ជំពូក ៤

1 កូន​អើយ! កុំ​បដិសេធ​ចែក​អ្វីៗ ដែល​អ្នក​ក្រី​ក្រ​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ជីវិត​របស់​គេ​ឡើយ។ កុំ​ទុក​ឲ្យ​អ្នក​ខ្វះ​ខាត​រង់​ចាំ​ទទួល​អំណោយ​ពី​កូន​យូរ​ពេក!
2 កុំ​ទុក​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន​ព្រួយ​ចិត្ត កុំ​បណ្តាល​ឲ្យ​អ្នក​ទ័ល​ក្រ​មួម៉ៅ​ឡើយ។
3 កុំ​បណ្តាយ​ឲ្យ​អ្នក​ដែល​កំពុង​មួម៉ៅ រឹត​តែ​កើត​ទុក្ខ​ថែម​ទៀត ប្រសិន​បើ​គេ​ត្រូវ​ការ​អ្វី​ចាំ​បាច់ កុំ​ពន្យា​ពេល​ឡើយ។ ចូរ​កូន​ចែក​ឲ្យ​គេ​ទៅ។
4 កុំ​ដេញ​អ្នក​សុំ​ទាន ក្នុង​ពេល​គេ​មាន​អាសន្ន កុំ​គេច​មុខ​ចេញ​ពី​អ្នក​ក្រី​ក្រ។
5 កុំ​មើល​អ្នក​ខ្វះ​ខាត​នឹង​ភ្នែក កុំ​ទុក​ឱកាស​ឲ្យ​គេ​ដាក់​បណ្តាសា​កូន​ឡើយ។ 6 ប្រសិន​បើ​គេ​ដាក់​បណ្តាសា​កូន​ក្នុង​ពេល​គេ​ពិបាក​ចិត្ត ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​គេ ព្រះ‌អង្គ​មុខ​ជា​ព្រះ‌សណ្តាប់​ពាក្យ​អង្វរ​របស់​គេ​ពុំ​ខាន។
7 ចូរ​ធ្វើ​ឲ្យ​អ្នក​នៅ​ជិត​ខាង ស្រឡាញ់​កូន ចូរ​ឱន​លំ​ទោន​កាយ​នៅ​ចំពោះ​មុខ​អ្នក​ធំ។
8 ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​ក្រី​ក្រ ចូរ​ឆ្លើយ​ទៅ​គេ​វិញ ដោយ​ពាក្យ​ទន់​ភ្លន់។
9 ចូរ​រំដោះ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​អ្នក​សង្កត់​សង្កិន ពេល​កូន​កាត់​ក្តី ចូរ​កុំ​ខ្លាច​នរណា​ឡើយ។
10 ចូរ​តាំង​ខ្លួន​ជា​ឪពុក​ដ៏​ល្អ​សម្រាប់​ក្មេង​កំព្រា ចូរ​ផ្គត់​ផ្គង់​ម្តាយ​របស់​ក្មេង​កំព្រា​ទាំង​នោះ ដូច​ស្វាមី​របស់​គេ។ ធ្វើ​ដូច្នេះ​កូន​នឹង​ទៅ​ជា​បុត្រ​របស់​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ‌អង្គ​មុខ​ជា​ស្រឡាញ់​កូន​ជាង​ម្តាយ​របស់​កូន​ទៅ​ទៀត។

ព្រះ‌ប្រាជ្ញា​ញាណ​អប់រំ​មនុស្ស

11 ព្រះ‌ប្រាជ្ញា​ញាណ​ផ្តល់​កិតិ្តយស​ឲ្យ​កូន​ចៅ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​តាម​ថែ‌រក្សា​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។
12 អ្នក​ណា​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ អ្នក​នោះ​ស្រឡាញ់​ជីវិត អស់​អ្នក​ដែល​ក្រោក​តាំង​ពី​ព្រលឹម​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ មុខ​ជា​បាន​ពោរ​ពេញ​ដោយ​អំណរ។
13 អ្នក​ណា​កាន់​ព្រះ‌ប្រាជ្ញា​ញាណ​ជាប់ អ្នក​នោះ​នឹង​ទទួល​សិរី​រុង‌រឿង​ទុក​ជា​មរត៌ក គេ​ទៅ​កន្លែង​ណា ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​គេ​នៅ​កន្លែង​នោះ។
14 អ្នក​ណា​បម្រើ​ព្រះ‌ប្រាជ្ញា​ញាណ អ្នក​នោះ​គោរព​បម្រើ​ព្រះ‌ដ៏‌វិសុទ្ធ អ្នក​ណា​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ ព្រះ‌អម្ចាស់​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ។
15 អ្នក​ដែល​ស្តាប់​តាម​ព្រះ‌ប្រាជ្ញា​ញាណ នឹង​កាត់​ក្ដី​ដោយ​យុត្តិធម៌ អ្នក​ជាប់​ចិត្ត​នឹង​ព្រះ‌ប្រាជ្ញា​ញាណ​នឹង​រស់​នៅ​យ៉ាង​សុខ​សាន្ត។ 16 អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ‌ប្រាជ្ញា​ញាណ នឹង​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ​ទុក​ជា​មរត៌ក ហើយ​ពូជ​ពង្ស​របស់​គេ​ក៏​ទទួល​មរត៌ក​នេះ​ដែរ។
17 មុន​ដំបូង ព្រះ‌ប្រាជ្ញា​ញាណ​ណែ​នាំ​គេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​ពិបាក ទាំង​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច និង​តក់​ស្លុត។ ព្រះ‌អង្គ​ប្រដៅ​គេ​ដោយ​លត់​ដំ​រហូត​ដល់​អាច​ទុក​ចិត្ត​លើ​គេ​បាន។ ព្រះ‌អង្គ​ល្បង​ល​មើល​ចិត្ត​គេ ដោយ​សារ​បទ​បញ្ជា​របស់​ព្រះ‌អង្គ។ 18 បន្ទាប់​មក ព្រះ‌ប្រាជ្ញា​ញាណ​ណែ​នាំ​គេ​តាម​សម្រួល ហើយ​ធ្វើ​ឲ្យ​គេ​មាន​អំណរ​សប្បាយ ព្រះ‌អង្គ​នឹង​សម្ដែង​ការ​អាថ៌‌កំបាំង​របស់​ព្រះ‌អង្គ ឲ្យ​គេ​ស្គាល់​ផង។
19 ប្រសិន​បើ​គេ​វង្វេង​ឆ្ងាយ​ពី​ព្រះ‌ប្រាជ្ញា​ញាណ ព្រះ‌អង្គ​នឹង​បោះ​បង់​គេ​ចោល ហើយ​បណ្ដោយ​ឲ្យ​គេ​វិនាស។

ការ​អៀន​ខ្មាស

20 ចូរ​ពិនិត្យ​មើល​កាលៈទេសៈ ចូរ​ចៀស​វាង​អំពើ​អាក្រក់ កុំ​ខ្មាស​អៀន​នឹង​ជំនឿ​របស់​កូន​ឡើយ។
21 មាន​ការ​ខ្មាស​អៀន​ម៉្យាង ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​បាប ហើយ​ក៏​មាន​ការ​ខ្មាស​អៀន​ម៉្យាង​ទៀត ដែល​ធ្វើ​ឲ្យ​កូន​ទទួល​សិរី​រុង‌រឿង និង​ការ​ប្រណី​សន្ដោស។
22 កុំ​តឹង​តែង​នឹង​ខ្លួន​ឯង​ខ្លាំង​ពេក ហើយ​កុំ​ខ្មាស​អៀន​រហូត​ដល់​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។
23 កុំ​ញញើត​នឹង​និយាយ នៅ​ពេល​ដែល​ត្រូវ​និយាយ កុំ​លាក់​ប្រាជ្ញា​របស់​ខ្លួន​ឲ្យ​សោះ។ 24 ដ្បិត​គេ​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស ដោយ​សារ​ពាក្យ​សម្ដី គេ​ក៏​ស្គាល់​ចំណេះ​ដឹង​ដោយ​សារ​ពាក្យ​ដែល​មនុស្ស​ពោល​ដែរ។
25 ចូរ​កុំ​និយាយ​ប្រឆាំង​នឹង​សេចក្ដី​ពិត ចូរ​កុំ​និយាយ​សេចក្ដី​ណា​ដែល​កូន​មិន​ដឹង។
26 កុំ​ទប់​ទន្លេ​មិន​ឲ្យ​ហូរ កុំ​ខ្មាស​អៀន​នឹង​សារ​ភាព​កំហុស​របស់​ខ្លួន​ទ្បើយ។
27 កុំ​បណ្តោយ​ឲ្យ​មនុស្ស​ល្ងី​ល្ងើ​មើល​ងាយ​កូន កុំ​រើស​មុខ​ដោយ​ខ្លាច​អ្នក​មាន​អំណាច។ 28 ចូរ​ប្រយុទ្ធ​ដើម្បី​សេចក្ដី​ពិត រហូត​ដល់​ស្លាប់ នោះ​ព្រះ‌ជា​អម្ចាស់​នឹង​ត​យុទ្ធ​ជំនួស​កូន​ពុំ​ខាន។
29 កុំ​ហ៊ាន​និយាយ​ខ្លាំង​ពេក កុំ​ខ្ជិល​ច្រអូស និង​ធ្វេស​ប្រហែស​ក្នុង​កិច្ច‌ការ​ដែល​កូន​ត្រូវ​ធ្វើ​ឡើយ។
30 កុំ​កាច​សាហាវ​ដូច​សត្វ​តោ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន កុំ​កំសាក​ជា​មួយ​អ្នក​បម្រើ​របស់​កូន​ឡើយ។
31 កុំ​លា​ដៃ ចាំ​តែ​ទទួល​យក​ផល​ប្រយោជន៍​ពី​គេ ហើយ​កុំ​ក្តាប់​ដៃ​នៅ​ពេល​ដែល​ត្រូវ​សង​គេ​វិញ។