ជំពូក ៤៩

ព្រះ‌បាទ​យ៉ូស្យាស

1 ប្រជាជន​នឹក​ដល់​ព្រះ‌បាទ​យ៉ូស្យាស ដូច​គេ​នឹក​ពី​ក្លិន​នៃ​គ្រឿង​ក្រអូប​ដែល​អ្នក​អប់​បាន​រៀប​ចំ​ទុក។ ពេល​គេ​ពោល​ពី​ព្រះ‌នាម​ព្រះ‌បាទ​យ៉ូស្យាស ប្រៀប​ដូច​គេ​យក​ទឹក​ឃ្មុំ​ដ៏​ផ្អែម​ឆ្ងាញ់​ដាក់​ក្នុង​មាត់ ឬ​ដូច​ភ្លេង​ដ៏​ពីរោះ​ក្នុង​ពិធី​ជប់​លៀង ដែល​មាន​ភ្ញៀវ​ពិសា​ស្រា។ 2 ព្រះ‌រាជា​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ ដោយ​នាំ​ប្រជាជន​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​លុប​បំបាត់​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។ 3 ព្រះ‌រាជា​តម្រង់​ព្រះ‌ហប្ញ​ទ័យ​ទៅ​រក​ព្រះ‌អម្ចាស់ ហើយ​ពង្រឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ដែល​ប្រជាជន​លះ​បង់​ព្រះ‌អង្គ​ចោល។

ស្តេច​ស្រុក​យូដា​ចុង​ក្រោយ​បង្អស់ និង​ព្យាការី​យេរេមី

4 ក្រៅ​ពី​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​អេសេខ្យាស និង​ព្រះ‌បាទ​យ៉ូស្យាស មាន​ស្តេច​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ស្តេច​ទាំង​នោះ​បោះ​បង់​ចោល​ធម្ម‌វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ឈ្មោះ​ស្តេច​ទាំង​នោះ វិនាស​សាប​សូន្យ​ទាំង​អស់។ 5 ព្រះ‌ជាម្ចាស់ បាន​ដក​កម្លាំង​របស់​ស្តេច​ទាំង​នោះ​ប្រគល់​ឲ្យ​អ្នក​ផ្សេង ហើយ​ដក​សិរី​រុង‌រឿង​របស់​ព្រះ‌រាជា​ទាំង​នោះ ប្រគល់​ឲ្យ​ប្រជា‌ជាតិ​ដទៃ។ 6 ខ្មាំង​សត្រូវ​នាំ​គ្នា​ដុត​ចោល​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស គឺ​ទីក្រុង​ដែល​មាន​ទី​សក្ការៈ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ទីក្រុង​នោះ​ស្ងាត់​ជ្រងំ 7 ដូច​ព្យាការី​យេរេមី​បាន​ថ្លែង​ប្រាប់​ជា​មុន។ ស្តេច​ទាំង​នោះ​ធ្វើ​បាប​លោក​យេរេមី ដែល​ព្រះ‌ជាម្ចាស់​បាន​ញែក​ទុក​ឲ្យ​ធ្វើ​ជា​ព្យាការី តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ដើម្បី​គាស់​រំលើង បំផ្លាញ និង​ធ្វើ​ឲ្យ​វិនាស ព្រម​ទាំង​ដាំ និង​កសាង​ឡើង​វិញ​ដែរ។

ព្យាការី​អេសេ‌គីអែល

8 ព្យាការី​អេសេគី‌អែល​ឃើញ សិរី​រុង‌រឿង​របស់​ព្រះ‌ជាម្ចាស់​ក្នុង​និមិត្ត​ហេតុ គឺ​ព្រះ‌អង្គ​សម្ដែង​សិរី​រុង‌រឿង​នៅ​លើ​រទេះ ទឹម​ដោយ​ខេរូប៊ីម 9 ដ្បិត​លោក​នឹក​ដល់​លោក​យ៉ូប ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត​ទៀង​ត្រង់។

ព្យាការី​ទាំង​ដប់​ពីរ​នាក់

10 រីឯ​ព្យាការី​ទាំង​ដប់​ពីរ​នាក់ ទោះ​បី​ធាតុ​របស់​អស់​លោក​ស្ថិត​នៅ​ក្នុង​ផ្នូរ​ក្តី ក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​ព្យាការី បន្ត​មុខ​ងារ​ពី​អស់​លោក​ដែរ ដ្បិត​អស់​លោក​បាន​លើក​ទឹក​ចិត្ត កូន​ចៅ​របស់​លោក​យ៉ាកុប ហើយ​រំដោះ​គេ​ឲ្យ​មាន​ជំនឿ និង​សេចក្តី​សង្ឃឹម​ជា‌និច្ច។

លោក​សូរ៉ូ‌បាបែល និង​លោក​យ៉ូស៊ូអា

11 តើ​យើង​ថ្លែង​ពី​កិត្តិ‌យស​ដ៏​ថ្កុំ​ថ្កើង​របស់​លោក​សូរ៉ូបាបែល​ដូច​ម្តេច​កើត? លោក​ប្រៀប​ដូច​ជា​ត្រា ដែល​នៅ​ក្នុង​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អម្ចាស់។ 12 លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​យ៉ូសេ​ដេក​ក៏​ដូច្នេះ​ដែរ។ នៅ​ជំនាន់​នោះ លោក​ទាំង​ពីរ​សង់​ព្រះ​ដំណាក់ និង​ទី​សក្ការៈ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ គឺ​ទី​សក្ការៈ​ដែល​ប្រកប​ដោយ​សិរី​រុង‌រឿង អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។

លោក​នេហេមី

13 លោក​នេហេមី​ក៏​ដូច្នោះ​ដែរ គួរ​ឲ្យ​នឹក​ដល់​លោក​យ៉ាង​ខ្លាំង ព្រោះ​លោក​បាន​សង់​កំពែង​ដែល​រលំ​ឲ្យ​ឈរ​ឡើង​វិញ។ លោក​ដាក់​ទ្វារ និង​រនុក លោក​បាន​សង់​ផ្ទះ​របស់​យើង​ឡើង​វិញ​ដែរ។

បុព្វ‌បុរស

14 ក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នៅ​លើ​ផែន​ដី គ្មាន​នរណា​ប្រសើរ​ដូច​លោក​ហេណុក​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​លើក​លោក​ឡើង​ពី​ផែន​ដី​ដែរ។ 15 គ្មាន​បុរស​ណា​ដូច​លោក​យ៉ូសែប ដែល​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​បងៗ​ខ្លួន ព្រម​ទាំង​គាំ​ទ្រ​ប្រជាជន​របស់​ខ្លួន​ផង។ គេ​នាំ​គ្នា​គោរព​ធាតុ​របស់​លោក​យ៉ាង​ខ្លាំង។ 16 លោក​សែម និង​លោក​សែត​មាន​ឈ្មោះ​ល្បី​ក្នុង​ចំណោម​មនុស្ស​លោក ប៉ុន្តែ លោក​អដាំ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក។