ជំពូក ១៣
អ្នកមាន
1 អ្នកដែលប៉ះពាល់ជ័រ តែងតែស្អិតជាប់ដៃ រីឯអ្នកដែលសេពគប់នឹងមនុស្សអួតបំប៉ោង ក៏ក្លាយទៅជាមនុស្សអួតបំប៉ោងដែរ។
2 កុំចង់លើកអ្វីដែលធ្ងន់ហួសកម្លាំង កុំសេពគប់នឹងអ្នកដែលខ្លាំងជាងកូន ឬអ្នកដែលមានទ្រព្យច្រើនជាងកូន។ តើឆ្នាំងដី និងឆ្នាំងដែកនៅជាមួយគ្នាកើតឬ? បើគ្រាន់តែប៉ះគ្នា ឆ្នាំងដីនឹងបែកភ្លាម។
3 ប្រសិនបើអ្នកមានប្រព្រឹត្តអំពើអយុត្តិធម៌លើជនណាម្នាក់ គាត់តែងតែខឹងរករឿងគេ រីឯអ្នកក្រខ្សត់វិញ ប្រសិនបើគាត់រងនូវអំពើអយុត្តិធម៌ គាត់ត្រូវតែសុំទោសគេថែមទៀត។
4 អ្នកមានតែងតែប្រើកូន នៅពេលណាគេយល់ថា កូនផ្តល់ផលប្រយោជន៍ឲ្យគេ ពេលណាកូនធ្លាក់ខ្លួនក្រ គេនឹងបោះបង់ចោលកូន។ 5 បើកូនមានទ្រព្យ គេនឹងរស់នៅជាមួយកូន គេនឹងបង្ហិនបង្ហោចកូន ដោយគ្មានស្តាយស្រណោះអ្វីឡើយ។ 6 ប្រសិនបើគេត្រូវការកូន គេបញ្ឆោតកូន គឺគេញញឹមដាក់កូន ដើម្បីលើកទឹកចិត្តកូន គេនឹងបញ្ជោរកូនទាំងសួរថា «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីជូន?»។ 7 គេនឹងបញ្ចុកបន្ស៊ីកូនជាញឹកញាប់ បណ្តាលឲ្យកូនអៀនខ្មាសរហូតទាល់តែចាយវាយទ្រព្យសម្បត្តិខ្លួនឯងអស់ពីរ ឬបីដង នៅទីបញ្ចាប់ គេចំអកដាក់កូន។ ពេលក្រោយ កាលគេឃើញកូន គេហាក់ដូចជាមិនស្គាល់ ហើយគ្រវីក្បាលដាក់កូនទៀតផង។
8 ចូរប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតកូនបានឡើយ! កុំឲ្យត្រូវអាម៉ាស់ ព្រោះតែកូនមិនបានគិតគូរ។
9 ពេលអ្នកធំអញ្ជើញកូនទៅផ្ទះគេ កុំប្រញាប់យល់ព្រមពេក ធ្វើដូច្នេះ គេមុខជាទទូចអង្វរកូនមិនខាន។ 10 កុំចេះតែទៅរកគេពេក ក្រែងលោគេដេញកូនចេញពីផ្ទះ ហើយក៏កុំនៅឆ្ងាយពីគេពេកដែរ ក្រែងលោគេភ្លេចកូន។ 11 កុំអួតខ្លួនថា អាចនិយាយជាមួយអ្នកធំ ដូចនិយាយជាមួយ អ្នកដែលមានឋានៈស្មើគ្នាឡើយ ហើយក៏កុំទុកចិត្ត លើពាក្យទាំងឡាយរបស់គេដែរ ដ្បិតគេនិយាយច្រើន ដើម្បីល្បងលមើលចិត្តរបស់កូន សូម្បីតែពេលគេញញឹម ក៏គេស្ទង់មើលចិត្តរបស់កូនដែរ។
12 អ្នកដែលមិនចេះទប់មាត់ គ្មានចិត្តអាណិតអាសូរទេ គេមិនធ្វើឲ្យកូនចៀសផុតពីការវាយដំ ឬពីជាប់ច្រវាក់ឡើយ។
13 ចូរប្រុងប្រយ័ត្នឲ្យមែនទែន ដ្បិតកូនកំពុងដើរនៅកន្លែងកំពុងមានគ្រោះថ្នាក់។
អ្នកមាន និងអ្នកក្រ
15 សត្វតែងតែចូលចិត្តសត្វ ដែលមានប្រភេទដូចគ្នា រីឯមនុស្សវិញ ក៏ចូលចិត្តមនុស្សដែលមានចរិតដូចគ្នាដែរ។
16 សត្វតែងតែនៅជុំគ្នា ជាមួយសត្វ ដែលមានពូជដូចគ្នា រីឯមនុស្សក៏តែងតែសេពគប់ជាមួយមនុស្សដែលមានលក្ខណៈដូចគ្នាដែរ។
17 តើចចក និងកូនចៀមនៅជាមួយគ្នាបានឬទេ? មនុស្សបាប និងអ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ មានលក្ខណៈដូចគ្នាត្រង់ណា? 18 ចចក និងឆ្កែអាចរស់ជាមួយគ្នា ដោយសុខសាន្តបានឬទេ តើអ្នកមាន និងអ្នកក្រអាចចុះសំរុងគ្នាកើតឬ?។
19 នៅវាលរហោស្ថាន សិង្ហតែងតែចាប់សត្វលាព្រៃមកធ្វើជាអាហារ។ យ៉ាងណាមិញ អ្នកមានតែងតែត្របាក់លេបអ្នកក្រ។
20 អ្នកក្រអឺតក្រទម តែងតែស្អប់ខ្ពើមមនុស្សទន់ទាប អ្នកមានក៏តែងតែស្អប់ខ្ពើមអ្នកក្រដែរ។
21 ពេលអ្នកមានភ្លាត់ជើង មិត្តភក្ដិរបស់គាត់ជួយទប់ ពេលអ្នកក្រដួលដល់ដី មិត្តភក្ដិរបស់គាត់មិនអើពើឡើយ។
22 ពេលអ្នកមានធ្វើខុស មនុស្សជាច្រើនការពារគាត់ ប្រសិនគាត់ពោលពាក្យផ្តេសផ្តាស គេថាគាត់និយាយត្រឹមត្រូវ។ ពេលអ្នកក្រធ្វើខុសគេស្តីបន្ទោសគាត់ ប្រសិនបើគាត់ពោលពាក្យសមហេតុផល គ្មាននរណាចាប់អារម្មណ៍ទេ។ 23 ពេលអ្នកមានទើ្បងនិយាយ គេនៅស្ងៀម ហើយស្ងើចសរសើរពាក្យសម្ដីរបស់គាត់គ្រប់គ្នា។ ពេលអ្នកក្រទើ្បងនិយាយ អ្នកផងសួរថា «អ្នកនេះជាស្អី»? ប្រសិនបើគាត់ភ្លាត់ជើង គេនឹងច្រានគាត់ ឲ្យដួលតែម្តង។
24 ទ្រព្យជារបស់ល្អប្រសើរ លុះត្រាតែគេរកបាន ដោយសុចរិត រីឯភាពក្រីក្រដែលបណ្តាលមកពីព្រះជាម្ចាស់ផ្តន្ទាទោស នោះគ្មានអ្វីល្អប្រសើរឡើយ។
25 ចិត្តគំនិតល្អ ឬអាក្រក់របស់មនុស្ស តែងតែធ្វើទឹកមុខគេប្រែជាល្អ ឬអាក្រក់។
26 ទឹកមុខញញឹម តែងតែបង្ហាញពីចិត្តគំនិតល្អ។ ប៉ុន្តែ ដើម្បីបង្កើតសុភាសិតល្អ ត្រូវខំប្រឹងរិះគិតឲ្យបានម៉ត់ចត់។