ជំពូក ៣០
ការអប់រំកូន
1 អ្នកស្រឡាញ់កូនប្រុសរបស់ខ្លួនខ្លាំង តែងតែវាយវានឹងរំពាត់ជាញឹកញាប់។ ដល់ពេលចាស់ អ្នកនោះនឹងបានសប្បាយដោយសារកូនពុំខាន។
2 អ្នកអប់រំកូនប្រុសរបស់ខ្លួនបានល្អ រមែងស្កប់ចិត្តដោយសារកូននោះ។ គេមុខជាខ្ពស់មុខនៅក្នុងចំណោមអ្នកដែលខ្លួនស្គាល់ ព្រោះតែកូននោះទៀត។
3 អ្នកដែលផ្តល់ចំណេះឲ្យកូនប្រុសរបស់ខ្លួនរមែងធ្វើឲ្យសត្រូវច្រណែនឈ្នានីស ហើយបានសប្បាយរីករាយក្រៃលៃង នៅចំពោះមុខមិត្តភក្ដិរបស់ខ្លួន។ 4 កាលណាអ្នកនោះផុតជីវិត គាត់ដូចជាមិនស្លាប់ទេ ព្រោះមានកូនម្នាក់ដូចគាត់បន្តពូជពង្សរបស់គាត់។ 5 ក្នុងពេលគាត់នៅមានជីវិត គាត់អរសប្បាយនឹងឃើញកូនប្រុសរបស់គាត់ ពេលគាត់ស្លាប់ គាត់បិទភ្នែកជិត ដោយមិនស្តាយស្រណោះអ្វីទេ។ 6 គាត់ទុកកូនម្នាក់ដែលនឹងចេះសងសឹកសត្រូវឲ្យគាត់ ហើយដឹងគុណមិត្តភក្ដិរបស់គាត់។
7 អ្នកដែលថ្នាក់ថ្នមកូនប្រុសខ្លាំងពេក ត្រូវតែព្យាបាលរបួសរបស់កូននោះ។ ពេលកូនស្រែកតែបន្តិច គាត់ភ័យស្លោភ្លាម។ 8 សេះដែលគេបង្ហាត់មិនដល់ ពិបាកជិះ រីឯកូនប្រុសដែលគេបណ្ដោយឲ្យធ្វើតាមចិត្ត តែងតែធ្វើបាបឪពុកម្តាយ។
9 ប្រសិនបើអ្នកថ្នាក់ថ្នមកូនពេក កូនមុខជាធ្វើឲ្យអ្នកកើតទុក្ខ ប្រសិនបើអ្នកលេងជាមួយវា វានឹងធ្វើឲ្យអ្នកព្រួយបារម្ភពុំខាន។
10 ចូរកុំលេងសើចជាមួយកូនជ្រុលពេក ក្រែងនាំឲ្យអ្នកមានទុក្ខរួមជាមួយវា នៅទីបញ្ចប់ អ្នកនឹងនឹកស្តាយពុំខាន។
11 ពេលកូននៅក្មេង ចូរកុំបណ្តោយឲ្យវាមានសេរីភាពជ្រុលពេក។
12 ចូរវាយប្រដៅកូន ពេលវានៅក្មេង ក្រែងដល់ពេលវាធំ វាមិនស្តាប់បង្គាប់។
13 ចូរយកចិត្តទុកដាក់អប់រំកូនប្រុសរបស់ខ្លួន ដើម្បីកុំឲ្យអ្នកជួបការអាម៉ាស់ ដោយសារកិរិយាអាក្រក់របស់វា។
សុខភាព
14 ជនក្រីក្រដែលមានសុខភាពល្អ និងកម្លាំងមាំមួនប្រសើរជាងអ្នកមានស្តុកស្តម្ភ តែមានសុខភាពទន់ខ្សោយ!។
15 មានសុខភាពល្អមាំមួនប្រសើរជាងមានមាសទាំងអស់នៃពិភពលោក មានកាយសម្បទាមាំមួនប្រសើរជាងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ។
16 ពុំមានសម្បត្តិណា ប្រសើរដូចខ្លួនប្រាណមានសុខភាពល្អទ្បើយ គ្មានសុភមង្គលណាប្រសើរជាងមានការសប្បាយរីករាយក្នុងចិត្តទេ។
17 ស៊ូស្លាប់ ជាជាងរស់នៅដោយអភ័ព្វ ស៊ូបាត់បង់ជីវិត ជាជាងរស់នៅ តែមានជំងឺរ៉ាំរ៉ៃ។
18 ចំណីអាហារដ៏ឆ្ងាញ់ពិសា ដាក់នៅមុខអ្នកជំងឺ ដែលមិនឃ្លាន ប្រៀបដូចជាម្ហូបអាហារដែលគេសែននៅលើផ្នូរខ្មោច។
19 តើសំណែនដែលគេសែនទៅព្រះក្លែងក្លាយមានប្រយោជន៍អ្វីដល់ព្រះនោះ បើព្រះនោះមិនដឹងរសជាតិ មិនដឹងក្លិន! រីឯមនុស្សមានជំងឺ ក៏ដូច្នោះដែរ។ 20 គាត់តែងតែមើលម្ហូបអាហារដែលគេយកមកឲ្យគាត់ ហើយដកដង្ហើមធំហាក់ដូចជាមនុស្សកម្រៀវឱបស្រីក្រមុំ ហើយដកដង្ហើមធំដែរ។
ការសប្បាយរីករាយ
21 ចូរកុំបណ្តោយខ្លួនតាមទុក្ខព្រួយទ្បើយ! ចូរកុំយកទុក្ខកង្វល់មកដាក់ក្នុងខ្លួនឯង។
22 ចិត្តរីករាយរមែងធ្វើឲ្យមនុស្សមានសុខភាពល្អ ការត្រេកអរ តែងតែធ្វើឲ្យគេមានអាយុយឺនយូរ។
23 ចូរឆ្លៀតពេលសប្បាយខ្លះ ចូរធ្វើចិត្តឲ្យរីករាយទ្បើង ចូរបណ្តេញទុក្ខព្រួយឲ្យឆ្ងាយពីអ្នក ដ្បិតទុក្ខព្រួយបំផ្លាញមនុស្សអស់ជាច្រើន ហើយទុក្ខព្រួយក៏គ្មានប្រយោជន៍អ្វីដែរ។
24 ចិត្តច្រណែនឈ្នានីស និងកំហឹង តែងតែធ្វើឲ្យអាយុខ្លី រីឯកង្វល់តែងតែធ្វើឲ្យមនុស្សឆាប់ចាស់មុនអាយុ។
25 ការសប្បាយចិត្ត រមែងធ្វើឲ្យគេបរិភោគឆ្ងាញ់ ហើយចាប់អារម្មណ៍នឹងម្ហូបអាហារ ដែលខ្លួនបរិភោគ។