ជំពូក ៣៧

អំពី​មិត្ត​សម្លាញ់

1 មនុស្ស​គ្រប់​ប្រភេទ តែង​ពោល​ថា៖ «ខ្ញុំ​ក៏​ជា​មិត្ត​របស់​អ្នក​ដែរ!»។ ប៉ុន្តែ អ្នក​ខ្លះ​ជា​មិត្ត​តែ​មាត់​ប៉ុណ្ណោះ។
2 ពេល​ណា​មិត្ត​ជិត​ស្និទ្ធ​ក្លាយ​ទៅ​ជា​សត្រូវ ពេល​នោះ នឹង​កើត​ទុក្ខ​ស្ទើរ​តែ​ស្លាប់​ខ្លួន!។
3 តើ​ការ​លំអៀង​របស់​មនុស្ស ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ មាន​ប្រភព​ពី​ណា? ការ​លំអៀង​អាក្រក់​នេះ បណ្តាល​ឲ្យ​មាន​ការ​បោក​បញ្ឆោត​នៅ​លើ​ផែន​ដី​ទាំង​មូល។
4 មាន​អ្នក​ខ្លះ​ធ្លាប់​សប្បាយ​រួម​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន ប៉ុន្តែ នៅ​ពេល​មាន​អាសន្ន បែរ​ជា​ប្រឆាំង​នឹង​គេ​វិញ។
5 មាន​អ្នក​ខ្លះ​ជួយ​រំលែក​ទុក្ខ​ព្រួយ​មិត្ត​សម្លាញ់​របស់​ខ្លួន ដរាប​ណា​មិត្ត​នោះ​ចិញ្ចឹម​គេ លុះ​ដល់​ពេល​ត្រូវ​ប្រយុទ្ធ គេ​កាន់​ខែល​ការ‌ពារ​ខ្លួន។
6 កុំ​ភ្លេច​មិត្ត​សម្លាញ់​របស់​ខ្លួន ក្នុង​ពេល​ប្រយុទ្ធ ចូរ​នឹក​គិត​ដល់​គេ នៅ​ពេល​ទទួល​ជយ​ភណ្ឌ។

អំពី​អ្នក​ផ្តល់​យោបល់

7 ទី​ប្រឹក្សា​ណា​ក៏​តែង​តែ​អួត​ថា យោបល់​របស់​ខ្លួន​ប្រសើរ​ជាង​គេ​ដែរ ប៉ុន្តែ មាន​ទី​ប្រឹក្សា​ខ្លះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។
8 កុំ​ទុក​ចិត្ត​អ្នក​ដែល​ផ្តល់​យោបល់​ទ្បើយ។ ចូរ​ដឹង​ជា​មុន​ថា តើ​គាត់​ត្រូវ​ការ​អ្វី ដ្បិត​គាត់​ធ្វើ​គម្រោង‌ការ ដើម្បី​ជា​ប្រយោជន៍​របស់​គាត់ ក្រែង​លោ​គាត់​យក​សម្បត្តិ​របស់​កូន។
9 ពេល​គាត់​ពោល​ថា៖ «អ្នក​ប្រព្រឹត្ត​ដូច្នេះ​ល្អ​ហើយ!» រួច​គាត់​នៅ​ឆ្ងាយ​ពី​យើង ដើម្បី​មើល​ថា តើ​មាន​កើត​អ្វី​ចំពោះ​កូន។
10 កុំ​សួរ​យោបល់​ពី​អ្នក​ដែល​មិន​ចង់​ឲ្យ​កូន​បាន​លើស​គេ ចូរ​លាក់​គម្រោង‌ការ​ចំពោះ​ពួក​អ្នក​ដែល​ច្រណែន​នឹង​កូន។
11 កុំ​សួរ​យោបល់​ស្រ្តី​ម្នាក់ អំពី​ប្រពន្ធ​ចុង​របស់​ប្តី​ទ្បើយ កុំ​សួរ​យោបល់​មនុស្ស​កំសាក​ក្នុង​ការ​ធ្វើ​សង្គ្រោម កុំ​សួរ​យោបល់​ឈ្មួញ​អំពី​ការ​លក់​ដូរ កុំ​សួរ​យោបល់​អ្នក​ទិញ ពី​តម្លៃ​ដែល​កូន​ចង់​លក់។ កុំ​សួរ​យោបល់​អ្នក​ដែល​តែង​តែ​ច្រណែន​ឈ្នា​នីស អំពី​ការ​ដឹង​គុណ កុំ​សួរ​យោបល់​មនុស្ស​ឥត​មេត្តា អំពី​សេចក្តី​សប្បុរស កុំ​សួរ​យោបល់​មនុស្ស​ខ្ជិល​ច្រអូស​អំពី​ការ​ងារ។ កុំ​សួរ​យោបល់​កូន​ឈ្នួល​ដែល​ទទួល​ប្រាក់​សម្រាប់​មួយ​ឆ្នាំ អំពី​ពេល​ធ្វើ​កិច្ច‌ការ​របស់​ខ្លួន កុំ​សួរ​យោបល់​អ្នក​បម្រើ​កម្ជិល អំពី​កិច្ច‌ការ​ដ៏​ធំ​ដុំ​ទ្បើយ!។ កុំ​ពឹង​ផ្អែក​លើ​យោបល់​របស់​អ្នក​ទាំង​នោះ​ឲ្យ​សោះ!។
12 ផ្ទុយ​ទៅ​វិញ ចូរ​ឧស្សាហ៍​នៅ​ជា​មួយ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ‌ជាម្ចាស់ ជា​មនុស្ស​ដែល​កូន​ដឹង​ថា គេ​កាន់​តាម​វិន័យ​ទាំង‌ឡាយ ហើយ​មាន​ចិត្ត​គំនិត​ដូច​កូន​ដែរ។ ប្រសិន​បើ​កូន​បរា‌ជ័យ គាត់​នឹង​ជួយ​រំលែក​ទុក្ខ​កូន​មិន​ខាន។
13 ចូរ​ទុក​ចិត្ត​លើ​គម្រោងការ ដែល​ផុស​ចេញ​ពី​ក្នុង​ចិត្ត​របស់​ខ្លួន ដ្បិត​គ្មាន​នរណា​ស្មោះ‌ត្រង់​នឹង​កូន ជាង​ខ្លួន​កូន​ទ្បើយ។
14 ធម្មតា សតិ​សម្ប​ជញ្ញៈ តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​រលឹក ប្រសើរ​ជាង​មាន​អ្នក​យាម​ប្រាំពីរ​នាក់ ដែល​ចាំ​ឃ្លាំ​មើល​នៅ​ទី​ខ្ពស់។
15 ប៉ុន្តែ ជា​ពិសេស សូម​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះ‌អង្គ​នាំ​កូន​តាម​មាគ៌ា​នៃ​សេចក្តី​ពិត។

ប្រាជ្ញា​ដ៏​ពិត​ប្រាកដ

16 មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច‌ការ​អ្វី​មួយ ចូរ​ពិភាក្សា​គ្នា​សិន។ មុន​នឹង​ធ្វើ​អ្វី​មួយ ចូរ​រិះ​គិត​ពិចារណា​ជា​មុន​ដែរ។
17 គំនិត​តែង​តែ​ដុះ​ចេញ​ពី​ក្នុង​ចិត្ត។
18 ចិត្ត​អាច​បណ្តុះ​មែក​ធាង​បួន​យ៉ាង​គឺ អំពើ​ល្អ និង​អំពើ​អាក្រក់​ជីវិត និង​សេចក្តី​ស្លាប់។ ប៉ុន្តែ មាន​តែ​អណ្តាត​ប៉ុណ្ណោះ​ដែល​សម្រេច​កិច្ច‌ការ​ជា‌និច្ច។
19 មាន​អ្នក​ខ្លះ​ពូកែ​អប់រំ​មនុស្ស​ជា​ច្រើន ប៉ុន្តែ ចំពោះ​ខ្លួន​ឯង ឥត​បាន​ការ​ទាល់​តែ​សោះ។
20 អ្នក​ខ្លះ​មាន​វោហារ​ទាល់​តែ​គេ​ស្អប់ ហើយ​គេ​ក៏​មិន​ព្រម​ចែក​អាហារ​ឲ្យ​គាត់​ដែរ។
21 ព្រះ‌អម្ចាស់ ពុំ​ប្រទាន​ឲ្យ​គេ​ពេញ​ចិត្ត​នឹង​គាត់​ទេ ដ្បិត​គាត់​ខ្វះ​ប្រាជ្ញា​គ្រប់​យ៉ាង។
22 អ្នក​ខ្លះ​ប្រើ​ប្រាជ្ញា សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គេ​តែង​តែ​ទាញ​យក​ផល​ពី​ប្រាជ្ញា​ដ៏​ឆ្លាត​វាង​វៃ​របស់​គេ ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​គេ​ផ្ទាល់។
23 អ្នក​មាន​ប្រាជ្ញា​រមែង​តែង​តែ​អប់រំ ប្រជាជន​របស់​ខ្លួន។ មនុស្ស​ម្នា​តែង​តែ​ទទួល​ផល​ពី​ប្រាជ្ញា​របស់​គាត់​ដែរ។
24 អ្នក​មាន​ប្រាជ្ញា​រមែង​តែង​តែ​ទទួល​ពរ​យ៉ាង​បរិបូណ៍ អស់​អ្នក​ដែល​ឃើញ​គាត់​តែង​តែ​ពោល​ថា គាត់​មាន​អំណរ​សប្បាយ។
25 គេ​អាច​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​បាន ប៉ុន្តែ គេ​មិន​អាច​រាប់​ចំនួន​ថ្ងៃ​នៃ​ប្រជាជន​អ៊ីស្រា‌អែល​ទ្បើយ។
26 អ្នក​មាន​ប្រាជ្ញា តែង​ទទួល​ការ​ទុក​ចិត្ត​ពី​ប្រជាជន ហើយ​ឈ្មោះ​របស់​គាត់ នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។

អំពី​ការ​ចេះ​ប្រមាណ

27 កូន​អើយ! ចូរ​ពិសោធ​មើល​ចិត្ត​របស់​ខ្លួន​អស់​មួយ​ជីវិត​ចុះ ចូរ​ស្គាល់​នូវ​អ្វី​ដែល​អាក្រក់​សម្រាប់​កូន ហើយ​ចូរ​បោះ​បង់​ឲ្យ​ឆ្ងាយ​ពី​កូន។
28 ដោយ​សារ​អ្វីៗ ទាំង​អស់​មិន‌មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ទេ ហើយ​មនុស្ស​ក៏​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ទាំង​អស់​នោះ​ដែរ។
29 ចូរ​កូន​ចេះ​ប្រមាណ អំពី​ការ​សប្បាយ​គ្រប់​យ៉ាង កុំ​ធ្វើ​ដូច​ជា​អ្នក​អត់​ឃ្លាន ដែល​ស្រវា​រក​ម្ហូប​អាហារ​នោះ​ឡើយ។
30 ដ្បិត​បរិភោគ​អាហារ​ច្រើន បណ្តាល​ឲ្យ​កើត​ជំងឺ ហើយ​ការ​បរិភោគ​ច្រើន​ហួស​ហេតុ ក៏​បណ្តាល​ឲ្យ​ក្អួត​ចង្អោរ​ដែរ។
31 មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​បរិភោគ​ច្រើន​ហួស រីឯ​អ្នក​ប្រុង​ប្រយ័ត្ន រមែង​ធ្វើ​ឲ្យ​ខ្លួន​មាន​អាយុ​វែង។