ជំពូក ២១
ចូរចៀសវាងអំពើបាប
1 កូនអើយ! ប្រសិនបើកូនបានប្រព្រឹត្តអំពើបាបហើយ ចូរកុំប្រព្រឹត្តទៀត។ ត្រូវសុំអភ័យទោសចំពោះអំពើបាបដែលកូនបានប្រព្រឹត្តកន្លងទៅ។
2 ចូររត់គេចឲ្យផុតពីអំពើបាប ដូចគេរត់គេចពីពស់អសិរពិស! បើកូនទៅជិតពស់ វាមុខជាចឹកកូនពុំខាន។ អំពើបាបប្រៀបដូចជាចង្កូមសិង្ហដែលអាចខាំសម្លាប់មនុស្ស។
3 គ្រប់ការបំពានលើវិន័យ* ប្រៀបដូចជាដាវដែលមានមុខពីរ តែងតែបណ្តាលឲ្យមានរបួស ដែលមិនអាចព្យាបាលទ្បើយ។
4 អំពើឃោរឃៅ និងចិត្តក្រអឺតក្រទម រមែងបណ្តាលឲ្យធនធានវិនាសហិនហោច ពូជអ្នកអួតបំប៉ោងក៏ត្រូវវិនាសអន្តរាយដូច្នេះដែរ។
5 ពេលអ្នកក្រីក្រទូលអង្វរ ព្រះជាម្ចាស់ព្រះអង្គព្រះសណ្តាប់ឮពាក្យរបស់ពួកគេ ហើយរកយុត្តិធម៌ ឥតបង្អង់ទ្បើយ។
6 អ្នកដែលមិនព្រមឲ្យគេស្តីបន្ទោស តែងតែដើរតាមដានមនុស្សបាប រីឯអ្នកគោរពកោតខ្លាច ព្រះអម្ចាស់រមែងកែប្រែចិត្តគំនិត។
7 អ្នកពូកែវោហាររមែងមានគេស្គាល់គ្រប់ៗគ្នា ប៉ុន្តែ ពេលគាត់និយាយផ្តេសផ្តាស អ្នកដែលចេះ ពិចារណាដឹងភ្លាម។
8 អ្នកដែលសង់ផ្ទះរបស់ខ្លួនដោយប្រាក់របស់អ្នកដទៃ ដូចជារើសថ្មសម្រាប់សង់ផ្នូររបស់ខ្លួន។
9 ពួកអ្នកដែលមិនគោរពវិន័យ ប្រៀបដូចជាគំនរអុស ពួកគេមុខជាត្រូវភ្លើងឆាបឆេះអស់មិនខាន។
10 ផ្លូវរបស់មនុស្សបាបរាបស្មើ គា្មនថ្មរដិបរដុប ក៏ប៉ុន្តែ វានាំទៅរករណ្តៅនៃមច្ចុរាជ។
អ្នកមានប្រាជ្ញា និងមនុស្សឆោតល្ងង់
11 អ្នកប្រតិបត្តិតាមវិន័យ* តែងតែធ្វើជាម្ចាស់នៃចិត្តគំនិតរបស់ខ្លួន។ អ្នកគោរពកោតខ្លាច ព្រះអម្ចាស់តែងតែទទួលប្រាជ្ញា។
12 មនុស្សមិនឆ្លាត ពុំអាចទទួលការអប់រំបានទេ ប៉ុន្តែ មានមនុស្សឆ្លាតខ្លះបង្កទុក្ខលំបាកជាច្រើន។
13 ចំណេះដឹងរបស់អ្នកមានប្រាជ្ញា ចេះតែកើនទ្បើងដូចទឹកជំនន់ ដំបូន្មានរបស់គេប្រៀបដូចជា ប្រភពទឹកហូរ។
14 ចិត្តគំនិតរបស់មនុស្សល្ងីល្ងើ ប្រៀបដូចជាថូប្រេះ គេពុំអាចចងចាំសេចក្តីដែលគេរៀនទ្បើយ។
15 ពេលអ្នកចេះដឹងស្តាប់ឮពាក្យពេចន៍ ប្រកបដោយប្រាជ្ញា គេសុខចិត្តទទួល ហើយរិះគិតតទៅទៀត។ រីឯមនុស្សពាលវិញ ពេលស្តាប់ឮពាក្យពេចន៍នោះ គេមិនពេញចិត្ត គេក៏រលាស់ចោលទៅ។
16 ពាក្យសម្ដីរបស់មនុស្សល្ងីល្ងើ ប្រៀបដូចជាអីវ៉ាន់ដ៏ធ្ងន់ ដែលត្រូវរែកតាមផ្លូវ រីឯពាក្យពេចន៍ របស់អ្នកឈ្លាសវៃរមែងតែងតែធ្វើឲ្យសប្បាយចិត្តជានិច្ច។
17 នៅក្នុងអង្គប្រជុំ គេតែងតែចូលចិត្តស្តាប់ពាក្យសម្ដីរបស់អ្នកមានសុភនិច្ឆ័យ គេយកពាក្យ របស់អ្នកនោះមកជញ្ជឹងគិត។
18 មនុស្សល្ងីល្ងើតែងតែយល់ថា ប្រាជ្ញាប្រៀបដូចជាផ្ទះបាក់បែក រីឯចំណេះដឹងរបស់មនុស្ស ឆោតល្ងង់ជាពាក្យសម្ដីដែលគ្មានខ្លឹមសារ។
19 អប់រំ មនុស្សឆោតល្ងង់ហាក់ដូចជាដាក់ខ្នោះជើងគេ ឬដូចជាចងដៃស្តាំគេ ដោយច្រវាក់។
20 មនុស្សល្ងីល្ងើ តែងតែសើចក្អេងក្អាងយ៉ាងខ្លាំង រីឯមនុស្សវៃឆ្លាតវិញ គ្រាន់តែញញឹមប៉ុណ្ណោះ។
21 ការអប់រំមនុស្សមានសុភនិច្ឆ័យ ប្រៀបដូចជាយកគ្រឿងអលង្ការពីមាស ឬដូចជាយកខ្សែដៃមាស មកពាក់នៅដៃស្តាំរបស់គេ។
22 មនុស្សល្ងីល្ងើតែងតែប្រញាប់ ចូលផ្ទះអ្នកដទៃដោយក្អេងក្អាង រីឯអ្នកដែលមានពិសោធន៍វិញ តែងតែចូលដោយសុភាពរាបសា។
23 មនុស្សខ្វះសុភនិច្ឆ័យ រមែងលួចមើលក្នុងផ្ទះគេ តាមស្លាបព្រឹល រីឯមនុស្សមានសុជីវធម៌ តែងតែឈរនៅខាងក្រៅ។
24 អ្នកលួចស្តាប់តាមមាត់ទ្វារ ជាមនុស្សខ្វះសុជីវធម៌ អ្នកមានសុភនិច្ឆ័យយល់ថា ធ្វើដូច្នេះ ជាការអាប់យស។
25 អ្នកព្រោកប្រាជ្ញតែងតែនិយាយតាមពាក្យសម្ដីរបស់អ្នកដទៃ រីឯអ្នកដែលមានសុភនិច្ឆ័យ តែងតែថ្លឹងថ្លែងពាក្យសម្ដីរបស់ខ្លួន។
26 មនុស្សល្ងីល្ងើនិយាយមុន ទើបរិះគិតតាមក្រោយ រីឯអ្នកមានប្រាជ្ញាវិញ តែងតែរិះគិត ជាមុនសិនទើបនិយាយ។
27 ពេលមនុស្សពាលម្នាក់ ប្រទេចផ្តាសាគូវិវាទរបស់ខ្លួន គឺគេប្រទេចផ្តាសាខ្លួនឯងទៅវិញទេ។
28 អ្នកនិយាយដើមគេ រមែងតែងតែធ្វើឲ្យខ្លួនសៅហ្មង ហើយនាំឲ្យញាតិសន្តានស្អប់។