ជំពូក ១
លោកបេនស៊ីរ៉ាក់
អារម្ភកថារបស់អ្នកបកប្រែ
1 គម្ពីរវិន័យ គម្ពីរព្យាការី និងកណ្ឌគម្ពីរក្រោយៗមកទៀត បាននាំមកនូវដំបូន្មានដ៏ល្អប្រសើរជាច្រើនដល់យើង។ យើងត្រូវតែសរសើរប្រជាជនអ៊ីស្រាអែល ដែលប្រកបដោយប្រាជ្ញា និងចំណេះដឹង។ ប៉ុន្តែ អ្នកអានគម្ពីរមិនត្រូវប្រាថ្នាចង់បានតែចំណេះដឹងប៉ុណ្ណោះទេ 5 អ្នកដែលស្រឡាញ់ចំណេះនោះ ត្រូវសរសេរ ឬនិយាយពន្យល់បកស្រាយ ដើម្បីជាប្រយោជន៍ដល់អ្នក ដែលមិនបានរៀនសូត្រដែរ។
ហេតុនេះ លោកយេស៊ូ ជាជីតារបស់ខ្ញុំបានខិតខំយកចិត្តទុកដាក់ អានគម្ពីរវិន័យ និងគម្ពីរព្យាការី 10 ព្រមទាំងកណ្ឌគម្ពីរឯទៀតៗរបស់ដូនតាយើង លោកក៏ក្លាយទៅជា អ្នកស្ទាត់ជំនាញខាងគម្ពីរដែរ។ លោកយល់ឃើញថា ត្រូវតែតែងសៀវភៅមួយ ស្ដីអំពីចំណេះដឹង និងប្រាជ្ញា ដើម្បីឲ្យអស់អ្នកដែលស្រឡាញ់ចំណេះដឹង ស្គាល់សេចក្ដីទាំងនោះ និងប្រព្រឹត្តតាមគម្ពីរវិន័យកាន់តែប្រសើរទ្បើងៗ។ 15 ដូច្នេះ ខ្ញុំសូមអញ្ជើញមិត្តអ្នកអាន ផ្ទៀងផ្ទាត់មើលសៀវភៅនេះ ដោយយកចិត្តទុកដាក់ និងអនុគ្រោះផង។ 20 ប្រសិនបើមិត្តអ្នកអានយល់ឃើញថា យើងខ្ញុំពុំបានបកប្រែពាក្យ ឬឃ្លាខ្លះឲ្យបានចំអត្ថន័យទេនោះ សូមមេត្តាខន្តីអភ័យទោសឲ្យយើងខ្ញុំផង ព្រោះថា ទោះបីយើងខិតខំរកគន្លឹះនៃពាក្យយ៉ាងណាក្ដី សេចក្ដីដែលចែងជាភាសាហេប្រឺ កាលណាបកប្រែជាភាសាមួយផ្សេងទៀត បែរជាមានរសជាតិប្លែកទៅវិញ។ មិនមែនតែសៀវភៅនេះប៉ុណ្ណោះទេ គឺគម្ពីរវិន័យ គម្ពីរព្យាការី 25 និងកណ្ឌឯទៀតៗ កាលណាបកប្រែរួច ក៏មានសេចក្ដីជាច្រើនប្លែកពីសេចក្ដីដើមផងដែរ។
នៅឆ្នាំទីសាមសិប នៃរជ្ជកាលព្រះបាទអេអ៉ែរស៊ែត ខ្ញុំបានទៅដល់ស្រុកអេស៊ីប ហើយស្នាក់នៅក្នុងប្រទេសនោះ។ ខ្ញុំរកឃើញសៀវភៅអប់រំដ៏មានសារសំខាន់មួយច្បាប់ 30 ខ្ញុំយល់ឃើញថា ត្រូវតែយកចិត្តទុកដាក់បកប្រែសៀវភៅនេះ ដោយប្រិតប្រៀង ទោះបីនឿយហត់យ៉ាងណាក្ដី។ ខ្ញុំបានចំណាយពេលអស់ជាច្រើនយប់ និងប្រើចំណេះជាច្រើន ក្នុងអំទ្បុងពេលដែលខ្ញុំស្នាក់នៅ ក្នុងស្រុកនោះ ដើម្បីបកប្រែឲ្យបានចប់សព្វគ្រប់ ជូនអស់អ្នកស្នាក់នៅក្រៅប្រទេស ដែលស្រឡាញ់ និងប្រាថ្នាចង់បានចំណេះដឹង 35 ហើយចង់ប្រតិបត្តិតាមគម្ពីរវិន័យ ជារៀងរាល់ថ្ងៃ។
ភាគទីមួយ
ការអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណ
1 ប្រាជ្ញាគ្រប់យ៉ាងសុទ្ធតែមកពីព្រះអម្ចាស់ ហើយស្ថិតនៅជាមួយព្រះអង្គ អស់កល្បជានិច្ច។
2 តើនរណាអាចរាប់ចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្របាន? តើនរណាអាចរាប់ចំនួនដំណក់ទឹកភ្លៀង ឬចំនួនថ្ងៃនៃជីវិតអស់កល្បជានិច្ច? 3 តើនរណាអាចវាស់កម្ពស់ផ្ទៃមេឃ បណ្ដោយផែនដី និងជម្រៅមហាសមុទ្របាន? 4 ព្រះអម្ចាស់បានបង្កើតព្រះតម្រិះដ៏វាងវៃ តាំងពីដើមដំបូងបង្អស់ដែរ។ តើនរណាស្គាល់ដើមកំណើតនៃព្រះប្រាជ្ញាញាណ? តើនរណាស្គាល់ស្នាព្រះហស្តនៃព្រះប្រាជ្ញាញាណ? 8 មានតែព្រះអម្ចាស់ដែលគង់នៅលើបល្ល័ង្ក តែមួយព្រះអង្គប៉ុណ្ណោះទេ ដែលប្រកបដោយ ព្រះប្រាជ្ញាញាណ ហើយគួរឲ្យស្ញែងខ្លាច។ 9 ព្រះអម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណ ដោយព្រះអង្គផ្ទាល់ ព្រះអង្គទតឃើញ និងឈ្វេងយល់តម្លៃនៃព្រះប្រាជ្ញាញាណ ហើយចាក់បង្ហូរព្រះប្រាជ្ញាញាណនេះមកលើស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ។10 ព្រះអង្គប្រទានព្រះប្រាជ្ញាញាណដល់មនុស្សលោកទាំងអស់ ដោយព្រះហប្ញទ័យទូលំទូលាយ ជាពិសេស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ការគោរពកោតខ្លាចព្រះអម្ចាស់
11 ការគោរពកោតខ្លាចព្រះអម្ចាស់ នាំមកនូវភាពរុងរឿង មោទនភាព និងអំណរសប្បាយដ៏លើសលប់។
12 ការគោរពកោតខ្លាចព្រះអម្ចាស់ នាំឲ្យចិត្តរីករាយ ផ្តល់អំណរសប្បាយ ព្រមទាំងមានអាយុយឺនយូរ។
13 អ្នកគោរពកោតខ្លាចព្រះអម្ចាស់ នឹងជួបតែសេចក្ដីសុខ រហូតដល់អវសាននៃជីវិត នៅថ្ងៃលាចាកលោកនេះ គេក៏ទទួលព្រះពរពីព្រះអង្គដែរ។
14 ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា។ ព្រះជាម្ចាស់បានបង្កើតប្រាជ្ញា បម្រុងទុកសម្រាប់អ្នកជឿលើព្រះអង្គ តាំងពីគេនៅក្នុងផ្ទៃម្តាយមក។
15 ប្រាជ្ញាតាំងទីលំនៅក្នុងចំណោមមនុស្សលោកអស់កល្បជានិច្ច ហើយស្ថិតនៅជាមួយពូជពង្សរបស់មនុស្សយ៉ាងស្មោះស្ម័គ្រទៀតផង។
16 ការគោរពកោតខ្លាចព្រះអម្ចាស់ នាំមកនូវប្រាជ្ញាយ៉ាងពេញលេញ ហើយប្រាជ្ញាផ្តល់ សម្បត្ដិហូរហៀរឲ្យមនុស្សលោក។
17 ប្រាជ្ញាធ្វើឲ្យ ផ្ទះរបស់គេមានពោរពេញដោយទ្រព្យសម្បត្ដិ ដែលគេប្រាថ្នាចង់បាន ហើយជង្រុករបស់គេពោរពេញដោយភោគផល ដែលបានមកពីប្រាជ្ញានេះ។
18 ការគោរពកោតខ្លាចព្រះអម្ចាស់ ពិតជាលើកតម្កើងព្រះប្រាជ្ញាញាណ។ ព្រះប្រាជ្ញាញាណប្រទានសេចក្ដីសុខសាន្ត និងសុខភាពល្អ ដូចផ្ការីកស្គុសស្គាយ។
19 ព្រះប្រាជ្ញាញាណប្រទានចំណេះដឹង យ៉ាងឈ្លាសវៃបំផុត ដូចទឹកភ្លៀងបង្អុរចុះមក ព្រះអង្គលើកកិតិ្តយសអស់អ្នកដែលបានទទួលព្រះប្រាជ្ញាញាណនោះទៀតផង។
20 ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្ញសគល់នៃប្រាជ្ញា ដែលផ្តល់ឲ្យមនុស្សមានអាយុយឺនយូរ។
ត្រូវចេះអត់ធ្មត់
22 មិនត្រូវចាត់ទុកកំហឹងដ៏អយុត្តិធម៌ ថាជាអំពើល្អទ្បើយ ដ្បិតអ្នកដែលខឹងពិតជាឈានទៅរកសេចក្តីវិនាសអន្តរាយពុំខាន។
23 អ្នកមានចិត្តអត់ធ្មត់ រមែងចេះទប់ចិត្ត តាំងពីដើមរហូតដល់ចប់ ហើយនៅទីបំផុត គេនឹងបានអំណរសប្បាយទ្បើងវិញ។
24 អ្នកនោះរមែងនៅស្ងៀម តាំងពីដើមរហូតដល់ចប់ មនុស្សម្នា នឹងកោតសរសើរគំនិតដ៏ឆ្លាតវាងវៃរបស់គេ។
ប្រាជ្ញា និងចិត្តទៀងត្រង់
25 ក្នុងចំណោមសម្បត្ដិដ៏ថ្លៃថ្នូរ របស់ព្រះប្រាជ្ញាញាណ មានសុភាសិតដែលផ្តល់ចំណេះដឹង ប៉ុន្តែ មនុស្សបាបរមែងស្អប់ខ្ពើមការគោរពប្រណិប័តន៍ព្រះជាម្ចាស់។ 26 ប្រសិនបើអ្នកប្រាថ្នាចង់បានប្រាជ្ញា ចូរកាន់តាមវិន័យទៅ! ព្រះអម្ចាស់ មុខជាប្រទានប្រាជ្ញាឲ្យអ្នកពុំខាន។ 27 អ្នកដែលមានប្រាជ្ញា និងចំណេះដឹងរមែងគោរពកោតខ្លាចព្រះអម្ចាស់។ អ្នកដែលមានចិត្តស្មោះត្រង់ និងសុភាពរាបសារមែងគាប់ព្រះហប្ញទ័យព្រះអង្គ។ 28 ចូរកុំរឹងរូស នឹងការគោរពកោតខ្លាចព្រះអម្ចាស់ ហើយកុំចូលទៅគាល់ព្រះអង្គដោយចិត្តវៀចវេរទ្បើយ។ 29 កុំនិយាយជាមួយអ្នកដទៃ ដោយពុតត្បុត តែត្រូវប្រយ័ត្នពាក្យសម្ដី។ 30 កុំលើកតម្កើងខ្លួនឯង ក្រែងអ្នកដួល ហើយត្រូវអាម៉ាស់មុខ ដ្បិតព្រះអម្ចាស់នឹងបើកអាថ៌កំបាំងរបស់អ្នកឲ្យគេឃើញ ព្រះអង្គនឹងបំបាក់មុខអ្នកនៅកណ្តាលអង្គប្រជុំ ដ្បិតអ្នកមិនព្រមគោរពកោតខ្លាចព្រះអម្ចាស់ ហើយនៅក្នុងចិត្តអ្នកមានសុទ្ធតែពុតត្បុត។