ជំពូក ៣២

កិរិយា​មារយាទ​ក្នុង​ពិធី​ជប់​លៀង

1 ប្រសិន​បើ​គេ​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អធិបតី​នៃ​ពិធី​ជប់​លៀង កុំ​វាយ​ប្ញក​ទ្បើយ! ចូរ​ធ្វើ​ដូច​ភ្ញៀវ​ធម្មតា​ក្នុង​ចំណោម​ភ្ញៀវ​ឯ‌ទៀតៗ។ ចូរ​អញ្ជើញ​ភ្ញៀវ​ទៅ​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួន រួច​សឹម​អង្គុយ​ខ្លួន​ឯង។ 2 ចូរ​បំពេញ​ករណីយ‌កិច្ច​ទាំង​អស់​របស់​ខ្លួន​ជា​មុន​សិន រួច​សឹម​ទៅ​អង្គុយ​នៅ​កន្លែង​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​មាន​អំណរ​ដោយ​ឃើញ​ភ្ញៀវ​ពេញ​ចិត្ត ហើយ​ឲ្យ​អ្នក​ទទួល​កម្រង​ផ្កា​ដែល​ជា​រង្វាន់ ព្រោះ​អ្នក​ចាត់​ចែង​ពិធី​បាន​ល្អ​ឥត​ខ្ចោះ។
3 ប្រសិន​បើ​អ្នក​មាន​វ័យ​ចាស់​ជាង​គេ អ្នក​មាន​សិទ្ធិ​នឹង​និយាយ ក៏​ប៉ុន្តែ ចូរ​និយាយ​តែ​អំពី​សេចក្តី​ដែល​អ្នក​ដឹង កុំ​រំខាន​ដល់​ភ្លេង​ដែល​កំពុង​លេង​ទ្បើយ។ 4 កុំ​ថ្លែង​សុន្ទរ‌កថា​នៅ​ពេល​ដែល​គេ​កំពុង​ស្តាប់​ភ្លេង និង​ចម្រៀង កុំ​លាត​ត្រដាង​ប្រាជ្ញា​របស់​ខ្លួន​ខុស​ពេល​វេលា។ 5 ភ្លេង​នៅ​ក្នុង​ពិធី​ជប់​លៀង​ដែល​ភ្ញៀវ​កំពុង​ពិសា​ស្រា ប្រៀប​ដូច​ជា​ពេជ្រ​ដែល​គេ​ដាំ​នៅ​លើ​ចិញ្ចៀន​មាស។ 6 បទ​ភ្លេង​កំដរ​ស្រា​ឆ្ងាញ់ ក៏​ប្រៀប​ដូច​ជា​បន្តោង​មរកត​ជាប់​នៅ​ខ្សែ​ក​មាស​ដែរ។
7 ប្រសិន​បើ​អ្នក​នៅ​ក្មេង​ជាង​គេ ហើយ​បើ​គេ​សុំ​ឲ្យ​និយាយ ចូរ​និយាយ​ចុះ។ ប៉ុន្តែ ត្រូវ​រង់​ចាំ​គេ​អង្វរ​ពីរ​ដង សឹម​និយាយ។ 8 កុំ​និយាយ​វែង​ពេក គឺ​ត្រូវ​និយាយ​យ៉ាង​សង្ខេប ប្រើ​ពាក្យ​តិច​តួច​បាន​ហើយ។ ចូរ​ធ្វើ​ដូច​ជា​អ្នក​ចេះ​ដឹង ក៏​ប៉ុន្តែ នៅ​ស្ងៀម។ 9 កុំ​វាយ​ឫក​ក្នុង​ចំណោម​អ្នក​ធំ កុំ​និយាយ​ព្រោក​ប្រាជ្ញ​នៅ​ទី​ណា​មាន​មនុស្ស​ចាស់។ 10 ផ្លេក​បន្ទោរ​តែង​តែ​មាន​មុន​ឮ​ផ្គរ​លាន់​យ៉ាង​ណា កេរ្ដិ៍​ឈ្មោះ​របស់​មនុស្ស​ស្រគត់​ស្រគំ​ក៏​ល្បី​ខ្ទរ​ខ្ទារ​យ៉ាង​នោះ​ដែរ។
11 ដល់​ម៉ោង​ហើយ ចូរ​ក្រោក​ទ្បើង កុំ​បង្អង់​ទ្បើយ! ចូរ​រូត​រះ​ត្រទ្បប់​ទៅ​ផ្ទះ​វិញ។
12 នៅ​ផ្ទះ អ្នក​អាច​លេង​សប្បាយ​តាម​អំពើ​ចិត្ត ប៉ុន្តែ កុំ​ប្រព្រឹត្ត​អំពើ​បាប ដោយ​និយាយ​អួត​បំប៉ោង​ទ្បើយ។
13 ក្រោយ​មក ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​អ្នក ហើយ​ប្រទាន​ព្រះ​អំណោយ​របស់​ព្រះ‌អង្គ​យ៉ាង​បរិបូណ៌​ដល់​អ្នក។

ភាគ​ទីបួន

ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់

14 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ រមែង​ទទួល​ការ​ប្រៀន​ប្រដៅ។ អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម រមែង​ទទួល​ការ​ប្រោស​ប្រណី​ពី​ព្រះ‌អង្គ។ 15 អ្នក​ដែល​ព្យាយាម​សិក្សា​គម្ពីរ‌វិន័យ រមែង​ទទួល​ព្រះ‌ពរ​យ៉ាង​បរិបូណ៌ រីឯ​អ្នក​មាន​ពុត​ត្បុត​វិញ រមែង​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប ព្រោះ​តែ​វិន័យ។
16 អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែង​តែ​ស្គាល់​អ្វី​ដែល​សុចរិត អំពើ​ល្អ​ដែល​ពួក​គេ​ប្រព្រឹត្ត នឹង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច។
17 មនុស្ស​បាប​មិន​ព្រម​ឲ្យ​គេ​ស្តី​បន្ទោស​ទេ ហើយ​តែង​តែ​បក​ស្រាយ​គម្ពីរ‌វិន័យ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។
18 មនុស្ស​ដែល​ផ្តល់​យោបល់​ល្អ តែង​តែ​រិះ​គិត​ពិចារណា រីឯ​ជន‌ពាល និង​ជន​អួត​បំប៉ោង មិន​ខ្លាច​អ្វី​សោះ​ទ្បើយ។
19 មុន​ធ្វើ​ការ​អ្វី ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ជា​មុន​សិន ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ទ្បើយ។
20 កុំ​ចូល​ទៅ​ក្នុង​ផ្លូវ ដែល​មាន​ឧបសគ្គ​ច្រើន ក្រែង​ជំពប់​ជើង​នៅ​កន្លែង​រដិប​រដុប។
21 កុំ​ទុក​ចិត្ត​ផ្លូវ​រាប​ស្មើ។
22 សូម្បី​តែ​ជា​មួយ​កូន​របស់​ខ្លួន​ផ្ទាល់ ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។
23 ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ នោះ​ទើប​ស្រប​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់។
24 អ្នក​ពឹង​ផ្អែក​លើ​វិន័យ តែង​តែ​យក​ចិត្ត​ទុក​ដាក់​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អម្ចាស់ អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នឹង​មិន​ខក​ចិត្ត​ទ្បើយ។