ជំពូក ៣៦
ពាក្យអង្វរសូមព្រះអម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល
1 ឱព្រះអម្ចាស់ ជាចៅហ្វាយលើពិភពទាំងមូលអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!។
2 សូមធ្វើឲ្យប្រជាជាតិទាំងអស់កោតខ្លាចព្រះអង្គ។
3 សូមលើកព្រះហស្តប្រហារជាតិសាសន៍នានាដើម្បីឲ្យពួកគេស្គាល់ប្ញទ្ធិបារមីរបស់ព្រះអង្គ។
4 ព្រះអង្គបានសម្ដែងឲ្យពួកគេស្គាល់ថា ព្រះអង្គជាព្រះដ៏វិសុទ្ធ ដោយដាក់ទោសយើងខ្ញុំយ៉ាងណា សូមសម្ដែងឲ្យយើងខ្ញុំដឹងថា ព្រះអង្គមានភាពថ្កុំថ្កើងដោយដាក់ទោសពួកគេយ៉ាងនោះដែរ។
5 បពិត្រព្រះអម្ចាស់! សូមឲ្យពួកគេទទួលស្គាល់ថា គ្មានព្រះឯណាក្រៅពីព្រះអង្គទ្បើយ ដូចយើងខ្ញុំបានទទួលស្គាល់ព្រះអង្គដែរ។
6 សូមព្រះអង្គសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងប្ញទ្ធិបាដិហាយ៍សាជាថ្មីវិញ។
7 សូមសម្ដែងសិរីរុងរឿងនៃព្រះបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ឲ្យមនុស្សលោកកោតសរសើរផង!
8 សូមព្រះអង្គខ្ញាល់ ហើយជះព្រះពិរោធទៅលើពួកគេ។
9 សូមបំផ្លាញអ្នកប្រឆាំង សូមកម្ទេចខ្មាំងសត្រូវឲ្យវិនាសសូន្យ!
10 សូមឲ្យពេលចុងក្រោយបំផុតឆាប់មកដល់ សូមព្រះអង្គកុំភ្លេចពេលកំណត់។ ពេលនោះ មនុស្សម្នានឹងរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ។
11 សូមឲ្យភ្លើងនៃព្រះពិរោធឆាបឆេះអ្នកដែលរត់គេចរួច! សូមឲ្យអស់អ្នកដែលធ្វើបាបប្រជារាស្រ្តរបស់ព្រះអង្គ ត្រូវវិនាសអន្តរាយផង!
12 សូមវាយបំបែកក្បាលមេដឹកនាំរបស់សត្រូវដែលពោលថា «ក្រៅពីយើង គ្មាននរណាមានសារសំខាន់ទ្បើយ»។ 13 សូមព្រះអង្គប្រមែប្រមូលកុលសម្ព័ន្ធ*ទាំងប៉ុន្មាននៃពូជពង្សរបស់លោកយ៉ាកុប។
14 សូមប្រោសប្រទានឲ្យពួកគេកាន់កាប់ទឹកដីជាចំណែកមត៌ករបស់ខ្លួន ដូចកាលពីដើម។
15 បពិត្រ ព្រះអម្ចាស់! សូមអាណិតអាសូរប្រជាជនដែលគោរពព្រះនាមព្រះអង្គ គឺប្រជាជនអ៊ីស្រាអែល ដែលព្រះអង្គបានចាត់ទុកជាបុត្រច្បងរបស់ព្រះអង្គ។
16 សូមអាណិតមេត្តាដល់ក្រុងដែលមានទីសក្ការៈរបស់ព្រះអង្គ គឺក្រុងយេរូសាទ្បឹមដែលជាព្រះដំណាក់របស់ព្រះអង្គ។
17 សូមឲ្យមនុស្សម្នាក្នុងក្រុងស៊ីយ៉ូនរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ សូមឲ្យព្រះវិហាររបស់ព្រះអង្គបានពោរពេញ ដោយសិរីរុងរឿងរបស់ព្រះអង្គ។
18 សូមព្រះអង្គផ្តល់សក្ខីភាពថា អ៊ីស្រាអែលដែលព្រះអង្គបានបង្កើតកាលពីដំបូងបង្អស់ ពិតជាប្រជារាស្រ្តរបស់ព្រះអង្គ។ សូមសម្រេចតាមព្រះបន្ទូលសន្យា ដែលអស់លោកព្យាការីបានថ្លែងក្នុងព្រះនាមព្រះអង្គ។
19 សូមប្រទានរង្វាន់តាមព្រះបន្ទូលសន្យាឲ្យអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ ដើម្បីឲ្យគេជឿថា សេចក្តីដែលព្យាការីថ្លែងពិតជាត្រឹមត្រូវមែន។
20 ឱព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ជាអ្នកបម្រើព្រះអង្គ តាមព្រះហប្ញទ័យប្រោសប្រណី ចំពោះប្រជារាស្រ្តរបស់ព្រះអង្គផង។ ដូច្នេះ មនុស្សទាំងអស់នៅលើផែនដី នឹងទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ដែលគង់នៅអស់កល្បជានិច្ចមែន។
អំពីការរិះគិតពិចារណា
21 ក្រពះទទួលយកអាហារបានគ្រប់យ៉ាង។ ប៉ុន្តែ អាហារខ្លះមានរសជាតិឆ្ងាញ់ជាងអាហារឯទៀតៗ។
22 មាត់រមែងដឹងរសជាតិសាច់សត្វ ដែលគេបរបាញ់យកមកធ្វើម្ហូបយ៉ាងណា អ្នកឆ្លាតវាងវៃរមែងដឹងពាក្យភូតភរយ៉ាងនោះដែរ។
23 អ្នកមានចិត្តវៀចវេររមែងបង្កទំនាស់ អ្នកមានបទពិសោធក៏រមែងតែងតែមានទំនាស់នឹងគេដែរ។
អំពីការជ្រើសរើសភរិយា
24 ស្រ្តីត្រូវតែទទួលយកស្វាមី ដែលគេផ្សំផ្គុំឲ្យនាង ប៉ុន្តែ បុរសយល់ថា មានស្រ្តីខ្លះប្រសើរជាងស្រ្តីឯទៀតៗ។
25 សម្រស់ភរិយារមែងធ្វើឲ្យស្វាមីរបស់នាងមានមុខរីករាយ ស្វាមីមិនប៉ងប្រាថ្នាចង់បានអ្វីប្រសើរជាងនេះទៀតទ្បើយ។
26 ប្រសិនបើនាងចេះនិយាយស្ដីយ៉ាងសុភាពរាបសា និងទន់ភ្លន់ថែមទៀតនោះ ស្វាមីរបស់នាងពិតជាត្រេកអរសប្បាយលើសគេទាំងពួង។ 27 អ្នកយកភរិយា ដូចជាបានអ្វីម៉្យាងដ៏ប្រសើរបំផុត គឺបានមនុស្សម្នាក់មកធ្វើជាគ្នា និងជាបង្អែកដ៏រឹងមាំផង។
28 ទីណាគ្មានរបង ចោរប្លន់រឹបអូសយកទ្រព្យនៅទីនោះបានដោយងាយ។ ទីណាគ្មានស្រ្តី បុរសដែលនៅ ទីនោះរមែងតែងតែអភ័ព្វ ដើរដោយគ្មានទីដៅ។
29 គ្មានអ្នកណាទុកចិត្តលើចោរ ដែលមានកលល្បិច ចេះតែត្រាច់ចរពីក្រុងមួយទៅក្រុងមួយទេ! យ៉ាងណាមិញ បុរសដែលគ្មានផ្ទះពិតប្រាកដ យប់កន្លែងណា សម្រាកនៅកន្លែងនោះ។