ពាក្យ​លំនាំ

លោក​បេន‌ស៊ីរ៉ាក់

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​នេះ​ឈ្មោះ «យេស៊ូ បេន‌ស៊ីរ៉ាក់» គឺ​លោក​យេស៊ូ (ភាសា​ហេប្រឺ យ៉ូ‌ស៊ូអា) ជា​កូន​របស់​លោក «ស៊ីរ៉ាក់»។ លោក​ជា​បណ្ឌិត​ខាង​វិន័យ (ធម្មា‌ចារ្យ) ម្នាក់​ដែល​បង្រៀន គម្ពីរ‌វិន័យ​នៅ​ក្រុង​យេរូ‌សាឡឹម​ប្រហែល​នៅ​ឆ្នាំ ១៨០​មុន​គ.ស. គឺ​មុន​ពេល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​ការ​បៀត​បៀន​ប្រជាជន​អ៊ីស្រា‌អែល (ឆ្នាំ ១៧៥​មុន​គ.ស)។ លោក​ស្រឡាញ់​ព្រះ‌គម្ពីរ ហើយ​យក​មក​រិះ​គិត និង​ប្រតិ‌បត្ដិ​តាម។ លោក​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដង គេ​ចាត់​ទុក​លោក​ជា​អ្នក​ប្រាជ្ញា​មួយ​រូប។ លុះ​ពេល​លោក​ចាស់ លោក​ក៏​បាន​ចង​ក្រង​សេចក្ដី​ដែល​លោក​បង្រៀន​នោះ ជា​លាយ​លក្ខណ៍​អក្សរ។ លោក​និពន្ធ​កណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ហេប្រឺ តែ​ច្បាប់​ដើម​ដែល​លោក​សរសេរ​នោះ បាន​បាត់​ទៅ​ហើយ។ គេ​រក​ឃើញ​តែ​អត្ថបទ​ខ្លះៗ​ប៉ុណ្ណោះ។ ប្រហែល​ឆ្នាំ ១៣០​មុន​គ.ស. ចៅ​របស់​លោក​បាន​បក​ប្រែ​កណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ក្រិក។ កណ្ឌ​គម្ពីរ​បេន‌ស៊ីរ៉ាក់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សហ‌គមន៍​យូដា និង​ក្នុង​សហ‌គមន៍​គ្រីស្ត​បរិស័ទ​តាំង​ពី​ដើម​រៀង​មក ជា​ពិសេស​សម្រាប់​អប់រំ​អ្នក​ដែល​ទើប​នឹង​ជឿ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ត​បរិស័ទ​តែង​តែ​ហៅ​កណ្ឌ​គម្ពីរ​នេះ​ថា «កណ្ឌ​នៃ​ព្រះ‌សហគមន៏» (Ecclesiasticus) រហូត​ដល់​ចុង​សតវត្ស​ទី​ម្ភៃ។

នៅ​ជំនាន់​លោក​បេន‌ស៊ីរ៉ាក់​និពន្ធ​កណ្ឌ​នេះ គឺ​ជា​សម័យ​ដែល​អរិយ‌ធម៌​ក្រិក ជា​អរិយ‌ធម៌​អន្តរ‌ជាតិ កំពុង​ជ្រៀត​ចូល​គ្រប់​វិស័យ​ក្នុង​សង្គម​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សរសេរ​កណ្ឌ​នេះ ក្នុង​គោល​បំណង​ការ‌ពារ​សាសនា និង​អរិយ‌ធម៌​យូដា ដែល​ជា​កេរ​អាករ​ដ៏​ថ្លៃ​ថ្នូរ​របស់​ប្រជា‌រាស្រ្ត​នៃ​ព្រះ‌ជាម្ចាស់ ឲ្យ​នៅ​គង់​វង្ស។ លោក​ខិត​ខំ​ណែ​នាំ​ជន​ជាតិ​យូដា​ឲ្យ​ដឹង​ថា គេ​មាន​អរិយ‌ធម៌ ល្អ​ប្រសើរ​ជាង​អរិយ‌ធម៌​ក្រិក​ទៅ​ទៀត។ លោក​ចង​ក្រង​សេចក្ដី​រិះ‌គិត​របស់​លោក ដើម្បី​អប់រំ​ពួក​យុវជន​ឲ្យ​ប្រតិ‌បត្ដិ​តាម​របៀប​ដែល​គាប់​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈទេសៈ។

កណ្ឌ​នេះ​អាច​ចែក​ជា​ប្រាំ‌ភាគ ប្រៀប​ដូច​ជា​កូន​សៀវភៅ​ប្រាំ។ ក្នុង​ភាគ​ទី​ប្រាំ លោក​បេន‌ស៊ីរ៉ាក់ កោត​សរសើរ​ប្ញទ្ធា‌នុភាព និង​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង‌អស់។ បន្ទាប់​មក លោក​សរសើរ​មនុស្ស​ដ៏​ល្បី​ល្បាញ​មួយ​ចំនួន​នៃ​ប្រជាជន​អ៊ីស្រា‌អែល។

លោក​បេន‌ស៊ីរ៉ាក់​យល់​ឃើញ​ថា មនុស្ស​ប្រកប​ដោយ​ប្រាជ្ញា​រមែង​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ សុច‌រិត និង​ទៀង​ត្រង់ ទាំង​ក្នុង​រង្វង់​ក្រុម​គ្រួសារ ទាំង​ក្នុង​សង្គម។ ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់ ណែ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ដ៏​ពិត​ប្រាកដ។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល នៅ​ពេល​ព្រះ‌អង្គ​ប្រទាន​គម្ពីរ‌វិន័យ​ឲ្យ​លោក​ម៉ូសេ។