ជំពូក ៤៦
លោកយ៉ូស៊ូអា និងលោកកាលែប
1 លោកយ៉ូស៊ូអាជាកូនរបស់លោកនូន ជាយុទ្ធជនដ៏អង់អាច។ លោកបន្តមុខងារជាព្យាការីពីលោកម៉ូសេ។ ស្របតាមអត្ថន័យនៃឈ្មោះរបស់លោក លោកទៅជាវីរជនដ៏ឧត្តុង្គឧត្តម ដើម្បីសង្រ្គោះប្រជាជនដែលព្រះអម្ចាស់បានជ្រើសរើស។ លោកក៏ដាក់ទោសខ្មាំងសត្រូវដែលលើកគ្នាប្រឆាំងនឹងលោក ហើយនាំប្រជាជនអ៊ីស្រាអែលទៅកាន់កាប់ទឹកដីជាមត៌ក។ 2 លោកទទួលសិរីរុងរឿងប្រសើរណាស់! នៅពេលលោកលើកដៃ និងតម្រង់ដាវបម្រុងវាយដណ្តើមក្រុងនានា។ 3 តើមាននរណាម្នាក់មានចិត្តអង់អាចដូចលោកតាំងពីមុនមក? លោកជាអ្នកដឹកនាំការប្រយុទ្ធរបស់ព្រះអម្ចាស់។ 4 លោកធ្វើឲ្យព្រះអាទិត្យឈប់ធ្វើដំណើរ និងធ្វើឲ្យមួយថ្ងៃវែងដូចជាពីរថ្ងៃ។ 5 ពេលខ្មាំងសត្រូវព័ទ្ធលោកជុំវិញ លោកទូលអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះដ៏មានតេជានុភាពសព្វប្រការ ហើយព្រះអម្ចាស់ដ៏ឧត្តុង្គឧត្តម ព្រះអង្គព្រះសណ្តាប់លោក ដោយធ្វើឲ្យគ្រាប់ព្រឹលធំៗ ដែលមានកម្លាំងខ្លាំងក្លាធ្លាក់ចុះមក។ 6 លោកវាយសម្រុកលើកងទ័ពរបស់ខ្មាំងសត្រូវ ហើយបំផ្លាញពួកគេនៅពេលគេរត់ចុះតាមជម្រាលភ្នំ។ លោកធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ដទៃ ស្គាល់អាវុធគ្រប់យ៉ាងរបស់លោក ព្រោះជាតិសាសន៍ទាំងនោះ លើកគ្នាទៅច្បាំងនឹងព្រះអម្ចាស់ផ្ទាល់។ លោកតែងតែធ្វើតាមបញ្ជារបស់ព្រះដ៏មានប្ញទ្ធានុភាព។ 7 នៅសម័យលោកម៉ូសេ លោកបង្ហាញចិត្តស្មោះត្រង់រួមជាមួយលោកកាលែប ជាកូនរបស់លោកយេភូនេ ដោយប្រឆាំងនឹងសហគមន៍ ហើយឃាត់ប្រជាជនមិនឲ្យប្រព្រឹត្តអំពើបាប។ អ្នកទាំងពីរធ្វើឲ្យប្រជាជនលែងរអ៊ូរទាំ និយាយអាក្រក់ប្រឆាំងនឹងព្រះអង្គ។ 8 ហេតុនេះហើយ បានជាព្រះជាម្ចាស់សង្រ្គោះលោកទាំងពីរឲ្យរួចជីវិត ក្នុងចំណោមពលទាហានថ្មើរជើង ប្រាំមួយសែននាក់ ដើម្បីនាំប្រជាជនចូលទៅកាន់កាប់ទឹកដីដ៏សម្បូរសប្បាយ។ 9 ព្រះអម្ចាស់ប្រទានឲ្យលោកកាលែបមានកម្លាំងខ្លាំងក្លា រហូតដល់ចាស់ជរា ដើម្បីវាយដណ្តើមយកតំបន់ភ្នំដែលពូជពង្សរបស់លោក កាន់កាប់ទុកជាមត៌ក។ 10 ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ទទួលស្គាល់ថា ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ពិតជាការល្អប្រពៃ។
វីរបុរស
11 សូមនឹកដល់អស់លោកវីរបុរស ទាំងលើកតម្កើងព្រះអម្ចាស់ផង។ វីរបុរសគ្រប់ៗរូប មានឈ្មោះល្បីតាមរបៀបប្លែកៗពីគ្នា គឺពួកគេគ្មានចិត្តក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះអង្គឡើយ។ 12 ទោះបីធាតុរបស់អស់លោកនៅក្នុងផ្នូរក្តី សូមព្រះអម្ចាស់ប្រោសប្រទាន ឲ្យឈ្មោះអស់លោកប្រកបដោយសិរីរុងរឿង មានជីវិតជាថ្មីដោយសារកូនចៅរបស់ខ្លួនផង។
លោកសាម៉ូអែល
13 ព្រះអម្ចាស់ស្រឡាញ់លោកសាម៉ូអែលជាខ្លាំង។ លោកជាព្យាការីរបស់ព្រះអម្ចាស់ លោកតែងតាំងឲ្យមានស្តេចសោយរាជ្យ ហើយចាក់ប្រេងអភិសេកស្តេចជាច្រើនអង្គ ឲ្យត្រួតត្រាលើប្រជារាស្រ្តរបស់ព្រះអង្គ។ 14 លោកវិនិច្ឆ័យសហគមន៍អ៊ីស្រាអែលតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ ថែរក្សាពូជពង្សរបស់លោកយ៉ាកុប។ 15 ចិត្តស្មោះត្រង់របស់លោកបញ្ជាក់ថា លោកពិតជាព្យាការីមែន។ សេចក្តីទាំងប៉ុន្មានដែលលោកថ្លែង បញ្ជាក់ថា លោកពិតជាឃើញនិមិត្តហេតុគួរឲ្យជឿ។ 16 ពេលខ្មាំងសត្រូវលើកគ្នាពីគ្រប់ទិសទីមកប្រឆាំងនឹងលោក លោកទូលអង្វរព្រះអម្ចាស់ដ៏មានប្ញទ្ធានុភាព ទាំងយកកូនចៀមធ្វើជាយញ្ញបូជាផង។ 17 ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់ឮពីលើមេឃមក និងបន្លឺព្រះសូរសៀងលាន់ឮយ៉ាងខ្លាំង។ 18 លោកបំផ្លាញមេដឹកនាំរបស់ខ្មាំងសត្រូវ និងពួកស្តេចត្រាញ់ទាំងអស់របស់ជនជាតិភីលីស្ទីនដែរ។ 19 មុនពេលលោកចូលសម្រាន្តអស់កល្បជានិច្ច លោកបានប្រកាសជាសាធារណៈ នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអម្ចាស់ និងស្តេចថា «ខ្ញុំពុំដែលរឹបអូសយកទ្រព្យសម្បត្តិពីនរណាឡើយ សូម្បីតែស្បែកជើង ក៏ខ្ញុំមិនដែលយកដែរ»។ គ្មាននរណាចោទប្រកាន់ទោសលោកទេ។ 20 ទោះបីក្រោយពេលលោកចែកស្ថានក្តី ក៏លោកនៅតែថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ទៀតដែរ គឺលោកទូលស្តេចថា ព្រះអង្គត្រូវចូលទិវង្គត។ លោកថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ពីក្នុងដី ដើម្បីលុបលាងកំហុសរបស់ប្រជាជន។