ជំពូក ៨
ការប្រុងប្រយ័ត្ន
1 កុំប្រកែកតវ៉ាជាមួយអ្នកកាន់អំណាច ក្រែងកូនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់គេ។
2 កុំប្តឹងផ្ដល់ជាមួយអ្នកមាន ក្រែងកូនចាញ់គេ ដ្បិតមាសបានបណ្តាលឲ្យមនុស្សជាច្រើនពុករលួយ ហើយមាសក៏បានអូសទាញស្តេចខ្លះឲ្យវង្វេងដែរ។
3 កុំប្រកែកតវ៉ាជាមួយមនុស្សពូកែព្រោកប្រាជ្ញ មិនត្រូវទុកឱកាសឲ្យគាត់បង្ករឿងឡើយ។
4 កុំនិយាយលេងជាមួយមនុស្សគ្មានសុជីវធម៌ ក្រែងគេជេរប្រមាថដូនតារបស់កូន។
5 កុំស្តីបន្ទោសអ្នកដែលទទួលសារភាពកំហុសរបស់ខ្លួន ចូរនឹកគិតថា មនុស្សយើងទាំងអស់សុទ្ធតែមានកំហុស។
6 កុំមើលងាយមនុស្សចាស់ជរាឡើយ ដ្បិតយើងទាំងអស់គ្នា ក៏មានអាយុកាន់តែចាស់ទៅៗដែរ។
7 កុំត្រេកអរ ដោយឃើញនរណាម្នាក់ស្លាប់ឡើយ ចូរនឹកគិតថា យើងទាំងអស់គ្នាក៏ត្រូវតែស្លាប់ដែរ។
8 កុំមាក់ងាយការប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ផ្ទុយទៅវិញ ចូរយកចិត្តទុកដាក់រៀនសុភាសិតរបស់លោកទាំងនោះ កូននឹងទទួលចំណេះពីលោក ហើយកូនអាចបំពេញមុខងាររបស់ខ្លួន ក្នុងការបម្រើរដ្ឋអំណាចដែរ។
9 កុំធ្វេសប្រហែសនឹងការប្រៀនប្រដៅរបស់ចាស់ព្រឹទ្ធាចារ្យឡើយ ព្រោះលោកបានទទួលការប្រៀនប្រដៅនេះពីដូនតារបស់លោកមក។ កូននឹងដកស្រង់យកការយល់ដឹងពីអស់លោក ហើយចេះដោះស្រាយបញ្ហា នៅពេលកូនត្រូវការ។
10 កុំបញ្ឆេះកំហឹងរបស់ជនកាចសាហាវឡើយ ក្រែងលោភ្លើងនៃកំហឹងរបស់គេឆេះឆាបកូន។
11 កុំប្រកែកតទល់នឹងជនព្រហើន ក្រែងលោជននោះជំរុញកូនឲ្យនិយាយផ្តេសផ្តាស។
12 កុំឲ្យប្រាក់ទៅអ្នកដែលមានអំណាចខ្លាំងជាងកូនខ្ចីឡើយ ប្រសិនបើកូនឲ្យគេខ្ចី ត្រូវចាត់ទុកប្រាក់នោះដូចជាបាត់បង់ទៅហើយ។
13 កុំធានារ៉ាប់រងគេ លើសពីសមត្ថភាពរបស់កូនឡើយ ព្រោះបើកូនធានារ៉ាប់រងគេ កូនត្រូវតែចេញប្រាក់សងគេជាពុំខាន។
14 កុំក្តីជាមួយនឹងចៅក្រមឡើយ ព្រោះគេមុខជាឈ្នះកូន ដោយសារគេមានឋានៈជាចៅក្រម។
15 កុំធ្វើដំណើររួមជាមួយមនុស្ស ដែលហ៊ានពេកនោះឡើយ ក្រែងលោគេនាំឲ្យកូនកើតទុក្ខលំបាកជាច្រើន។ គេនឹងប្រព្រឹត្តតាមអំពើចិត្តរបស់ខ្លួន ហើយកូនត្រូវវិនាសអន្តរាយ ដោយសារអំពើលេលារបស់គេ។
16 កុំឈ្លោះប្រកែកជាមួយមនុស្សកំរោល កុំទៅកន្លែងណាដែលស្ងាត់ជាមួយគេ ដ្បិតគេមិនខ្លាចនឹងបង្ហូរឈាមមនុស្សទេ! គឺគេនឹងសម្លាប់កូនចោល នៅកន្លែងណាដែលគ្មាននរណាជួយកូនបាន។
17 កុំគិតគូរគម្រោងការជាមួយនឹងមនុស្សល្ងីល្ងើឡើយ ដ្បិតមនុស្សល្ងីល្ងើមិនអាចលាក់ការណ៍បានទេ។ 18 កុំធ្វើអ្វីដោយលាក់កំបាំង ឲ្យជនបរទេសឃើញ ព្រោះកូនមិនដឹងថា អ្នកនោះនឹងប្រព្រឹត្តយ៉ាងណាឡើយ។
19 កុំបង្ហាញទឹកចិត្តរបស់កូន ឲ្យនរណាដឹង ដ្បិតគេនឹងមិនដឹងគុណកូនឡើយ!