុតរោលវាលរហោស្ថានឲ្យឆាបឆេះ បំផ្លាញរុក្ខជាតិខៀវខ្ចីដូចភ្លើង។ 22 អ័ព្ទធ្លាក់មក ធ្វើឲ្យរុក្ខជាតិដុះឡើងវិញ។ ទឹកសន្សើមធ្លាក់មក ធ្វើឲ្យធម្មជាតិស្រស់បំព្រងឡើងវិញ។ 23 ព្រះជាម្ចាស់បង្រ្កាបមហាសាគរដ៏ជ្រៅតាមគម្រោងការរបស់ព្រះអង្គ ហើយដាំកោះក្នុងសមុទ្រ។ 24 អស់អ្នកធ្វើដំណើរតាមផ្លូវទឹក តែងតែតំណាលពីគ្រោះថ្នាក់នៃមហាសាគរដ៏ជ្រៅ ហាក់ដូចជារកជឿមិនកើត។ 25 នៅក្នុងមហាសមុទ្រ មានសត្វអស្ចារ្យគួរឲ្យស្ញែងខ្លាច ដែលព្រះជាម្ចាស់បានបង្កើតមក គឺមានសត្វគ្រប់ប្រភេទ និងសត្វដ៏ធំសម្បើមអស្ចារ្យ។ 26 អ្នកដំណើរទៅដល់ត្រើយយ៉ាងស្រួល ដោយសារព្រះអម្ចាស់ ហើយអ្វីៗដែលមានជីវិត ក៏ភ្ជាប់ជាមួយគ្នាយ៉ាងល្អ ដោយសារព្រះបន្ទូលរបស់ព្រះអង្គដែរ។ 27 យើងអាចនិយាយរៀបរាប់អំពីរឿងរ៉ាវ ជាច្រើនទៀតមិនចេះអស់មិនចេះហើយ សរុបសេចក្តីទៅ អ្វីៗទាំងអស់សុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ 28 តើមនុស្សអាចកោតសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ យ៉ាងសមរម្យដូចម្តេចបាន បើព្រះអង្គប្រសើរឧត្តុង្គឧត្តមដូច្នេះ? ព្រះអង្គប្រសើរលើសអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។ 29 ព្រះអម្ចាស់គួរឲ្យស្ញែងខ្លាចក្រៃលែង ព្រះអង្គប្រសើរឧត្តុង្គឧត្តម ព្រះអង្គមានប្ញទ្ធានុភាពគួរឲ្យសរសើរ។ 30 ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរកោតសរសើរព្រះអង្គ! ទោះបីខំលើកតម្កើងយ៉ាងណាក្តី ក៏ព្រះអង្គប្រសើរ លើសពីពាក្យសរសើររបស់អ្នករាល់គ្នាទៅទៀត! ចូរខិតខំលើកតម្កើងព្រះអង្គឲ្យអស់ពីសមត្ថភាព កុំណាយចិត្តឡើយ ព្រោះអ្នករាល់គ្នាពុំអាចសរសើរឲ្យសព្វគ្រប់ទេ!។ 31 តើនរណាឃើញព្រះអម្ចាស់ ហើយអាចពណ៌នាឲ្យយើងស្គាល់? តើនរណាអាចលើកតម្កើង ភាពថ្កុំថ្កើងរបស់ព្រះអង្គឲ្យគ្រប់គ្រាន់បាន? 32 យើងឃើញស្នាព្រះហស្តរបស់ព្រះអង្គតែមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែ មានស្នាព្រះហស្តជាច្រើន ប្រសើរជាងនេះទៅទៀត ដែលយើងមើលមិនឃើញ។ 33 ព្រះអម្ចាស់បង្កើតអ្វីៗទាំងអស់ ហើយព្រះអង្គប្រទានឲ្យមនុស្សដែលគោរពប្រណិប័តន៍ព្រះអង្គ មានប្រាជ្ញាឈ្លាសវៃផង។