ជំពូក ៤២
1 ចូរអៀនខ្មាសដោយពោលសេចក្តីដែលកូនបានឮ ព្រមទាំងបើកកកាយសេចក្តីអាថ៌កំបាំងដល់អ្នកដទៃ។ ក្នុងករណីទាំងនោះ កូនត្រូវអៀនខ្មាសមិនហ៊ានធ្វើ ហើយមនុស្សទាំងអស់នឹងចូលចិត្តកូនជាពុំខាន។ មានករណីផ្សេងទៀតដែលកូនមិនត្រូវអៀនខ្មាស ប៉ុន្តែ កុំយកការទាំងនោះធ្វើជាលេស ដើម្បីប្រព្រឹត្តអំពើបាបឡើយ។ 2 កុំអៀនខ្មាសនឹងប្រព្រឹត្តតាមធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយកាន់តាមសម្ពន្ធមេត្រីផង។ កុំអៀនខ្មាសនឹងវិនិច្ឆ័យសាសន៍ដទៃស្លូតត្រង់ឡើយ។ 3 កុំអៀនខ្មាសនឹងគិតបញ្ជីប្រាក់ពីគូកន ឬអ្នកដំណើរ។ កុំអៀនខ្មាសនឹងចែកមត៌កជាមួយអ្នកដទៃ។ 4 កុំអៀនខ្មាសដោយប្រើជញ្ជីងត្រឹមត្រូវ កុំអៀនខ្មាសដោយចំណេញច្រើន ឬតិច។ 5 កុំអៀនខ្មាសនឹងប្រាក់ចំណេញ ដែលបានមកពីការលក់ដូរ កុំអៀនខ្មាសនឹងការវាយប្រៀនប្រដៅកូនជាញឹកញយ ឬយករំពាត់វាយអ្នកបម្រើអាក្រក់ រហូតដល់ចេញឈាមឡើយ។ 6 ប្រសិនបើកូនពុំអាចទុកចិត្តភរិយាបាន ឬប្រសិនបើនៅ ផ្ទះមានមនុស្សច្រើនពេក ចូរយករបស់មានតម្លៃទៅចាក់សោរទុក។ 7 អ្វីដែលកូនផ្ញើទុកនឹងគេត្រូវរាប់ និងថ្លឹងជាមួយគេ ហើយអ្វីដែលកូនផ្ញើ ឬទទួលពីគេមកវិញ ចូរកត់ត្រាសេចក្តីទាំងអស់ទុកជាលាយលក្ខណ៍អក្សរផង។ 8 កុំអៀនខ្មាសនឹងវាយប្រដៅមនុស្សលេលា និងជនល្ងីល្ងើ ឬចាស់ព្រឹទ្ធាចារ្យដែលគេចោទប្រកាន់ថា វក់នឹងកាមគុណ។ ធ្វើដូច្នេះ កូនពិតជាសម្ដែងឲ្យដឹងថា កូនបានទទួលការអប់រំត្រឹមត្រូវ ហើយមនុស្សម្នានឹងសរសើរកូនទៀតផង។
កង្វល់របស់ឪពុកចំពោះកូនស្រីខ្លួន
9 កូនស្រីរមែងតែងតែធ្វើឲ្យឪពុកដេកមិនលក់។ អ្នកនោះមិននិយាយអ្វីទេ តែក្តីកង្វល់ធ្វើឲ្យគាត់ដេកមិនលក់។ ពេលនាងនៅក្មេង ឪពុករបស់នាងខ្លាចនាងហួសអាយុរៀបអាពាហ៍ពិពាហ៍។ ពេលនាងរៀបអាពាហ៍ពិពាហ៍រួច គាត់ភ័យខ្លាចប្តីមិនស្រឡាញ់នាង។ 10 ពេលនាងនៅក្រមុំព្រហ្មចារី គាត់ខ្លាចនាងត្រូវគេលួងលោមបោកប្រាស់ ហើយមានផ្ទៃនៅក្នុងផ្ទះរបស់គាត់ដោយគ្មានប្តី។ ពេលរស់នៅជាមួយប្តី គាត់ខ្លាចនាងក្បត់ចិត្តប្តី ឬគាត់ខ្លាចថា នាងទៅជាស្រីអារ។ 11 ចូរខិតខំឃ្លាំមើលកូនស្រីដែលមិនចេះប្រមាណខ្លួន ខ្លាចក្រែងសត្រូវរបស់កូនចំអកដាក់កូនព្រោះតែនាង និងអ្នកក្រុងនិយាយបរិហារកេរ្តិ៍ ព្រមទាំងប្រជាជននាំគ្នាសើចចំអក ហើយកូននឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង នៅក្នុងអង្គប្រជុំព្រោះតែនាង។
ត្រូវប្រយ័ត្ននឹងស្រ្តី
12 កុំគន់មើលសម្ផស្សរបស់មនុស្សឲ្យសោះ កុំអង្គុយនៅក្នុងចំណោមស្រ្តីៗ 13 ដ្បិតសត្វល្អិតដែលចេញពីសម្លៀកបំពាក់យ៉ាងណា សេចក្តីអាក្រក់ក៏ចេញមកពីស្រ្តីយ៉ាងនោះដែរ។ 14 សេចក្តីអាក្រក់របស់បុរសប្រសើរជាងចិត្តល្អរបស់ស្រ្តី។ ស្រ្តីរមែងធ្វើឲ្យអាម៉ាស់ និងបណ្តាលឲ្យអ្នកដទៃជេរប្រមាថមើលងាយ។
ភាគទី ៥
ភាពថ្កុំថ្កើង និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
15 ឥឡូវនេះ ខ្ញុំសូមលើកអំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់គឺខ្ញុំនឹងរៀបរាប់អំពីអ្វីដែលខ្ញុំបានឃើញ។ ស្នាព្រះហស្តរបស់ព្រះអម្ចាស់សុទ្ធតែកើតឡើងដោយសារព្រះបន្ទូលព្រះអង្គ ហើយអ្វីៗដែលកើតជារូបរាងឡើងមកនោះ ក៏ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គដែរ។ 16 ព្រះអាទិត្យរះឡើងបំភ្លឺអ្វីៗទាំងអស់ ហើយស្នាព្រះហស្តរបស់ព្រះអម្ចាស់ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ 17 សូម្បីតែពួកទេវទូតក៏ពុំអាចរៀបរាប់ ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ឡើយ គឺព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ បានចាក់គ្រឹះដ៏រឹងមាំ ដើម្បីពង្រឹងពិភពទាំងមូល ឲ្យនៅស្ថិតស្ថេរក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ 18 ព្រះអម្ចាស់ស្ទង់ទាំងជម្រៅសមុទ្រ ទាំងចិត្តមនុស្ស។ ព្រះអង្គឈ្វេងយល់ពីគំនិតលាក់កំបាំងរបស់គេ ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតជ្រាបសេចក្តីទាំងអស់។ ព្រះអង្គក៏ទតមើលអស់ហ្វូងតារាដែលព្រះអង្គបង្កើតដើម្បីកំណត់ពេលវេលា។ 19 ព្រះអង្គក៏ប្រកាសដំណឹងពីអតីតកាល និងអនាគតកាល។ ព្រះអង្គសម្ដែងអាថ៌កំបាំងទាំងឡាយ។ 20 គ្មានគំនិតណាមួយដែលព្រះអង្គមិនជ្រាបនោះទេ ហើយក៏គ្មានពាក្យសម្ដីណាមួយ ដែលលាក់កំបាំងព្រះអង្គដែរ។ 21 ព្រះអង្គចាត់ចែងស្នាព្រះហស្ត ដ៏ឧត្តុង្គឧត្តមនៃព្រះប្រាជ្ញាញាណយ៉ាងល្អប្រពៃ ដ្បិតព្រះអង្គគង់នៅតាំងពីដើមរៀងមក ជាដរាបតរៀងទៅ។ គ្មាននរណាដក ឬបន្ថែមអ្វីលើស្នាព្រះហស្តព្រះអង្គបានឡើយ។ ព្រះអង្គមិនត្រូវការឲ្យនរណាថ្វាយយោបល់ព្រះអង្គទេ។ 22 ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែគួរស្ងើចសរសើរក្រៃលែង សូម្បីតែផ្កាភ្លើងដ៏តូចបំផុតដែលភ្នែកអាចមើលឃើញ ក៏គួរឲ្យស្ងើចសរសើរដែរ។ 23 ស្នាព្រះហស្តទាំងនោះ សុទ្ធតែមានជីវិត ហើយស្ថិតនៅអស់កល្បជានិច្ច ត្រៀមចាំគោរពតាមព្រះបញ្ជា និងតាមសេចក្តីត្រូវការ។ 24 អ្វីៗទាំងអស់សុទ្ធតែមានគូរបស់វា ព្រះអង្គមិនបង្កើតអ្វីដែលមិនពេញលក្ខណៈនោះទេ។ 25 សត្វលោកនីមួយៗ បំពេញអត្ថប្រយោជន៍គ្នាទៅវិញទៅមក។ យើងរំពឹងគិតពីសេចក្តីនេះ ដោយសប្បាយរហូត។