ជំពូក ២៥

មនុស្ស​ដែល​គួរ​ចូល​ចិត្ត និង​មនុស្ស​ដែល​គួរ​ស្អប់

1 ខ្ញុំ​ពេញ​ចិត្ត នឹង​សេចក្តី​បី​យ៉ាង​ជា​ខ្លាំង ជា​សេចក្តី​ដែល​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌អម្ចាស់ និង​គាប់​ចិត្ត​មនុស្ស​ដែរ គឺ​បង‌ប្អូន​ដែល​ចុះ​សំរុង​គ្នា អ្នក​ជិត​ខាង​ស្រឡាញ់​រាប់​អាន​គ្នា និង​ស្វាមី​ភរិយា​ដែល​មាន​ចិត្ត​គំនិត​តែ​មួយ។
2 ខ្ញុំ​ស្អប់​មនុស្ស​បី​ប្រភេទ ដែល​មាន​កិរិយា​មារ​យាទ​ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​ក្រហាយ គឺ​អ្នក​ក្រីក្រ​ដែល​ព្រហើន អ្នក​មាន​ស្តុក​ស្តម្ភ​ដែល​កុហក​ភូត​ភរ និង​មនុស្ស​ចាស់​ដែល​ខ្វះ​ការ​ពិចារ‌ណា ហើយ​វក់​នឹង​កាម​គុណ។
3 ប្រសិន​បើ​កូន​មិន​បាន​សន្សំ​អ្វី​ទុក កាល​ពី​នៅ​ក្មេង​ទេ តើ​កូន​នឹង​មាន​អ្វី​នៅ​ពេល​កូន​មាន​វ័យ​ចាស់​ជរា? 4 អ្នក​សក់​ស្កូវ​រមែង​ចេះ​វិនិច្ឆ័យ ហើយ​ចាស់​ព្រឹទ្ធា‌ចារ្យ​ក៏​រមែង​ចេះ​ទូន្មាន​ដែរ។
5 ប្រាជ្ញា​ស័កិ្តសម​នឹង​មនុស្ស​ចាស់​ជរា ដូច​ការ​រិះ​គិត និង​ការ​ទូន្មាន ស័កិ្ត​សម​នឹង​អ្នក​មាន​កិតិ្ត‌យស​ដែរ។
6 បទ​ពិសោធ​ដ៏​ច្រើន ប្រៀប​ដូច​ជា​មកុដ នៅ​លើ​ក្បាល​មនុស្ស​មាន​វ័យ​ចាស់ ប៉ុន្តែ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​គេ​មាន​កិត្តិយស​កាន់​តែ​ខ្ពស់​ទៅ​ទៀត។
7 ខ្ញុំ​យល់​ឃើញ​ថា មាន​សេចក្ដី​ប្រាំ​បួន​យ៉ាង​ដែល​ផ្តល់​សុភមង្គល ខ្ញុំ​ក៏​អាច​បន្ថែម​សេចក្ដី​មួយ​ទៀត​បាន​ដែរ គឺ​មនុស្ស​ដែល​មាន​អំណរ​សប្បាយ​ដោយ​សារ​កូនៗ​របស់​ខ្លួន មនុស្ស​ដែល​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដួល​ដល់​ដី នៅ​ពេល​ខ្លួន​មាន​ជីវិត​នៅ​ទ្បើយ។
8 អ្នក​ដែល​រួម​រស់​ជា​មួយ​ភរិយា​វៃ​ឆ្លាត អ្នក​មិន​ដែល​ភ្លាត់​ជើង​ដោយ​ពាក្យ​សម្ដី អ្នក​ដែល​មិន​បម្រើ​ម្ចាស់​ល្ងង់​ជាង​ខ្លួន អ្នក​ទាំង​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ។
9 អ្នក​រក​ឃើញ​សុភ‌និច្ឆ័យ អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ពិត​ជា​មាន​សុភង្គល​ដែរ។
10 អ្នក​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ ពិត​ជា​ប្រសើរ​ឧត្តម! ប៉ុន្តែ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទ្បើយ។
11 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​អ្វី​ទាំង​អស់ គឺ​មិន​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ទេ។

ស្រ្តី​អាក្រក់

13 ស៊ូ​របួស​កាយ កុំ​ឲ្យ​តែ​របួស​ចិត្ត ស៊ូ​ជួប​គ្រោះ​កាច​ដ៏​អាក្រក់ ជា​ជាង​ជួប​ស្រ្តី​ដែល​មាន​ចិត្ត​អាក្រក់!
14 គ្មាន​ទុក្ខ​លំបាក​ណា​ធ្ងន់​ធ្ងរ ក្រៅ​ពី​ទុក្ខ​លំបាក​ដែល​បណ្តាល​មក​ពី​ការ​ស្អប់​ទ្បើយ ហើយ​ក៏​គ្មាន​ការ​សង​សឹក​ណា​អាក្រក់​ជាង​ការ​សង​សឹក​របស់​ខ្មាំង​សត្រូវ​ដែរ។
15 គ្មាន​ពិស​ណា សាហាវ​ជាង​ពិស​ពស់​ទ្បើយ ហើយ​ក៏​គ្មាន​កំហឹង​ណា សាហាវ​ជាង​កំហឹង​របស់​ស្រ្តី​ដែរ។
16 រស់​នៅ​ជា​មួយ​សត្វ​តោ ឬ​ជា​មួយ​នាគរាជ ប្រសើរ​ជាង​រស់​នៅ​ជា​មួយ​ស្រ្តី​ចិត្ត​អាក្រក់។
17 ចិត្ត​អាក្រក់​របស់​ស្រ្តី​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​របស់​គេ​ប្រែ​ប្រួល គឺ​មាន​ទឹក​មុខ​គំរោះ​គំរើយ​ដូច​ខ្លា​ឃ្មុំ។
18 ស្វាមី​របស់​ស្រ្តី​នោះ​តែង​តែ​ទៅ​បរិភោគ​បាយ​ជា​មួយ​អ្នក​ជិត​ខាង ហើយ​ត្អូញ​ត្អែរ ដោយ​ទប់​ចិត្ត​មិន​បាន។
19 ការ​អាក្រក់​ណា​ក៏​ដោយ ក៏​ស្រាល​ជាង​ចិត្ត​ដ៏​អាក្រក់​របស់​ស្រ្តី​ដែរ។ សូម​ឲ្យ​ស្រ្តី​នោះ​ទទួល​វាសនា​ដូច​អ្នក​បាប​ចុះ!។
20 ស្រ្តី​ដែល​ចូល​ចិត្ត​ព្រោក​ប្រាជ្ញ ហើយ​មាន​ស្វាមី​មិន​សូវ​ចេះ​មាត់​ក ប្រៀប​ដូច​ជា​ផ្លូវ​ទ្បើង​ភ្នំ​ដែល​មាន​សុទ្ធ​តែ​ខ្សាច់ បណ្តាល​ឲ្យ​មនុស្ស​ចាស់​ជរា​ពិបាក​ទ្បើង។
21 កុំ​ចាញ់​សម្រស់​របស់​ស្រ្តី កុំ​ប្រាថ្នា​ចង់​បាន​ស្រ្តី​នោះ ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​របស់​នាង​ទ្បើយ។
22 ស្វាមី​ដែល​ភរិយា​ចិញ្ចឹម មុខ​ជា​ជួប​ប្រទះ​នឹង​ការ​ក្តៅ​ក្រហាយ តូច​ចិត្ត និង​អាម៉ាស់​ជា​ខ្លាំង។
23 ស្រ្តី​អាក្រក់ តែង​តែ​ធ្វើ​ឲ្យ​ប្តី​ធ្លាក់​ទឹក​ចិត្ត មុខ​ជ្រប់​ស្រពោន​ឈឺ​ចិត្ត។ ស្រ្តី​ដែល​ធ្វើ​ឲ្យ​ប្តី​គ្មាន​សេចក្តី​សុខ ធ្វើ​ឲ្យ​គេ​ទន់​ដៃ​ទន់​ជើង មិន​ចង់​ធ្វើ​អ្វី​ទ្បើយ។
24 ស្រ្តី​ជា​ប្រភព​នៃ​អំពើ​បាប យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​ស្រ្តី។
25 កុំ​បណ្តោយ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​អាង​ទ្បើយ ហើយ​ក៏​កុំ​បណ្តោយ​ឲ្យ​ស្រ្តី​កាច​និយាយ​តាម​ចិត្ត​បាន​ដែរ។
26 ប្រសិន​បើ​ភរិយា​មិន​ធ្វើ​តាម​បង្គាប់ ក្នុង​គ្រប់​កិច្ច‌ការ​ទេ ចូរ​កាត់​ចិត្ត​ពី​នាង ហើយ​លែង​លះ​នាង​ទៅ។