ជំពូក ២

អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់

1 កូន​អើយ! ប្រសិន​បើ​កូន​ប្រាថ្នា​ចង់​បម្រើ​ព្រះ‌អម្ចាស់ ចូរ​រៀប​ចំ​ខ្លួន​ឲ្យ​ព្រះ‌អង្គ​ល្បង​ល។
2 ចូរ​តម្រង់​ចិត្ត​ឲ្យ​បាន​ត្រង់! ចូរ​មាន​ចិត្ត​រឹង​ប៉ឹង​ទ្បើង! កុំ​ជ្រួល​ច្របល់​ក្នុង​ពេល​មាន​អាសន្ន។
3 ចូរ​ជំពាក់​ចិត្ត​លើ​ព្រះ‌អម្ចាស់ កុំ​ឃ្លាត​ចាក​ពី​ព្រះ‌អង្គ​ទ្បើយ នោះ​កូន​មុខ​ជា​ចម្រុង​ចម្រើន​នៅ​គ្រា​អវសាន​នៃ​ជីវិត។
4 ចូរ​ស៊ូ​ទ្រាំ​នឹង​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​កូន ប្រសិន​បើ​កូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា ចូរ​មាន​ចិត្ត​អត់​ធ្មត់​ជា‌និច្ច!
5 ដ្បិត​គេ​យក​មាស​មក​បន្សុទ្ធ​ក្នុង​ភ្លើង​យ៉ាង​ណា ព្រះ‌ជាម្ចាស់​យក​ទុក្ខ​វេទនា​មក ជម្រះ​ចិត្ត​អ្នក​ដែល​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។
6 ចូរ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​មុខ​ជា​យាង​មក​ជួយ​កូន​ពុំ​ខាន។ ចូរ​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ ហើយ​សង្ឃឹម​លើ​ព្រះ‌អង្គ​ចុះ!។
7 អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ហប្ញទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អង្គ! កុំ​ងាក​ចេញ​ពី​ព្រះ‌អង្គ​ទ្បើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ដួល។
8 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ! ចូរ​ជឿ​លើ​ព្រះ‌អង្គ​ចុះ! អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​រង្វាន់​ពុំ​ខាន។
9 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ! ចូរ​សង្ឃឹម​ថា អ្នក​នឹង​ទទួល​សម្បត្ដិ​របស់​ព្រះ‌អង្គ គឺ​មាន​អំណរ​សប្បាយ​អស់​កល្ប‌ជានិច្ច និង​ទទួល​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ‌អង្គ​ផង។
10 ចូរ​សង្កេត​មើល​មនុស្ស​ជំនាន់​មុនៗ ហើយ​រិះ​គិត​ពិចារណា​ចុះ! តើ​មាន​នរណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ហើយ​ត្រូវ​ខក​ចិត្ត​ឬ​ទេ? តើ​មាន​នរណា​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ត្រូវ​ព្រះ‌អង្គ​បោះ​បង់​ចោល​ឬ​ទេ? តើ​មាន​នរណា​អង្វរ​ព្រះ‌អង្គ ហើយ​ត្រូវ​ព្រះ‌អង្គ​មើល​ងាយ មិន​អើ​ពើ​ឬ​ទេ? 11 ទេ! ព្រះ‌អម្ចាស់​មាន​ព្រះ‌ហប្ញទ័យ​អាណិត‌អាសូរ និង​មេត្តា​ករុណា ព្រះ‌អង្គ​តែង​តែ​លើក​លែង​ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប ហើយ​សង្រ្គោះ​គេ​ក្នុង​គ្រា​មាន​អាសន្ន។
12 រីឯ​មនុស្ស​កំសាក ខ្វះ​ការ​តស៊ូ គឺ​មនុស្ស​បាប​ដែល​ដើរ​ផ្លូវ​ពីរ មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន!
13 អ្នក​ដែល​គ្មាន​ចិត្ត​ក្លាហាន ហើយ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ក៏​ត្រូវ​វេទនា​ដែរ! ព្រោះ​ព្រះ‌អង្គ​មិន​ការ‌ពារ​គេ​ទ្បើយ។
14 អ្នក​រាល់​គ្នា​ដែល​គ្មាន​ចិត្ត​ព្យាយាម​អើយ! អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន! នៅ​ពេល​ព្រះ‌អម្ចាស់​យាង​មក​គិត​បញ្ជី តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច?
15 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រមែង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ក៏​តែង​តែ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ។
16 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រមែង​ខិត​ខំ​ឲ្យ​បាន​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌អង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ក៏​តែង​តែ​យក​វិន័យ​របស់​ព្រះ‌អង្គ​ធ្វើ​ជា​អាហារ​ដែរ។
17 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រមែង​ប្រុង​ស្មារតី​ចាំ​បម្រើ​ព្រះ‌អង្គ​ជា‌និច្ច ពួក​គេ​តែង​តែ​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ ទាំង​ពោល​ថា៖ 18 «ស៊ូ​ធ្លាក់​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស! ដ្បិត​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុង​រឿង​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហប្ញទ័យ​មេត្តា​ករុណា​យ៉ាង​នោះ​ដែរ»។