ជំពូក ៤៨

ព្យាការី​អេលី

1 ព្យាការី​អេលី​ងើប​ឡើង​ដូច​ភ្លើង ពាក្យ​សម្ដី​របស់​លោក ភ្លឺ​ដូច​ចន្លុះ​ក្នុង​ពេល​យប់។ 2 លោក​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល។ លោក​ស្រឡាញ់​ព្រះ‌ជាម្ចាស់​យ៉ាង​ខ្លាំង លោក​ធ្វើ​ឲ្យ​ប្រជាជន​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ 3 តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ លោក​ធ្វើ​ឲ្យ​មេឃ​រាំង ហើយ​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ចំនួន​បី​ដង​ដែរ។ 4 ព្យាការី​អេលី​អើយ! លោក​ប្រកប​ដោយ​សិរី​រុង‌រឿង ដោយ​សារ​តែ​លោក​សម្ដែង​បាដិ​ហារិយ៍ តើ​នរណា​អាច​ប្រៀប​ស្មើ​នឹង​លោក​បាន? 5 លោក​ប្រោស​មនុស្ស​ស្លាប់​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ 6 លោក​ទម្លាក់​ស្តេច​ជា​ច្រើន​អង្គ ឲ្យ​វិនាស​អន្ត‌រាយ ព្រម​ទាំង​ទម្លាក់​មេ​ដឹក​នាំ​ឲ្យ​ធ្លាក់​ពី​មុខ​តំណែង​របស់​ខ្លួន​ដែរ។ 7 នៅ​លើ​ភ្នំ​ស៊ីណៃ លោក​ឮ​ព្រះ‌អម្ចាស់​ស្តី​បន្ទោស​លោក។ នៅ​លើ​ភ្នំ​ហូរ៉ែប លោក​ក៏​ឮ​ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​ដែរ។ 8 លោក​ចាក់​ប្រេង​អភិ​សេក​ស្តេច​ជា​ច្រើន​អង្គ ដើម្បី​រក​យុត្តិ‌ធម៌ ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល លោក​ក៏​ចាក់​ប្រេង​តែង​តាំង​ព្យាការី ឲ្យ​បន្ត​មុខ​តំណែង​ពី​លោក​ដែរ។ 9 ព្រះ‌អម្ចាស់​លើក​លោក​ឡើង​ដោយ​ភ្លើង​កួច​នៅ​លើ​រទេះ ទឹម​ដោយ​សេះ​ភ្លើង​ផង។ 10 ក្នុង​គម្ពីរ​មាន​ចែង​ថា ពេល​អនាគត លោក​ទទួល​ភារកិច្ច​បន្ធូរ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់ មុន​ពេល​ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម គឺ​លោក​នឹង​អង្វរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​ស្រោច​ស្រង់​កុល​សម្ព័ន្ធ​របស់​លោក​យ៉ាកុប ឲ្យ​បាន​ដូច​ដើម​ឡើង​វិញ​ផង។ 11 មាន​សុភមង្គល​ហើយ! អ្នក​ដែល​បាន​ឃើញ និង​អ្នក​ដែល​ស្លាប់​ទៅ ទាំង​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​យើង​ពិត​ជា​មាន​ជីវិត​មិន​ខាន។

ព្យាការី​អេលីស៊េ

12 កាល​ព្យាការី​អេលី​បាត់​ទៅ​ក្នុង​ភ្លើង​កួច​នោះ ព្យា​ការី​អេលីស៊េ បាន​ពោរ​ពេញ​ដោយ​វិញ្ញាណ​របស់​ព្យាការី​អេលី។ អស់​មួយ​ជីវិត​របស់​លោក គ្មាន​អ្នក​កាន់​អំណាច​ណា​ម្នាក់​អាច​បំភ័យ​លោក​ឲ្យ​ខ្លាច​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​បង្ខំ​លោក​បាន​ដែរ។ 13 គ្មាន​អ្វី​បង្ក​ការ​លំបាក​ដល់​លោក​ឡើយ សូម្បី​តែ​លោក​ទទួល​មរណ​ភាព​ហើយ​ក្តី ក៏​សព​របស់​លោក​អាច​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែរ។ 14 ពេល​លោក​មាន​ជីវិត​នៅ​ឡើយ លោក​បាន​សម្ដែង​បាដិហារិយ៍ ហើយ​ក្រោយ​ពេល​លោក​ទទួល​មរណ​ភាព​ទៅ លោក​ក៏​ប្រព្រឹត្ត​កិច្ច‌ការ​គួរ​ឲ្យ​អស្ចារ្យ​ដែរ។ 15 ទោះបី​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រជាជន​មិន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​មិន​ព្រម​ឃ្លាត​ចាក​ពី​អំពើ​បាប​របស់​ខ្លួន រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រើ​ខ្មាំង​ឲ្យ​កៀរ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន និង​កម្ចាត់​កម្ចាយ​ពួក​គេ​នៅ​លើ​ផែន​ដី​ទាំង​មូល។ នៅ​សល់​តែ​ប្រជាជន​មួយ​ចំនួន​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ម្នាក់ ក្នុង​រាជ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ 16 ព្រះ‌មហា​ក្សត្រ​ស្រុក​យូដា​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ មួយ​ចំនួន​ទៀត ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ឡើងៗ។

ព្រះ‌បាទ​អេសេខ្យាស និង​ព្យាការី​អេសាយ

17 ព្រះ‌បាទ​អេសេខ្យាស សង់​កំពែង​ជុំ​វិញ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បញ្ចូល​ទឹក​មក​ខាង​ក្នុង​ទីក្រុង ហើយ​ឲ្យ​គេ​យក​ដែក​មក​ដាប់​ថ្ម និង​ជីក​ស្រះ​សម្រាប់​ទុក​ទឹក។ 18 នៅ​ជំនាន់​ព្រះ‌បាទ​អេសេខ្យាស ព្រះ‌បាទ​សេណា‌កេរីប​លើក​ទ័ព​មក​វាយ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាត់​លោក​រ៉ាបសាកែស​ឲ្យ​លើក​ដៃ​ប្រឆាំង​នឹង​ភ្នំ​ស៊ីយ៉ូន ដោយ​ចិត្ត​ព្រហើន​កោង​កាច។ 19 ពេល​នោះ ប្រជាជន​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​តក់​ស្លុត​ស្មារតី ញ័រ​ដៃ ញ័រ​ជើង ហើយ​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ 20 ពួក​គេ​ទូល​អង្វរ​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហប្ញ​ទ័យ​មេត្តា​ករុណា ពួក​គេ​លើក​ដៃ​ទៅ​រក​ព្រះ‌អង្គ ហើយ​ព្រះ​ដ៏‌វិសុទ្ធ​ព្រះ‌អង្គ​ឆ្លើយ​តប​តាម​ពាក្យ​អង្វរ​របស់​ពួក​គេ​ពី​ស្ថាន​បរម​សុខ​មក ព្រះ‌អង្គ​ចាត់​ព្យាការី​អេសាយ​ឲ្យ​មក​រំដោះ​ពួក​គេ។ 21 ព្រះ‌អង្គ​វាយ​ប្រហារ​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​ទេវ‌ទូត​របស់​ព្រះ‌អង្គ បំផ្លាញ​ខ្មាំង​ឲ្យ​វិនាស​សាប​សូន្យ។ 22 ដ្បិត​ព្រះ‌បាទ​អេសេខ្យាស ធ្វើ​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់។ ស្តេច​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​យ៉ាង​ម៉ត់​ចត់ ដូច​ព្យាការី​អេសាយ ជា​ព្យាការី​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​និមិត្ត​ឃើញ​ហេតុ​គួរ​ឲ្យ​ជឿ តែង​តែ​ទូន្មាន​ស្តេច។ 23 នៅ​ជំនាន់​ព្យាការី​អេសាយ ព្រះ​អាទិត្យ​ធ្វើ​ដំណើរ​ថយ​ក្រោយ ដើម្បី​បង្កើន​ព្រះ‌ជន្ម​របស់​ស្តេច។ 24 ព្រះ​វិញ្ញាណ​ដ៏​ប្រសើរ​ឧត្តម​បាន​បំភ្លឺ​លោក ឲ្យ​និមិត្ត​ឃើញ​ពេល​អវសាន​កាល ហើយ​សម្រាល​ទុក្ខ​ប្រជាជន​ក្រុង​ស៊ីយ៉ូន។ 25 លោក​ថ្លែង​ប្រាប់​អំពី​ពេល​អនាគត រហូត​ដល់​ចុង​បញ្ចប់ និង​ព្រឹត្តិ‌ការណ៍​លាក់​កំបាំង មុន​ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន។