ជំពូក ៣៣

1 អ្នក​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់​មិន​ជួប​នឹង​ទុក្ខ​លំបាក ហើយ​គេច​ផុត​ពី​គ្រោះ​កាច​ជា‌និច្ច។
2 អ្នក​ប្រាជ្ញ​មិន​ស្អប់​វិន័យ​ទេ រីឯ​អ្នក​មិន​ស្មោះ‌ត្រង់​នឹង​វិន័យ ប្រៀប​ដូច​ជា​នាវា​ដែល​ត្រូវ​ព្យុះ​សង្ឃរា​បោក​បក់។
3 អ្នក​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ តែង​តែ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ គេ​ទុក​វិន័យ ដូច​ពាក្យ​ទំនាយ​របស់​ព្យាការី។
4 ប្រសិន​បើ​អ្នក​ចង់​ឲ្យ​គេ​ស្គាល់​អ្នក ចូរ​រៀបចំ​ពាក្យ​សម្ដី​ដែល​អ្នក​ត្រូវ​និយាយ ដោយ​ប្រមូល​គំនិត​ដែល​អ្នក​ចង​ចាំ​ទុក​ក្នុង​ចិត្ត​ឲ្យ​ហើយ​សិន រួច​ចាំ​ឆ្លើយ​តប​ទៅ​គេ។
5 ចិត្ត​គំនិត​របស់​មនុស្ស​ល្ងីល្ងើ​ប្រៀប​ដូច​ជា​កង់​រទេះ ការ​ត្រិះ​រិះ​ពិចារណា​របស់​គេ ក៏​តែង​តែ​ប្រែ​ប្រួល​ដូច​ដុំ​រទេះ ដែល​វិល​ដែរ។
6 មិត្ត​ដែល​ចូល​ចិត្ត​ចំអក​ដាក់​អ្នក​ដទៃ ប្រៀប​ដូច​ជា​សេះ​បា ដែល​ស្រែក​កញ្ជ្រៀវ រាល់​ពេល​មាន​អ្នក​ថ្មី​ទ្បើង​ជិះ​វា។

មនុស្ស​មាន​ឋានៈ​ប្លែក​ពី​គ្នា

7 ក្នុង​មួយ​ឆ្នាំៗ ថ្ងៃ​ទាំង​អស់​ទទួល​ពន្លឺ​ពី​ព្រះ‌អាទិត្យ​ដូច​គ្នា ចុះ​ហេតុ​អ្វី​បាន​ជា​ថ្ងៃ​មួយ​ប្រសើរ​ជាង​ថ្ងៃ​មួយ​ទៀត? 8 គឺ​មក​ពី​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហប្ញទ័យ​ញែក​ថ្ងៃ​ទាំង​នោះ​ឲ្យ​ប្លែក​ពី​គ្នា ដើម្បី​កំណត់​រដូវ និង​ពេល​វេលា​សម្រាប់​ពិធី​បុណ្យ​ផ្សេងៗ។ 9 ព្រះ‌អង្គ​បាន​លើក​ថ្ងៃ​ខ្លះ​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ហើយ​ចាត់​ទុក​ថ្ងៃ​ឯ​ទៀត​ជា​ថ្ងៃ​ធម្មតា។
10 មនុស្ស​ទាំង​អស់​សុទ្ធ​តែ​កើត​ពី​ដី ដូច​លោក​អដាំ ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក​ពី​ដី​ដែរ។ 11 ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​លក្ខណៈ​ខុស​ពី​គ្នា ហើយ​ដើរ​តាម​មាគ៌ា​ប្លែក​ពី​គ្នា។ 12 ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​ខ្លះ និង​លើក​តម្កើង​គេ ព្រះ‌អង្គ​ញែក​អ្នក​ខ្លះ​ឲ្យ​គោរព​បម្រើ​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​បណ្តាសា និង​បន្ទាប​អ្នក​ខ្លះ ទម្លាក់​អ្នក​ខ្លះ​ចុះ​ពី​តំណែង។
13 ជាង​ស្មូន​យក​ដី​ឥដ្ឋ​មក​ច្របាច់ សូន​ជា​រូប​តាម​ចិត្ត​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បង្កើត​មនុស្ស​ទាំង‌ឡាយ​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​កំណត់​វាសនា​ឲ្យ​ពួក​គេ​រៀងៗ​ខ្លួន តាម​ការ​សម្រេច​របស់​ព្រះ‌អង្គ។ 14 អំពើ​ល្អ​នៅ​ទន្ទឹម​នឹង​អំពើ​អាក្រក់ ហើយ​ជីវិត​នៅ​ទន្ទឹម​នឹង​សេចក្តី​ស្លាប់​យ៉ាង​ណា អ្នក​គោរព​ប្រណិប័តន៍​ព្រះ‌ជាម្ចាស់​ក៏​នៅ​ទន្ទឹម​នឹង​មនុស្ស​បាប​យ៉ាង​នោះ​ដែរ។ 15 ហេតុ​នេះ ចូរ​ពិនិត្យ​មើល​ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ស្នា​ព្រះ‌ហស្ត​ទាំង​នោះ​នៅ​ទន្ទឹម​គ្នា​ជា​គូរៗ ហើយ​ក្នុង​គូ​នី​មួយៗ​មាន​ធាតុ​ពីរ​ផ្ទុយ​គ្នា។
16 ខ្ញុំ​មក​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ ដូច​អ្នក​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ ដែល​អ្នក​បេះ​បាន​ភ្លេច​ចោល​នៅ​លើ​ដើម។ 17 ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្រមូល​ផ្លែ​យក​មក​ដាក់​ពេញ​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ ដូច​អ្នក​ឯ​ទៀតៗ​ដែរ។
18 សូម​គិត​មើល! ខ្ញុំ​ពុំ​បាន​នឿយ​ហត់​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ស្វែង​រក​ការ​ប្រៀន​ប្រដៅ​ដែរ។

ការ​គ្រប់​គ្រង​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន

19 អស់​លោក​ជា​ឥស្សរជន​អើយ សូម​ត្រង​ត្រាប់​ស្តាប់​ខ្ញុំ! អស់​លោក​ជា​អ្នក​ដឹក​នាំ​សហគមន៍​អើយ សូម​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ខ្ញុំ! 20 អស់​មួយ​ជីវិត សូម​កុំ​បណ្តោយ​ឲ្យ​កូន ភរិយា បង‌ប្អូន ឬ​មិត្ត​សម្លាញ់ មាន​អំណាច​លើ​អ្នក​ទ្បើយ ហើយ​ក៏​កុំ​ប្រគល់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ឲ្យ​មនុស្ស​ដទៃ​ដែរ ក្រែង​អ្នក​នឹក​ស្តាយ​ក្រោយ ហើយ​បែរ​ជា​ទៅ​ទាម​ទារ​ទ្រព្យ​នោះ​មក​វិញ។
21 ដរាប​ណា​អ្នក​នៅ​មាន​ជីវិត កុំ​បណ្តោយ​ឲ្យ​នរណា​ម្នាក់​មាន​អំណាច​លើ​អ្នក​ទ្បើយ។
22 បើ​កូន​របស់​អ្នក​សុំ​អ្វី​ពី​អ្នក ប្រសើរ​ជាង​អ្នក​សុំ​អ្វី​ពី​កូន។
23 ចូរ​ធ្វើ​ជា​ម្ចាស់ ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ ដើម្បី​កុំ​ឲ្យ​បាត់​បង់​កិតិ្តយស​របស់​ខ្លួន​ទ្បើយ។
24 នៅ​ថ្ងៃ​អ្នក​ជិត​ខាង​ផុត​ជីវិត គឺ​ថ្ងៃ​ចុង​ក្រោយ​បំផុត​របស់​អ្នក ចូរ​ចែក​មត៌ក​របស់​ខ្លួន​ឲ្យ​គេ​ចុះ។

អំពី​ទាសករ

25 ស្មៅ រំពាត់ និង​បន្ទុក​ធ្ងន់ៗ ជា​ចំណែក​របស់​លា រីឯ​អាហារ ការ​វាយ​ប្រដៅ និង​ការងារ​ជា​ចំណែក​របស់​អ្នក​បម្រើ។
26 ប្រសិន​បើ​អ្នក​ប្រើ​អ្នក​បម្រើ​ទាំង​វាយ​ប្រដៅ អ្នក​មុខ​ជា​បាន​សេចក្តី​សុខ។ ប្រសិន​បើ​អ្នក​ឲ្យ​គេ​ធ្វើ​តាម​ទំនើង​ចិត្ត គេ​នឹង​រក​ឱកាស​លួច​រត់។
27 ដើម្បី​ឲ្យ​គោ​ចុះ​ចូល គេ​ប្រើ​នឹម និង​ខ្សែ​ព្រ័ត ហើយ​ដើម្បី​ឲ្យ​អ្នក​បម្រើ​អាក្រក់​ស្តាប់​បង្គាប់ គេ​តែង​តែ​ប្រើ​ទារុណ​កម្ម និង​រំពាត់។
28 ចូរ​ជំរុញ​ខ្ញុំ​បម្រើ​ឲ្យ​ធ្វើ​ការ ដើម្បី​កុំ​ឲ្យ​គេ​នៅ​ទំនេរ។ 29 ដ្បិត​ជន​ដែល​នៅ​ទំនេរ​រមែង​ប្រព្រឹត្ត​អំពើ​អាក្រក់។
30 ចូរ​ប្រើ​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​តាម​កម្លាំង​របស់​គេ ប្រសិន​បើ​គេ​មិន​ស្តាប់​បង្គាប់​ទេ ចូរ​ដាក់​ច្រវាក់​ចង​ជើង​គេ ប៉ុន្តែ ចំពោះ​នរណា​ក៏​ដោយ​កុំ​តឹង​រ៉ឹង​ពេក គឺ​កុំ​ធ្វើ​អ្វី​ផ្ទុយ​នឹង​យុត្តិ‌ធម៌​ឲ្យ​សោះ។
31 ប្រសិន​បើ​អ្នក​មាន​ខ្ញុំ​បម្រើ​តែ​ម្នាក់ ចូរ​ចាត់​ទុក​គេ​ដូច​បង‌ប្អូន​បង្កើត ព្រោះ​អ្នក​ត្រូវ​ការ​គេ ដូច​ត្រូវ​ការ​ជីវិត​របស់​ខ្លួន​ផ្ទាល់​ដែរ។ 32 ប្រសិន​បើ​អ្នក​ធ្វើ​បាប​គេ ហើយ​គេ​លួច​រត់​បាត់​ទៅ។ 33 តើ​អ្នក​ទៅ​រក​គេ​នៅ​ឯ​ណា?។