ជំពូក ១២
ត្រូវរិះគិតពិចារណានៅពេលធ្វើទាន
1 ប្រសិនបើកូនធ្វើទានដល់អ្នកដទៃ ចូរពិចារណាឲ្យដឹងថា កូនធ្វើទានចំពោះមនុស្សប្រភេទណា ដូច្នេះ គេនឹងដឹងគុណកូន។
2 ប្រសិនបើកូនធ្វើទានដល់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ កូនមុខជាទទួលរង្វាន់ពុំខាន បើអ្នកនោះពុំសងគុណកូនទេ នោះព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានរង្វាន់ជំនួសវិញ។
3 ជនណានៅតែប្រព្រឹត្តអំពើអាក្រក់ ហើយមិនព្រមចែកទានដល់អ្នកក្រីក្រ ជននោះមិនជួបសុភមង្គលឡើយ។
4 ចូរចែកទានដល់អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ កុំជួយមនុស្សបាបជាដាច់ខាត។
5 ចូរធ្វើទានដល់អ្នកទន់ទាប កុំឲ្យរបស់អ្វីដល់មនុស្សទមិឡ កុំចែកអាហារឲ្យគេជាដាច់ខាត ក្រែងគេមានកម្លាំងវាយកូនវិញ គេនឹងសងនូវអំពើអាក្រក់ដល់កូន មួយទ្វេជាពីរ តបនឹងអំពើល្អ ដែលកូនបានប្រព្រឹត្តចំពោះគេ។
6 ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនសព្វព្រះហប្ញទ័យនឹងមនុស្សបាបឡើយ ព្រះអង្គតែងតែដាក់ទោសពួកគេស្របតាមអំពើដែលគេប្រព្រឹត្ត។
7 ចូរចែកទានដល់មនុស្សល្អ កុំជួយមនុស្សបាបឡើយ។
មិត្តសម្លាញ់ដ៏ស្មោះត្រង់ និងមិត្តសម្លាញ់ក្លែងក្លាយ
8 ពេលសុខសប្បាយយើងមិនដឹងថា នរណាជាមិត្តឡើយ ពេលមានទុក្ខ សត្រូវតែងតែបើកមុខ។
9 ពេលមនុស្សម្នាក់បានសុខសប្បាយ ពួកសត្រូវតែងតែក្រៀមក្រំ ពេលគេមានទុក្ខ សូម្បីតែមិត្តក៏ឃ្លាតទៅឆ្ងាយពីគេដែរ។ 10 កុំទុកចិត្តសត្រូវឲ្យសោះ ដ្បិតចិត្តដ៏កាចសាហាវរបស់វា ប្រៀបដូចជាស្ពាន ដែលមានដុះស្នឹម។
11 ទោះបីសត្រូវដាក់ខ្លួនសុភាពរាបសា ហើយដើរឱនយ៉ាងណាក្តី ក៏ត្រូវប្រយ័ត្នដែរ មិនត្រូវទុកចិត្តគេទេ។ ចូរកូនធ្វើដូចជាអ្នកដុសខាត់កញ្ចក់ ហើយតោងដឹងថា ស្នឹមស្ពាន់មិននៅជាប់រហូតឡើយ។
12 កុំយកសត្រូវមកដាក់នៅជិតខ្លួន ខ្លាចក្រែងគេផ្តួលរំលំកូន ដើម្បីដណើ្តមមុខតំណែង។ កុំយកគេមកអង្គុយខាងស្តាំកូន ក្រែងគេខំខ្នះខ្នែងដណើ្តមកៅអីរបស់កូន។ នៅពេលនោះ ទើបកូន យល់ថាពាក្យទូន្មានរបស់ឪពុកជាពាក្យត្រឹមត្រូវ កូននឹងនឹកចាំពាក្យសម្ដីរបស់ឪពុក ទាំងសោកស្តាយ។
13 តើនរណាអាណិតអាសូរគ្រូអាលម្ពាយដែលត្រូវពស់ចឹក តើនរណាអាណិតអាសូរអស់អ្នក ដែលចូលចិត្តទៅក្បែរសត្វសាហាវ? 14 គ្មាននរណាអាណិតអាសូរអ្នក ដែលសេពគប់ជាមួយមនុស្សបាប ហើយរងគ្រោះ ព្រោះតែអំពើអាក្រក់របស់គេ។
15 មនុស្សអាក្រក់នៅជាមួយកូន តែមួយភ្លែតប៉ុណ្ណោះ។ ពេលកូនមានទុក្ខ គេមិននៅជាមួយកូនទៀតទេ។
16 សត្រូវតែងតែពោលពាក្យសម្ដីផ្អែមល្អែម ប៉ុន្តែ ក្នុងចិត្តគេចង់ទម្លាក់កូនទៅក្នុងរណ្តៅ។ ជួនកាល គេរំភើបចិត្តរហូតដល់ហូរទឹកភ្នែក ប៉ុន្តែ ប្រសិនបើគេរកឱកាសបាន គេមុខជាហុតឈាមកូនពុំខាន។
17 ប្រសិនបើកូនជួបប្រទះគ្រោះកាច សត្រូវមកនៅទីនោះ ស្រេចទៅហើយ គេថារកលេសជួយកូន តែគេនឹងខ្ទាស់ជើងកូនឲ្យជំពប់ដួល។ 18 ពេលនោះ ទើបគេបើកមុខដ៏ពិតប្រាកដរបស់គេ គេទះដៃ និងងក់ក្បាលចំអកដាក់កូន ហើយដើរសំអុយឈ្មោះកូនគ្រប់បែបយ៉ាង។