ជំពូក ៤៥
1 គឺលោកម៉ូសេ ដែលព្រះជាម្ចាស់ និងមនុស្សស្រឡាញ់។ គេតែងតែនឹកដល់លោកដោយលើកតម្កើងព្រះជាម្ចាស់ 2 ព្រះជាម្ចាស់ប្រទានឲ្យលោកប្រកបដោយសិរីរុងរឿងស្មើនឹងពពួកទេវទូត ហើយលើកលោកឲ្យមានអំណាច ដោយធ្វើឲ្យខ្មាំងសត្រូវខ្លបខ្លាចលោក។ 3 ពេលលោកមានប្រសាសន៍ ព្រះជាម្ចាស់សម្ដែងបាដិហារិយ៍ ព្រះអង្គក៏ប្រទានឲ្យលោកប្រកបដោយសិរីរុងរឿងនៅចំពោះមុខស្តេចនានា។ ព្រះអង្គប្រទានបទបញ្ជាសម្រាប់ប្រជាជនព្រះអង្គ ហើយសម្ដែងសិរីរុងរឿងខ្លះឲ្យលោកឃើញ។ 4 ព្រះអង្គញែកលោកឲ្យថ្វាយខ្លួនចំពោះព្រះអង្គ ព្រោះលោកជាមនុស្សស្មោះត្រង់ និងស្លូតបូត។ ព្រះអង្គបានជ្រើសរើសលោកក្នុងចំណោមសត្វលោកទាំងអស់ដែរ។ 5 ព្រះអង្គប្រោសឲ្យលោកឮព្រះសូរសៀងរបស់ព្រះអង្គ ហើយនាំលោកចូលក្នុងពពក។ ព្រះអង្គប្រគល់បទបញ្ជាទាំងប៉ុន្មានឲ្យលោកម៉ូសេទល់មុខគ្នា គឺធម្មវិន័យដែលផ្តល់ជីវិត និងប្រាជ្ញា ដើម្បីបង្រៀនច្បាប់សម្ពន្ធមេត្រីឲ្យកូនចៅលោកយ៉ាកុប និងក្រឹត្យវិន័យឲ្យប្រជាជនអ៊ីស្រាអែល។
លោកអរ៉ុន
6 ព្រះជាម្ចាស់លើកលោកអរ៉ុនឡើង គឺលោកជាជនដ៏វិសុទ្ធដូចលោកម៉ូសេជាប្អូន ក្នុងកុលសម្ព័ន្ធលេវី។ 7 ព្រះអង្គចាត់តាំងលោកតាមក្បួនតម្រាដែលស្ថិតនៅអស់កល្បជានិច្ច និងប្រគល់មុខងារឲ្យលោកធ្វើជាបូជាចារ្យសម្រាប់ប្រជាជន។ ព្រះអង្គប្រោសប្រទានឲ្យលោកមានអំណរសប្យាយ ដោយស្លៀកសម្លៀកបំពាក់យ៉ាងល្អប្រណីត និងពាក់អាវផាយប្រកបដោយសិរីរុងរឿង។ 8 ព្រះអង្គយកគ្រឿងអលង្ការដ៏ល្អប្រណីត មកបំពាក់ឲ្យលោក ប្រគល់សញ្ញាសម្គាល់នៃអំណាចរបស់លោក មានខោខ្លី អាវផាយ និងអេផូដ។ 9 ព្រះអង្គបញ្ជាឲ្យដេរជាយអាវផាយនេះ ដោយប៉ាក់ជារូបផ្លែទទឹម ដាក់កូនកណ្តឹងមាសតូចៗជាច្រើននៅជុំវិញ ដែលបន្លឺនៅពេលលោកអរ៉ុនបោះជំហាន។ កណ្តឹងទាំងនេះបន្លឺស្នូរក្នុងព្រះវិហារ ដើម្បីរំឭកប្រជាជនថា ព្រះជាម្ចាស់គង់នៅជាមួយប្រជាជនរបស់ព្រះអង្គ។ 10 ពួកសិប្បករធ្វើអាវផាយសក្ការៈពីអំបោះមាស ពណ៌ស្វាយ ពណ៌ក្រហមទុំជូនលោក។ លោកពាក់អាវលើទ្រូងសម្រាប់វិនិច្ឆ័យ គឺសម្រាប់រកសេចក្តីពិត។ 11 ជាងទងយកត្បូងពេជ្រដែលចារតាមរបៀបគេឆ្លាក់ត្រា មកដាំលើមាស ហើយពាក់ភ្ជាប់លើអាវ ដែលដាក់នៅលើទ្រូងផង។ គេឆ្លាក់ឈ្មោះលើត្បូង តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យគេចងចាំជានិច្ច។ 12 លោកពាក់មកុដមាសពីលើឆ្នួតក្បាល ដែលមានឆ្លាក់អក្សរថា «បូជាថ្វាយព្រះអម្ចាស់»។ គ្រឿងអលង្ការនេះ ជាសញ្ញានៃកិត្តិយស ជាស្នាដៃដ៏ល្អគួរឲ្យគយគន់ និងជាគ្រឿងអលង្ការដ៏ប្រណីត។ 13 មុនជំនាន់លោកអរ៉ុន គ្មាននរណា មានសម្លៀកបំពាក់ល្អប្រណីតដូច្នេះទេ ជនជាតិបរទេស មិនដែលមានសម្លៀកបំពាក់ទាំងនោះទ្បើយ គឺមានតែកូនៗរបស់លោក និងពូជពង្សរបស់លោកប៉ុណ្ណោះ ដែលស្លៀកសម្លៀកបំពាក់របៀបនេះ រហូតតរៀងទៅ។ 14 លោកថ្វាយតង្វាយដុតទាំងមូល ពីរដងក្នុងមួយថ្ងៃ ជារៀងរហូត។ 15 លោកម៉ូសេតែងតាំងលោកបូជាចារ្យ ដោយចាក់ប្រេងដ៏វិសុទ្ធអភិសេកលោក។ ដូច្នេះ លោកអរ៉ុន និងពូជពង្សរបស់លោក ទទួលមុខងារគោរពបម្រើព្រះជាម្ចាស់ធ្វើជាបូជាចារ្យ និងយកព្រះនាមព្រះអង្គមកប្រទានពរឲ្យប្រជាជនអស់កល្បជានិច្ច ហើយស្ថិតនៅជារៀងរហូតដូចមេឃ។ 16 ព្រះជាម្ចាស់ជ្រើសរើសលោកអរ៉ុនក្នុងចំណោមមនុស្សទាំងអស់ ដើម្បីថ្វាយតង្វាយដុតទាំងមូល គ្រឿងក្រអូប ទុកជាការនឹកដល់ព្រះអម្ចាស់ ព្រមទាំងធ្វើពិធីលើកលែងទោសឲ្យប្រជាជនផង 17 ព្រះជាម្ចាស់ប្រទានឲ្យលោកមានអំណាចបកស្រាយបទបញ្ជារបស់ព្រះអង្គ ដើម្បីកាត់ក្តី។ ព្រះអង្គក៏បានប្រទានឲ្យលោកបង្រៀនពូជពង្សរបស់លោកយ៉ាកុប ស្គាល់សេចក្តីដែលព្រះអង្គសព្វព្រះហប្ញទ័យឲ្យគេធ្វើ និងបំភ្លឺជនជាតិអ៊ីស្រាអែលដោយសារធម្មវិន័យរបស់ព្រះអង្គ។ 18 កាលប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថាន មានជនបរទេស គឺបក្សពួករបស់ដាតាន និងអ័ប៊ីរាម ព្រមទាំងបនរបស់កូរ៉េមានចិត្តច្រណែនឈ្នានីស ហើយបះបោរប្រឆាំងនឹងលោក ដោយខឹងក្តៅក្រហាយ។ 19 ព្រះអម្ចាស់ទតឃើញ ហើយមិនសព្វព្រះហប្ញទ័យ ព្រះអង្គព្រះពិរោធជាខ្លាំង ហើយសម្ដែងបាដិហារិយ៍ ដើម្បីធ្វើឲ្យវិនាស គឺរន្ទះបាញ់ដុតបំផ្លាញគេចោល។ 20 ព្រះអង្គប្រទានឲ្យលោកអរ៉ុនប្រកបដោយភាពថ្កុំថ្កើងរុងរឿងថែមទៀត ដោយប្រោសប្រទានឲ្យលោកមានចំណែកមត៌ក គឺព្រះអង្គប្រទានឲ្យលោកទទួលផលដើមដំបូងទាំងអស់ និងផ្តល់ឲ្យលោកមានអាហារបរិភោគយ៉ាងបរិបូរណ៍។ 21 ដ្បិតអស់លោកបូជាចារ្យ តែងតែយកយញ្ញបូជា និងតង្វាយមួយចំណែក ធ្វើជាអាហាររបស់ខ្លួន។ ព្រះអម្ចាស់ប្រទានតង្វាយទាំងនោះដល់លោក និងពូជពង្សរបស់លោកតរៀងទៅ។ 22 ប៉ុន្តែ អស់លោកគ្មានចំណែកក្នុងទឹកដីរបស់ប្រជាជនទេ គេមិនបានទទួលមត៌កដូចប្រជាជនឯទៀត ព្រោះព្រះអម្ចាស់មានព្រះបន្ទូល មកកាន់លោកអរ៉ុនថា៖ «យើងជាចំណែកមត៌ករបស់អ្នក»។
លោកភីនេអាស
23 លោកភីនេអាស ជាកូនរបស់លោកអេឡាសារ ជាបុរសទីបី ដែលប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រោះលោកមានចិត្តខ្នះខ្នែង ក្នុងការគោរពកោតខ្លាចព្រះអម្ចាស់។ លោកមានចិត្តក្លាហានមោះមុតហ៊ានជំទាស់នឹងប្រជាជន នៅគ្រាដែលពួកគេបែកចេញពីព្រះអង្គ។ ធ្វើដូច្នេះ ព្រះជាម្ចាស់លើកលែងទោសឲ្យប្រជាជនអ៊ីស្រាអែល។ 24 ហេតុនេះហើយ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីនៃសន្តិភាពជាមួយលោក គឺព្រះអង្គជ្រើសតាំងលោកឲ្យធ្វើជាអ្នកទទួលខុសត្រូវលើទីសក្ការៈ និងជាមេដឹកនាំប្រជាជន។ ព្រះអង្គធ្វើឲ្យលោក និងពូជពង្សរបស់លោក មានមុខងារជាមហាបូជាចារ្យរហូតតរៀងទៅ។ 25 ព្រះអង្គក៏ចងសម្ពន្ធមេត្រីជាមួយព្រះបាទដាវីឌ ជាកូនរបស់លោកយេសាយ ក្នុងកុលសម្ព័ន្ធយូដាដែរ។ ព្រះអង្គមានព្រះបន្ទូលសន្យាថា រាជអំណាចផ្ទេរពីបិតាទៅបុត្រតែម្នាក់ រីឯកេរមរត៌ករបស់លោកអរ៉ុន គឺផ្ទេរឲ្យពូជពង្សទាំងមូលរបស់លោក។ 26 សូមព្រះអម្ចាស់ប្រោសប្រទានឲ្យពូជពង្សរបស់លោកប្រកបដោយប្រាជ្ញាញាណ ដើម្បីឲ្យអស់លោកអាចវិនិច្ឆ័យប្រជារាស្ត្ររបស់ព្រះអង្គដោយសេចក្តីសុចរិត និងដើម្បីឲ្យនៅតែមានសេចក្តីចម្រុងចម្រើន និងកិត្តិយសរបស់ខ្លួនរហូតតរៀងទៅដែរ។