ជំពូក ៤០
ទុក្ខវេទនារបស់មនុស្សលោក
1 ព្រះជាម្ចាស់ ធ្វើឲ្យមនុស្សម្នាក់ៗរមែងមានកង្វល់យ៉ាងធ្ងន់ធ្ងរ ព្រះអង្គដាក់នឹមដ៏ធ្ងន់លើស្មាមនុស្សលោក តាំងពីពេលកើតចេញពីផ្ទៃម្តាយ រហូតដល់ពេលត្រឡប់ទៅរកធរណី ដែលមាតារួមនៃសត្វលោកទាំងអស់វិញ។ 2 មនុស្សតែងតែរិះគិតទាំងភ័យខ្លាចពីថ្ងៃដែលគេត្រូវស្លាប់។ គេរង់ចាំថ្ងៃនោះទាំងអស់គ្នា។ 3 គឺតាំងពីស្តេចដែលគង់លើរាជបល្ល័ង្ក ប្រកបដោយសិរីរុងរឿង រហូតដល់អ្នកតូចតាចដែលអង្គុយលើដី និងនៅលើផេះ។ 4 តាំងពីអ្នកដែលពាក់ព្រះភូសាពណ៌ស្វាយ និងមកុដ រហូតដល់អ្នកក្រីក្រដែលស្លៀកបាវ។ 5 មនុស្សចេះតែខឹង ច្រណែន ឈ្នានីស ជ្រួលច្របល់ ភ័យខ្លាចស្លាប់ ចងគំនុំគុំកួន ការវិវាទគ្នា។ ពេលយប់ ការដេកគ្រាន់តែផ្លាស់ប្តូរកង្វល់ប៉ុណ្ណោះ។ 6 ពេលបានសម្រាកបន្តិច គេយល់សប្តិអាក្រក់ បណ្តាលឲ្យគេកើតទុក្ខថែមទៀត ដូចនៅពេលថ្ងៃ គេប្រៀបដូចជាទាហានដែលរត់ចោលសមរភូមិ។ 7 ពេលរំដោះរួចខ្លួន គេភ្ញាក់ទ្បើងទាំងនឹកឆ្ងល់ ដោយភ័យឥតបានការ។ 8 សត្វលោកទាំងអស់ ចាប់តាំងពីមនុស្សរហូតដល់សត្វ តែងតែជួបប្រទះនឹងទុក្ខលំបាក ប៉ុន្តែ អ្នកបាបរមែងតែងតែជួបប្រទះនឹងទុក្ខនោះ លើសពីគេប្រាំពីរដង 9 គឺសេចក្តីស្លាប់ ឃាតកម្ម ការវិវាទគ្នា សង្គ្រាម គ្រោះកាច ការអត់ឃ្លាន ការវិនាសអន្តរាយ។ 10 ព្រះជាម្ចាស់បង្កើតទុក្ខលំបាកទាំងនោះមក ដើម្បីដាក់ទោសជនពាល ហើយទឹកជំនន់កើតមក ក៏ព្រោះតែជនទាំងនោះដែរ។ 11 អ្វីៗដែលកើតពីដីមក ត្រូវត្រឡប់ទៅជាដីវិញ អ្វីៗដែលកើតពីទឹកមក ក៏វិលត្រឡប់ទៅសមុទ្រវិញដែរ។
ព្រះជាម្ចាស់បំបាត់ភាពអយុត្តិធម៌
12 សំណូកសូកប៉ាន់គ្រប់យ៉ាង និងអំពើអយុត្តិធម៌គ្រប់បែប ត្រូវតែវិនាសបាត់ទៅ រីឯសេចក្តីស្មោះត្រង់នឹងស្ថិតនៅអស់កល្បជានិច្ច។ 13 ទ្រព្យសម្បត្តិរបស់មនុស្សទុច្ចរិត រមែងតែងតែរីងស្ងួតដូចទឹកជ្រោះ និងត្រូវតែកន្លងទៅដូចផ្គរលាន់ នៅពេលភ្លៀងខ្លាំង។ 14 ពេលជនទុច្ចរិតវិនាសអន្តរាយ ដុំថ្មក៏សប្បាយរីករាយដែរ អស់អ្នកដែលបំពានធម្មវិន័យរបស់ព្រះជាម្ចាស់ មុខជាត្រូវវិនាសសូន្យមិនខាន។ 15 ពូជពង្សរបស់ជនពាលមិនបង្កើតមែកសាខាទ្បើយ ជនមិនបរិសុទ្ធប្រៀបដូចជាដើមឈើដែលចាក់ប្ញសលើថ្ម។ 16 ដើមត្រែងដែលដុះតាមមាត់ទន្លេ ត្រូវទឹកហូរកួចនាំយកទៅមុន ស្មៅផ្សេងៗទៀត។ 17 ផ្ទុយទៅវិញ ចិត្តសប្បុរស ប្រៀបដូចជាសួនឧទ្យានដែលទទួលព្រះពរ ហើយទាននឹងស្ថិតនៅជាដរាបតរៀងទៅ។
សម្បត្តិសួគ៌មានតម្លៃដ៏ខ្ពង់ខ្ពស់បំផុត
18 ការរស់នៅរបស់មនុស្សដែលមិនពឹងពាក់លើអ្នកដទៃ និងការរស់នៅរបស់អ្នកដែលមានកម្លាំងធ្វើការ ពិតជាសុខស្រួលមែន។ ប៉ុន្តែ អ្នកដែលឃើញកំណប់ រឹតតែសប្បាយប្រសើរជាងនេះទៅទៀត!។ 19 អ្នកមានកូនច្រើន ឬអ្នកសង់ក្រុងមួយ តែងតែមានកេរ្ដិ៍ឈ្មោះស្ថិតនៅជានិច្ច។ ប៉ុន្តែ ស្រ្តីគ្រប់លក្ខណ៍ ប្រសើរជាងកេរ្ដិ៍ឈ្មោះទាំងពីរនេះទៅទៀត។ 20 ស្រា និងតន្រ្តី តែងតែធ្វើឲ្យមនុស្សសប្បាយចិត្ត ប៉ុន្តែ ការស្រឡាញ់ប្រាជ្ញា តែងតែផ្តល់អំណរសប្បាយ លើសពីនេះទៅទៀត។ 21 ខ្លុយ និងពិណ តែងតែប្រគំភ្លេងយ៉ាងពីរោះ ប៉ុន្តែ ពាក្យសម្ដីល្អគួរសម ប្រសើរលើសពីនេះទៅទៀត។ 22 សម្ផស្ស និងលំអរបស់ស្រ្តី ធ្វើឲ្យគេចង់គយគន់ ប៉ុន្តែ រុក្ខជាតិខៀវខ្ចីនៅតាមវាលស្រែ ល្អប្រសើរលើសពីនេះទៅទៀត។ 23 មិត្តសម្លាញ់ និងគូកន រមែងតែងតែជួបគ្នាតាមពេលកំណត់ ប៉ុន្តែ គូស្វាមីភរិយា តែងតែជួបគ្នាលើសពីអ្នកទាំងពីរនេះទៅទៀត។ 24 បងប្អូន និងជនសប្បុរស រមែងតែងតែជួយគ្នានៅគ្រាមានអាសន្ន ទានដែលកូនចែកឲ្យអ្នកក្រ រឹតតែប្រសើរលើសពីនេះទៅទៀត។ 25 មាស និងប្រាក់ ធ្វើឲ្យមនុស្សបានខ្ពស់មុខ ប៉ុន្តែ ដំបូន្មាន រឹតតែល្អប្រសើរលើសពីនេះទៅទៀត។ 26 ទ្រព្យសម្បត្តិ្តស្តុកស្តម្ភ និងកម្លាំង រមែងតែងតែធ្វើឲ្យមនុស្សទុកចិត្តបាន ប៉ុន្តែ ការគោរពកោតខ្លាចព្រះអម្ចាស់ រឹតតែធ្វើឲ្យមនុស្សទុកចិត្តលើសពីនេះទៅទៀត។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ មិនខ្វះអ្វីទ្បើយ អ្នកនោះក៏មិនពឹងផ្អែកលើព្រះដទៃដែរ។ 27 ការគោរពកោតខ្លាចព្រះអម្ចាស់ ប្រៀបដូចជាសួនឧទ្យានដែលទទួលព្រះពរការពារមនុស្ស ប្រសើរជាងអ្នកមានសិរីរុងរឿងទៅទៀត។
ការសុំទាន
28 ម្នាលកូនអើយ! កុំរស់នៅដោយសុំទានគេជាដាច់ខាត! ស៊ូស្លាប់ប្រសើរជាងសុំទានគេ។ 29 មនុស្សដែលតែងតែរំពៃមើលតុរបស់អ្នកដទៃ ជីវិតរបស់គេមិនសមជាការរស់នៅរបស់មនុស្សទេ គេប្រឡាក់មាត់ដោយបរិភោគម្ហូបដែលខ្លួនមិនបានរក។ រីឯអ្នកដែលមានសុជីវធម៌ ហើយមានចំណេះដឹង នឹងចៀសវាងពីអំពើទាំងនោះ។ 30 ជនមិនចេះអៀនខ្មាសចូលចិត្តបរិភោគអាហារ ដែលសុំទានពីគេ ប៉ុន្តែ អាហារនេះជាដុំភ្លើងដែលដុតរោលក្នុងពោះរបស់គេទៅវិញ។