ជំពូក ៣៩
ពាក្យសរសើរធម្មាចារ្យ
1 អ្នកយកចិត្តទុកដាក់រិះគិតពិចារណាអំពីធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនមែនដូចជាងទាំងនោះទេ! អ្នកនោះរមែងតែងតែស្វែងយល់អំពីប្រាជ្ញារបស់ព្រឹទ្ធាចារ្យពីបុរាណ ហើយក៏ចូលចិត្តអានពាក្យដែលព្យាការីបានចែងទុកដែរ។ 2 អ្នកនោះចងចាំតែរឿងនិទាន អំពីវីរបុរសល្បីល្បាញ និងរិះគិតពិចារណាលើពាក្យប្រស្នាដ៏ជ្រៅជ្រះ។ 3 គាត់ស្វែងយល់ពីអត្ថន័យ ដ៏លាក់កំបាំងនៃសុភាសិត ហើយរិះគិតតែពីពាក្យ ប្រស្នាដ៏ជ្រៅជ្រះអស់មួយជីវិត។ 4 ដូច្នេះគាត់អាចជួយបម្រើអ្នកធំៗ ហើយគេតែងឃើញគាត់ នៅក្នុងចំណោមអ្នកដឹងនាំ។ គេចាត់ឲ្យគាត់ធ្វើដំណើរទៅស្រុកនៃប្រជាជាតិដទៃ ព្រោះគាត់មានបទពិសោធដឹងអ្វីល្អ និងអ្វីអាក្រក់ក្នុងចិត្តមនុស្ស។ 5 តាំងពីព្រលឹម គាត់ផ្ចង់ចិត្ត ទៅរកព្រះអម្ចាស់ដែលបង្កើតគាត់ ហើយទូលអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុតផង។ គាត់ពោលពាក្យអធិដ្ឋានអង្វរព្រះអង្គ ហើយសូមព្រះអង្គលើកលែងទោសចំពោះអំពើបាបរបស់គាត់។ 6 ប្រសិនបើព្រះអម្ចាស់ដ៏ឧត្តុងឧត្តមសព្វព្រះហប្ញទ័យ គាត់នឹងពោរពេញដោយប្រាជ្ញាឈ្លាសវៃ។ គាត់ពោលសុទ្ធតែពាក្យប្រកបដោយប្រាជ្ញា ហើយក្នុងពេលអធិដ្ឋាន គាត់នឹងសរសើរតម្កើងព្រះអម្ចាស់ដែរ។ 7 ព្រះអង្គបំភ្លឺការវិនិច្ឆ័យ និងចំណេះដឹងរបស់គាត់ ឲ្យបានត្រឹមត្រូវ។ គាត់នឹងរិះគិតអំពីការអាថ៌កំបាំងព្រះជាម្ចាស់។ 8 គាត់នឹងបង្ហាញការយល់ដឹងដែលគាត់បានទទួល ហើយគាត់នឹងខ្ពស់មុខដោយសារវិន័យនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ 9 មនុស្សជាច្រើនសរសើរលើកតម្កើងប្រាជ្ញារបស់គាត់ ហើយមិនបំភ្លេចចោលគាត់ទ្បើយ។ គេចងចាំគាត់ជាដរាបកេរ្ដិ៍ឈ្មោះរបស់គាត់ស្ថិតនៅគ្រប់តំណ តរៀងទៅ។ 10 ប្រជាជាតិទាំងឡាយ នឹងរៀបរាប់ពីប្រាជ្ញារបស់គាត់ ហើយសហគមន៍នឹងសរសើរតម្កើងគាត់ដែរ។ 11 ប្រសិនបើគាត់មានអាយុវែង គាត់នឹងបន្សល់ទុកកេរ្ដិ៍ឈ្មោះដ៏ល្បីរុងរឿងប្រសើរជាងមនុស្សមួយពាន់នាក់ទៅទៀត។ ប្រសិនបើគាត់ទទួលមរណភាព គាត់នឹងស្កប់ចិត្តហើយ។
ពាក្យសរសើរតម្កើងព្រះជាម្ចាស់
12 ក្រោយពីបានរិះគិតពិចារណារួចហើយ ខ្ញុំមានគំនិតយ៉ាងច្រើន ដែលខ្ញុំចង់ប្រាប់ឲ្យដឹងថា ខ្ញុំប្រៀបដូចជាព្រះចន្ទពេញបូរមី។ 13 ម្នាលកូនដ៏វិសុទ្ធអើយ! ចូរត្រងត្រាប់ស្តាប់ពុក ហើយចម្រើនទ្បើង ដូចកូឡាបដែលដុះតាមមាត់ទឹក។ 14 ចូរសាយភាយគន្ធពិដោរ ដូចក្លិនគ្រឿងក្រអូប ចូរចម្រើនទ្បើងដូចផ្កាម្លិះកំពុងរីក។ ចូរបន្លឺសំឡេងច្រៀងរួមគ្នា ហើយលើកតម្កើងព្រះអម្ចាស់ចំពោះគ្រប់កិច្ចការដែលព្រះអង្គបានប្រព្រឹត្ត។ 15 ចូរប្រកាសព្រះនាមដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ហើយចូរសរសើរព្រះអង្គដោយច្រៀង និងដេញពិណ។ ចូរកូនពោលពាក្យអរព្រះគុណព្រះអង្គដូចតទៅ៖ 16 ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ល្អប្រពៃ! បទបញ្ជានីមួយរបស់ព្រះអង្គតែងតែសម្រេចតាមពេលកំណត់។ 17 មិនត្រូវសួរថា «តើនេះជាអ្វី?» «ហេតុអ្វីបានជាការណ៍នេះកើតទ្បើងដូច្នេះ?» នោះទេ ដ្បិតអ្វីៗទាំងអស់នឹងត្រូវដោះស្រាយតាមកាលកំណត់។ ពេលព្រះអង្គបញ្ជា ទឹកក៏ឈប់នៅនឹងថ្កល់ដូចជាគំនរ ព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋ នោះទឹកប្រមូលគ្នានៅក្នុងស្រះ។ 18 ពេលព្រះអង្គចេញបញ្ជា អ្វីៗក៏សម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គដែរ គ្មាននរណាអាចរារាំងនឹងការសង្រ្គោះរបស់ព្រះអង្គទ្បើយ។ 19 ព្រះអង្គទតមើលសព្វកិច្ចការដែលមនុស្សប្រព្រឹត្ត គ្មាននរណាអាចគេចផុតពីព្រះនេត្ររបស់ព្រះអង្គទ្បើយ។ 20 ព្រះអង្គពិនិត្យមើលអ្វីៗតាំងពីដើមរៀងមក រហូតអស់កល្បជានិច្ច គ្មានអ្វីដែលព្រះអង្គងឿងឆ្ងល់ទ្បើយ។ 21 មិនត្រូវសួរថា «តើនេះជាអ្វី?» «ហេតុអ្វីបានជាការណ៍នេះកើតទ្បើងដូច្នេះ?» ដ្បិតព្រះអង្គបង្កើតអ្វីទាំងអស់សុទ្ធតែមានប្រយោជន៍។ 22 ព្រះពររបស់ព្រះអង្គ ប្រៀបបាននឹងទឹកទន្លេដែលកំពុងជន់ទ្បើង ឬដូចទឹកជំនន់ ដែលស្រោចស្រពផែនដី។ 23 ប្រជាជាតិនានាធ្វើឲ្យព្រះអង្គព្រះពិរោធ ដូចគ្រាដែលព្រះអង្គធ្វើឲ្យទីកន្លែងដែលមានទឹកបរិបូរណ៍ ទៅជាវាលរហោស្ថាន។ 24 ប្រជារាស្រ្តដ៏វិសុទ្ធយល់ឃើញថា មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់ រីឯជនពាលវិញឃើញមានតែឧបសគ្គ។ 25 តាំងពីដើមរៀងមក ព្រះជាម្ចាស់បានបង្កើតអ្វីៗដែលល្អសម្រាប់មនុស្សល្អ និងអ្វីៗដែលអាក្រក់សម្រាប់មនុស្សបាប។ 26 អ្វីដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ជីវិត គឺទឹក ភ្លើង ដែក អំបិល ម្សៅ ទឹកដោះ ទឹកឃ្មុំ ស្រាទំពាំងបាយជូរ ប្រេង សម្លៀកបំពាក់។ 27 អ្វីៗទាំងនោះ មានប្រយោជន៍សម្រាប់មនុស្សដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែ ប្រែក្លាយទៅជាអាក្រក់ សម្រាប់មនុស្សបាបវិញ។ 28 ព្រះជាម្ចាស់បង្កើតខ្យល់ខ្លះ ដើម្បីដាក់ទោសអ្នកបាបដែលមិនប្រតិបត្តិតាមព្រះអង្គ ពេលខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យមានគ្រោះកាចកាន់តែធ្ងន់ធ្ងរ។ នៅគ្រាដែលព្រះជាម្ចាស់បំផ្លាញជនអាក្រក់ ខ្យល់ទាំងនោះជះកំហឹង ហើយបន្ធូរព្រះពិរោធរបស់ព្រះដែលបង្កើតវាផង។ 29 ព្រះជាម្ចាស់បង្កើតភ្លើង ព្រឹល ទុរ្ភិក្ស និងសេចក្តីស្លាប់ ដើម្បីដាក់ទោសមនុស្សទុច្ចរិត។ 30 ចង្កូមរបស់សត្វសាហាវ ខ្យាដំរី ពស់វែក ដាវ ដាក់ទោសប្រហារជីវិតជនពាល។ 31 អ្វីៗទាំងនោះសុទ្ធតែសប្បាយរីករាយ ដោយធ្វើតាមបញ្ជារបស់ព្រះអង្គ។ នៅលើផែនដី ពួកវាត្រៀមខ្លួនបម្រើព្រះអង្គជានិច្ច ប្រសិនបើព្រះអង្គត្រូវការ។ ពេលកំណត់មកដល់ ពួកវាតែងតែគោរពតាមព្រះបញ្ជារបស់ព្រះអង្គ។ 32 ហេតុនេះហើយបានជាខ្ញុំមានគំនិតច្បាស់លាស់តាំងពីដើមរៀងមក រួចខ្ញុំរិះគិតពិចារណា ហើយចារទុកជាលាយលក្ខណ៍អក្សរ។ 33 ស្នាព្រះហស្តរបស់ព្រះអម្ចាស់សុទ្ធតែល្អទាំងអស់។ ព្រះអង្គចាត់ចែងតាមសេចក្តីត្រូវការ និងតាមពេលវេលា។ 34 មិនត្រូវពោលថា អ្វីអាក្រក់ជាងអ្វីទ្បើយ ដ្បិតគេទទួលស្គាល់ថា អ្វីៗទាំងអស់សុទ្ធតែល្អ តាមពេលកំណត់របស់ខ្លួន។ 35 ឥទ្បូវនេះ ចូរបន្លឺសំឡេងយ៉ាងខ្លាំង ច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ឲ្យអស់ពីចិត្ត។