ជំពូក ៧
ដំបូន្មានសម្រាប់ការរស់នៅប្រចាំថ្ងៃ
1 កុំប្រព្រឹត្តអំពើអាក្រក់ចំពោះអ្នកដទៃ នោះគ្មាននរណាប្រព្រឹត្តអាក្រក់ចំពោះកូនឡើយ។
2 កុំប្រព្រឹត្តអំពើអយុត្តិធម៌ នោះក៏គ្មាននរណាប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះកូនដែរ។
3 ប្រសិនបើសាបព្រោះអំពើទុច្ចរិត កូននឹងទទួលផលអាក្រក់ ដល់ទៅប្រាំពីរដង។
4 កុំទូលសូមព្រះអម្ចាស់ ប្រទានអំណាចដល់កូន ហើយក៏កុំសូមព្រះរាជាតែងតាំងកូន ជាមន្ត្រីដែរ។
5 កុំតាំងខ្លួនជាមនុស្សសុចរិត នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអម្ចាស់ឡើយ ហើយក៏កុំតាំងខ្លួនជាអ្នកមានប្រាជ្ញានៅចំពោះព្រះភ័ក្រ្តស្តេចដែរ។ 6 ប្រសិនបើកូនពុំអាចបំបាត់អំពើអយុត្តិធម៌ទេ ចូរកុំប៉ងប្រាថ្នា ចង់ធ្វើជាចៅក្រមឡើយ។ បើពុំនោះទេ អ្នកកាន់អំណាចមុខជាអូសទាញកូន ហើយកូនក៏លែងជាមនុស្សទៀងត្រង់ដែរ។
7 កុំបំផ្លាញផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងក្រុងជាមួយកូន កុំបន្ថោកខ្លួនឯងនៅចំពោះមុខមហាជន។
8 កុំប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា ដល់ទៅពីរដងឡើយ ព្រោះអំពើបាបទីមួយ បណ្តាលឲ្យកូនមានទោសរួចស្រេចទៅហើយ។
9 កុំពោលថា «ព្រះដ៏ខ្ពង់ខ្ពស់បំផុតមុខជាទតឃើញតង្វាយដ៏ច្រើនរបស់ខ្ញុំ ហើយព្រះអង្គមុខជាសព្វព្រះហប្ញទ័យនឹងតង្វាយដែលខ្ញុំថ្វាយ»។
10 កុំខ្មាសអៀននៅពេលកូនអធិដ្ឋាន កុំធ្វេសប្រហែសនឹងចែកទានដល់អ្នកក្រខ្សត់។
11 កុំចំអកដាក់មនុស្សដែលកើតទុក្ខ ចូរនឹកឃើញដល់ព្រះអង្គដែលបន្ទាបមនុស្ស ឬលើកមនុស្សឲ្យខ្ពស់មុខទើ្បងវិញ។
12 កុំប្រើល្បិចកល បោកប្រាសបងប្អូនរបស់កូនឡើយ ហើយក៏កុំបោកប្រាសមិត្តភក្ដិរបស់កូនដែរ។ 13 ចូរកុំភូតកុហកឲ្យសោះ អ្នកដែលចេះតែភូតកុហករមែងទទួលផលអាក្រក់។
14 ពេលកូនចូលរួមក្នុងអង្គប្រជុំរបស់ព្រឹទ្ធាចារ្យ កុំនិយាយផ្តេសផ្តាស ពេលកូនទូលអង្វរព្រះអម្ចាស់កុំពោលពាក្យច្រំដែលៗឡើយ។
15 កុំស្អប់ការលំបាក ឬការធ្វើស្រែចម្ការឡើយ ព្រោះព្រះដ៏ខ្ពង់ខ្ពស់បំផុត បានបង្កើតការទាំងនោះសម្រាប់យើងរាល់គ្នា។
16 កុំសេពគប់ជាមួយក្រុមអ្នកបាបឡើយ ចូរនឹកចាំថាព្រះជាម្ចាស់មុខជាព្រះពិរោធពុំខាន។
17 ចូរដាក់ខ្លួនឲ្យទាប ដ្បិតពួកទមិទ្បនឹងត្រូវទទួលទោសដោយភ្លើង និងដង្កូវ។
មិត្តភក្ដិ និងគ្រួសារ
18 កុំបោះបង់ចោលមិត្តភក្ដិ ព្រោះតែចង់បានប្រាក់ឡើយ ហើយក៏កុំបោះបង់ចោលបងប្អូនបង្កើត ព្រោះតែចង់បានមាសសុទ្ធដែរ។
19 កុំរួញរានឹងរៀបការជាមួយស្រ្តីសុភាពរាបសា និងមានចិត្តសប្បុរសឡើយ ព្រោះគុណសម្បត្ដិរបស់នាងប្រសើរជាងមាសទៅទៀត។
20 កុំធ្វើបាបអ្នកបម្រើ ដែលធ្វើការដោយស្មោះត្រង់ កុំធ្វើបាបកូនឈ្នួលដែលធ្វើការអស់ពីចិត្តដែរ។
21 ប្រសិន បើកូនស្រឡាញ់អ្នកបម្រើណាម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃ កុំបដិសេធនឹងផ្តល់ឲ្យគេមានសេរីភាពឡើយ។
22 ប្រសិនបើកូនមានហ្វូងសត្វ ចូរមើលថែទាំវា ហើយបើកូនទទួលផលពីហ្វូងសត្វទាំងនោះ ចូររក្សាទុកឲ្យគង់វង្ស។
23 ប្រសិនបើកូនមានកូនចៅ ចូរអប់រំវា ចូរប្រៀនប្រដៅពួកវា តាំងពីនៅក្មេងទៅ។
24 ប្រសិនបើកូនមានកូនស្រី ចូរមើលរក្សាខ្លួននាងឲ្យនៅព្រហ្មចារី កុំបណ្តោយតាមចិត្តនាងពេក។ 25 ចូរទុកដាក់នាង ឲ្យមានគូស្រករនោះអ្នកនឹងបំពេញកិច្ចការមួយដ៏ប្រសើរ។ ប៉ុន្តែ ចូរលើកនាងឲ្យបុរសដែលមានប្រាជ្ញាវាងវៃ។
26 ប្រសិនបើកូនបានរៀបការជាមួយ ភរិយា ដែលគាប់ចិត្តកូន កុំលែងលះនាងឡើយ។ កុំទុកចិត្តលើភរិយាដែលកូនមិនស្រឡាញ់ឲ្យសោះ។
27 ចូរលើកកិត្តិយសរបស់ឪពុក ដោយស្មោះអស់ពីចិត្ត កុំបំភ្លេចការឈឺចាប់របស់ម្តាយ នៅពេលបង្កើតអ្នកមកនោះឡើយ។ 28 ចូរនឹកចាំថាកូនមានជីវិត ដោយសារគាត់ទាំងពីរ។ តើកូនត្រូវធ្វើយ៉ាងណា ដើម្បីតបស្នងសងគុណគាត់?។
ករណីយកិច្ចចំពោះបូជាចារ្យ
29 ចូរគោរពប្រណិប័តន៍ព្រះអម្ចាស់ឲ្យអស់ពីដួងចិត្ត ហើយសម្ដែងសេចក្តីគោរព ចំពោះបូជាចារ្យរបស់ព្រះអង្គផង។
30 ចូរស្រឡាញ់ព្រះដែលបានបង្កើតកូន ឲ្យអស់ពីកម្លាំង កុំធ្វេសប្រហែសនឹងអស់លោកដែលបម្រើព្រះអង្គ។
31 ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយលើកតម្កើងបូជាចារ្យផង ចូរជូនចំពោះលោក នូវចំណែកដែលព្រះអង្គបញ្ជាដល់កូនស្រាប់ គឺផលដំបូងនៃដំណាំ យញ្ញបូជាលោះបាប សាច់ចំទ្បកនៃសត្វ ដែលថ្វាយជាយញ្ញបូជាតង្វាយម្សៅ និងចំណែកដែលត្រូវញែកពីផលដំបូង ថ្វាយព្រះជាម្ចាស់។
ករណីយកិច្ចចំពោះអ្នកក្រខ្សត់
32 ចូរចែកទានដល់អ្នកក្រខ្សត់ ដើម្បីឲ្យព្រះជាម្ចាស់ប្រទានពរដល់កូនយ៉ាងពេញលេញ។
33 ចូរចែកទានដល់អស់អ្នក ដែលនៅរស់ដោយអនុគ្រោះ សូម្បីតែបុគ្គលដែលទើបនឹងចែកស្ថានទៅហើយ ក៏កុំបដិសេធក្នុងការជួយបញ្ចុះសពគេឲ្យបានសមរម្យដែរ។
34 កុំគេចចេញពីអ្នកកំពុងយំ ផ្ទុយទៅវិញ ចូរចូលរួមជាមួយអ្នកកាន់ទុក្ខ។
35 ចូរឧស្សាហ៍ទៅសួរសុខទុក្ខអ្នកជំងឺ ធ្វើដូច្នេះគេមុខជាស្រឡាញ់រាប់អានកូន។
36 ក្នុងគ្រប់អំពើដែលកូនធ្វើ ចូរនឹកគិតដល់គ្រាអវសាននៃជីវិតរបស់កូន នោះកូនមុខជាមិនប្រព្រឹត្តអំពើបាបអ្វីឡើយ។