ជំពូក ២៤
ភាគទីបី
ពាក្យសសើរព្រះប្រាជ្ញាញាណ
1 ព្រះប្រាជ្ញាញាណលើកតម្កើងព្រះអង្គផ្ទាល់ ហើយសម្ដែងមោទនភាព ក្នុងចំណោមជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់ព្រះអង្គ។ 2 ព្រះប្រាជ្ញាញាណមានព្រះបន្ទូលក្នុងសហគមន៍របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយសម្ដែងមោទនភាព នៅចំពោះព្រះភ័ក្រ្តរបស់ព្រះដ៏មានតេជានុភាពថា៖
3 «យើងចេញពីព្រះឱស្ឋ របស់ព្រះ
ដ៏ខ្ពង់ខ្ពស់បំផុត
យើងប្រៀបដូចជាអ័ព្ទគ្របដណ្តប់ផែនដី។
4 យើងតាំងទីលំនៅឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
បល្ល័ង្ករបស់យើងស្ថិតនៅលើដុំពពក។
5 មានតែយើងទេ ដែលធ្វើដំណើរជុំវិញចក្រវាឡ
យើងក៏បានដើរនៅបាតមហាសមុទ្រដ៏ជ្រៅ។
6 យើងមានអំណាចគ្រប់គ្រងលើរលកសមុទ្រ
លើផែនដីទាំងមូល
លើប្រជាជន និងលើប្រជាជាតិនានា។
7 យើងស្វែងរកកន្លែងតាំងទីលំនៅ
រកស្រុកដើម្បីស្នាក់អាស្រ័យ។
8 ពេលនោះ ព្រះដែលបានបង្កើតពិភពទាំងមូល
មានព្រះបញ្ជាមកយើង
គឺព្រះដែលបានបង្កើតយើង ក៏បានប្រាប់យើង
អំពីកន្លែងដែលត្រូវតាំងទីលំនៅ។
ព្រះអង្គមានព្រះបន្ទូលមកយើងថា
“ចូរតាំងទីលំនៅក្នុងពូជពង្សរបស់យ៉ាកុប
ចូរយកទឹកដីអ៊ីស្រាអែល
ធ្វើជាចំណែកមត៌ករបស់ខ្លួន”។
9 ពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតយើង
ហើយយើងក៏នៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅដែរ។
10 យើងបានគោរពបម្រើព្រះអង្គ
ក្នុងព្រះពន្លាដ៏វិសុទ្ធនៅចំពោះព្រះភ័ក្រ្តព្រះអង្គ
ហើយយើងមកតាំងទីលំនៅជាប់លាប់
នៅលើភ្នំស៊ីយ៉ូន។
11 ព្រះអង្គប្រោស ឲ្យយើងសម្រាក
នៅក្រុងដ៏ជាទីស្រឡាញ់
ហើយយើងក៏មានអំណាចគ្រប់គ្រង
នៅក្រុងយេរូសាឡឹមទៀតផង។
12 យើងបានចាក់ប្ញស ក្នុងប្រជាជនមួយដ៏រុងរឿង
ហើយបានទទួលចំណែកមត៌កក្នុង
ព្រះរាជទ្រព្យរបស់ព្រះអម្ចាស់។
13 យើងចម្រើនទ្បើងដូចដើមតាត្រៅនៅភ្នំលីបង់
ដូចដើមស្រល់នៅភ្នំហ៊ែរម៉ូន។
14 ដូចដើមលម៉ើនៅអែនកេឌី
ឬដូចដើមយីថោនៅក្រុងយេរីខូ
ដូចដើមអូលីវដ៏ល្អប្រណីតក្នុងវាលទំនាប
យើងចម្រើនទ្បើងដូចដើមម៉ៃសាក់។
15 យើងសាយក្លិនក្រអូប ដូចសំបកសម្បុរល្វែង
ដូចកំបូរ ឬដូចជ័រល្វីងទេសដ៏មានតម្លៃ
ដូចជ័រកំញាន ដូចខ្លឹមច័ន្ទ
ឬដូចផ្សែងគ្រឿងក្រអូបក្នុងព្រះពន្លា។
16 យើងបែកមែកដូចដើមជ្រៃ
ជាមែកសាខាដ៏ល្អត្រសុំត្រសាយ។
17 យើងបានបង្កើតខ្នែងដ៏ល្អប្រណីត
ដូចដើមទំពាំងបាយជូរ
ផ្ការបស់យើងបានបង្កើតផ្លែល្អៗ
យ៉ាងបរិបូណ៌។
19 អស់អ្នកដែលប៉ងប្រាថ្នាចង់បានយើង
សូមអញ្ជីញមករកយើង!
ចូរពិសាភោគផលរបស់យើងឲ្យឆ្អែត!
20 ដ្បិតការនឹកគិតដល់យើង ផ្អែមជាងទឹកឃ្មុំ
ហើយទទួលយើង ទុកជាចំណែកមត៌ក
ឆ្ងាញ់ជាងរកសំបុកឃ្មុំទៅទៀត។
21 អ្នកបរិភោគ យើងរមែងតែងតែឃ្លាន
ចង់បរិភោគថែមទៀត។
អ្នកភ្លក់រសជាតិរបស់យើង
ក៏រមែងស្រេកចង់ផឹកថែមទៀតដែរ។
22 អ្នកស្តាប់បង្គាប់យើង មិនត្រូវអាម៉ាស់មុខទេ
អ្នកធ្វើការរួមជាមួយយើងក៏មិនប្រព្រឹត្ត
អំពើបាបដែរ។
ព្រះប្រាជ្ញាញាណ និងវិន័យ
23 សេចក្តីទាំងអស់ខាងលើនេះ មានចែងទុកក្នុងគម្ពីរនៃសម្ពន្ធមេត្រីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺគម្ពីរវិន័យដែលលោកម៉ូសេបានបង្គាប់ឲ្យយើងគោរពតាម គឺកេរមត៌កនៅក្នុងសាលាប្រជុំ*របស់កូនចៅលោកយ៉ាកុប។
25 វិន័យផ្តល់ប្រាជ្ញាយ៉ាងសម្បូណ៌ហូរហៀរ ដូចទន្លេពីសូន ឬទន្លេទីគ្រីស ដែលកំពុងជោរនៅរដូវផ្ការីក។
26 វិន័យផ្តល់ចំណេះដឹងដ៏ពោរពេញ ដូចទន្លេអឺប្រាត ឬដូចទន្លេយ័រដាន់ ជន់លិចមាត់ច្រាំង នៅរដូវចម្រូត។
27 វិន័យផ្តល់ចំណេះវិជ្ជាយ៉ាងទូលំទូលាយ ដូចទន្លេនីល ឬដូចទន្លេគីហូន នៅរដូវបេះផ្លែទំពាំងបាយជូរ។
28 គ្មាននរណាអាចស្គាល់វិន័យសព្វគ្រប់ទ្បើយ តាំងពីអ្នកដើមដំបូង រហូតដល់អ្នកចុងក្រោយបំផុត គ្មាននរណាម្នាក់អាចយល់ពីអត្ថន័យដ៏ជ្រៅរបស់វិន័យនេះទេ។
29 តំរិះរបស់ព្រះប្រាជ្ញាញាណ ធំទូលំទូលាយជាងមហាសាគរ ហើយគម្រោងការរបស់ព្រះអង្គមានអត្ថន័យជ្រៅជាងបាតសមុទ្រទៅទៀត។
30 ចំណែកឯខ្ញុំវិញ ខ្ញុំប្រៀបដូចជាប្រឡាយដែលនាំទឹកពីទន្លេមក ឬដូចជាព្រែកដែលហូរចាក់ចូលទៅក្នុងសួនឧទ្យាន។
31 ខ្ញុំនឹកគិតថា ខ្ញុំនឹងស្រោចសួនរបស់ខ្ញុំ ព្រមទាំងបញ្ចូលទឹកឲ្យលិចសួនច្បារនោះ ស្រាប់តែប្រឡាយរបស់ខ្ញុំប្រែទៅជាទន្លេ ហើយទន្លេរបស់ខ្ញុំក៏ប្រែទៅជាសមុទ្រ។
32 ពេលនោះ ខ្ញុំធ្វើឲ្យសេចក្តីប្រៀនប្រដៅរបស់ខ្ញុំបញ្ចេញពន្លឺរស្មី ដូចពន្លឺថ្ងៃរះ ខ្ញុំនឹងជះពន្លឺនៃដំបូន្មានរបស់ខ្ញុំទៅទីឆ្ងាយ។
33 ខ្ញុំនឹងផ្សព្វផ្សាយសេចក្តីដែលខ្ញុំបង្រៀនដូចជាព្រះបន្ទូលថ្លែងក្នុងនាមរបស់ព្រះជាម្ចាស់ ហើយទុកពាក្យទាំងនេះជាកេរមត៌កដល់កូនចៅជំនាន់ក្រោយៗ។
34 អ្នករាល់គ្នាឃើញស្រាប់ហើយ! ខ្ញុំនឿយហត់ដូច្នេះ ពុំមែនសម្រាប់តែខ្ញុំម្នាក់ទេ គឺសម្រាប់អស់អ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ។