ជំពូក ១០

1 អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​អប់រំ​ប្រជាជន​របស់​ខ្លួន អំណាច​របស់​មនុស្ស​ឈ្លាស​វៃ នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច។
2 ប្រមុខ​រដ្ឋ​យ៉ាង​ណា មន្រ្តី​ក៏​យ៉ាង​នោះ​ដែរ។ អភិបាល​ក្រុង​យ៉ាង​ណា អ្នក​ក្រុង​ក៏​យ៉ាង​នោះ​ដែរ។
3 ស្ដេច​ដែល​ខ្វះ​ចំណេះ​ដឹង រមែង​នាំ​ប្រជា‌រាស្រ្ត​ឲ្យ​អន្ត‌រាយ អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​ធ្វើ​ឲ្យ​ក្រុង​បាន​រីក​ចម្រើន។
4 ព្រះ‌ជាម្ចាស់​មាន​អំណាច​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ត្រឹម​ត្រូវ នៅ​ពេល​ត្រូវ​ការ។ 5 មនុស្ស​បាន​ចម្រុង​ចម្រើន ដោយ​សារ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រទាន​កិតិ្តយស​ឲ្យ​តែង​ច្បាប់។

អ្នក​ក្រអឺត​ក្រទម

6 កុំ​ចង​គំនុំ​នឹង​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិ‌ធម៌​ចំពោះ​កូន កុំ​តប​ត​ទៅ​គេ​វិញ​ដោយ​ចិត្ត​ឃោរ​ឃៅ​ឡើយ។
7 ព្រះ‌អម្ចាស់ និង​មនុស្ស​លោក​រមែង​ស្អប់​ខ្ពើម​ការ​ក្រអឺត​ក្រទម។ ព្រះ‌អង្គ និង​មនុស្ស​តែង​ចាត់​ទុក​អំពើ​ឃោរ​ឃៅ ជា​អំពើ​ទុច្ច‌រិត។
8 អំពើ​ឃោរ​ឃៅ អំពើ​អយុតិ្ត‌ធម៌ និង​ការ​លោភ​លន់ តែង​តែ​ធ្វើ​ឲ្យ​រាជ្យ​អំណាច​ផ្ទេរ​ពី​ប្រជា‌ជាតិ​មួយ​ទៅ​ប្រជា‌ជាតិ​មួយ​ទៀត។
9 មនុស្ស​ដែល​កើត​ពី​ធូលី​ដី និង​ផេះ​សោះ ហេតុ​អ្វី​បាន​ជា​គេ​ក្រអឺត​ក្រទម​ដូច្នេះ? សូម្បី​តែ​ក្នុង​ពេល​គេ​មាន​ជីវិត ក៏​ក្នុង​ខ្លួន​របស់​គេ​មាន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អុយ​រលួយ​ដែរ!
10 សូម្បី​តែ​គ្រូ​ពេទ្យ ក៏​ត្រូវ​តែ​មាន​ជំងឺ​ធ្ងន់ ហើយ​សូម្បី​តែ​ស្ដេច​ដែល​សោយ​រាជ្យ​នៅ​ថ្ងៃ​នេះ ក៏​ត្រូវ​សោយ​ទិវង្គត​នៅ​ថ្ងៃ​សែ្អក​ដែរ។
11 ពេល​ស្លាប់​ទៅ មនុស្ស​ទទួល​យក​ដង្កូវ ជន្លេន និង​សត្វ​ល្អិត​ផ្សេងៗ​ទៀត​ទុក​ជា​មត៌ក។
12 មនុស្ស​ចាប់​ផ្តើម​ក្រអឺត​ក្រទម នៅ​ពេល​គេ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ខ្លួន។
13 អំពើ​បាប​ជា​ប្រភព​នៃ​ចិត្ត​អំនួត អ្នក​ដែល​នៅ​តែ​មាន​ចិត្ត​អួត​បំប៉ោង​ដូច្នេះ តែង​តែ​នាំ​ឲ្យ​កើត​មាន​ហេតុ‌ការណ៍​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​ច្រើន​អនេក។ ហេតុ​នេះ ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ផ្តន្ទា​ទោស​គេ​ជា​ទម្ងន់ ហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ពួក​អ្នក​ក្រអឺត​ក្រទម​ត្រូវ​វិនាស។
14 ព្រះ‌អម្ចាស់​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​បល្ល័ង្ក ហើយ​តែង​តាំង​មនុស្ស​ស្លូត​បូត ឲ្យ​គ្រង​រាជ្យ​ជំនួស​វិញ។
15 ព្រះ‌អម្ចាស់​គាស់​រំ​លើង​ប្រជា‌ជាតិ​នានា ចោល ហើយ​យក​មនុស្ស​ទន់​ទាប​មក​ដាក់​ជំនួស​វិញ។
16 ព្រះ‌អម្ចាស់​បំផ្លាញ​ទឹក​ដី នៃ​ប្រជា‌ជាតិ​នានា ហើយ​បំផ្លាញ​គេ​ដល់​គ្រឹះ​ផង។ 17 ព្រះ‌អង្គ​ដក​ពួក​គេ​ចេញ ពី​ក្នុង​ចំណោម​មនុស្ស​លោក ហើយ​បំផ្លាញ និង​លុប​បំបាត់​ពួក​គេ រហូត​ដល់​គ្មាន​នរណា​នឹក​នា​ដល់​ប្រជា‌ជាតិ​ទាំង​នោះ​ទៀត។
18 ព្រះ‌អម្ចាស់​ពុំ​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្រអឺត​ក្រទម​ឡើយ។ មនុស្ស​ក៏​មិន‌មែន​កើត​មក ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​កំហឹង​ដែរ។
19 តើ​ពូជ​ណា​ដែល​គួរ​ឲ្យ​គោរព? គឺ​ពូជ​មនុស្ស​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់! តើ​ពូជ​ណា​ដែល​មិន​គួរ​គោរព? គឺ​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះ‌អម្ចាស់!។
20 មេ​ដឹក​នាំ​តែង​តែ​ទទួល​ការ​គោរព ពី​ប្រជាជន ហើយ​គាត់​ក៏​តែង​តែ​គោរព​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដែរ។ 22 អ្នក​មាន​ក្ដី អ្នក​ធំ​ក្ដី ឬ​អ្នក​ក្រ​ក្ដី បាន​ខ្ពស់​មុខ គឺ​ដោយ​សារ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។
23 ការ​មើល​ងាយ​ជន​ក្រីក្រ​ដែល​មាន​ប្រាជ្ញា​ជា​អំពើ​អយុត្តិ‌ធម៌ រីឯ​ការ​លើក​កិត្តិយស​មនុស្ស​បាប ក៏​មិន​សម​រម្យ​ដែរ។
24 គេ​រមែង​លើក​កិតិ្តយស​អ្នក​ធំ អ្នក​ដឹក​នាំ និង​អ្នក​កាន់​អំណាច។ ប៉ុន្តែ ក្នុង​ចំណោម​លោក​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ប្រសើរ​ជាង​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ឡើយ។
25 អ្នក​បម្រើ​ប្រកប​ដោយ​ប្រាជ្ញា គង់​តែ​មាន​អ្នក​ជា​មក​បម្រើ​គាត់​វិញ​មិន​ខាន។ អ្នក​ចេះ​ដឹង​មិន​បន្ទោស​គេ ព្រោះ​តែ​ការ​នេះ​ទ្បើយ។

ចិត្ត​សុភាព​រាបសា

26 នៅ​ពេល​កូន​ធ្វើ​ការ​ងារ​របស់​ខ្លួន កុំ​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ ហើយ​ក៏​កុំ​វាយ​ប្ញក​នៅ​ពេល​កូន​ខ្វះ​ខាត​ដែរ។
27 អ្នក​ខំ​ធ្វើ​ការ ទទួល​បាន​កម្រៃ​ច្រើន​លើស​ពី​សេចក្តី​ត្រូវ​ការ ប្រសើរ​ជាង​អ្នក​វាយ​ប្ញក តែ​គ្មាន អាហារ​បរិភោគ។
28 កូន​អើយ! បើ​កូន​សរសើរ​ខ្លួន ចូរ​មាន​ចិត្ត​សុភាព​រាបសា កុំ​លើក​កិត្តិយស​ខ្លួន​ឲ្យ​ហួស​ពី​សមត្ថ‌ភាព។
29 គ្មាន​នរណា​យល់​ស្រប​នឹង​ជន​ដែល​ធ្វើ​បាប​ខ្លួន​ឯង​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​សរសើរ​ជន ដែល​បន្ទាប​បន្ថោក​ជីវិត​របស់​ខ្លួន​ដែរ។
30 គេ​តែង​តែ​លើក​តម្កើង​មនុស្ស​ក្រ‌ខ្សត់ ព្រោះ​តែ​ការ​ចេះ​ដឹង​របស់​គាត់ គេ​តែង​តែ​លើក​តម្កើង​អ្នក​មាន ព្រោះ​តែ​ទ្រព្យ​សម្បត្ដិ​របស់​គាត់។
31 ប្រសិន​បើ​គេ​លើក​តម្កើង​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​ក្រ‌ខ្សត់ លុះ​ដល់​ពេល​គាត់​ទៅ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ តើ​គាត់​នឹង​មាន​កិត្តិ‌យស​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​គេ​មើល​ងាយ​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ លុះ​ដល់​ពេល​គាត់​ធ្លាក់​ខ្លួន​ក្រ តើ​គេ​នឹង​មើល​ងាយ​យ៉ាង​ណា​ទៅ​ទៀត?