ជំពូក ៣៧
អំពីមិត្តសម្លាញ់
1 មនុស្សគ្រប់ប្រភេទ តែងពោលថា៖ «ខ្ញុំក៏ជាមិត្តរបស់អ្នកដែរ!»។ ប៉ុន្តែ អ្នកខ្លះជាមិត្តតែមាត់ប៉ុណ្ណោះ។
2 ពេលណាមិត្តជិតស្និទ្ធក្លាយទៅជាសត្រូវ ពេលនោះ នឹងកើតទុក្ខស្ទើរតែស្លាប់ខ្លួន!។
3 តើការលំអៀងរបស់មនុស្ស ដែលនាំឲ្យប្រព្រឹត្តអំពើអាក្រក់ មានប្រភពពីណា? ការលំអៀងអាក្រក់នេះ បណ្តាលឲ្យមានការបោកបញ្ឆោតនៅលើផែនដីទាំងមូល។
4 មានអ្នកខ្លះធ្លាប់សប្បាយរួមជាមួយមិត្តសម្លាញ់របស់ខ្លួន ប៉ុន្តែ នៅពេលមានអាសន្ន បែរជាប្រឆាំងនឹងគេវិញ។
5 មានអ្នកខ្លះជួយរំលែកទុក្ខព្រួយមិត្តសម្លាញ់របស់ខ្លួន ដរាបណាមិត្តនោះចិញ្ចឹមគេ លុះដល់ពេលត្រូវប្រយុទ្ធ គេកាន់ខែលការពារខ្លួន។
6 កុំភ្លេចមិត្តសម្លាញ់របស់ខ្លួន ក្នុងពេលប្រយុទ្ធ ចូរនឹកគិតដល់គេ នៅពេលទទួលជយភណ្ឌ។
អំពីអ្នកផ្តល់យោបល់
7 ទីប្រឹក្សាណាក៏តែងតែអួតថា យោបល់របស់ខ្លួនប្រសើរជាងគេដែរ ប៉ុន្តែ មានទីប្រឹក្សាខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
8 កុំទុកចិត្តអ្នកដែលផ្តល់យោបល់ទ្បើយ។ ចូរដឹងជាមុនថា តើគាត់ត្រូវការអ្វី ដ្បិតគាត់ធ្វើគម្រោងការ ដើម្បីជាប្រយោជន៍របស់គាត់ ក្រែងលោគាត់យកសម្បត្តិរបស់កូន។
9 ពេលគាត់ពោលថា៖ «អ្នកប្រព្រឹត្តដូច្នេះល្អហើយ!» រួចគាត់នៅឆ្ងាយពីយើង ដើម្បីមើលថា តើមានកើតអ្វីចំពោះកូន។
10 កុំសួរយោបល់ពីអ្នកដែលមិនចង់ឲ្យកូនបានលើសគេ ចូរលាក់គម្រោងការចំពោះពួកអ្នកដែលច្រណែននឹងកូន។
11 កុំសួរយោបល់ស្រ្តីម្នាក់ អំពីប្រពន្ធចុងរបស់ប្តីទ្បើយ កុំសួរយោបល់មនុស្សកំសាកក្នុងការធ្វើសង្គ្រោម កុំសួរយោបល់ឈ្មួញអំពីការលក់ដូរ កុំសួរយោបល់អ្នកទិញ ពីតម្លៃដែលកូនចង់លក់។ កុំសួរយោបល់អ្នកដែលតែងតែច្រណែនឈ្នានីស អំពីការដឹងគុណ កុំសួរយោបល់មនុស្សឥតមេត្តា អំពីសេចក្តីសប្បុរស កុំសួរយោបល់មនុស្សខ្ជិលច្រអូសអំពីការងារ។ កុំសួរយោបល់កូនឈ្នួលដែលទទួលប្រាក់សម្រាប់មួយឆ្នាំ អំពីពេលធ្វើកិច្ចការរបស់ខ្លួន កុំសួរយោបល់អ្នកបម្រើកម្ជិល អំពីកិច្ចការដ៏ធំដុំទ្បើយ!។ កុំពឹងផ្អែកលើយោបល់របស់អ្នកទាំងនោះឲ្យសោះ!។
12 ផ្ទុយទៅវិញ ចូរឧស្សាហ៍នៅជាមួយអ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមនុស្សដែលកូនដឹងថា គេកាន់តាមវិន័យទាំងឡាយ ហើយមានចិត្តគំនិតដូចកូនដែរ។ ប្រសិនបើកូនបរាជ័យ គាត់នឹងជួយរំលែកទុក្ខកូនមិនខាន។
13 ចូរទុកចិត្តលើគម្រោងការ ដែលផុសចេញពីក្នុងចិត្តរបស់ខ្លួន ដ្បិតគ្មាននរណាស្មោះត្រង់នឹងកូន ជាងខ្លួនកូនទ្បើយ។
14 ធម្មតា សតិសម្បជញ្ញៈ តែងតែធ្វើឲ្យមនុស្សភ្ញាក់រលឹក ប្រសើរជាងមានអ្នកយាមប្រាំពីរនាក់ ដែលចាំឃ្លាំមើលនៅទីខ្ពស់។
15 ប៉ុន្តែ ជាពិសេស សូមអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គនាំកូនតាមមាគ៌ានៃសេចក្តីពិត។
ប្រាជ្ញាដ៏ពិតប្រាកដ
16 មុននឹងចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ ចូរពិភាក្សាគ្នាសិន។ មុននឹងធ្វើអ្វីមួយ ចូររិះគិតពិចារណាជាមុនដែរ។
17 គំនិតតែងតែដុះចេញពីក្នុងចិត្ត។
18 ចិត្តអាចបណ្តុះមែកធាងបួនយ៉ាងគឺ អំពើល្អ និងអំពើអាក្រក់ជីវិត និងសេចក្តីស្លាប់។ ប៉ុន្តែ មានតែអណ្តាតប៉ុណ្ណោះដែលសម្រេចកិច្ចការជានិច្ច។
19 មានអ្នកខ្លះពូកែអប់រំមនុស្សជាច្រើន ប៉ុន្តែ ចំពោះខ្លួនឯង ឥតបានការទាល់តែសោះ។
20 អ្នកខ្លះមានវោហារទាល់តែគេស្អប់ ហើយគេក៏មិនព្រមចែកអាហារឲ្យគាត់ដែរ។
21 ព្រះអម្ចាស់ ពុំប្រទានឲ្យគេពេញចិត្តនឹងគាត់ទេ ដ្បិតគាត់ខ្វះប្រាជ្ញាគ្រប់យ៉ាង។
22 អ្នកខ្លះប្រើប្រាជ្ញា សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន គេតែងតែទាញយកផលពីប្រាជ្ញាដ៏ឆ្លាតវាងវៃរបស់គេ ដើម្បីជាប្រយោជន៍របស់ខ្លួនគេផ្ទាល់។
23 អ្នកមានប្រាជ្ញារមែងតែងតែអប់រំ ប្រជាជនរបស់ខ្លួន។ មនុស្សម្នាតែងតែទទួលផលពីប្រាជ្ញារបស់គាត់ដែរ។
24 អ្នកមានប្រាជ្ញារមែងតែងតែទទួលពរយ៉ាងបរិបូណ៍ អស់អ្នកដែលឃើញគាត់តែងតែពោលថា គាត់មានអំណរសប្បាយ។
25 គេអាចរាប់ចំនួនថ្ងៃនៃជីវិតរបស់មនុស្សម្នាក់បាន ប៉ុន្តែ គេមិនអាចរាប់ចំនួនថ្ងៃនៃប្រជាជនអ៊ីស្រាអែលទ្បើយ។
26 អ្នកមានប្រាជ្ញា តែងទទួលការទុកចិត្តពីប្រជាជន ហើយឈ្មោះរបស់គាត់ នឹងស្ថិតនៅជារៀងរហូត។
អំពីការចេះប្រមាណ
27 កូនអើយ! ចូរពិសោធមើលចិត្តរបស់ខ្លួនអស់មួយជីវិតចុះ ចូរស្គាល់នូវអ្វីដែលអាក្រក់សម្រាប់កូន ហើយចូរបោះបង់ឲ្យឆ្ងាយពីកូន។
28 ដោយសារអ្វីៗ ទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ដល់មនុស្សទាំងអស់ទេ ហើយមនុស្សក៏មិនពេញចិត្តនឹងអ្វីៗទាំងអស់នោះដែរ។
29 ចូរកូនចេះប្រមាណ អំពីការសប្បាយគ្រប់យ៉ាង កុំធ្វើដូចជាអ្នកអត់ឃ្លាន ដែលស្រវារកម្ហូបអាហារនោះឡើយ។
30 ដ្បិតបរិភោគអាហារច្រើន បណ្តាលឲ្យកើតជំងឺ ហើយការបរិភោគច្រើនហួសហេតុ ក៏បណ្តាលឲ្យក្អួតចង្អោរដែរ។
31 មនុស្សជាច្រើនស្លាប់ ព្រោះបរិភោគច្រើនហួស រីឯអ្នកប្រុងប្រយ័ត្ន រមែងធ្វើឲ្យខ្លួនមានអាយុវែង។