ជំពូក ៣១

អំពី​ធន​ធាន

1 ការ​ខ្វល់​ខ្វាយ នឹង​ទ្រព្យ‌សម្បត្តិ រមែង​ធ្វើ​ឲ្យ​អ្នក​មាន​ដេក​មិន​លក់ ហើយ​ធ្លាក់​ខ្លួន​ស្គម។ 2 រីឯ​ការ​ខ្វល់​ខ្វាយ​រក​ស៊ី ក៏​ធ្វើ​ឲ្យ​ដេក​បិទ​ភ្នែក​មិន​ជិត ដូច​មាន​ជំងឺ​យ៉ាង​ធ្ងន់​ដែរ។
3 អ្នក​មាន​នឿយ​ហត់​ដោយ​ខំ​ប្រមូល​ទ្រព្យ។ ពេល​ឈប់​ប្រមូល គាត់​គិត​តែ​ពី​សប្បាយ។
4 អ្នក​ក្រ​ធ្វើ​ការ​នឿយ​ហត់​ស្ទើរ​ស្លាប់​ខ្លួន នៅ​តែ​រក​មិន​បាន​គ្រប់​គ្រាន់ ពេល​ឈប់​រក គាត់​រឹត​តែ​ខ្វះ​ខាត​ខ្លាំង​ទៀត។
5 អ្នក​ស្រឡាញ់​មាស​ខ្លាំង មិន​ដែល​សុច​រិត​ទេ។ អ្នក​គិត​តែ​ពី​រក​ចំណេញ រមែង​ឃ្លាត​ចាក​ពី​គន្លង​ផ្លូវ​ល្អ។
6 មនុស្ស​ជា​ច្រើន​រង​គ្រោះ ហើយ​ជួប​ប្រទះ​នឹង​មហន្ត‌រាយ ព្រោះ​តែ​ស្រឡាញ់​មាស​ខ្លាំង​ពេក។ 7 មាស​ជា​អន្ទាក់​សម្រាប់​អស់​អ្នក ដែល​វក់​នឹង​វា ហើយ មនុស្ស​គ្មាន​សុភ‌និច្ឆ័យ​តែង​តែ​ជាប់​អន្ទាក់​នោះ។
8 អ្នក​មាន​ដែល​គ្មាន​កំហុស ហើយ​រក​បាន​ទ្រព្យ‌សម្បត្តិ​ដោយ​មិន​វក់​តាម​មាស ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ 9 តើ​អ្នក​មាន​បែប​នោះ​នៅ​ឯណា? យើង​ត្រូវ​នាំ​គ្នា​ទៅ​សរសើរ​គាត់! ដ្បិត​ក្នុង​ចំណោម​ប្រជាជន​ទាំង​មូល មាន​តែ​គាត់​ទេ​ដែល​បាន​ប្រព្រឹត្តការ‌អស្ចារ្យ​បែប​នេះ។ 10 តើ​នរណា​អាច​គេច​ផុត​ពី​ការ​ល្បួង​នេះ​បាន? ប្រសិន​គាត់​មិន​វក់​នឹង​មាស​មែន គាត់​អាច​ខ្ពស់​មុខ​បាន។
មាន​មនុស្ស​តិច​ណាស់ ដែល​មាន​ឱកាស​បំពាន​លើ​វិន័យ តែ​មិន​ព្រម​បំពាន ឬ​ទោះបី​ជា​គេ​អាច​ប្រព្រឹតិ្ត​អំពើ​បាប​ក្តី ក៏​គេ​មិន​ព្រម​ប្រព្រឹត្ត​ដែរ។ 11 មនុស្ស​បែប​នេះ នឹង​ចម្រុង​ចម្រើន​យ៉ាង​ខ្លាំង ហើយ​អង្គ​ប្រជុំ នឹង​និយាយ​រៀប​រាប់​នូវ​អំពើ​ល្អ​ដែល​គេ​បាន​ប្រព្រឹត្ត។

អំពី​ការ​ជប់​លៀង

12 ពេល​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ ចូរ​កុំ​លាន់​មាត់​នឹង​ម្ហូប​ដ៏​ឆ្ងាញ់​ទាំង​នោះ​ថា «មាន​ម្ហូប​ច្រើន​ណាស់!»។
13 ចូរ​នឹក​ចាំ​ជា‌និច្ច​ថា ចិត្ត​លោភ​លន់​ជា​ការ​អាក្រក់ ជា​ហេតុ​នាំ​ឲ្យ​ភ្នែក​មើល​ឃើញ​តែ​របស់​ដែល​ខ្លួន​ចង់​បាន។ ពុំ​មាន​អ្វី​អាក្រក់​ជាង​ភ្នែក​ទ្បើយ ហេតុ​នេះ​ហើយ​បាន​ជា​ភ្នែក​ចេះ​តែ​យំ។ 14 កុំ​លូក​ដៃ​ទៅ​រក​ម្ហូប​ដែល​អ្នក​ដទៃ​ចង់​បាន ក្រែង​ប៉ះ​ទង្គិច​ដៃ​របស់​គេ។ 15 ចូរ​ចេះ​ស្មាន​ចិត្ត​អ្នក​ជិត​ខាង ហើយ​រិះ​គិត​ពិចារណា​សិន មុន​នឹង​លូក​ដៃ។
16 អ្វីៗ​ដែល​គេ​លើក​ជូន​អ្នក ចូរ​បរិភោគ​ដោយ​សម​រម្យ កុំ​ឲ្យ​គេ​ដៀល​ថា អ្នក​ស៊ី​ដូច​ជ្រូក។ 17 ចូរ​ឈប់​បរិភោគ​ឲ្យ​បាន​មុន​គេ ដើម្បី​សម្ដែង​ថា អ្នក​ជា​មនុស្ស​មាន​សុជីវ‌ធម៌ កុំ​បរិភោគ​ហាក់​ដូចជា​មិន​ចេះ​ឆ្អែត ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទាស់​ចិត្ត​នោះ​ទ្បើយ។
18 ប្រសិន​បើ​អ្នក​រួម​តុ​ជា​មួយ​មនុស្ស​ជា​ច្រើន កុំ​លូក​ដៃ ឬ​យក​ម្ហូប​qទៅ​បរិភោគ​មុន​គេ​ឲ្យ​សោះ។
19 មនុស្ស​មាន​សុជីវ‌ធម៌​តែង​ស្កប់​ចិត្ត​នឹង​របស់​បន្តិច​បន្តួច! កាល​ណា​គាត់​ចូល​ដំណេក គាត់​ឥត​រសាប់​រសល់​ទេ។
20 អ្នក​បរិភោគ​ដោយ​ចេះ​ប្រមាណ នឹង​សម្រាន្ដ​លក់​ស្រួល គាត់​ក្រោក​ពី​ព្រលឹម ហើយ​ស្រួល​ខ្លួន។ រីឯ​មនុស្ស​ល្មោភ តែង​តែ​ដេក​មិន​លក់ ក្អួត​ចង្អោរ និង​ចុក​ពោះ​ជា​ដើម។
21 ប្រសិន​បើ​គេ​បង្ខំ​ឲ្យ​បរិភោគ​ច្រើន​ជ្រុល ចូរ​ក្រោក​ទ្បើង​ទៅ​ក្អួត​ឲ្យ​ឆ្ងាយ​ពី​គេ នោះ​កូន​នឹង​បាន​ធូរ​ស្រាល។
22 ម្នាល​កូន​អើយ! ចូរ​ស្តាប់​ឪពុក! កុំ​មើល​ងាយ​ពាក្យ​របស់​ឪពុក​ទ្បើយ! ទៅ​ថ្ងៃ​មុខ​កូន​នឹង​យល់​ពាក្យ​ដែល​ឪពុក​ប្រាប់​ជា​មិន​ខាន។ ចូរ​ចេះ​ប្រមាណ​ក្នុង​គ្រប់​កិច្ច‌ការ នោះ​កូន​នឹង​ចៀស​ផុត​ពី​ការ​ឈឺ​ថ្កាត់។
23 អ្នក​ដែល​អញ្ជើញ​ភ្ញៀវ​មក​ជប់​លៀង​យ៉ាង​អធឹក​អធម មុខ​ជា​ទទួល​ការ​សរសើរ​ពី​មនុស្ស​គ្រប់ៗ​គ្នា ព្រោះ​គេ​យល់​ឃើញ​ថា គាត់​មាន​ចិត្ត​ទូលាយ។ 24 ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទទួល​ភ្ញៀវ​ដោយ​សំចៃ​បាយ នឹង​ត្រូវ​គេ​និយាយ​ដើម​ពេញ​ទីក្រុង​ថា គាត់​ជា​មនុស្ស​មាន​ចិត្ត​កំណាញ់។

អំពី​ស្រា

25 ចូរ​កុំ​អះ​អាង​ថា​ខ្លួន​ខ្លាំង​ជាង​ស្រា ដ្បិត​ស្រា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​វិនាស​អន្ត‌រាយ។
26 កម្ដៅ​របស់​ឡ​រមែង​ល្បង‌ល​មើល​គុណ​ភាព​ដែក រីឯ​ស្រា​ក៏​ល្បង‌ល​មើល​ចិត្ត​ពួក​អ្នក​ក្រអឺត​ក្រទម ដែល​ប្រវាយ​ប្រតប់​គ្នា​ដែរ។
27 ស្រា​ប្រៀប​បាន​នឹង​ជីវិត​សម្រាប់​មនុស្ស​យើង ឲ្យ​តែ​យើង​បរិភោគ​ដោយ​ចេះ​ប្រមាណ។ បើ​គ្មាន​ស្រា​ទេ តើ​ជីវិត​របស់​គេ​សប្បាយ​ដូច​ម្តេច​បាន? ព្រះ‌ជាម្ចាស់​បង្កើត​ស្រា​តាំង​ពី​ដើម​ដំបូង ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ។
28 ប្រសិន​បើ​គេ​បរិភោគ​ស្រា តាម​ពេល​វេលា និង​ចេះ​ប្រមាណ ស្រា​នោះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ចិត្ត​រីក​រាយ។
29 ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​បរិភោគ​ស្រា​ជ្រុល​បណ្តាល​ឲ្យ​អារម្មណ៍​ទៅ​ជា​កាច​សាហាវ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា។
30 ការ​ស្រវឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​សុភនិច្ឆ័យ​កាន់​តែ​មួម៉ៅ​ទ្បើង រហូត​ដល់​បណ្តាល​ឲ្យ​មាន​រឿង​ដល់​ខ្លួន។ ស្រា​ធ្វើ​ឲ្យ​គេ​បាក់​កម្លាំង ហើយ​ត្រូវ​អ្នក​ដទៃ​វាយ​ដំ​ថែម​ទៀត​ផង។
31 ពេល​កូន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ដែល​គេ​ពិសា​ស្រា​ច្រើន ចូរ​កុំ​ស្តី​បន្ទោស​អ្នក​ជិត​ខាង នៅ​ពេល​ឃើញ​គេ​បរិភោគ​ស្រា​ហួស​កំណត់​ទ្បើយ ចូរ​កុំ​បន្តុះ​បង្អាប់​គេ កុំ​និយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ខូច​ចិត្ត កុំ​បំបាក់​មុខ​គេ ដោយ​ទារ​ប្រាក់​ដែល​គេ​ជំពាក់​កូន​ឲ្យ​សោះ។