ជំពូក ៤៤

ពាក្យ​កំណាព្យ​សរសើរ​បុព្វ‌បុរស

1 ឥឡូវ​នេះ យើង​នាំ​គ្នា​សរសើរ​តម្កើង​វីរ‌បុរស​ដ៏​ល្បី គឺ​បុព្វ‌បុរស​របស់​យើង​គ្រប់​ជំនាន់​រៀង​មក។ 2 ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​សិរី​រុង‌រឿង​ដ៏​ធំធេង ឲ្យ​អស់​លោក គឺ​វីរ‌បុរស​ទាំង​អស់​តាំង​ពី​ដើម​រៀង​មក។ 3 មាន​ស្តេច​គ្រប់​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​របស់​ខ្លួន មាន​កិត្តិ‌នាម​ល្បី​ល្បាញ ព្រោះ​តែ​ប្ញទ្ធិ​អំណាច​របស់​ខ្លួន។ មាន​អ្នក​ធ្វើ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​របស់​ខ្លួន ហើយ​បាន​ទស្សន៍​ទាយ​ពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​តាម​ក្រោយ។ 4 មាន​អ្នក​ខ្លះ​ដឹក​នាំ​ប្រជាជន ដោយ​ផ្តល់​យោបល់ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ប្រៀន​ប្រដៅ​គេ​នូវ​ពាក្យ​ពោរ​ពេញ​ដោយ​ប្រាជ្ញា។ 5 មាន​អ្នក​ខ្លះ​ចេះ​តែង​បទ​ចម្រៀង​យ៉ាង​ពីរោះ ហើយ​ជា​កវី​និពន្ធ​កំណាព្យ។ 6 អ្នក​ខ្លះ​មាន​អំណាច​ដោយ​សារ​ទ្រព្យ‌សម្បត្តិ គេ​រស់​នៅ​ក្នុង​ផ្ទះ​ដោយ​សេចក្តី​សុខ​សាន្ត។ 7 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ទទួល​ការ​សរសើរ ពី​ប្រជាជន​ដែល​រស់​នៅ​ជំនាន់​របស់​គេ។ គាត់​មាន​ឈ្មោះ​ល្បី​ពេល​គាត់​មាន​ជីវិត​នៅ​ឡើយ។ 8 ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ​ពោល​សរសើរ​ពី​កិត្តិនាម​របស់​គាត់។ 9 មាន​អ្នក​ខ្លះ​ទៀត ពេល​គាត់​បាត់​បង់​ជីវិត​ទៅ​គ្មាន​នរណា​នឹក​នា​ឡើយ ឈ្មោះ​របស់​គេ​ត្រូវ​បាត់​សូន្យ​ឈឹង ហាក់​ដូច​ជា​គេ​មិន​បាន​កើត​ទាល់​តែ​សោះ កូន​ចៅ​របស់​គេ​ក៏​ដូច្នោះ​ដែរ។ 10 រីឯ​បុព្វ‌បុរស​យើង ជា​មនុស្ស​មាន​ចិត្ត​សប្បុរស មនុស្ស​ជំនាន់​ក្រោយ មិន​បំភ្លេច​អំពើ​សុចរិត​របស់​អស់​លោក​ឡើយ។ 11 ទ្រព្យ‌សម្បត្តិ​របស់​គាត់​ត្រូវ​ផ្ទេរ​ឲ្យ​ពូជ​ពង្ស​គាត់ គឺ​កូន​ចៅ​គាត់​ក៏​បាន​ទទួល​កេរ​មត៌ក​ពី​គាត់​ដែរ។ 12 ពូជ​ពង្ស​របស់​គាត់​កាន់​តាម​សម្ពន្ធ‌មេត្រី​ជា‌និច្ច ដោយ​សារ​គាត់​កូន​ចៅ​របស់​គាត់​ក៏​កាន់​តាម​គាត់​ដែរ។ 13 ពូជ​ពង្ស​របស់​គាត់​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​របស់​គាត់ មិន​សាប​សូន្យ​ឡើយ។ 14 សព​របស់​គាត់​បាន​សម្រាក​ក្នុង​ផ្នូរ​ដោយ​សុខ​សាន្ត រីឯ​ឈ្មោះ​របស់​គាត់​ស្ថិត​ស្ថេរ​នៅ​ជា​រហូត​តរៀង​ទៅ។ 15 ប្រជា‌ជាតិ​ទាំង‌ឡាយ​ពោល​រៀប​រាប់​អំពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​ក៏​សរសើរ​តម្កើង​គាត់​ដែរ។

លោក​ហេណុក

16 លោក​ហេណុក​គាប់​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់ ទើប​ព្រះ‌អង្គ​លើក​លោក​ឲ្យ​ទៅ​នៅ​ជា​មួយ។ លោក​បែរ​ចិត្ត​ទៅ​រក​ព្រះ‌អង្គ នឹង​ទៅ​ជា​គំរូ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។

លោក​ណូអេ

17 ព្រះ‌ជាម្ចាស់​យល់​ឃើញ​ថា លោក​ណូអេ​ជា​មនុស្ស​សុចរិត​ឥត​ខ្ចោះ។ ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ គឺ​លោក​ជា​អ្នក​បន្ត​ពូជ​របស់​មនុស្ស​ជាតិ។ នៅ​ពេល​ទឹក​ជំនន់​លិច​លង់ លោក​ធ្វើ​ឲ្យ​មាន​មនុស្ស​សេស​សល់​នៅ​លើ​ផែន​ដី។ 18 ព្រះ‌ជាម្ចាស់​ចង​សម្ពន្ធ‌មេត្រី​អស់​កល្ប‌ជានិច្ច ជា​មួយ​មនុស្ស​លោក​ដោយ​សន្យា​ថា មិន​ឲ្យ​សត្វ​លោក​វិនាស​អន្ត‌រាយ​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ។

លោក​អប្រាហាំ

19 លោក​អប្រាហាំ​ជា​បុព្វ‌បុរស​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ប្រជា‌ជាតិ​ជា​ច្រើន។ គ្មាន​នរណា​មាន​សិរី​រុង‌រឿង​ដូច​លោក​ទេ។ 20 លោក​កាន់​តាម​ធម្ម‌វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក។ លោក​ដាក់​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី នៅ​ក្នុង​ខ្លួន​លោក ហើយ​ពេល​ព្រះ‌អង្គ​ល្បង​ល​ចិត្ត​លោក ព្រះ‌អង្គ​យល់​ឃើញ​ថា លោក​ជា​មនុស្ស​ស្មោះ‌ត្រង់។ 21 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​លោក​ថា ប្រជា‌ជាតិ​នានា​នឹង​ទទួល​ពរ​ដោយ​សារ​ពូជ​ពង្ស​របស់​លោក។ ព្រះ‌អង្គ​ក៏​បង្កើន​ពូជ​ពង្ស​របស់​លោក​ឲ្យ​មាន​ចំនួន​ដូច​ធូលី​ដី ហើយ​លើក​តម្កើង​ពូជ​ពង្ស​របស់​គាត់​ឲ្យ​បាន​ដូច​ផ្កាយ​នៅ​លើ​មេឃ ព្រម​ទាំង​ទឹក​ដី​របស់​ពួក​គេ​ឲ្យ​លាត​សន្ធឹង តាំង​ពី​សមុទ្រ​មរណៈ​រហូត​ដល់​សមុទ្រ​មេឌីទែ‌រ៉ាណេ តាំង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។

លោក​អ៊ីសាក និង​លោក​យ៉ាកុប

22 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​មក​លោក​អ៊ីសាក​តាម​របៀប​ដដែល ដោយ​យោគ​យល់​ដល់​លោក​អប្រាហាំ​ជា​ឪពុក។ 23 បន្ទាប់​មក ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​ទាំង​អស់ តាម‌រយៈ​លោក​យ៉ាកុប ព្រម​ទាំង​តែង​តាំង​លោក​ឲ្យ​បន្ត​សម្ពន្ធ‌មេត្រី​ជា​មួយ​មនុស្ស​លោក​ដែរ។ ព្រះ‌អង្គ​បញ្ជាក់​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​លោក ហើយ​ប្រគល់​ទឹក​ដី​ឲ្យ​លោក​ទុក​ជា​មត៌ក​ផង។ ព្រះ‌អង្គ​ចែក​ទឹក​ដី​នេះ​ជា​ដប់​ពីរ​ចំណែក ប្រគល់​ឲ្យ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ។

លោក​ម៉ូសេ

ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​ដ៏​សប្បុរស​ម្នាក់ ចេញ​ពី​ពូជ​ពង្ស​របស់​លោក​យ៉ាកុប អ្នក​នោះ​ក៏​គាប់​ចិត្ត​របស់​មនុស្ស​ទាំង​អស់​ដែរ។