ជំពូក ២៣

1 បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា និង​ជា​ម្ចាស់​នៃ​ជីវិត​ទូល​បង្គំ សូម​កុំ​បណ្ដោយ​ឲ្យ មាត់​ទូល​បង្គំ​និយាយ ដោយ​មិន​រិះ‌គិត សូម​កុំ​ឲ្យ​ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ពាក្យ​សម្ដី! 2 សូម​ព្រះ‌អង្គ​មេត្តា​កែ​តម្រង់​គំនិត​ទូល​បង្គំ សូម​យក​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌អង្គ មក​អប់រំ​ចិត្ត​ទូល​បង្គំ​ផង! ពេល​ទូល​បង្គំ​ប្រព្រឹត្ត​ខុស​ដោយ​មិន​ដឹង​ខ្លួន សូម​វាយ​ប្រដៅ​ទូល​បង្គំ ហើយ​ពេល​ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប សូម​កុំ​ធ្វើ​ជា​មិន​ឃើញ​ទ្បើយ។ 3 ក្រែង​លោ​ទូល​បង្គំ​វង្វេង និង​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ទ្បើងៗ ក្រែង​ទូល​បង្គំ​ដួល​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ ដោយ​បាន​ឈ្នះ​ទូល​បង្គំ។ 4 បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា និង​ជាម្ចាស់​នៃ​ជីវិត​របស់​ទូល​បង្គំ! សូម​មេត្តា​កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ព្រហើន! 5 សូម​ពង្វាង​សេចក្តី​លោភ​លន់​ចេញ​ពី​ចិត្ត​ទូល​បង្គំ។ 6 សូម​កុំ​ឲ្យ​ទូល​បង្គំ​ឈ្លក់​វង្វេង​នឹង​កាម​គុណ និង​តណ្ហា សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ស្រើប​ស្រាល​ឡើយ។

ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​ស្បថ​ស្បែ​របស់​ខ្លួន

7 ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ! ចូរ​រៀន​ធ្វើ​ជា​ម្ចាស់​លើ​ពាក្យ​សម្ដី​របស់​ខ្លួន។ អ្នក​ប្រតិ‌បត្តិ​តាម​ដំបូន្មាន​នេះ​មិន​ដែល​មាន​កំហុស​ឡើយ។
8 មនុស្ស​បាប​តែង​តែ​ទទួល​ទោស ដោយ​សារ​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​មួល​បង្កាច់​គេ និង​អ្នក​អួត​បំប៉ោង ក៏​ត្រូវ​ទទួល​ទោស ដោយ​សារ​ពាក្យ​សម្ដី​របស់​ខ្លួន​ដែរ។
9 កុំ​មាន​ទម្លាប់​ស្បថ​ស្បែ​ទ្បើយ ហើយ​ក៏​កុំ​យក​ព្រះ‌នាម​របស់​ព្រះ‌ដ៏‌វិសុទ្ធ*ធ្វើ​ជា​សាក្សី​ដែរ។
10 ទាសករ​ណា ដែល​មាន​ម្ចាស់​ជា​មនុស្ស​ប្រិត​ប្រៀប តែង​តែ​មាន​ស្លាក​ស្នាម​ពេញ​ខ្លួន ដោយ​ម្ចាស់​វាយ។ យ៉ាង​ណា​មិញ អ្នក​ដែល​ស្បថ និង​អ្នក​យក​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ធ្វើ​ជា​សាក្សី​គ្រប់​ពេល​វេលា មិន​អាច​ចៀស​ផុត​ពី​បាប​ទេ។
11 អ្នក​ដែល​និយាយ​ស្បថ​ស្បែ​ច្រើន រមែង​បំពាន​លើ​វិន័យ​កាន់​តែ​ច្រើន​ដែរ ក្រុម​គ្រួសារ​របស់​គេ​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ប្រសិន​បើ​ស្បថ​ដោយ​អចេតនា គេ​ត្រូវ​ទទួល​ទោស។ ប្រសិន​បើ​គេ​ស្បថ​ដោយ​មិន​ពិនិត្យ​ពិច័យ​ជា​មុន គេ​ត្រូវ​ទទួល​ទោស​មួយ​ទ្វេ​ជា​ពីរ។ ប្រសិន​បើ​គេ​ស្បថ​បំពាន ព្រះ‌ជាម្ចាស់​មិន​ប្រោស​គេ​ឲ្យ​បាន​សុច‌រិត​ទេ ហើយ​ក្រុម​គ្រួសារ​របស់​គេ​នឹង​ជួប​ទុក្ខ​លំបាក​ជា​មិន​ខាន។

របៀប​និយាយ​មិន​សម​គួរ

12 របៀប​និយាយ​ខ្លះ​មាន​ពិស​ពុល ដូច​សេចក្តី​ស្លាប់។ សូម​កុំ​ឲ្យ​មាន​របៀប​និយាយ​ប្រភេទ​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ! អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ តែង​តែ​ចៀស​វាង​ពី​របៀប និយាយ​នេះ ហើយ​មិន​លង់​ខ្លួន​ក្នុង​អំពើ​បាប​បែប​នេះ​ឡើយ។
13 កុំ​ទម្លាប់​មាត់​ពោល​ពាក្យ​អាស្រូវ ដ្បិត​ពាក្យ​ទាំង​នោះ​បណ្តាល​ឲ្យ​កូន​មាន​បាប ដោយ​សារ​ពាក្យ​សម្ដី។
14 ពេល​កូន​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​អ្នក​ដឹក​នាំ ចូរ​នឹក​ដល់​ឪពុក​ម្តាយ ក្រែង​លោ​កូន​និយាយ​ពាក្យ​មិន​សម​រម្យ នៅ​ចំពោះ​មុខ​អស់​លោក​ទាំង​នោះ តាម​ទម្លាប់​របស់​កូន។ នៅ​ថ្ងៃ​នោះ កូន​មុខ​ជា​នឹក​ស្តាយ ដោយ​បាន​កើត​មក ហើយ​ប្រទេច​ផ្តា​សា​ថ្ងៃ​ដែល​កូន​កើត។
15 អ្នក​ធ្លាប់​តែ​និយាយ​ពាក្យ​អាស​អាភាស មិន​អាច​កែ​ខ្លួន​បាន​រហូត​អស់​មួយ​ជីវិត។

អំពី​កាម​គុណ

16 មាន​មនុស្ស​ច្រើន​ប្រភេទ ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ អ្នក​ខ្លះ​ធ្វើ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ គឺ​អ្នក​ដែល​មាន​តណ្ហា​ឆេះ​រោល​ដូច​ភ្លើង តណ្ហា​នេះ​មិន​រលត់​ឡើយ រហូត​ទាល់​តែ​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ដែល​ប្រគល់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​កាម​គុណ មិន​អាច​ទប់​ខ្លួន​ទ្បើយ រហូត​ទាល់​តែ​កាម​គុណ​ធ្វើ​ឲ្យ​ខ្លួន​មាន​បាប។
17 ចំពោះ​បុរស​ដែល​ឈ្លក់​វង្វេង​ក្នុង​កាម​គុណ​ស្រី​ណា​ក៏​ដោយ គេ​យក​ទាំង​អស់ រហូត​ទាល់​តែ​ស្លាប់ ក៏​គេ​មិន​ចេះ​ឆ្អែត​ឆ្អន់​ដែរ។
18 បុរស​ផិត​ក្បត់​ភរិយា​តែង​តែ​ពោល​ថា «តើ​នរណា​ឃើញ​ខ្ញុំ? នៅ​ជុំ​វិញ​ខ្ញុំ មាន​សុទ្ធ​តែ​ភាព​ងងឹត ជញ្ជាំង​ក៏​បិទ​បាំង​ខ្ញុំ គ្មាន​នរណា​ឃើញ​ខ្ញុំ​ទេ! ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន នឹក​គិត​ដល់​អំពើ​បាប​របស់​ខ្ញុំ​ទេ!»។ 19 បុរស​នេះ​ខ្លាច​តែ​ភ្នែក​មនុស្ស គេ​មិន​ដឹង​ថា​ព្រះ‌អម្ចាស់​ទត​ឃើញ​គេ​ទេ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ភ្លឺ​ជាង​ព្រះ‌អាទិត្យ​ទៅ​ទៀត ព្រះ‌អង្គ​ឈ្វេង​យល់​ការ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត អ្វីៗ​ដែល​លាក់​កំបាំង​នៅ​កន្លៀត​កន្លោះ ព្រះ‌អង្គ​ទត​មើល​ធ្លុះ​ទាំង​អស់។ 20 ព្រះ‌អង្គ​ស្គាល់​អ្វីៗ​សព្វ​សារ​ពើ តាំង​តែ​ពី​មុន ព្រះ‌អង្គ​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ម៉េ្លះ ហើយ​ពេល​ដែល​អ្វីៗ​ទាំង​នោះ​បាត់​បង់​អស់​ទៅ ក៏​ព្រះ‌អង្គ​នៅ​តែ​ស្គាល់​ដដែល។ 21 គេ​នឹង​ចាប់​អ្នក​នោះ​ទាន់ នៅ​ពេល​ដែល​គាត់​មិន​ដឹង​ខ្លួន ហើយ​គាត់​នឹង​ទទួល​ទណ្ឌ‌កម្ម​នៅ​ទី​សាធារណៈ។

អំពី​ស្រ្តី​ក្បត់​ប្តី

22 ចំពោះ​ស្រ្តី​ក្បត់​ប្តី ហើយ​មាន​កូន​ជា​មួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ក៏​ដូច្នោះ​ដែរ។ 23 ទី​មួយ នាង​បាន​បំពាន​លើ​វិន័យ​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ទី​ពីរ នាង​បាន​ធ្វើ​ខុស​ចំពោះ​ប្តី​របស់​នាង។ ទីបី នាង​ប្រាស​ចាក​សីលធម៌ និង​បាន​បង្កើត​កូន​ជា​មួយ​បុរស​ផ្សេង​ទៀត។ 24 ត្រូវ​ចាប់​នាង​នាំ​ទៅ​ចំពោះ​មុខ​អង្គ​ប្រជុំ គេ​នឹង​សាក​សួរ​អំពី​កូន​របស់​នាង។ 25 គេ​នឹង​ដេញ​កូន​ទាំង​នោះ​ចេញ​ពី​សហគមន៍ ហើយ​ចៅ​ក៏​គ្មាន​សិទ្ធិ​អ្វី​ដែរ។ 26 នាង​ត្រូវ​បណ្តាសា ដែល​លុប​បំបាត់​មិន​បាន។ គេ​នៅ​តែ​នឹក​ពី​អំពើ​ខិល​ខូច​របស់​នាង​រហូត។
27 ដូច្នេះ​អស់​អ្នក​ដែល​នៅ​រស់ នឹង​ដឹង​ថា ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់ ហើយ​ការ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ ក៏​ផ្តល់​សេចក្តី​សុខ​ស្រួល​ដែរ។